29 C
Phnom Penh

កងទ័ព​​​ជើង​​​ទឹក​​​កម្ពុជា​​​គ្រប់​​​គ្រង​​​កោះ​​​របស់​​​លោក ប៉ូលុនស្គី ជា​​​ផ្លូវ​​​ការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា កាល​​​ពីថ្ងៃ​​​ច័ន្ទ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​កម្ពុជា​​​បាន​​​គ្រប់​​​គ្រង​​​ជា​​​ផ្លូវការ​​​លើ​​​កោះ​​​ដំឡូង​​​​​​ជា​​​កោះ​​​ដាច់​​​ស្រយាល​​​មួយ​​​ដែល​​​គេគ្រោង​​​ធ្វើ​​​ឲ្យ​​​ក្លាយ​​​ជា​​​តំបន​​​់​​​ទេសចរណ៍​​​ដ៏ទំនើប​​​នៅ​​ក្នុង​​​គម្រោង​​​របស់​​​លោក សេរហ្គេ ​ប៉ូលុនស្គី ​មុន​​​​​​ពេល​​​​​​អ្នក​​​អភិវឌ្ឍ​​​ជន​​​ជាតិ​​​រុស្សីរូប​​​នេះ​​​​​​ត្រូវ​​​បាន​​​និរទេស​​​ទៅ​​​កាន់​​​ទីក្រុង​​​មូស្គូ ដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​បើក​​​សវនាការ​​​​ក្រោម​​​ការចោទ​​​ប្រកាន់​​​ពីបទឆរ​​​បោក​​​ធ្ងន់​​​ធ្ងរ​​​។

ដោយមាន​​​ទី​​​តាំង​​​ចម្ងាយ​​​ជាង​​​៥០​​​គីឡូ​​​ម៉ែត្រ​​​ពី​​​ក្រុង​​​ព្រះសីហនុ កោះ​​​នេះ​​​បាន​​​ក្លាយ​​​ជា​​​កន្លែង​​​ស្នាក់​​​នៅ​​​ទី២របស់​​​លោក ប៉ូលុន​​​ស្គី ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ មុន​​​ពេល​លោក​​​ត្រូវ​​​បាន​​​និរទេស​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧ ខែ​​​ឧសភា​​​  ដែល​​​ទំនង​​​ជា​​​ដោយ​​​សារ​​​លោក​​​​​​គ្មានលិខិត​​​ឆ្លង​​​ដែន​​​ ហើយ​​​វា​​​ជា​​​កន្លែង​​​ដែល​​​អតីត​​​មហាសេដ្ឋី​​​រូប​​​នេះ​​​​​​ត្រូវ​​​បាន​ចាប់​​​ខ្លួន​​​ពី​​​រ​​​ថ្ងៃ​​​មុន​​​​​​ការ​​​និរទេស​​​។

លោក ឈិន សេង ​​​ងួន អភិបាល​​​រង​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ដឹក​​​នាំនគរ​​​បាល​​​កង​​​រាជ​​​អាវុធ​​ហត្ថ​​​ មន្ត្រី​​​កង​​ទ័ព​​​ជើង​​​ទឹក និង​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​មួយ​​​ក្រុម​​​​​​ទៅ​​​កាន់​​​កោះ​​​នេះ​​​កាល​​​​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដើម្បី​​​ត្រួត​​​ពិនិត្យ​​ ​ និង​​​កត់​​​ត្រា​​​ចុះ​​​បញ្ជី​​​​​​អចលនទ្រព្យ​​​នៅ​​​ទី​​​នោះ​​​ ដែល​​​រួម​​​មាន​​​ បាំង​​​ហ្គាឡូ​​​ឈើ​​​ប្រហែល​​​២០​​​ និង​​​អគារ​​​ផ្សេង​​​ៗ​​​ព្រម​​​ទាំង​​​គ្រឿង​​​សង្ហារិម រូប​​​ចម្លាក់​​​នានា​​​ និង​​​ទូរដែក​សុវត្ថិភាព​​​ចំនួន​​​ពីរ​​​ផងដែរ​​​។

