26 C
Phnom Penh

អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ​បញ្ជូន​របាយការណ៍​ស្តីពីការ​តវ៉ា​ទៅ​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​បញ្ជូន​របាយការណ៍​ទៅ​សាលា​ដំបូង​ខេត្ត​ស្ដីពីការ​តវា៉ា​ដ៏ហិង្សា​ក្នុង​ក្រុង​ប៉ោយប៉ែត ដែល​គេ​ឃើញ​កង​រាជអាវុធ​ហត្ថ​បាញ់​ពី​លើ​ក្បាល​អ្នក​អូស​រទេះ​ដែល​មាន​កំហឹង​ ដែល​បាន​សម្រុក​ចូល​ការិយាល័យ​គយ​កាល​ពី​ខែ​ឧសភា។

លោក គោស៊ុំ សារឿត អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា លោក ចុង ផេត អភិបាល​រង​​បាន​ដឹកនាំ​ការ​ប្រជុំ​ជាមួយ​មន្ត្រី​គយ​ កង​រាជអាវុធ​ហត្ថ និងនគរបាល​ខេត្ត​​កាល​ពី​ម្សិលមិញ មុន​ពេល​បញ្ជូន​របាយការណ៍​ចុង​ក្រោយ​ស្ដីពី​ការ​តវ៉ា​នេះ​ទៅ​តុលាការ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ស៊ើបអង្កេត​របស់​យើង​ដើម្បី​​ធ្វើ​របាយការណ៍​ឲ្យ​បាន​ច្បាស់​លាស់​មុន​ពេល​បញ្ជូន​ទៅ​តុលាការ​ ចៀសវាង​ការ​ចោទ​ប្រកាន់​ក្រុមអ្នក​​តវ៉ា​​ដោយ​គ្មាន​ភ័ស្តុតាង​។ យើង​បាន​បញ្ជូន​របាយ​ការណ៍​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ ហើយ​មាន​តែ​តុលាការ​ប៉ុណ្ណោះ​អាច​សម្រេច​ថា អ្វី​ខុស​ឬអ្វី​ត្រូវ​នោះ​”។

អ្នក​អូស​រទេះ​ប្រហែល​១០០​នាក់​បាន​តវ៉ា​នឹង​ការ​យក​តម្លៃ​តាម​តែ​អំពើ​ចិត្ត​​ដោយ​មន្ត្រី​គយ នៅ​ពេល​ពួក​គេ​ដឹក​ទំនិញ​ពី​ប្រទេស​ថៃ​​ចូល​ប្រទេស​កម្ពុជា។

បន្ទាប់ពី​កង​រាជអាវុធ​ហត្ថ​បាន​វាយ​ពួកគេ​​ដើម្បី​បំបែក​ការ​បិទផ្លូវមក​​ មានពាក្យ​ចចាម​អារ៉ាម​​មិន​ពិត​​ផ្សព្វ​ផ្សាយ​ថា កម្មករ​ម្នាក់​បាន​ស្លាប់​​មុន​ពេល​មនុស្ស​ជា​ច្រើន​នាក់​ទៀត​សម្រុក​ចូល​ការិយាល័យ​​ដើម្បី​តតាំង ដោយ​គប់​​ដុំថ្ម​រំលង​​ច្រក​ទ្វារ​ចូល​។

របាយការណ៍​បឋម​ពី​លោក ង៉ោ ម៉េងជ្រួន អភិបាល​ក្រុង​ប៉ោយប៉ែត​បានដាក់ការ​​បន្ទោស​ទៅ​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​មូលដ្ឋាន​ម្នាក់​​ថា បាន​ញុះ​ញង់​កម្មករ​ទាំង​នោះ។ លោក​ សារឿត បាន​មាន​ប្រសាសន៍​ថា មិន​ទាន់​កំណត់​បាន​អត្តសញ្ញាណ​ជន​សង្ស័យ​អំឡុង​កិច្ច​ប្រជុំ​កាលពី​ម្សិលមិញ​នៅ​ឡើយ​ទេ។

លោក ថង សុខាំភូ នាយ​ការិយាល័យ​គយ​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា ការ​ស៊ើបអង្កេត​បង្ហាញ​ថា មាន​ការ​ខូ​ច​ខាត​ការិយាល័យ​គយធ្ងន់ធ្ងរ​​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ចង​ក្រង​របាយការណ៍​ស្ដីពី​ការ​ខូច​ខាត ហើយ​បាន​ប៉ាន​ប្រមាណ​ពី​តម្លៃនៃការ​ខូច​ខាត​​ គឺ​១៣.០០០​ដុល្លារ​”។

លោក ឱ បូរិន មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​តុលាការ​ក្នុង​ការ​កំណត់​ថា នរណា​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូច​ខាត​នេះ​។

លោក​ព្រះរាជអាជ្ញា ផាន់ វណ្ណារ័ត្ន បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ពិនិត្យ​មើល​ឯក​សារ​ស្ដីពី​បញ្ហា​នេះ​ ហើយ​ចាត់​វិធានការ​តាម​ច្បាប់​”៕ សារុន​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស