29 C
Phnom Penh

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រឹបអូស​សត្វព្រៃ និង​ស្នែង​សត្វ​ពី​អ្នក​ជួញដូរ​សត្វព្រៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​រើកកាយ​រក​ស្នែង​សត្វ​ ដែល​ត្រូវ​បាន​រឹបអូស​ពីឈ្មួញ​សត្វ​ព្រៃ​នៅ​ក្នុង​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​អង្គារ​។ រូបថតៈ​ Sar Rao

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹង​ត្រែង​រឹប​អូសបាន​​ស្នែង​ និង​ឆ្អឹង​ជាង​៤០​​និង​​សត្វ​រស់​ជាង​៤០​ក្បាល​ទៀត​នៅ​ក្នុង​កា​រឆ្មក់​ចាប់​អ្នក​ជួញដូរ​សត្វព្រៃ​កាលពី​ថ្ងៃ​អង្គារ ដោយ​មាន​ជំនួយ​​ពី​អង្គការ​សម្ព័ន្ធ​សត្វព្រៃ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល។

លោក ស រ៉ៅ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៅ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​បានមាន​​ប្រសាសន៍​ថា នៅ​ក្នុង​ស្រុក​សម្បូរ ខេត្តក្រចេះ ស្នែង​ និង​ឆ្អឹងសត្វ​​ជាង​៤០​ត្រូវ​បាន​រឹបអូស​ និង​​​សត្វ​រស់​ប្រាំមួយ​ក្បាល​ទៀត​ ពី​អ្នក​ជួញដូរ​សត្វព្រៃ​។

លោក​បានមាន​ប្រសាសន៍​ថា “​យើង​រឹបអូស​បាន​ស្នែង និង​ឆ្អឹង​សត្វព្រៃ​ប្រាំមួយ​ប្រភេទ ​​ប្រហែល​៤០ ហើយ​សត្វ​ប្រាំមួយ​ក្បាល​នៅ​រស់​នៅ​ឡើយ​។ យើង​បាន​ចាប់​ខ្លួន​លោក សៀង ហេង អាយុ​៣៤​ឆ្នាំ ជា​អ្នក​ជួញដូរ​សត្វព្រៃ​ ហើយ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន​៩លាន​រៀល”។

លោក រ៉ៅ ដែល​មិន​​អាច​​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​​ប្រភេទ​សត្វ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​នោះ​បាន​មាន​ប្រសាសន៍​ថា លោក ហេង ត្រូវ​បាន​ដោះលែង​បន្ទាប់ពី​បង់​ប្រាក់​ពិន័យ។

លោ ស វុទ្ធី នាយខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​បាន​មាន​ប្រសាសន៍​ថា ពស់វែក​បួន​ក្បាល ពស់​ថ្លាន់​មួយ​ក្បាល ត្រកួត​បួន​ក្បាល កន្ធាយ​មួយ​ក្បាល សំពោច​បី​ក្បាល ពស់​គ្មាន​ពិស​មួយ​ក្បាល និង​អណ្ដើក​២៣​ក្បាល ត្រូវ​បាន​​ជួយ​សង្គ្រោះ​ពី​អ្នក​ជួញដូរ​​​​សត្វព្រៃ​ម្នាក់​នៅ​ក្នុង​ការ​ឆ្មក់​ចាប់​ដាច់​ដោយ​ឡែកពី​គ្នា​ក្នុង​ក្រុង​ស្ទឹង​ត្រែង​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ចាប់​ខ្លួន​អ្នក​ជួញដូរ​ម្នាក់​នៅ​ផ្ទះ​ជួល​របស់​គាត់តែម្តង​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​ត្រែង។ ជន​សង្ស័យ​ឈ្មោះ ចាន់ ដារ៉ា អាយុ​៣២​ឆ្នាំ​ សារភាព​ថា​បាន​បង់​ប្រាក់​ពិន័យ​ចំនួន​១១​លាន​រៀល​”។

លោក រ៉ៅ បាន​មាន​ប្រសាសន៍ថា​ សត្វ​ទាំង​អស់​ត្រូវ​បាន​លែង​ចូល​ទៅ​ក្នុង​ព្រៃវិញ​នៅ​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ក្នុង​ខេត្ត​មណ្ឌលគិរី​។

កាលពី​ដើម​ខែ​ឧសភា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រឹបអូស​បាន​សាច់​សត្វព្រៃ​ខុស​ច្បាប់​ទម្ងន់​ប្រហែល​១០០គីឡូក្រាម​ សត្វសេក​នៅ​រស់​​៤៩​ក្បាល​ និង​ត្រកួត​មួយ​ក្បាល​ពី​អ្នក​ប្រមាញ់​ម្នាក់​ដែល​ធ្វើ​ដំណើរ​ទៅ​លក់​​សត្វនោះ​​ទៅ​ឲ្យ​ភោជនីយដ្ឋាន​មួយ​ក្នុង​ខេត្ត​ស្ទឹងត្រែង​៕ សារុន​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស