41.3 C
Phnom Penh

សហជីពប្រកួត​​​ប្រជែង​​​គ្នា​​​ដើម្បី​​​សុំ​​​ការ​​​គាំទ្រ​​​ពី​​​អន្តរជាតិ ​​​ចំពោះ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ស្តី​​​ពី​​​សហជីព​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

_21B9960

សហជីព ​​​ប្រឆាំង​​​ចំនួន​​​ពីរ​​​ ដែល​​​តំណាង​​​ឲ្យ​​​កម្មករ​​​កាត់​​​ដេរ​​​ មួយ​​​ភាគ​​​ធំ​​​ក្នុង​​​ចំណោម​​​កម្មករ​​​កាត់​​​ដេរ​​​ប្រមាណ​​​៧០០.០០០នាក់ ​​​ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ដាក់​​​ញត្តិ​​​របស់​​​ខ្លួន​​​ ជូន​​​ស្ថាន​​​ទូត​​​សហរដ្ឋ​​​អាមេរិក​​​ និង​​​ស្ថាន​​​ទូត​​​ផ្សេង​​​ៗ​​​ ទៀត​​​ក្នុង​​​សប្តាហ៍​​​នេះ​​​ដើម្បី​​​ស្នើ​​​សុំ​​​ការ​​​​​​​​​គាំទ្រ​​ ​​​​ពី​​​ពួក​​​​​​គេ​​​​​​ចំពោះ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​​​​សហជីព​​​ ដ៏​​​ចម្រូង​​​ចម្រាស​​​អំឡុង​​​ការ​​​មក​​​​​​បំពេញ​​​ទស្សនកិច្ច​​​របស់​​ប្រេសិត​​​​​​សហរដ្ឋ​​​អាមេរិក​​​​​​ទទួល​​​បន្ទុក​​​ផ្នែក​​​ការ​​​ងារមក​​​កាន់​​​កម្ពុជា​​​​​​។

សហជីព ​​​ដែល​​​គាំទ្រ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​​​​ដែល​​​នឹង​​​​​​បង្កើត​​​ ច្បាប់​​​សម្រាប់​​​ការ​​​បង្កើត​​​សហជីព​​​ និង​​​ដែល​​​នឹង​​​ពិន័យ​​​​​​ ចំពោះ​​​សហជីព​​​ដែល​​​រំលោភ​​​បំពាន​​​ច្បាប់​​​នេះ​​​ បាន​​​ដាក់​​​ញត្តិរបស់​​​ខ្លួន​​​ជូន​​​ស្ថាន​​​ទូត​​អាមេរិក និង​​​ស្ថាន​​​ទូត​​​សហភាព​​ ​អឺរ៉ុប​​​​​​​​ប្រចាំ​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​ច័ន្ទ​​​។ រីឯសហជីព​​​ដែល​​​ប្រឆំាង​​​នឹង​​​ច្បាប់​​​នេះ​​​បាន​​​ដាក់​​​ញត្តិ​​​របស់​​​ខ​​​្លួន​​​ជូន​​​​​​ស្ថាន​​​ទូត​​​ទាំង​​​ពីរ​​​នេះ​​​ ក៏​​​ដូច​​​ជា​​​ក្រសួង​​​ការ​​​ងារ​​​ និងរដ្ឋ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ ។

ការប្រកួត​​​ប្រជែង​​​ក្នុង​​​ការ​​​ដាក់​​​ញត្តិ​​​ទាំង​​​នេះ​​​​​​ត្រូវ​បាន​​​ធ្វើ​​​ឡើង​​​ចំពេល​​​​​​ការ​​​មក​​​បំពេញ​​​ទស្សនកិច្ច​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​លោក​​​ ស្កុត បាស់​​​ ប៊ី (Scott Busby) ឧបការីរដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​​​​ដែល​​​ទទួល​​​បន្ទុក​​​​​​ផ្នែក​​​ប្រជា​​​ធិបតេយ្យ​​​ សិទ្ធិ​​​មនុស្ស​​​ និង​​​ការ​​​ងារ​​​។

លោក ជួន មុំ​​​ថុល ប្រធាន​​​សហព័ន្ធ​​​សហជីព​​​កម្ពុជា និង​​​ជា​​​ទីប្រឹក្សា​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើងស្វាគមន៍​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ ដែល​​​មាត្រា​​​១​​​ចែង​ថា ​​​គោល​​​ដៅ​​​​​​នៃ​​​ច្បាប់​​​នេះ​​​​​​គឺ​​​ដើម្បី​​​កាត់​​​បន្ថយ​​​ចំនួន​​​សហជីព​​​ដែល​​​មាន​​​យ៉ាង​​​ច្រើន​​​ និង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​សហជីព​​​កាន់​​​តែ​​​រឹង​​​មាំ​​​ជាង​​​មុន​​​”។

រោងចក្រ​​​កាត់​​​ដេរ​​​នៅកម្ពុជា​​​តែង​​​តែ​​​រអ៊ូរទាំ​​​ជា​​​យូរ​​​មក​​ ​ហើយ​​​ថា មាន​​​សហជីព​​​ដែល​​​តំណាង​​​ឲ្យ​​​​​​កម្មករ​​​​​​ច្រើន​ហួស​​​ ហេតុ​​​ពេក​​​ជា​​​ហេតុ​​​​​​ធ្វើ​​​ឲ្យ​​​វា​​​មាន​​​ការ​​​លំបាក​​​​​​យ៉ាង​​​ខ្លាំង​​​ក្នុង​​​ការ​​​ចរចា​​​ជាមួយ​​​ពួក​​​គេ​​​ និង​​​លំបាក​​​ក្នុង​​​ការ​​​ឈាន​​​ទៅ​​​ដល់​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​មួយ​​​កម្មករ​ ​​។

តែទោះ ​​​ជា​​​យ៉ាង​​​ណា សហជីព​​​ជា​​​ច្រើន​​​ជា​​​ពិសេស​​​​​​សហជីព​​​ដែល​​​គ្មាន​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​រដ្ឋាភិបាល​​​​​​បាន​​​ចោទ​​​ប្រកាន់​​រោង​​​ចក្រ​​​ថា ​​​កំពុង​​​ព្យាយាម​​​លុប​​​បំបាត់​​​​​​សហជីព​​​​​​ហើយ​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​អនុម័ត ​​​មែន​​​នោះ​​​​​​វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​​​​មាន​​​ការ​​​កាន់​​​តែ​​​ លំបាក​​​​​​ក្នុង​​​ការ​​​​​​បង្កើត​​​សហជីព​​​ និង​​​លំបាក​​​ក្នុង​​​ការ​ប្រឆាំង​​​នឹង​​​ការ​​​រំលោភ​​​បំពាន​​​ការ​​​ងារ​​​ដោយ​​​និយោជក​​​ ។ ឧទាហរណ៍​​​ប្រសិន​​​បើ​​​គេ​​​ចង់​​​បង្កើត​​​សហជីព​​​មួយ​​​លុះត្រា​​​តែ​​​មាន​​​ការ​​​គាំទ្រ​​​ចំនួន​​​២០​​​ភាគ​​​រយ​​​ពី​​​កម្មករ​​​នៅ​​​កន្លែង​​​ការ​​​ងារ​​​ណា​​​មួយ​​​ដែល​​​គេ​​​ផ្តល់​​​ការ​​​យល់​​​ព្រម​​​​​ ​។

លោក អាត់ ធន់ ប្រធាន ​​​​​​សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​ កម្ពុជា​​​ជា​​​​​​សហជីព​​​ឯករាជ្យ​​​ដែល​​​ធំជាង​​​គេ​​​នៅ​​​កម្ពុជា​​​​​ ​បាន​​​មានប្រសាសន៍​​​ថា “ទោះ ​​​បី​​​ជា​​​គ្មាន​​​ការ​​​កំណត់​​​ចំនួន​​​ក៏​​​ដោយ​​​​​​​​​វា​​​មាន​​​ការ​​​លំបាក​​​រួច​​​ទៅ​​​ហើយ​​​ក្នុង​​​ការ​​​បង្កើត​​​សហជីព​​​​​​ជា​​​ ពិសេស​​​សហជីព​​​ឯករាជ្យ”។ សម្ព័ន្ធ​សហជីព​របស់​លោក​​ចង់​ឲ្យ​​​​​រដ្ឋាភិបាល​លុប​ចោល​សេចក្តី​ព្រាង​ច្បាប់​នេះ​ទាំង​អស់​​។

គេនៅ​មិន​ទាន់​ច្បាស់​ទេ​ថា តើ​ពេល​ណា​ដែល​រដ្ឋាភិបាល​មាន​ផែនការ​បន្ត​ដំណើ​រការ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​។ អំឡុង​សិក្ខាសាលា​មួ​យ​ស្តី​ពី​សេចក្តីព្រាង​ច្បាប់​នេះ​កាល​ពី​មួយ​ឆ្នាំ​កន្លង​មក​នេះ​នៅ​ក្នុង​រាជ​ធានីភ្នំពេញ​ អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) បានលើក​​​ឡើង​​​ថា ​​​សំណៅ​​​ចុង​​​ក្រោយ​​​នៃ​​​សេចក្តី​​​ព្រាង​​​ច្បាប់​ ​​នេះតាម​​​ពិត​​​គឺ​​​ជា​​​ការ​​​ដើរ​​​ថយ​​​ក្រោយ​​​​​​ ហើយ​​​មិន​​​មាន​លក្ខណៈ​​​គ្រប់​​​គ្រាន់​​​​​​ត្រូវ​​​តាម​​​កាតព្វកិច្ច​​​របស់​​​ប្រទេសកម្ពុជា​​​ក្រោម​​​អនុសញ្ញា​​​ការ​​​ងារ​​​អន្តរជាតិ​​​​​​ ដែល​​​​​​ខ្លួន​​​បាន​​​ចុះ​​​ហត្ថលេខា​​​​​​នោះ​​​ឡើយ​​​។

ពេល​​​​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ បន្ទាប់​​​ពី​​​កិច្ចប្រជុំ​​​ជាមួយ​​​លោក​​​ បាស់​​​ប៊ី កាល​​​ពី​​​ព្រឹក​​​ម្សិល​​​​​​​​​មិញ​​​ លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការបរទេស​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​សូម​​​ធានា​​​ចំពោះ​​​ប្រេសិត​​​របស់​​​សហរដ្ឋ​​​​​អាេមរិក​ ​​​​​កុំ​​​ឲ្យ​​មាន​​​​ការ​​​ព្រួយ​​​បារម្ភ​​​​​​ឲ្យ​​​សោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ ​​​បាន​​​ប្រាប់​​​គាត់​​​សូម​​​កុំ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​ ព្រោះ​​​ក្រសួង​​​ការ​​​ងារ​​​កំពុង​​​ធ្វើ​​​ការ​​​យ៉ាង​​​ប្រុង​​​ប្រយ័ត្ន​​​​​​លើ​​​ច្បាប់​​​នេះ​​​ជា​​​មួយ​​​​​​អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ​​​  ដើម្បី​​​ធ្វើ​​​ឲ្យ​​​ច្បាប់​​​នេះ​​​ល្អ​​​ប្រសើ​​​រ និង​​​ដើម្បី​​​ការពារ​​​កម្មករ​​​។ យើង​​​ធ្វើ​​​អ្វី​​​ៗ​​​គ្រប់​​យ៉ាង​​​ដើម្បី​​​ការ​​ពារ​​​ប្រយោជន៍​​​របស់​​​ពល​​​រដ្ឋ​​​យើង​​​”។

នៅក្នុង​​​សន្និសីទ​​​កាសែត​​​នៅ​​​ឯ​​​ស្ថាន​​​ទូត​​​អាមេរិក​​​​​​  លោក បាស់ប៊ី បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​បង្ហាញ​​​នូវ​​​សំណៅ​​​ចុង​ក្រោយ​​​នៃ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ និង​​​ដាក់​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ឲ្យ​​​មាន​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​ជា​​​សាធារណៈ​​​ឲ្យបាន​​​​​​ល្អិត​​​ល្អន់​​​៕ ស៊ុយ​​​ឈាង (រាយការណ៍​​​បន្ថែម​​​ដោយ​​​ អូន ភាព​​​)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស