
កាលពីម្សិលមិញ រដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែប្រកាន់ជំហររៀងៗខ្លួនលើសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលគំរាមគ្រប់គ្រងវិស័យអង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា ហើយប្រេសិតពិសេសតំណាងឲ្យសហរដ្ឋអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញ។
បន្ទាប់ពីផ្អាកសេចក្ដីព្រាងច្បាប់នេះក្នុងឆ្នាំ២០១២ ចំពេលមានការរិះគន់យ៉ាងខ្លាំងទាំងនៅក្នុងស្រុក និងនៅបរទេស រដ្ឋាភិបាលបានសើរើសេចក្ដីព្រាងច្បាប់នេះឡើងវិញក្នុងពេលថ្មីៗនេះ ហើយបានប្ដេជ្ញាអនុម័តច្បាប់នេះក្នុងពេលឆាប់ៗ។
នៅឯពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវថ្នល់ថ្មីមួយខ្សែក្នុងខេត្តកំពង់ស្ពឺកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងជំរុញឲ្យអនុម័តសេចក្ដីព្រាងច្បាប់េនះ ដើម្បីទប់ទល់ការគំរាមកំហែងបង្កឡើងដោយហិរញ្ញប្បទានភេរវកម្មដែលហូរចូលក្នុងប្រទេសកម្ពុជា។
លោក ហ៊ុន សែន បានមានប្រសាសន៍សំដៅដល់គណៈរដ្ឋមន្ត្រីរបស់លោកថា “រដ្ឋាភិបាលនឹងអនុម័តច្បាប់នេះឆាប់ៗ ហើយនឹងបញ្ជូនវាទៅរដ្ឋសភា”។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដោយប្រើពាក្យប្រៀបធៀបថា ច្បាប់នេះគ្មានបំណងធ្វើឲ្យបណ្តាអង្គការមិនមែនរដ្ឋាភិបាលជួបការលំបាកឡើយ ប៉ុន្តែផ្ទុយទៅវិញវាសម្រាប់ធ្វើឲ្យមានភាពប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
លោកបានមានប្រសាសន៍បន្តថា “យើងមិនចង់សម្លាប់មាន់ដើម្បីយកពងទេ យើងចង់ចិញ្ចឹមមាន់ឲ្យវាធាត់ដើម្បីយកពង និងសាច់។ សូមបណ្តាអង្គការមិនមែនរដ្ឋាភិបាល និងសមាគមកុំព្រួយបារម្ភចំពោះច្បាប់នេះ។ វានឹងការពារ គាំទ្រ និងបើកទូលាយឲ្យធ្វើសកម្មភាព”។
ទោះជាយ៉ាងណា លោកបានព្រមានដោយមិនច្បាស់លាស់ចំពោះបណ្តាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើប្រតិបតតការជាអ្នកផ្តល់ឥណទានខ្នាតតូច ធនាគារគ្មានអាជ្ញាប័ណ្ណ និងបណ្ដាញហិរញ្ញវត្ថុសម្រាប់អង្គការភេរវកម្ម។ លោកបានមានប្រសាសន៍ថា “ដូច្នេះបើថ្ងៃក្រោយមានភេរវកម្មដោយអង្គការណាមួយកើតឡើង តើអ្នកណាទទួលខុសត្រូវ?”។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលបានបិទចោលអង្គការមិនមែនរដ្ឋាភិបាលមួយរួចទៅហើយតាមការសង្ស័យពីបទបញ្ជូនហិរញ្ញប្បទានភេរវកម្មចូលក្នុងប្រទេសកម្ពុជា និងបានឃ្លាំមើលអង្គការពីរបីផ្សេងទៀត ប៉ុន្តែមិនធ្លាន់បានផ្ដល់ព័ត៌មានលម្អិត ឡើយ។
យោងតាមសំណៅចុងក្រោយនៃសេចក្ដីព្រាងច្បាប់ដែលរដ្ឋាភិបាលប្រកាសជាសាធារណៈកាលពីឆ្នាំ២០១១បង្ហាញថា ច្បាប់នេះតម្រូវឲ្យអង្គការមិនមែនរដ្ឋាភិបាល និងសមាគមនានាចុះបញ្ជីជាមួយរដ្ឋាភិបាល ហើយដាក់ជូនរបាយការណ៍ប្រចាំឆ្នាំស្ដីពីហិរញ្ញវត្ថុ និងសកម្មភាពរបស់ខ្លួន។ វានៅខ្វះហេតុផលច្បាស់លាស់នៅឡើយដែលរដ្ឋាភិបាលអាចយកទៅប្រើប្រាស់ដើម្បីច្រានចោលការចុះបញ្ជី និងអនុញ្ញាតឲ្យក្រសួងការបរទេសបិទចោលអង្គការមិនមែនរដ្ឋាភិបាលបរទេសណាដែលគេយល់ថា ធ្វើឲ្យប៉ះពាល់ដល់ “ប្រពៃណី និងទំនៀមទម្លាប់របស់សង្គមជាតិខ្មែរ”។
ការប្រើប្រាស់ពាក្យពេចន៍មិនច្បាស់លាស់នេះ បានធ្វើឲ្យបណ្ដាអ្នករិះគន់ព្រួយបារម្ភថា រដ្ឋាភិបាលអាចនឹងប្រើប្រាស់ច្បាប់នេះដើម្បីបិទមាត់ក្រុមដែលហ៊ាននិយាយរិះគន់ការរំលោភសិទ្ធិមនុស្សជាច្រើនករណីរបស់ខ្លួនដូចដែលពួកគេបានធ្វើជាញឹកញាប់។ពួកគេក៏ចង់ឲ្យរដ្ឋាភិបាលបញ្ចេញសេចក្ដីព្រាងបច្ចុប្បន្ននៃច្បាប់នេះដែរ និងចង់ឲ្យមានការជួបពិភាក្សាគ្នាជាមួយបណ្តាអង្គការមិនមែនរដ្ឋាភិបាលអំពីវា មុនពេលបោះឆ្នោតអនុម័ត។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រដ្ឋាភិបាលបានរិះគន់អង្គការសហប្រជាជាតិជាសាធារណៈចំពោះការជំរុញឲ្យខ្លួនបន្តជួបពិភាក្សាដេញដោលជាមួយបណ្ដាអង្គការមិនមែនរដ្ឋាភិបាលអំពីច្បាប់នេះ ហើយបាននិយាយថា លោក វីលៀម ថូដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា “ព្រហើន” ដោយសារការធ្វើដូចគ្នានេះ។
ប៉ុន្តែនៅឯសន្និសីទកាសែតមួយនៅស្ថានទូតសហរដ្ឋអាមេរិក កាលពីម្សិលមិញ លោក ស្កុត បាស់ប៊ី (Scott Busby) ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្រឯកអគ្គរដ្ឋទូតរូបនេះ។
ផ្អែកលើសំណៅឆ្នាំ២០១១នៃសេចក្ដីព្រាងច្បាប់នេះ លោក ស្កុត បាស់ប៊ី បានមានប្រសាសន៍ថា “ខ្ញុំព្រួយបារម្ភថា ច្បាប់នេះនឹងរឹតបន្តឹង ឬដាក់បន្ទុកលើអង្គការមិនមែនរដ្ឋាភិបាលដែលនឹងបង្កការលំបាក ឬមិនអាចឲ្យពួកគេធ្វើកិច្ចការសំខាន់ៗរបស់ខ្លួនបាន”។
នៅឯជំនួបបិទទ្វារមួយនៅក្នុងថ្ងៃនោះជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកបានមានប្រសាសន៍ថា លោក ហោ ណាំហុង បានធានាអះអាងចំពោះលោកថា ច្បាប់នេះគ្រាន់តែមានបំណងបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់រដ្ឋាភិបាល និងបណ្ដាអង្គការមិនមែនរដ្ឋាភិបាលសហការគ្នាប៉ុណ្ណោះ។
