មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធបានបដិសេធមិនទទួលញត្តិពីក្រុមសកម្មជនខ្មែរក្រោម ពីព្រោះ លោកបាននិយាយថា វា “មិនមែនជាការងាររបស់ខ្ញុំទេ”។
លោក គង់ ចំរើន ដែលជាញឹកញាប់លេចមុខពីក្រោយទ្វារបិទដើម្បីទទួលញត្តិនៅសួនវត្តបទុម នៅជិតគេហដ្ឋានរបស់លោក ហ៊ុន សែន កាលពីថ្ងៃពុធបានបដិសេធឯកសារមួយដែលសុំឲ្យរដ្ឋាភិបាលគាំទ្រពលរដ្ឋខ្មែរក្រោម ជាពលរដ្ឋចំនួនភាគតិចគេមិនសូវយកចិត្តទុកដាក់ទាំងនៅប្រទេសកម្ពុជា ទាំងនៅប្រទេសវៀតណាម។
លោក ចំរើន បានប្រាប់លោក សឺន ជុំជួន នាយកគម្រោងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ថា “ខ្ញុំមិនអាចទទួលញត្តិរបស់លោកបានទេ ពីព្រោះខុទ្ទកាល័យមិនធ្វើការដោះស្រាយបញ្ហានយោបាយទេ។ មិនមែនជាកិច្ចការរបស់ខ្ញុំទេ”។
ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមតស៊ូមតិខ្មែរក្រោមដែលមានយោបល់ឥតសំចៃបំផុតបានទាមទារឲ្យប្រទេសវៀតណាមប្រគល់មកប្រទេសកម្ពុជាវិញនូវទឹកដីដែលគេស្គាល់ថា កម្ពុជាក្រោម ដែលត្រូវបានអាណានិគមបារាំងប្រគល់ឲ្យជាផ្លូវការ។
ថ្ងៃខួបទី៦៦នៃការសម្រេចនោះគឺថ្ងៃនេះ ទោះជាយ៉ាងនេះក្តី លោក ជុំជួន បានមានប្រសាសន៍ថា ញត្តិរបស់លោកបានអំពាវនាវសុំអន្តរាគមន៍ធម្មតា។
លោកបានមានប្រសាសន៍ថា “យើងចង់ឲ្យគណបក្សទាំងពីរ [គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ] ពិភាក្សាគ្នាជាមួយរដ្ឋាភិបាលអំពីការជ្រៀតជ្រែករបស់វៀតណាម ក្នុងការរើសអើងប្រជាជនខ្មែរក្រោមដោយអាជ្ញាធរទាំងនៅប្រទេសកម្ពុជា ទាំងនៅប្រទេសវៀតណាម”។
សហគមន៍ខ្មែរកម្ពុជាក្រោមនៅថ្ងៃនេះនឹងរៀបចំពិធីមួយដើម្បីរំឭកដល់ថ្ងៃដែលប្រទេសបារាំងបានប្រគល់ខេត្តជាច្រើនរបស់កម្ពុជាក្រោមទៅប្រទេសវៀតណាម។ ប៉ុន្តែ យោងតាមប្រធានរបស់ខ្លួន លោក ថាច់ សេដ្ឋា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះធ្វើតាមវិធីសាស្ត្រដែលមិនសូវប្រឈមមុខ មិនដូចគ្នានឹងបាតុកម្មថ្មីៗដែលលោកបានចូលរួម ដែលក្នុងនោះមានទាំងការដុតទង់ជាតិវៀតណាមនៅខាងក្រៅស្ថានទូតប្រទេសវៀតណាមក្នុងក្រុងភ្នំពេញនោះទេ។
លោក សេដ្ឋា ដែលបានបន្តសម្តីវាយប្រហារប្រឆាំងវៀតណាមនៅពិធីនេះកាលពីឆ្នាំមុនបាននិយាយថា “យើងមិនគិតអំពីការចង់បានទឹកដីមកវិញទេ ពីព្រោះវប្បធម៌សន្ទនារបស់យើងនៅក្មេងខ្ចីណាស់នៅឡើយ”។
ទាក់ទងកាលពីថ្ងៃពុធ លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា គណបក្សប្រឆាំងមិនយកព្រឹត្តិការណ៍នៅថ្ងៃនេះជាអាទិភាពនោះទេ។
លោកបានមានប្រសាសន៍ថា “យុវជនគណបក្សសង្គ្រោះជាតិរបស់យើងមួយចំនួននឹងចូលរួម ប៉ុន្តែតំណាងរាស្ត្រទាំងអស់ជាប់រវល់នៅសភាជាតិ”៕ និត