40.9 C
Phnom Penh

ជ​​​នភៀស​​​ខ្លួន​​​មក​​​ពី​​​កោះ​​​ណូរូ​​​នឹង​​​មក​​​ដល់នៅ​​​ថ្ងៃ​​​នេះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ជន​​​ភៀស​​​ខ្លួន​​​ចំនួន​​​បួន​​​នាក់​​​ដំបូង​​​ដែល​​​ស្ម័គ្រ​​​ចិត្ត​​​​​សម្រាប់​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​​​​រវាង​​​ប្រទេស​​​កម្ពុជា​​​ និង​​​អូស្ត្រាលី​​​នឹង​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ថ្ងៃ​​​នេះ​​​ ពោល​​​គឺ​​​ជាង​​​​​​មួយ​​​ឆ្នាំ​​​ បន្ទាប់​​​ពី​​​រដ្ឋាភិបាល​​​ក្រុង​​​កង់​​​បេរ៉ា​​​​​ដំបូង​​​ឡើយ​​​​បានស្នើ​​​​​​​ឲ្យ​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដ៏​​​ចម្រូង​​​ចម្រាស​​​នេះ​​​។

ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​បួន​​​នាក់​​​នេះ​​​ដែល​​​​​​ក្នុង​​​នោះ​​​មា​​​ន​​​បី​​​នាក់​​​ជា​​​ជន​​​ជាតិ​​​អីុ​​​រ៉ង់​​​ និង​​​ម្នាក់​​​ជា​​​បុរស​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​រ៉ូហីង​​​​យ៉ា​​​​​​មក​​​​​​ពី​​​​​​ប្រទេ​​​សភូមា​​​ នឹង​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​”នៅ​​​ព្រឹក​​​ស្អែក​​​​​​” តាម​​​រយៈ​​​ជើង​​​ហោះ​​​ហើរ​​​របស់​​​ក្រុមហ៊ុន​​​អាកាស​​​ចរណ៍​​​Malaysia Airline ។

កាល​​​ពី​​​រសៀល​​​ម្សិលមិញ​​​​​​អ្នក​​​កាសែត​​​រាប់​​​សិប​​​នាក់​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​អាកាស​​​យានដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​​​​ដោយ​​​សង្ស័យ​​​ខ្លាច​​​ក្រែង​​​រដ្ឋាភិបាល​​​​​​ប្រហែល​​​ជា​​​ព្យាយាម​​​លួចនាំ​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​​ចូល​​​មក​​​ក្នុង​​​ប្រទេស​​​មុន​​​ពេល​​​កំណត់​​​ ដើម្បី​​​​​​គេច​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ ប៉ុន្តែ ក្រុម​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះមិន​​​​​​បាន​​​មក​​​ដល់​​​ដូច​​​អ្វី​​​ដែល​​​ក្រុម​​​អ្នក​​​កាសែត​​​បាន​​​គិត​​​នោះ​​​ឡើយ។

រដ្ឋាភិបាល​​​ក្រុង​​​កង់​​​បេរ៉ា​​​ស្ទើរ​​​តែ​​​​​​​​អាច​​​លាក់​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ចាប់​​​តាំង​​​ពី​​​លោក​​​ស្រី ជូលី ប៊ីសប់​​​ (Julie Bishop) រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​អូស្ត្រាលី​​​​​​ ​​បាន​​​​​​ស្នើ​​​ឲ្យ​​​កម្ពុជា​​​ពិចារណា​​​ផ្តល់​​​លំនៅ​​​ថ្មី​​​ដល់​​​ជន​​​ភៀស​​​​​​ខ្លួន​​​រាប់​​​ពាន់​​​នាក់​​​ដែល​​​ប្រទេស​​​លោកស្រី​​​បាន​​​យក​​​ទៅ​​​ឃុំ​​​​​​ខ្លួន​​​​​​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​​​​ អំឡុង​​​ការ​​​មក​​​បំពេញ​​​ទស្សនកិច្ច​​​របស់​​​លោកស្រី​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ឆ្នាំ​​​២០១៤។

បន្ទាប់​​​ពី​​​កិច្ច​​​ចរចា​​​សម្ងាត់​​​អស់​​​រយៈ​​​ពេល​​​រាប់​​​ខែ​​​ ទី​​​បំផុត​​​ប្រទេស​​​កម្ពុជា​​​បាន​​​យល់​​​ព្រម​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ក្នុង​​​ចំនួន​​​មួយ​​​ដែល​​​គេ​​​មិន​​​បង្ហាញ​​​កាល​​​ពី​​​ខែ​​​​​​កញ្ញា ជា​​​ថ្នូរ​​​នឹង​​​ជំនួយ​​​បន្ថែម​​​ក្នុង​​​​​​ទឹក​​​ប្រាក់​​​ចំនួន​​​​​​៣១​​​លាន​​​ដុល្លារ​​​ពី​​​ប្រទេស​​​អូស្ត្រាលី។

ប្រទេស​​​អូស្ត្រាលី​​​ ក៏​​​បាន​​​យល់​​​ព្រម​​​ធានា​​​រ៉ាប់​​​រង​​​លើ​​​ការ​​​ចំណាយ​​​​​​ក្នុង​​​ការ​​​​​​ផ្តល់​​​លំនៅ​​​ដល់​​​​​ជន​​​ភៀស​​​ខ្លួន​​​ណា​​​ម្នាក់​​​ដែល​​​យល់​​​ព្រម​​​តាំង​​​ទី​​​លំនៅថ្មី​​​នៅ​​​កម្ពុជា​​​ក្នុង​​​រយៈ​​​ពេល​​​យ៉ាង​​​តិច​​​មួយ​​​ឆ្នាំ​​​​​​ផងដែរ​​​។

កិច្ច​​​ព្រម​​​ព្រៀង​​​េនះ​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់​​​ភ្លាម​​​ៗ និង​​​ឥត​​​ឈប់​​​ឈរ​​​ពី​​​សំណាក់​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ និង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពីរ​​​។ ពួក​​​គេ​​​បាន​​​ចោទ​​​ប្រកាន់​​​ប្រទេស​​​អូស្ត្រាលី ដែល​​​បដិសេធ​​​មិន​​​ព្រម​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ចូល​​​​​​ក្នុង​​​ប្រទេស​​​របស់​​​ខ្លួន​​​​​​​​​ក្រោម​​​គោល​​​នយោបាយ​​​​​អន្តោប្រវេសន៍​​​ដ៏​​​តឹង​​​រឹុង​​​នោះ​​​ថា ​​​កំពុង​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​​ទៅ​​​ទម្លាក់​​​ចោល​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​មួយ​​​ក្នុង​​​ចំណោម​​​ប្រទេស​​​​​​ក្រីក្រ និង​​​ពុក​​​រលួយ​​​បំផុត​​​លើ​​​​​​ពិភព​​​លោក​​​។

ទោះ​​​បី​​​ជា​​​មាន​​​ការ​​​រិះ​​​គន់​​​​​​យ៉ាង​​​ដូច្នេះ​​​ក្តី តែ​​​ទីបំផុត​​​អង្គការ​​​​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍ (IOM)​​​នៅ​​​តែ​​​យល់​​​ព្រម​​​​​​ជួយ​​​ក្នុង​​​ការ​​​តាំង​​​ទីលំនៅ​​​ថ្មី​​​នេះ​​​។

កាល​​​ពី​​​រសៀល​​​ម្សិលមិញ ​​​លោក​​​ ចូ ឡូរី (Joe Lowry) អ្នក​​​នាំពាក្យ​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេស​ន៍​​​បាន​​​​​​លើក​​​ឡើង​​​ថា អង្គការ​​​របស់​​​លោក​​​​​​នៅ​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​គេ​​​ប្រាប់​​​ជា​​​ផ្លូវ​​​ការ​​​នៅឡើយ​​​​​​ទេ អំពី​​​ពេល​​​វេលា​​​ដែល​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​បួន​​​នាក់​​​នេះ​​​នឹង​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ថា អង្គការ​​​របស់​​​លោក​​​ត្រៀម​​​ខ្លួន​​​​​​ទទួល​​​ស្វាគមន៍​​​​​​​​​ពួក​​​គេ​​​គ្រប់ពេល​​​វេលា​​​។

អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​បាន​​​​​​រៀប​​​ចំ​​​កន្លែង​​​ស្នាក់​​​នៅ​​​បណ្តោះ​​​អាសន្ន​​​រួច​​​ហើយ សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​ ហើយ​​​នឹង​​​ផ្តល់​​​ឲ្យ​​​ពួក​​​គេ​​​នូវ​​​អាហារ​​​ និង​​​សេវាកម្ម​​​ដំបូង​​​នៅ​​​ពេល​​​ពួកគេ​​​មក​​​ដល់​​​ក្នុង​​​នោះ​​​មាន​​​រួម​​​ទាំង​​​ការ​​​​​​បង្រៀន​​​ពួក​​​គេ​​​ឲ្យយល់​​​ដឹង​​​ពី​​​វប្បធម៌​​​ និង​​​ភាសា​​​ផង​​​ដែរ​​​។

លោក​​​ ឡូរី បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​​​​មិន​​​ចង់​​​ឲ្យ​​​គេ​​​ដឹង​​​ ឬស្គាល់​​​ទីលំនៅ​​​របស់​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​​ឡើយ​​​ ដើម្បី​​​សន្តិសុខ​​​របស់​​​ពួក​​​គេ​​​ ហើយ​​​ថា ពួក​​​គេ​​​បាន​​​បញ្ជាក់​​​យ៉ាង​​​ច្បាស់​​​ថា ពួក​​​គេ​​​មិន​​​ចង់​​​​​និយាយ​​​ជាមួយ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​ភៀស​​​ខ្លួន​​​កំពុង​​​​​​គេ​​​ច​​​ចេញ​​​ពី​​​ការ​​​ផ្តន្ទាទោស​​​នៅ​​​ក្នុង​​​ប្រទេស​​​កំណើត​​​របស់​​​ខ្លួន ហើយ​​​វា​​​គឺជា​​​រឿង​​​សំខាន់ ដែល​​​ព័ត៌​​​មាន​​​លម្អិត​​​ផ្ទាល់​​​ខ្លួនរបស់​​​ពួក​​​គេ​​​មិន​​​ត្រូវ​​​បាន​​​ចែក​​​រំលែក​​​ជា​​​សាធារណៈ​​​ ព្រោះ​​​វា​​​អា​​​ច​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សុខមាល​​​ភាព​​​របស់​​​ពួក​​​គេ​​​ ក៏​​​ដូច​​​ជា​​​របស់​​​គ្រួសារ​​​ពួក​​​គេ​​​នៅ​​​ឯ​​​ប្រទេស​​​កំណើត​​​ផង​​​ដែរ​​​​​​”៕ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស