
នៅក្នុងសវនាការលើកទី៤លើសកម្មជនគណបក្សសង្គ្រោះជាតិ១១នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ “ចូលរួមកុបកម្ម” នៅក្នុងការតវ៉ាកាលពីខែកក្កដា ដែលបានប្រែក្លាយជាហិង្សានោះ ចុងចោទបីនាក់ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញធ្វើការសាកសួរកាលពីម្សិលមិញ ដោយនិយាយថា ពួកគេមានវត្តមាននៅការតវ៉ានោះមែន ប៉ុន្តែគ្រាន់តែជាអ្នកឈរមើលតែប៉ុណ្ណោះ។
កាលពីថ្ងៃទី១៥ ខែកក្កដា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ដែលត្រូវបានហ៊ុមព័ទ្ធកាលពីលើកមុនៗ ដើម្បីទាមទារឲ្យបើកឡើងវិញ។
ការប៉ះទង្គិចគ្នាបានកើតឡើងរវាងក្រុមអ្នកតវ៉ា និងសន្តិសុខខណ្ឌដូនពេញដ៏ហិង្សា។
សកម្មជនទាំង១១នាក់ ត្រូវបានចាប់ខ្លួនបន្តិចក្រោយមក។ នៅក្នុងតុលាការកាលពីម្សិលមិញ លោក ស៊ុំ ពុទ្ធី សមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា លោកស្ថិតនៅកន្លែងតវ៉ានោះទាមទារ “ឲ្យដោះលែងទីលានប្រជាធិបតេយ្យ” មែន ប៉ុន្តែបានឈរនៅចម្ងាយ១៥០ម៉ែត្រពីស្ពាននាគនៅប៉ែកខាងកើតទីលាននេះតែប៉ុណ្ណោះ។
ដោយសារនៅឆ្ងាយ លោកមិនអាចមើលឃើញហេតុការណ៍នោះច្បាស់ឡើយ។ លោកបានមានប្រសាសន៍ថា “ខ្ញុំគ្រាន់តែបានឃើញសន្តិសុខវាយអ្នកចូលរួមដោយប្រើដំបងប៉ុណ្ណោះ ហើយបន្ទាប់មកអ្នកចូលរួមបានតបតវិញ។ បន្ទាប់មកខ្ញុំបានឃើញទាំងសន្តិសុខ និងអ្នកចូលរួមរងរបួស”។
រដ្ឋាភិបាលលើកឡើងថា សន្តិសុខប្រហែល៣៩នាក់បានរងរបួសនៅក្នុងការតវ៉ានោះ។
លោក នាង សុគន្ធ មេដឹកនាំយុវជនគណបក្សសង្គ្រោះជាតិខណ្ឌទួលគោកបានប្រាប់តុលាការថា លោកក៏បានទៅចូលរួមការតវ៉ាដែរ ប៉ុន្តែទៅថតរូបតែប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំគ្រាន់តែទៅថតរូបនៅទីនោះដើម្បីបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្ញុំតែប៉ុណ្ណោះ”។ លោកបានបន្ថែមថា លោកមិនបានឃើញការប៉ះទង្គិចគ្នាច្បាស់ទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនបានឃើញអំពើហិង្សាកើតឡើងច្បាស់ទេ ពីព្រោះនៅពេលនោះខ្ញុំបានទៅលាក់ខ្លួននៅស្ពាននាគ”។
សកម្មជនទី៣ដែលត្រូវបានសាកសួរកាលពីម្សិលមិញ ឈ្មោះ អាន បឋម សមាជិកយុវជនគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា លោកក៏បានទៅចូលរួមការតវ៉ាដែរ ដើម្បីថតរូបដាក់ហ្វេសប៊ុក។
ទោះជាយ៉ាងណា មិនដូចសហចុងចោទរបស់ខ្លួនឡើយ អាន បឋម បាននិយាយថា លោកបានឃើញការប៉ះទង្គិចគ្នារវាងអ្នកតវ៉ា និងសន្តិសុខ បើទោះជឫលោកអះអាងថា លោកបានរងឧស្ម័នបង្ហូរទឹកភ្នែកក៏ដោយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានឃើញសន្តិសុខនិងអ្នកចូលរួមប៉ះទង្គិចគ្នាទៅវិញទោមក ប៉ុន្តែខ្ញុំមិនដឹងថា នរណាវាយមុនឡើយ”។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានឃើញដំបងឈើ និងដងទង់ជាតិជ្រុះនៅលើដី។ ខ្ញុំបានឃើញបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលសម្អាតឈាមឲ្យអ្នករងរបួស។ ខ្ញុំបានឃើញទាំងសន្តិសុខ និងមនុស្សផ្សេងទៀតរងរបួស”។
និយាយទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីសវនាការលោក សំ សុគង់ មេធាវីការពារសកម្មជន៦នាក់ក្នុងចំណោមសកម្មជនទាំង១១នាក់បានមានប្រសាសន៍ថា លោកបានសួរអំពីភាពមិនលម្អៀងរបស់ចៅក្រម។
លោកបានមានប្រសាសន៍ថា “ការសាកសួររបស់ចៅក្រមមានភាពលម្អៀង។ ពួកគេសួរតែសំណួរបែបចោទប្រកាន់តែប៉ុណ្ណោះ។ ខ្ញុំគិតថា សេចក្ដីសម្រេចរបស់ពួកគេមិនផ្ដល់
យុត្តិធម៌សម្រាប់ចុងចោទទាំងអស់ ឬកូនក្ដីរបស់ខ្ញុំឡើយ”។
លោក លឹម មរកន្ទ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា សវនាការនឹងបន្តនៅថ្ងៃទី១០ ខែមិថុនា៕ សារុន