
ប្រធាន គណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាលបានមានប្រសាសន៍កាលពីថ្ងៃអង្គារ ថា អ្នកភូមិក្នុងខេត្តត្បូងឃ្មុំដែលមានកំហឹងអំពីការដែលវៀតណាម អះអាងសិទ្ធិកាន់កាប់ដីទំហំ១៦,៦ហិកតា ដែលពួកគាត់បានធ្វើស្រែចម្ការនោះ មិនបានជូនដំណឹងអាជ្ញាធរថាពួកគាត់បានប្រើប្រាស់ដីនេះមុនពេល ប្រទេសទាំងពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែនឆ្នាំ ២០១១ឡើយ។
ដី ស្ថិតនៅតាមបណ្ដោយព្រំដែនស្រុកមេមត់បានក្លាយជាចំណុចដ៏ក្ដៅគគុក ចំពោះភាពតានតឹងនយោបាយកាលពីខែមេសា បន្ទាប់ពីជនជាតិវៀតណាមមួយក្រុមរួមមានទាហានបីនាក់ផងបានបាញ់ ថ្នាំគីមីលើដំណាំដែលកសិករខ្មែរបានដាំ។
ឆ្លើយតប ទៅនឹងលិខិតរបស់ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិតាងនាម កសិករ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានមានប្រសាសន៍ថា ដីនេះជារបស់វៀតណាម។
លោក ម៉ៅ មុនីវណ្ណ សមាជិកសភាគណបក្សសង្គ្រោះជាតិមណ្ឌលត្បូងឃ្មុំំ ចាប់តាំងពីពេលនោះមកបានអំពាវនាវឲ្យសកម្មជនជាតិនិយមទាមទារឲ្យ លោក ហោ ណាំហុង ចុះចេញពីតំណែងជុំវិញវិវាទនេះ។
នៅ ក្នុងការពិភាក្សាតុមូលដែលរៀបចំឡើងដោយទីស្ដីការគណៈរដ្ឋមន្ត្រី និងបានដាក់ចូលគេហទំព័រយូធូបកាលពីថ្ងៃអង្គារ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាលបានព្យាយាមរក្សាការពារដីនេះប្រសិនបើអ្នកភូមិបាន ជូនដំណឹងដល់ពួកគេថា ពួកគាត់បានធ្វើស្រែចម្ការនៅទីនោះ។
លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា កម្ពុជាបានដោះដូរដីទំហំ១០០ហិកតាផ្សេងទៀតដោយជោគជ័យនៅក្នុងតំបន់ ដូចគ្នានេះ ដើម្បីអនុញ្ញាតឲ្យប្រជាជនកម្ពុជាបន្តធ្វើស្រែចម្ការនៅទីនោះ អំឡុងការចរចាដែលបានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នាឆ្នាំ២០១១ជាមួយវៀតណាម។
លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា “នៅ ពេលនោះ បងប្អូនរបស់យើងគ្រាន់តែអះអាងកាន់កាប់ដីទំហំ១០០ហិកតាតែ ប៉ុណ្ណោះ នោះជាមូលហេតុដែលយើងបានតស៊ូមតិជាមួយភាគីផ្សេងដើម្បីរក្សាទុក ដីស្រែចម្ការរបស់យើងទំហំ១០០ហិកតាសម្រាប់ប្រជាជនរបស់យើង”។
លោកបានបន្ថែមថា “ប្រសិនបើពួកគាត់ជូនដំណឹងពួកយើងអំពីដីទំហំ១៦,៦ហិកតាទៀត យើងនឹងជួយពួកគាត់តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០១១ ដោយការដោះដូរដីនៅក្នុងទំហំដូចគ្នា”។
លោក វ៉ា គឹមហុង បានកត់សម្គាល់ថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ ការចរចាព្រំដែនរវាងកម្ពុជា និងវៀតណាមបានផ្អែកលើផែនទីដែលគូរអំឡុងអាណានិគមបារាំង ហើយថារដ្ឋាភិបាលបច្ចុប្បន្នបានបន្តប្រើផែនទីនោះនៅក្នុងការចរចា របស់ខ្លួន។
លោក ម៉ៅ មុនីវណ្ណ បានមានប្រសាសន៍ថា ការពន្យល់របស់លោក វ៉ា គឹមហុង មិនជាទីពេញចិត្តឡើយ។ លោកបានមានប្រសាសន៍ថា សមាជិកសភា១៤រូបបានដាក់សំណើទៅលោក វ៉ា គឹមហុង កាលពីម្សិលមិញស្នើឲ្យផ្ដល់ផែនទីដែលមានបញ្ហានោះ ដើម្បីយកមកប្រៀបធៀបជាមួយព្រំដែនជាក់ស្ដែងក្នុងខេត្តត្បូងឃ្មុំ។
លោកបានមានប្រសាសន៍ថា “លិខិត របស់យើងស្នើឲ្យគណៈកម្មាធិការកិច្ចការព្រំដែនផ្ដល់ផែនទីនេះដល់ ពួកយើង ដែលរដ្ឋាភិបាលអះអាងប្រើម្ដងហើយម្ដងទៀតសម្រាប់កិច្ចការព្រំដែន ហើយយើងទាមទារឲ្យធ្វើការពន្យល់ជុំវិញនីតិវិធីនៃការបោះបង្គោល ព្រំដែន”៕សារុន