
អង្គការលើកលែងទោសអន្តរជាតិបានលើកឡើងនៅក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃនេះថា មិនគួរប្រើសន្តិសុខខណ្ឌដែលបានក្លាយជានិមិត្តរូបនៃការបង្ក្រាបរបស់រដ្ឋាភិបាលក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏ចម្រូងចម្រាសកាលពីខែកក្កដា ឆ្នាំ២០១៣ ដើម្បីរក្សាសណ្ដាប់ធ្នាប់នៅកន្លែងតវ៉ាទៀតឡើយ។
នៅក្នុងរបាយការណ៍ដែលមានឈ្មោះថា “ការចេញទៅតវ៉ាតាមដងផ្លូវ៖ សេរីភាពនៃការជួបជុំដោយសន្តិវិធីនៅកម្ពុជា” អង្គការលើកលែងទោសអន្តរជាតិបានវិភាគអំពីស្ថានភាពចលាចលជាច្រើនខែដែលបានចាប់ផ្ដើមពីចំណុចដែលអ្នកបោះឆ្នោតដែលមានការខកចិត្ត អំពាវនាវឲ្យមានការផ្លាស់ប្ដូរ និងក៏បានប្រែក្លាយទៅជាកុបកម្មហិង្សាបណ្ដាលឲ្យមនុស្សប្រាំពីរនាក់ត្រូវកងកម្លាំងរបស់រដ្ឋាភិបាលបាញ់ស្លាប់។
របាយការណ៍នេះមានខ្លឹមសារយ៉ាងដូច្នេះថា “ក្រុមសន្តិសុខខណ្ឌដូនពេញ បានជាប់ពាក់ព័ន្ធនឹងការបំពានសិទ្ធិមនុស្សជាច្រើនករណី រួមទាំងការបង្ករបួសធ្ងន់ធ្ងរផងដែរ។ អង្គការលើកលែងទោសអន្តរជាតិយល់ថា ក្រុមសន្តិសុខខណ្ឌដូនពេញមិនស័ក្ដិសមនឹងបំពេញមុខងារដែលចាត់តាំងឲ្យពួកគេឡើយ”។
លោក រូភើត អែបបុត (Rupert Abbott) ប្រធានផ្នែកស្រាវជ្រាវនៅអង្គការលើកលែងទោសអន្តរជាតិប្រចាំតំបន់អាស៊ីបា៉ស៊ីហ្វិក បានលើកឡើងនៅក្នុងអុីម៉េលមួយថា “ទស្សនរបស់អង្គការលើកលែងទោសអន្តរជាតិយល់ឃើញថា ក្រុមសន្តិសុខដែលត្រូវបានជ្រើសរើសមិនទទួលបានការបណ្ដុះបណ្ដាលឲ្យបានគ្រប់គ្រាន់ឡើយ ហើយវាបង្ហាញឲ្យឃើញតាមរយៈការប្រើប្រាស់កម្លាំងបង្ក្រាបហួសហេតុ និងមិនរើសមុខជាញឹកញាប់របស់ពួកគេ ខណៈពេលរក្សាសណ្ដាប់ធ្នាប់នៅកន្លែងតវ៉ា”។
នៅរយៈពេលប៉ុន្មានខែក្រោយពីការបោះឆ្នោត សន្តិសុខទាំងនេះត្រូវបានដាក់ពង្រាយអមជាមួយនគរបាល កងរាជអាវុធហត្ថ និងពេលខ្លះជាមួយទាហាននៅតាមកន្លែងតវ៉ាដែលភាគច្រើនកើតឡើងនៅក្នុងខណ្ឌដូនពេញ។
ទោះជាយ៉ាងណា សន្តិសុខទាំងនេះគឺតែងតែជាកម្លាំងនៅសមរភូមិមុខរបស់រដ្ឋាភិបាល ហើយពួកគេហិង្សាបំផុតគ្រប់ពេល។
លោក ណៃ វ៉ាន់ដា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជាន់ខ្ពស់នៅអង្គការអាដហុក ដែលធ្លាប់បានចូលរួមការតវ៉ាជាច្រើននៅក្រោយការបោះឆ្នោតក្នុងរាជធានីភ្នំពេញ បានប្រដូចសន្តិសុខទាំងនេះទៅនឹងត្រីឆ្លាម។ លោកបានមានប្រសាសន៍ថា “ពេលពួកគេឃើញបាតុករ ដូចឃើញឈាមអ៊ីចឹង ហើយពួកគេក៏ត្របាក់ស៊ីតែម្ដង។ ពួកគេចូលចិត្តអំពើហិង្សា”។
ហើយទន្ទឹមនឹងការចូលចិត្តប្រើអំពើហិង្សារបស់ពួកគេ ដែលកន្លងមកគេមើលឃើញមនុស្សជាច្រើនបានរងការវាយទាត់ធាក់ដួលទៅនឹងដី សន្តិសុខទាំងនេះអាចធ្វើឲ្យរដ្ឋាភិបាលមានលេសបដិសេធមិនទទួលខុសត្រូវយ៉ាងងាយស្រួល។
លោក ណៃ វា៉ន់ដា បានមានប្រសាសន៍ថា “សន្តិសុខខណ្ឌដូនពេញគឺជាកម្លាំងដែលមានឈ្មោះអសោចបំផុត សម្ងាត់បំផុត និងសំខាន់បំផុតសម្រាប់រដ្ឋាភិបាល។ ពួកគេពាក់មួកសុវត្ថិភាពពណ៌ខ្មៅ គ្មានស្លាកសម្គាល់ឈ្មោះ ហើយពួកគេធ្វើការវាយប្រហារជាក្រុម ដូច្នេះមិនអាចកំណត់អត្តសញ្ញាណពួកគេបានឡើយ”។
យោងតាមច្បាប់ឆ្នាំ២០០៩ស្ដីពីបាតុកម្មដោយសន្តិវិធី រាល់កងកម្លាំងដែលរដ្ឋាភិបាលបានដាក់ពង្រាយដើម្បីរក្សាសណ្ដាប់ធ្នាប់នៅកន្លែងតវ៉ា ត្រូវ “ស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ និងពាក់ស្លាកឈ្មោះ និងប័ណ្ណសម្គាល់ខ្លួន”។
ទោះជាយ៉ាងណា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ បានរៀបរាប់លម្អិតអំពីឧទាហរណ៍ជាច្រើនដែលបានកើតឡើងក្នុងរយៈពេល២ឆ្នាំកន្លងមក។
នៅខែកញ្ញា ឆ្នាំ២០១៣ អំពូលភ្លើងបំភ្លឺផ្លូវបានរលត់មុនពេលក្រុមបុរសស្លៀកពាក់ស៊ីវិលធ្វើសកម្មភាពវាយដំ និងឆក់ស្ត្រីដែលចូលរួមក្នុងកូដកម្មបង្អត់អាហារដោយសន្តិវិធីមួយនៅវត្តភ្នំ ព្រមទាំងអ្នកកាសែតដែលឃ្លាំមើលសកម្មភាពរបស់ពួកគេទៀតផង។
នៅខែមករា ឆ្នាំ២០១៤ ក្រុមបុរសដែលស្លៀកពាក់ឯកសណ្ឋានពណ៌ទឹកប៊ិចប្រដាប់ដោយពូថៅ និងបំពង់ទីប បានសម្រុកចូលទីលានប្រជាធិបតេយ្យ រុះរើកម្ទេចជំរំបណ្ដោះអាសន្នរបស់ព្រះសង្ឃ និងឧបាសក។ ប៉ុន្មានថ្ងៃក្រោយមកក្រុមបុរសពាក់មួកសុវត្ថិភាព បានចាប់អូសស្ត្រីសកម្មជនប្រាំនាក់នៅតាមផ្លូវ ហើយរុញពួកគេចូលទៅក្នុងរថយន្តគ្មានស្លាកសម្គាល់ រួចបើកឆ្ពោះទៅពន្ធនាគារព្រៃស។
ហើយនៅខែឧសភា ឆ្នាំ២០១៤ អ្នកកាសែតម្នាក់បានរងការវាយដំរហូតដេកដួលទៅនឹងដីបណ្ដាលឲ្យបាក់ឆ្អឹងថ្ពាល់ បន្ទាប់ពីព្យាយាមថតសកម្មភាពក្រុមសន្តិសុខតាមវាយប្រហារព្រះតេជគុណ លួន សុវ៉ាត ដែលជាសកម្មជនព្រះសង្ឃ។
នៅពេលសាកសួរអំពីអត្តសញ្ញាណ ភាពស្របច្បាប់ និងការគ្រប់គ្រងរបស់សន្តិសុខទាំងនេះ សូម្បីតែមន្ត្រីដែលពួកគេការពារអំណាចឲ្យ ក៏មិនអាចការពារពួកគេបានដែរ។
លោក ម៉ក់ ជីតូ បានមានប្រសាសន៍អំឡុងពេលលោកកាន់មុខតំណែងជាស្នងការរាជធានីភ្នំពេញស្ដីទីកាលពីដើមឆ្នាំ២០១៤ថា “ពួកគេមិនត្រឹមត្រូវទេ នៅពេលពួកគេវ៉ៃមនុស្ស។ ប៉ុន្តែវាជាករណីតូចតាច ដូច្នេះហើយយើងក៏បិទភ្នែកខ្លះទៅ”។
ចំណែកឯលោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍អំពីសន្ដិសុខទាំងនេះថា ”យើងមិនច្បាស់ថាតើវាត្រឹមត្រូវតាមច្បាប់ ឬក៏ខុសច្បាប់នោះទេ”។
យោងតាមអត្ថបទមួយដែលចុះផ្សាយក្នុងកាសែតភ្នំពេញបុ៉ស្តិ៍បានឲ្យដឹងថា កាលពីខែមករា ឆ្នាំ២០១៤ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានមានប្រសាសន៍ថា ក្រុមសន្តិសុខដែលគួរឲ្យខ្លាចទាំងនេះគឺជា “ភ្នាក់ងារនគរបាល” របស់សាលារាជធានីភ្នំពេញ ពោលគឺតែ២សប្ដាហ៍ប៉ុណ្ណោះក្រោយពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានបដិសេធថា សាលារាជធានីគ្មានការគ្រប់គ្រងណាមួយលើសន្តិសុខទាំងនេះ។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា តាមដែលលោកដឹង សន្តិសុខខណ្ឌមិនដែលបង្កបញ្ហាអ្វីឡើយ។ នៅពេលសួរថាតើពួកគេទទួលបានការបណ្ដុះបណ្ដាលពីនគរបាល ឬកងរាជអាវុធហត្ថដែរឬយ៉ាងណានោះ លោកឆ្លើយថាគ្មានទេ។ នៅពេលសួរទៀតថាតើពួកគេធ្លាប់ទទួលបានការបណ្ដុះបណ្ដាលផ្នែកគ្រប់គ្រងហ្វូងមនុស្ស ឬចាប់ខ្លួនឧក្រិដ្ឋជនដែរឬយ៉ាងណានោះ លោកគ្រាន់តែមានប្រសាសន៍ថា ពួកគេទទួលបានការបណ្ដុះបណ្ដាលផ្នែកសង្គ្រោះបន្ទាន់ និងគ្រប់គ្រងចរាចរណ៍។
លោកបានមានប្រសាសន៍ទៀតថា “វាជាការត្រឹមត្រូវសម្រាប់ពួកគេទៅរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងឃ្លាំមើល។ ពួកគេរួមចំណែកដល់ការងារគ្រប់ប្រភេទ រួមមានអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងការកកស្ទះចរាចរណ៍”។
នៅពេលទាក់ទងសុំការបញ្ជាក់អំពីតួនាទី និងការទទួលខុសត្រូវរបស់សន្តិសុខទាំងនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី បាននិយាយការពារសកម្មភាពរបស់ពួកគេដែលលោកបានលើកឡើងថា ជាការធ្វើតាមបទបញ្ជាពីអភិបាលខណ្ឌ។
លោកបានលើកឡើងដោយច្រានចោលរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិយ៉ាងដូច្នេះថា “ពួកគេមិនមែនធ្វើការងារជានគរបាល នគរបាលយុត្តិធម៌ ឬកងរាជអាវុធហត្ថឡើយ។ ពួកគេរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមផ្លូវ និងចិញ្ចើមផ្លូវ។ ខ្ញុំចង់បញ្ជាក់ថា ពាក់ព័ន្ធនឹងសន្តិសុខខណ្ឌទាំងអស់ សាលារាជធានីភ្នំពេញមានគោលនយោបាយពីក្រសួងមហាផ្ទៃដើម្បីបង្កើតក្រុមសណ្ដាប់ធ្នាប់សាធារណៈនេះ”។
ប៉ុន្តែអង្គការលើកលែងទោសអន្តរជាតិបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួននៅថ្ងៃនេះថា ការប្រើអំពើហិង្សាពីសំណាក់ក្រុមសន្តិសុខទាំងនេះគ្មានការបញ្ជាក់ថាស្របច្បាប់ឡើយ។ របាយការណ៍នេះបានលើកឡើងថា “អង្គការលើកលែងទោសអន្តរជាតិដឹងថា គ្មានច្បាប់ឬបទប្បញ្ញត្តិណាផ្ដល់សិទ្ធិអំណាចតាមផ្លូវច្បាប់ដល់សន្តិសុខខណ្ឌឲ្យប្រើអំពើហិង្សាលើពលរដ្ឋផ្សេងឡើយ”៕ សុខុម