លោក ស្កុត បាស់ប៊ី បានមានប្រសាសន៍ថា “យើងគាំទ្រកិច្ចសហប្រតិបត្តិការបែបនេះ ប៉ុន្តែដូចខ្ញុំបាននិយាយទៅកាន់លោករដ្ឋមន្ត្រីអ៊ីចឹង យើងមិនជឿថាត្រូវការច្បាប់ថ្មីដើម្បីសម្រេចរឿងនោះឡើយ។ ខ្ញុំជំរុញឲ្យ [រដ្ឋាភិបាល] ពិចារណាឡើងវិញថា តើត្រូវការច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលដែរទេនៅពេលនេះ ពីព្រោះកម្ពុជា មានច្បាប់រួចទៅហើយស្ដីពីការប្រឆាំងភេរវកម្ម និងសកម្មភាពបទល្មើស ព្រមទាំងក្រមរដ្ឋប្បវេណីដែលដោះស្រាយក្ដីបារម្ភដូចដែលសេចក្ដីព្រាងច្បាប់នេះមានបំណងដោះស្រាយអ៊ីចឹងដែរ”។
លោកក៏បានច្រានចោលការរិះគន់របស់លោក ហោ ណាំហុង ចំពោះឯកអគ្គរដ្ឋទូតរូបនេះដែលលើកឡើងថា ពាក្យសម្ដីរបស់លោក វីលៀម ថូដ ស្ដីពីសេចក្ដីព្រាងច្បាប់នេះស្មើនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ប្រេសិតពិសេសរូបនេះបានមានប្រសាសន៍បន្ថែមទៀតថា កាលពីពេលថ្មីនេះ លោកបានចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងសកម្មភាពត្រួតពិនិត្យជាប្រចាំលើសហរដ្ឋអាមេរិក និងកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន កន្លែងដែលប្រទេសផ្សេងៗទៀតបានបញ្ចេញមតិយោបល់ជិត៣៥០ស្ដីពីវិធីដែលប្រទេសរបស់លោកធ្វើឲ្យប្រសើរឡើង។
លោកមានប្រសាសន៍ទៀតថា “ដូច្នេះអ្វីដែលយើងកំពុងធ្វើនៅកម្ពុជា គឺការផ្ដល់មតិយោបល់របស់យើងដល់រដ្ឋាភិបាលកម្ពុជា ដូចដែលរដ្ឋាភិបាលផ្សេងៗទៀតបានផ្ដល់អនុសាសន៍របស់ខ្លួនដល់ពួកយើងអ៊ីចឹងដែរ”។
កាលពីឆ្នាំ២០១១ សហរដ្ឋអាមេរិក បានព្រមានថា ខ្លួនប្រហែលជាបង្កកជំនួយដល់កម្ពុជា ប្រសិនបើរដ្ឋាភិបាលអនុម័តសំណៅនៃសេចក្ដីព្រាងច្បាប់ដដែល។
កាលពីម្សិលមិញ លោក ស្កុត បាស់ប៊ី បានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើច្បាប់នេះមានផលប៉ះពាល់យ៉ាងណាឡើយ ពីព្រោះសហរដ្ឋអាមេរិក មិនទាន់ឃើញសំណៅចុងក្រោយនៅឡើុយ។
តាមការរំពឹងទុកថា គណៈរដ្ឋមន្ត្រីរបស់របស់លោក ហ៊ុន សែន នឹងពិភាក្សាស្ដីពីសេចក្ដីព្រាងច្បាប់នេះនៅថ្ងៃសុក្រ ដោយត្រួសត្រាយផ្លូវសម្រាប់បញ្ជូនច្បាប់នេះទៅរដ្ឋសភាដែលគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចមានសំឡេងភាគច្រើនដែលខ្លួនត្រូវការសម្រាប់អនុម័តច្បាប់នេះ៕ សុខុម