លោក សេងងួន បានលើក​​​ឡើង​​​ថា គេ​​​មិន​​​បាន​​​យក​​​អ្វី​​​ចេញ​​​ពី​​​កោះ​​​នោះ​​ ​ទេ  ហើយ​​​​​​គេ​​​មិន​​​ឃើញ​​​មាន​​​អតីត​​​បុគ្គលិក​​​របស់​​​លោក ប៉ូលុន ​​​ស្គី នៅទី​​​នោះ​​​ឡើយ​​​នៅ​​​ពេល​​​ក្រុម​​​ការ​​​ងារ​​​ចុះ​​​ទៅ​​​ដល់។ ទ្រព្យ​​​សម្បត្តិ​​​ផ្សេង​​​ៗ​​​របស់​​​លោក​​ ប៉ូលុន​​​ស្គី ដែល​​​​រួម​​​មានដូច​​​ជា​​​​​​លំនៅ​​​ដ្ឋាន​​​​​​ឯកជន​​​របស់​​​លោក​​​នៅ​​​លើ​​​កោះ​​​ដែក​​​គោល​​​ និង​​​នាវា​​​ប្រវែង​​​៣០​​​ម៉ែត្រ​​​​​​​​​១គ្រឿង​​​ គឺ​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​បន្ត​​​របស់​​​នគរ​​​បាល​​​​​​ក្រុង​​​ព្រ​​​ះ​​​សីហនុ​​​រួច​​​ហើយ​​​។

អភិបាល​​​រង​​​រូប​​​នេះ​​​បាន​​​អះ​​​អាង​​​ថា បន្ទាប់​​​ពី​​​បញ្ចប់​​​ការ​​​ ត្រួត​​​ពិនិត្យ​​​កោះ​​​ដំឡូង​​​រួច​​​រាល់​​​ កោះ​​​នេះ​​​​​​ត្រូវ​​​បានដាក់​​​​​​ឲ្យ​​​មាន​​​ការ​​​​​​មើល​​​ថែ​​​ទាំ​​​​​​ដោយ​​​មន្ត្រី​​​មួយ​​​​​​ក្រុម​​​មក​​​ពី​​​មូល​​​​​​ដ្ឋាន​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​​​​នៅលើ​​​កោះ​​​តាង​​​ដែល​​​ស្ថិត​​​ក្បែរ​​​កោះ​​​ដំឡូង​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើងបាន​​​ប្រគល់​​​វា​​​ទៅ​​​ឲ្យ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ដើម្បី​​​មើល​​​ថែ​​​ទាំ​​​បណ្តោះ​​​អាសន្ន​​​​​​ មុន​​​ពេល​​​មាន​​​ការ​​​សម្រេច​​​ពី​​​ថ្នាក់​​​​​លើ​​​របស់​​​ខ្ញុំ​​​”។

លោក យស ស៊ីវុត្ថា មេបញ្ជាការកង​​​ទ័ព​​​ជើង​​​ទឹក​​​នៅ​​​លើ​​​កោះ​​​តាង បាន​​​បញ្ជាក់​​​ថា ​​​ មន្ត្រី​​​របស់​​​លោក​​​នឹង​​​ឈរ​​​ជើង​​​នៅ​​​លើ​​​កោះ​​​នេះ​​​ចាប់​​​ពី​ពេល​​​នេះ​​​ទៅ​​​ ប៉ុន្តែ លោកបាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​បន្ថែម​​​ឡើយ​​​។

លោក ​​​ ប៉ូលុន​​​ស្គី អាយុ​​​៤២​​​ឆ្នាំ​​​ ដែល​​​ធ្លាប់​​​ជា​​​បុគ្គល​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​មាន​​​ទ្រព្យ​​​​​​ច្រើន​​​បំផុត​​​នៅ​​​រុស្ស៊ី​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពីឆ្នាំ​​​២០១៣ ពីបទ​​​កិបកេង​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​ពី​​​វិនិយោគិន​​​នៅ​​​ក្នុង​​​គម្រោង​​​អចលនទ្រព្យ​​​ចំនួន​​​២ក្នុង​​​ទី​​​ក្រុង​​​មូស្គូ​​​ ហើយ​​ក្រោយ​​​មក​​​​​​ត្រូវ​​​បាន​​​គេ​​​កត់​​​ត្រា​​​ចូល​​​ក្នុង​​​បញ្ជី​​​ អ្នក​​​ដែល​​​នគរ​​​បាល​​​អន្តរជាតិ​​​អាំង​​​ទែប៉ូល​​​​​​តាម​​​ចាប់​​​ខ្លួន​​​បំផុត​​​។ ដោយ​​​​​​ខ្លាច​​​ក្រែង​​​ថា ខ្លួន​​​មិន​​​ទទួល​​​បាន​​ការ​​​កាត់​​​ក្តី​​​ដ៏​​​ត្រឹម​​​ត្រូវ​​​នៅក្នុង​​​​​​ប្រទេស​​​រុស្សី លោក ប៉ូលុនស្គី​​​ បាន​​​ធ្វើ​​​ដំណើរ​​​មក​​​ប្រទេស​​​កម្ពុជា​​​  ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​​​កំណត់​​​វាសនា​​​របស់​​​ខ្លួន​​​ដោយបោះ​​​ ទុន​​​​​​វិនិយោគ​​​​​​លើ​​​កោះ​​​មួយ​​​ចំនួន ដែល​​​លោក​​​សង្ឃឹម​​​ថា នឹងប្រែ​​​ក្លាយ​​​ទៅ​​​ជា​​​តំបន់​​​ទេសចរណ៍​​​​​​ដ៏ទំនើប​​​។

តុលាការកម្ពុជា​​​​​​បានច្រាន​​​ចោល​​​សំណើ​​​សុំ​​​ធ្វើ​​​បត្យាប័ន​​​ច្រើន​​​ លើក​​​ច្រើន​​​សា​​​ពី​​​រដ្ឋាភិបាល​​​ក្រុង​​​មូស្គូ​​​ កាល​​​ពី​​​ពីរ​​​ ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ ប៉ុន្តែ កាល​​​ពី​​​ខែ​​​មុន​​​ វាសនា​​​របស់​លោក ប៉ូលុន​​​ស្គី បាន​​​ផ្លាស់​​​ប្តូរ​​​ភ្លាមៗ​​​។
កាលពីថ្ងៃ​​​ទី​​​១៥ ខែ​​​ឧសភា​​​ លោក​​​​​​ត្រូវ​​​បាន​​​គេ​​​ចាប់​​​ខ្លួន​​​ជា​​​មួយបក្ខ​​​ពួក​​​​​​ចំនួន​​​ប្រាំ​​​នាក់​​​ផ្សេង​​​ទៀត​​​នៅ​ ​​លើ​​​កោះ​​​ដំឡូង​​​ ហើយ​​​ត្រូវ​​​បាន​​​គេ​​​ដឹក​​​តាម​​​​​​ឧទ្ធម្ភាគចក្រ​​​មក​​​កាន់​​​រាជ​​​ធានីភ្នំពេញ​​​។ ពីរ​​​ថ្ងៃ​​​ក្រោយ​​​មក​​​លោក​​​ត្រូ​​​វបាន​​​គេ​​​ដឹក​​​​​​តាម​​​យន្ត​​​ហោះ​​​ទៅ​​​កាន់​​​ទីក្រុង​​​មូស្គូ។ អំឡុង​​​ពេល​​​នោះ​​​ ក្រុមមន្ត្រី​​​បាន​​​លើក​​​ឡើង​​ថា លោក​​​ត្រូវ​​​បាន​​​និរទេស​​​ដោយ​​​សារ​​​គ្មាន​​​លិខិត​​​ឆ្លង​​​ដែន​ ​​ ប៉ុន្តែ ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​ពីបទ​​​បង្កើត​​​​​​ក្រុម​​ ​អង្គរក្ស​​​ខុស​​​ច្បាប់​​​។ មេធាវី​​​របស់​​​​​​លោក​​​ ប៉ូលុនស្គី បាន​​លើក​​​ឡើ​​​ងថា ការ​​​និរទេស​​​លោក​​​ភ្លាម​​​ៗ​​​នេះ​​​ គឺ​​​ដោយ​​​សារ​​​ តែ​​​ “​​​កិច​្ច​​​ព្រម​​​ព្រៀង​​​សម្ងាត់​​​មួយ​​​” រវាង​​​កម្ពុជា និង​​​រុស្សី។

ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក សេរហ្គេ  វ្លាឌី (Sergei Vladi) មេធាវីរបស់​​​លោក ប៉ូលុនស្គី ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ទីក្រុង​ ​​ឡុងដ៍​​​បាន​​​លើក​​​ឡើង​​​ឡើង​​​ថា នៅពេល​​​ទៅ​​​ដល់​​​ទីក្រុង​​​មូស្គូ ​​​ភ្លាម​​​ កូន​​​ក្តី​​​របស់​​​លោក​​​ត្រូវ​​​បាន​​​​​​គេ​​​បញ្ជូ​​​ន​​​ ភ្លាមៗ​​​ទៅ​​​កាន់​​​ពន្ធនាគារ​​​ Matrosskaya Tishina ក្នុង​​​ទី​​​ក្រុង​​​មូស្គូ​​​​​​ដើម្បី​​​រង់​​​ចាំ​​​​​​​​​​​​ការ​​​បើក​​​សវនាការ​​​។

លោក វ្លាឌី បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​បាន​​​ទាក់ទង​ជាប់​​​ជានិច្ច​​​​​ជាមួយ​​​ លោក ប៉ូលុន​​​ស្គី​​​ ដែល​​​​​​​​​គេ​​​នឹង​​​ផ្តន្ទាទោស​​​ពីបទ​​​ល្មើស​​​ ដែល​​​លោក​​​មិន​​​ដែល​​​បាន​​​ប្រព្រឹត្តិ​​​ ហើយ​​​​​បើ​​​និយាយ​​​ពី​​​ទ្រព្យសម្បត្តិ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​របស់​​​ លោក ប៉ូលុនស្គី វិញ លោក​​​​​​​​​មិន​​​សូវ​​​​​​ជា​​​សង្ឃឹម​​​ទេ​​​​​​​​​ថា​​​ នឹង​​​ទទួល​​​បាន​​​មក​​​វិញ​​​នោះ​​​។ មេធាវី​​​រូប​​​នេះ​​​បាន​​​ប៉ាន់​​​ប្រមាណ​​​ថា លោក​​​ ប៉ូលុនស្គី បាន​​​វិនិយោគ​​​អស​​​់​​​ទឹក​​​ប្រាក់​​​ជាង​​​១៣​​​លាន​​​ដុល្លារ​​​នៅ​​​កម្ពុជា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្វីៗ​​​គ្រប់​​​យ៉ាង​​​របស​​​់​​​លោក ប៉ូលុនស្គី​​​ ត្រូវ​​​បាន​​​គេ​​​លួច​​​អស​​​់​​​ហើយ​​​។ រថយន្ត​​​ម៉ាក Rolls Royce រថយន្ត​​​ផ្សេង​​​ៗ​​​ទៀត​​​ សូម្បី​​​តែ​​​កាត​​​ឥណទាន​​​ក៏​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ដែរ​​​”។ លោក ​​​បាន​​​បន្ថែម​​​ថា ឧបករណ៍​​​ដែល​​​ផ្ទុក​​​ទិន្នន័យ​​​ផ្ទាល់​​​ខ្លួន​​​របស់​​​​​​កូន​​​ក្តី​​​លោក​​​ត្រូវ​​​បាន​​​បញ្ជូន​​​ភ្លាម​​​ៗ​​​ទៅ​​​កាន់​​​រដ្ឋ​​​អាជ្ញា​​​ទទួល​​​បន្ទុក​​​សំណុំ​​​រឿង​​​នេះ​​​​​​ គឺ​​​លោក អូលេក សីុលឈិនកូ (Oleg Silchenko) ជា​​​អ្នក​​​សើុប​​​អង្កេត​​​ដ៏​​​ល្បី​​​ឈ្មោះ​​​នៅ​​​រុស្សី។

លោក​​​បាន​​​មានប្រសាសន៍​​​​​​ថា “អ្វីៗទាំង​​​អស់​​​របស់គាត់​​​​​​​​ដូច​​​ជាកុំព្យូទ័រ​​​​​​ អាយផេត និង​​​អាយ​​​ហ្វូនសុទ្ធ​​​តែ​​​ត្រូវ​​​បាន​​​គេ​​​លួច​​​ទាំងអស់​​​។ ទិន្នន័យ​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោកត្រូវ​​​បាន​​​​​​គេ​​​បញ្ជូន​​​ទៅ​​​កាន់​​​រដ្ឋ​​​អាជ្ញា”។

លោក ​​​ វ្លាឌី បាន​​​បន្ថែម​​ទៀត​​​ថា​​ ទង្វើ​​​របស​​​់​​​អាជ្ញាធរ​​​កម្ពុជាលើ​​​លោក ប៉ូលុន​​​ស្គី​​​ ទំនង​​​ជា​​​​​ធ្វើ​​​ឲ្យ​​​កូន​​​ក្តី​​​របស់​​​លោក​​​មិន​​​ហ៊ាន​​​​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​ ​​តែ​​​ឯកឯង​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​​ត្រូវ​​​បាន​​​គេ​​​ចាប់​​​ពី​​​ផ្ទះ​​​របស់​​​​​​ខ្លួន​​​​​​នៅ​​​ក្នុងប្រទេស​​​កម្ពុជា​​​ដូច​​​ជា​​​សត្វ​​​ឆ្មា​​​អ៊ីចឹង​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ដល់​​​ដៃ​​​អ្នក​​​ដែល​​​មាន​​​ជំនាញ​​​ [​​​លោក សីុលឈិន​​​កូ]​​​។ តើ​​​អ្នក​​​គិត​​​ថា បុរស​​​រូប​​​េនះ​​​នឹង​​​ត្រឡប់​​​មក​​​វិញ​​​ដែរ​​​ឬទេ?”៕ស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស