27 C
Phnom Penh

វិវាទដីធ្លី​ដ៏ល្វីង​ជូរចត់​នៅ​ខណ្ឌសែន​សុខ​មិនទាន់ដោះស្រាយ​រួច​រាល់នៅឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​អ្នក​ភូមិ​១៦៣​គ្រួសារ​​ដែល​ទទួលបានដី​ទំហំ​១ហិកតា​​រយៈពេល​បួនឆ្នាំមុន​ បន្ទាប់ ពី​ការ​តស៊ូផ្លូវ​ច្បាប់​ដ៏អូស​បន្លាយ​នោះ បាន​ចោទ​ប្រកាន់​អ្នក​ទទួលបានដីម្នាក់​ក្នុង​ចំណោម​អ្នក​ទទួល​បានដីទាំងអស់​ នៅក្នុង​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​កាលពីម្សិលមិញ​ថា​បាន​ប្រឌិត​អ្នក​ភូមិ​មួយ​ក្រុម​ផ្សេងមាន​១៦៣គ្រួសារដោយ​​អះ​អាងសិទ្ធិកាន់កាប់​ដីនោះ​​ដើម្បីព្យាយាម​កាប់​កាន់​​ខ្លួន​ឯង។

តុលាការ​កំពូល​​បាន​ផ្តល់​ដី​ទំហំ​​៩.៩៨២ម៉ែត្រ​ក្រឡា​ដល់គ្រួសារ​ទាំង​នេះ​ក្នុង​ឆ្នាំ​២០១១​នៅក្នុង​ខណ្ឌសែន​សុខ បន្ទាប់ពី​ពួកគាត់​ទទួលបាន​ជ័យ​ជម្នះ​ក្នុង​វិវាទដីធ្លី​ដ៏កម្រ​មួយ​លើ​ស្ត្រី​ពាណិជ្ជករ​ក្នុង​មូលដ្ឋាន​ម្នាក់។

បន្តិចក្រោយ​មក អ្នកស្រី ជា សារុំ អ្នកទទួលបាន​ដី​ម្នាក់ដែរនោះ​​​បាន​អះ​អាង​កាន់កាប់​តំបន់​ទាំង​មូល​សម្រាប់ខ្លួន​ឯង និង​ក្រុមគ្រួសារ​របស់គាត់​​ ហើយ​បាន​រារាំង​អ្នក​ផ្សេង​ទៀត​មិន​ឲ្យ​តាំងទីលំនៅ​លើ​ដីនោះ។

នៅក្នុង​តុលាការកាលពី​ម្សិលមិញ អ្នកស្រី ព្រីង​ សុជាតិ អ្នកតំណាង​​ បាន​ចោទ​អ្នកស្រី សារុំ ពីបទ​រំលោភ​សេចក្តីទុក​ចិត្ត​។

ដោយសំដៅ​ដល់​​បញ្ជីឈ្មោះ​អ្នកទទួលបាន​ដី​ដែលចេញ​ដោយតុលាការ​កំពូល អ្នកស្រី សុជាតិ​ បាននិយាយ​ថា “​គាត់​ក្បត់​ពួកយើង​ ហើយមិន​ផ្តល់ដី​ដល់ពួកយើង​ទេ ហើយ​គាត់​បាន​លុបឈ្មោះ​របស់ខ្ញុំចេញ​ពី​បញ្ជី​”។ ទាំង​អ្នកស្រី សុជាតិ និង​អ្នកស្រី សារុំ​ សុទ្ធតែមាន​ឈ្មោះ​បញ្ជី​ដែលចេញ​ដោយ​តុលាការ​។

បន្ទាប់ពី​​លោក ឆែ វីរៈ ចៅក្រម​ប្រធានក្រុមប្រឹក្សា​ជំនុំជម្រះ​​បាន​អានឈ្មោះ​ប្រហែល​៧០នាក់នៅក្នុង​បញ្ជីនោះ អ្នកស្រី សារុំ​បាននិយាយ​ថា អ្នកស្រី​មិន​ទទួលស្គាល់​​ពួកគេ​ទេ ហើយ​បាន​បង្ហាញ​បញ្ជីឈ្មោះ​ផ្ទាល់​​នៃអ្នកភូមិ​១៦៣គ្រួសារ​​ដែល​គាត់​អះ​អាង​​តំណាង​ឲ្យនោះ​ បើទោះ​ជា​ពួកគេ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែលចេញ​ដោយ​តុលាការ​កំពូលក៏ដោយ។

អ្នកស្រី សារុំ បាន​បានបន្ថែមថា ក្រុមគ្រួសារ​ដែល​អ្នកស្រី សុជាតិ​ តំណាង​ឲ្យ​នោះ តាម​ពិត​ជាគ្រួសារ​ដែល​ធ្វើ​ពុត​​ជា​មាន​សិទ្ធិ​កាន់កាប់ដីនេះ​​ ដើម្បី​ពួកគេ​អាច​ប្លន់យកដីនេះ​។

អ្នកស្រី​បាន​និយាយ​ថា “​តើ​ឲ្យ​ខ្ញុំ​​ផ្តល់​ដី​ទៅ​អ្នកភូមិ​របស់ខ្ញុំ​ដូចម្តេច​កើត​ បើ​​ក្រុម​ក្លែង​ក្លាយ​បង្ហាញ​មុខ​ ហើយ​រារាំង​ពួកយើង​នោះ?”។

កាលពីខែ​មីនា ដីនេះ​គ្រោង​កំណត់​ព្រំប្រទល់ ដើម្បី​ដោះស្រាយ​វិវាទនេះ ប៉ុន្តែ​ក្រសួង​កសិកម្ម ​បាន​ចេញ​លិខិត​​មួយ​ច្បាប់​អះ​អាង​ថា ដីនេះ​ជា​របស់​​ក្រសួង​ ហើយ​បាន​ប្រាប់​​សាលា​ដំបូង​រាជធានី​ឲ្យ​ពន្យារពេល​​ចែកដីនេះ​។

បន្ទាប់ពី​មានការ​រិះគន់​ដ៏​រាល​ដាលមក រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​​បាន​ចេញ​លិខិត​មួយ​ច្បាប់​ទៀតកាលពី​ថ្ងៃទី​២១ ខែ ឧសភា​ដោយ​លើក​ឡើង​ថា ក្រសួង​នឹង​មិន​ជ្រៀត​ជ្រែក​ទេ ប្រសិន​បើ​​តុលាការ​​បាន​សម្រេច​​បែង​ចែក​ដី​ក្នុង​ចំណោម​គ្រួសារ​ទាំងនេះ ប៉ុន្តែ​​លើកឡើង​ថា ក្រសួង​ចង់​ទៅពិនិត្យ​ការ​កំណត់​ព្រំប្រទល់​នោះ។

លោកចៅក្រម​ វីរៈ បាន​មាន​ប្រសាសន៍​ថា រឿងក្តី​​នេះ​នឹង​បន្ត​នៅ​ថ្ងៃទី​២៣ ខែ កក្កដា៕សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស