38 C
Phnom Penh

នាយករដ្ឋមន្ត្រី​ច្រានចោល​ការអំពាវនាវរបស់​គណបក្ស​សង្គ្រោះ​ជាតិ​​ឲ្យ​អភិវឌ្ឍតំបន់​អារ៉ែង​ទៅ​ជា​​តំបន់​អេកូ​ទេសចរណ៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​ច្រានចោល​ការ​អំពាវ​នាវ​របស់​សមាជិក​សភា​គណ​បក្ស​ប្រឆាំងក្នុងការ​ធានាថា តំបន់ជ្រលង​អារ៉ែង​​នៅ​ខេត្ត​កោះកុង​​ត្រូវ​បាន​ប្រែក្លាយ​ទៅ​ជា​​ទិសដៅ​អេកូទេសចរណ៍ ដោយ​លើក​ឡើង​នៅក្នុង​លិខិត​មួយ​ច្បាប់​ថា លោក​បាន​ដោះ​ស្រាយ​ពីរលើក​រួច​មក​ហើយ​អំពី​អនាគត​តំបន់ជ្រលង​នេះ។

សមាជិក​សភាគណបក្ស​សង្គ្រោះជាតិ​៦រូប​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ​ច្បាប់​ផ្ញើជូន​លោក​ ហ៊ុន សែន កាលពី​​ថ្ងៃទី​១៩ ខែ​ឧសភា សុំឲ្យ​លោក​បញ្ឈប់គម្រោង​សាងសង់​ទំបន់​វារី​អគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង​នេះ​ ដែល​នឹង​បង្ខំ​ឲ្យ​ជន​ជាតិ​ដើម​ភាគតិ​ចជង​ជាង​​១.៣០០នាក់​​​ចាក​ចេញ​ពី​ផ្ទះ​សំបែង​​របស់​ខ្លួន​​ និង​ធ្វើ​ឲ្យ​ជន់លិច​​ផ្ទៃដី​ទំហំ​៩.៥០០ហិកតា​ដែល​ជា​ជម្រក​ប្រភេទ​សត្វ​រង​ការ​គំរាម​កំហែងនោះ​ កុំ​ឲ្យ​ដំណើរការទៅមុខ​។

នៅក្នុង​លិខិត​ចុះកាលបរិច្ឆេទ​ថ្ងៃទី​១៥ ខែមករា​ដែល​ត្រូវ​បាន​ផ្ញើជូន​ឆ្លើយ​តប​ទៅនឹង​សំណើ​របស់​លោកស្រី​ តែ​ ចាន់មុនី សមាជិក​សភា គណបក្ស​ប្រឆាំង ឲ្យ​ពិចារណាលុប​ចោល​គម្រោង​នេះ លោក ហុ៊ន សែន បានមាន​ប្រសាសន៍ថា រដ្ឋាភិបាល​ “​ចាត់ទុក​តំបន់​​អារ៉ែង​ថា ជា​រតន​សម្បត្តិ​ដ៏មាន​តម្លៃ”។

លោកនាយក​រដ្ឋមន្ត្រី​​បានមាន​ប្រសាសន៍ថា “​មិនថា​ យើង​មាន​សំណើឬ​អត់សម្រាប់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់អារ៉ែង​ទេ​ ការ​ប្រែក្លាយ​តំបន់​អារ៉ែង​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​គឺ​ជា​របៀប​វារៈមុន​ដែល​រដ្ឋាភិបាល​កំពុង​ពិចារណា”។

ប៉ុន្តែកាលពី​ម្សិលមិញ លោក អុ៊ុំ សំអាន​ សមាជិក​សភាគណបក្ស​ប្រឆាំង​មួយ​រូប​​ដែល​បាន​ចុះ​ហត្ថលេខា​លើ​សំណើ​ថ្មី​បំផុត​​នោះ បានមាន​ប្រសាសន៍ថា លោក​ចង់​បាន​ការ​ប្តេជ្ញាចិត្ត​រឹងមាំ​ពី​លោក​នាយក​រដ្ឋមន្ត្រី។

លោក​បានមាន​ប្រសាសន៍ថា “​ការ​ឆ្លើយ​តប​នេះ​គឺមិន​គ្រប់គ្រាន់ទេ ពីព្រោះ​​យើង​មិន​ទាន់​បាន​ឃើញ​​អនុក្រឹត្យ​ជាលាយ​លក្ខណ៍​អក្សរ​ទាក់ទង​ថា​ តើ​រដ្ឋាភិបាលនឹង​​​អភិវឌ្ឍ ឬ​មិន​អភិវឌ្ឍ​តំបន់​អេកូទេសចរណ៍នេះឡើយ​”។

លោក​បាន​បន្ថែមថា “​រដ្ឋាភិបាល​បាន​លើកឡើង​ថា ពួកគេ​កំពុង​សិក្សា​​អំពី​បញ្ហានេះ ប៉ុន្តែ​​រហូត​មក​ទល់​ពេល​នេះ យើ​ងមិន​ទាន់​ឃើញ​​សកម្មភាព​ណាមួយ​នៅក្នុង​តំបន់​អារ៉ែង​នៅ​ឡើយ​ទេ”។

ការ​ឆ្លើយ​តប​​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២ ខែ ធ្នូ ហើយ​ទទួលបាន​កាលពី​ម្សិលមិញបង្ហាញ​ថា លោក​ ហ៊ុន សែន ធុញទ្រាន់​នឹង​ការ​ទាមទារ​របស់​គណ​បក្ស​ប្រឆាំង​។

ដោយ​សំដៅដល់​​លិខិត​ដែល​ផ្ញើជូនលោកស្រី ចាន់មុនី និង​មួយ​ច្បាប់ទៀត​​ផ្ញើជូន​​លោក សុន ឆ័យ​ សមាជិក​សភាគណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​មិថុនា ឆ្នាំ​២០១២នោះ លិខិត​របស់លោក​មាន​ខ្លឹមសារ​ថា “​សំណើ​របស់​សមាជិក​សភា​៦រូប​គឺ​ដូច​គ្នា វា​ជា​ករណី​ដូច​គ្នាដែល​រាជ​រដ្ឋាភិបាលបាន​ឆ្លើយ​តប​ពីរលើកហើយ​​​នៅ​រដ្ឋសភា។

លិខិត​ដដែលនេះ​បន្ថែម​ថា “ការ​បញ្ជាក់​​របស់​រាជ​រដ្ឋាភិបាល​ពីរលើក​ក្នុង​ពេល​កន្លង​មក​គឺ​មាន​ខ្លឹមសារ​គ្រប់គ្រាន់​ហើយ​ និង​ក្នុង​ន័យ​ឆ្លើយ​តប​ទៅនឹង​សំណើ​ថ្មីបំផុត​នេះឯង”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស