27 C
Phnom Penh

ជន​​​ភៀស​​​ខ្លួន​​​ក្រុម​​​ដំបូង​​​មក​​​ពី​​​ប្រទេស​​​ណូរូ​​​បាន​​​មក​​​ដល់​​​កម្ពុជា​​​ហើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​រ៉ូហីុងយ៉ា​យកដៃបិទមុខ​ ក្នុង​ខណៈដែល​គាត់​ចាក​ចេញពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ កាលពី​ម្សិល​មិញ​ បន្ទាប់ពី​មកដល់​ជាមួយ​ជន​ភៀសខ្លួន​បីនាក់​ទៀត​ដែល​បាន​យល់ព្រម​មក​តាំង​លំនៅ​នៅ​ប្រទេស​កម្ពុជា​ ជាផ្នែក​មួយ​នៃកិច្ច​ព្រម​ព្រៀង​ដ៏ចម្រូង​ចម្រាស​ ដែល​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​អូស្ត្រាលី​កាលពីខែ​កញ្ញា។ រូបថតៈ ស៊ីវ ចាន់​ណា/The Cambodia Daily

បន្ទាប់​​​ពី​​​​​​ការ​​​ចរចា​​​ដ៏​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​ និងការ​​​រៀប​​​​​​ផែន​​​ការ​​​សម្ងាត់​​​​​​ជាមួយ​​​កម្ពុជា​​​អស់​​​រយៈ​​​ពេល​​​​​​ជា​​​ច្រើន​​​ខែ​​​​​​រួច​​​មក​​​ ប្រទេស​​​អូស្ត្រាលី បាន​​​បញ្ជូន​​​ជន​​​ភៀស​​​ខ្លួន​​​ចំនួន​​​បួន​​​នាក់​​​ដំបូង​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ ក្រោម​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដ៏ចម្រូង​​​ចម្រាស​​​មួួ​យ​​​ដែល​​​នឹង​​​អាច​​​បញ្ជូន​​​​​​ជន​​​ភៀស​​​ខ្លួន​​​រាប់​​​សិប និង​​​រាប់​​​រយ​​​នាក់​​​បន្ថែម​​​ទៀត​​​មក​​​​​​កាន់​​​កម្ពុជា​​​។

ជន​​​ជាតិ​​​អីុរ៉ង​​​ចំនួន​​​បីនាក់ និង​​​បុស​​​ជន​​​ជាតិ​​​រ៉ូហីង​​​យ៉ា​​​ម្នាក់​​​មក​​​ពី​​​ប្រទេស​​​ភូមា​​​​​​បាន​​​មក​​​ដល់​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរជាតិ​​​ភ្នំពេញ​​​តាម​​​រយៈ​​​ជើង​​​ហោះ​​​ហើរ​​​ពេល​​​ព្រឹក​​​របស់​​​ក្រុម​​​ហ៊ុន​​​អាកាសចរណ៍​​​ Malaysia Airlines ហើយ​​​ត្រូវ​​​បាន​​​គេ​​​នាំ​​​ចូល​​​ក្នុង​​​រថយន្ត​​​មួយ​​​គ្រឿង​​​ដែល​​​កំពុង​​​តែ​​​រង​​​់ចាំ​​​ដោយ​​​មាន​​​បាំង​​​វាំ​​​ងនន​​​ និង​​​ដែល​​​ក្រោយ​​​មក​​​បាន​​​ដឹក​​​ពួក​​​គេ​​​ទៅ​​​កាន់​​​ផ្ទះ​​​ថ្មី​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ច្បារ​​​អំពៅ​​​ភាគ​​​ខាង​​​ត្បូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។

ភូមិគ្រឹះ​​​ដ៏​​​ធំ​​​ទូលាយ​​​ និង​​​ដែ​ល​​​មាន​​​របង​​​ហ៊ុមព័ទ្ធ​​​ត្រូវ​​​បាន​​​​​​រៀប​​​ចំ​​​សម្រាប់​​​​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​េនះ​​​ដោយ​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តប្រវេសន៍​​​ (IOM) ដែល​​​កំពុង​​​ជួយ​​​ក្នុង​​​ការ​​​តាំង​​​ទីលំនៅថ្មី​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន។

អង្គការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​ថា “ក្រុម​​ជន​​​ភៀស​​​ខ្លួន​​​នេះ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​លំនៅ​​​បណ្តោះ​​​អាសន្ន​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ជា​​​ទី​​​ដែល​​​ IOM នឹង​​​ចាប់​​​ផ្តើម​​​ផ្តល់​​​​​​សេវា​​​កម្ម​​​ដ៏​​​សំខាន់​​​ រួម​​​មាន​​​ដូច​​​ជា​​​ការ​​​បង្ហាត់​​​បង្រៀន​​​ឲ្យ​​​ចេះ​​​ភាសា​​​ ឲ្យ​​​យល់​​​ដឹង​​​ពី​​​វប្បធម៌ និង​​​​​​សង្គម​​​ សេវាកម្ម​​​អប់​​​រំ​​​ផ្សេង​​​ៗ សេវាកម្ម​​​សុខភាព​​​ និង​​​ការ​​​ជួយ​​​រក​​​ការ​​​ងារ​​​ឲ្យ​​​ពួក​​​គេ​​​ជា​​​ដើម​​​​​​”។

កាល​​​ពីប៉ុន្មាន​​​សប្តាហ៍​​​​​​មុន​​​ ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​បួន​​​នាក់​​​នេះ​​​ គឺ​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​ជនភៀស​​​ខ្លួន​​​រាប់​​​រយ​​​នាក់​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​​​​កំពុង​​​ឃុំ​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​ជំរំ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​ព្យាយាម​​​​​​ចូល​​​ទៅ​​​ក្នុង​​​ទឹក​​​ដី​​​ប្រទេស​​​អូស្ត្រាលី។ ដោយ​​​អនុវត្ត​​​តាម​​​​​គោល​​​នយោបាយ​​​អន្តោប្រវេសន៍​​​ថ្មី​​​ដ៏​​​តឹងរ៉ឹង​​​​​​ ប្រទេស​​​អូស្ត្រាលី​​​បាន​​​បដិសេធ​​​មិ​​​ន​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ​​​ឡើយ​​​ ហើយ​​​កាល​​​ពីខែ​​​កញ្ញា​​​ បាន​​​បញ្ចុះ​​​បញ្ចូល​​​កម្ពុជា​​​ឲ្យ​​​ជួយតាំង​​​ទី​​លំនៅថ្មីសម្រាប់​​​​ជន​​​ភៀស​​​ខ្លួន​​​ក្នុង​​​ចំនួន​​​មួយ​​​ដែល​​​គេ​​​មិន​​​បង្ហាញ​​​​​​ជា​​​ថ្នូរ​​​នឹង​​​កញ្ចប់​​​ជំនួយ​​​ក្នុង​​​ទំហំ​​​ទឹក​​​ប្រាក់​​​៣១​​​,២លាន​​​ដុល្លារ​​​។

ប៉ុន្តែ ការ​​​បញ្ចុះ​​​បញ្ចូល​​​ជន​​​ភៀស​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​ណូរូ​​​ឲ្យ​​​​​យល់​​​ព្រម​​​មក​​​តាំង​​​លំនៅ​​​ថ្មី​​​នៅ​​​កម្ពុជា​​​ គឺ​​​ជួប​​​ការ​​​លំបាក​​​យ៉ាង​​​ខ្លាំង​​​ ទោះ​​​បី​​​ជា​​​រដ្ឋាភិបាល​​​​​​អូស្ត្រាលី​​​បាន​​​​​​បង្ហាញ​​​ឯកសារ​​​ជាក់​​​ស្តែង​​​ដែល​​​រៀបរាប់​​​ថា នៅ​​​កម្ពុជា​​​មាន​​​ស្ថេរភាព​​​នយោបាយ​​​ មា​​​ន​​​សេវាកម្ម​​​​​​សុខាភិបាល​​​ និង​​​មាន​​​សន្តិសុខ​​​ល្អ​​​ដល់​​​ជន​​​ភៀស​​​ខ្លួន​​​រួច​​​ហើយ​​​ក៏​​​ដោយ​​​។

ឥឡូ​​​វ​​​នេះ​​​​​​ជន​​​ភៀស​​​ខ្លួន​​​ចំនួន​​​​​​បួន​​​នាក់​​​បាន​​​មក​​​ដល់​​​កម្ពុជា​​​ហើយ​​​ ហើយ​​​ប្រទេស​​​អូស្ត្រាលីសង្ឃឹម​​​ថា ការ​​​មក​​​ដល់​​​នេះ​​​​​​នឹង​​​អាច​​​ជួយ​​​បញ្ចុះ​​​បញ្ចូល​​​​​​ជន​​​ភៀស​​​ខ្លួន​​​ផ្សេង​​​ៗ​​​ទៀត​​​ឲ្យធ្វើ​​​តាម​​​ពួក​​​គេ​​​។

ចាប់​​​តាំង​​​ពីដើម​​​ទី​​​មក​​​ម្លេ៉ះ​​​ កិច្ច​​​ព្រមព្រៀង​​​នេះ​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់​​​ឥត​​​ឈប់​​​ឈរ​​​ពី​​​សំណាក់​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ និង​​​អង្គការ​សិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពី​​​រ​​​ដោយ​​​​​​ចោទ​​​ប្រកាន់​​​ប្រទេស​​​អូស្ត្រាលីថា ​គេច​​​វេះ​​​ពី​​​កាតព្វកិច្ច​​​អន្តរជាតិ​​​របស់​​​ខ្លួន​​​ដោយ​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ទៅ​​​ទម្លាក់​​​ចោល​​​ក្នុង​​​ប្រទេស​​​មួយ​​​​​​ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ប្រទេស​​​កីក្រ និង​​​ពុក​​​រលួយ​​​បំផុត​​​លើ​​​ពិភព​​​លោក​​​។

ពួកគេ​​​ក៏​​​បាន​​​ព្រួយបារម្ភ​​​ផង​​​ដែរ​​​ខ្លាច​​​ក្រែង​​​ ប្រទេស​​​កម្ពុជា​​​មិន​​​មាន​​​លទ្ធភាព​​​ក្នុង​​​ការ​​​មើល​​​ថែ​​​ទាំង​​​ជន​​​ភៀស​​​ខ្លួន​​​មក​​​ពី​​​ប្រទេស​​​ណូរូ​​​ មួយ​​​ឆ្នាំ​​​ក្រោយ​​​នៅ​​​ពេល​​​ប្រទេស​​​អូស្ត្រាលី​​​ឈប់​​​ធានា​​​រ៉ាប់​​​រង​​​លើ​​​ការ​​​ចំណាយ​​​​​​នានា​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​។

ប្រទេស​​​កម្ពុជា​​​មាន​​​ប្រវត្តិ​​​មិន​​​ល្អ​​​ឡើយ​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​។  ​​​កម្ពុជា​​​កំពុង​​​ទទូច​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​ស្វែង​​​រក​​​ប្រទេស​​​ទី​​​៣​​​សម្រាប់​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​មក​​​ពី​​​ប្រទេស​​​វៀតណាម​​​ចំនួន​​​១៣​​​នាក់​​​ដែល​​​ខ្លួន​​​​​​ទទួល​​​យក​​​​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ ហើយ​​​បាន​​​និរទេស​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុងតាញ៉ា​​​រាប់​​​សិប​​​នាក់​​​បន្ថែម​​​ទៀត​​​ [ដែល​​​ចូល​​​មក​​​មកម្ពុជា​​​បន្ទាប់ពី​​​អ្នក​​​ទា​​​ំង​​​១៣នាក់​​​នេះ]​​​ ដោយ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​ឡើយ​​​។  កម្ពុជា​​​ក៏​​​បាន​​ធ្វើ​​​ដូច្នេះ​​​ចំពោះ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​វីហ្គួ ​​​ចំនួន​​​២០​​​នាក់​​​កាល​​​ពី​​​ឆ្នាំ ២០០៩​​​ផង​​​ដែរ​​​ដោយ​​​​​​និរទេស​​​ពួក​​​គេ​​​ទៅ​​​​​​ប្រទេស​​​ចិន​​​វិញ​​​។

រថយន្ត​តូរិសដែល​ដឹក​ជនភៀស​ខ្លួន​បួននាក់​កាលពីម្សិលមិញ​ មក​ដល់​ផ្ទះវីឡា​មួយ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ដែល​ជា​កន្លែង​ស្នាក់​នៅបណ្តោះ​អាសន្នរបស់​ពួកគេ។ រូបថតៈ ស៊ីវ ចាន់​ណា/The Cambodia Daily

លោក​​​ ភៀល​​​ រ៉ូ​​​ប៊ឺត​​​​​​សុន (Phil Robertson) អនុប្រធាន​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​តំបន់​​​អាស៊ី​​​​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “ប្រទេស​​​អូស្ត្រាលី​​​បាន​​​ជះ​​​ប្រាក់​​​​​​រាប់​​​លាន​​​ដុល្លារ​​​លើ​​​ប្រទេស​​​កម្ពុជា​​​ឲ្យ​​​យល់​​​ព្រម​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​នេះ ​​​ទោះ​​​បី​​​ជា​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ប្រទេស​​​កម្ពុជា​​​មាន​​​ប្រវត្តិ​​​​​​ច្រាន​​​ចោល​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​មក​​​ពីប្រទេស​​​វៀត​​​ណាម​​​​​​ និង​​​​​​គំរាម​​​បណ្តេញ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ផ្សេង​​​ទៀត​​​ប្រសិន​​​បើ​​​គ្មាន​​​ប្រទេស​​​ផ្សេង​​​ព្រម​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ឲ្យ​​​ពួក​​​គេ​​​នោះ​​​ក៏​​​ដោយ​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា “កម្ពុជា​​​ពិត​​​ជា​​​គ្មាន​​​បំណង​​​ ឬសមត្ថភាព​​​ក្នុង​​​ការ​​​​​​ធ្វើ​​​ឲ្យ​​​ជន​​​ភៀសខ្លួន​​​​​​អាច​​​រស់​​​នៅ​​​​​​ដោយ​​​ចុះ​​​សម្រុង​​​​​​ក្នុង​​​សង្គម​​​កម្ពុជា​​​បាន​​​រហូត​​​នោះ​​​ឡើយ​​​។ ជន​​​ភៀសខ្លួន​​​ទាំង​​​បួន​​​នាក់​​​នេះ​​​ គឺ​​​ជា​​​មនុស្ស​​​​​​ដែល​​​ត្រូវ​​​បាន​​​យក​​​មក​​​ដក​​​ពិសោធ​​​ដូច​​​សត្វ​​​ជ្រូក​​​​​​ ដោយ​​​ប្រទេស​​​អូស្ត្រាលី​​​ដែល​​​ច្រាន​​​ចោល​​​​​​ការ​​​ពិតទាក់​​​ទិន​​​នឹង​​​ប្រទេស​​​កម្ពុជា​​​ ដែល​​​គេ​​​ដឹង​​​រួច​​​ម​​​ក​​​ហើយ​​​ថា មិន​​​អាច​​​ធ្វើ​​​ឲ្យ​​​ជន​​​ភៀស​​​ខ្លួន​​​រស់​​​នៅ​​​ដោយ​​​ចុះ​​​សម្រុង​​​ក្នុង​​​សង្គម​​​របស់​​​ខ្លួន​​​​​​ ហើយ​​​បាន​​​បញ្ជូន​​​ជន​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​ និង​​​ជន​​​ជាត​ិ​​​ភាគ​​​តិច​​​វីហ្គួ​​​​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម និង​​​ប្រ​​​ទេស​​​ចិន​​​វិញ​រួច​​​ទៅ​​​ហើយ​​​​​នោះ “។

ប៉ុន្តែ ផ្ទុយ​​ទៅ​​​វិញ​​​ប្រទេស​​​អូស្ត្រាលីបាន​​​ខិត​​​ខំ​​​គ្រប់​​​បែប​​​យ៉ាង​​​ដើម្បី​​​ព្យាយាម​​​ធ្វើ​​​​​​ឲ្យ​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​បួននាក់​​​នេះ​​​ដែល​​​មក​​​ដល់​​កម្ពុជា​​​​កាល​​​ពីម្សិលមិញ​​​​​​​​​​​​ មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​លើ​​​​​​គម្រោង​​​របស់​​​ខ្លួន​​​។

យោង​​​តាម​​​អង្គការ​​​តស៊ូ​​​មតិ​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​បួន​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​សន្យា​​​ផ្តល់​​​ឲ្យ​​​នូវ​​​ប្រាក់​​​រាប់​​​ពាន់​​​ដុល្លារ​​​ក្នុង​​​ម្នាក់​​​ៗ​​​សម្រាប់​​​ការ​​​យល់​​​ព្រម​​​មក​​​តាំង​​​លំនៅ​​​ថ្មី​​​នៅ​​​កម្ពុជា​​​។ប្រទេស​​​អូស្ត្រាលី​​​ក៏​​​បាន​​​សន្យា​​​បង្កើត​​​គណនី​​​ធនាគារ ផ្តល់​​​វគ្គ​​​បំពាក់​​​ប៉ន​​​ការ​​​ងារ​​​ និង​​​ជួយ​​​ពួក​​​គេ​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ការ​​​ងារ​​​ស្ថិត​​​ថេរ​​​មួយ​​​ផង​​​ដែរ​​​។

អង្គការ​​​អន្តរជាតិ​​​​​​ទេសន្តរប្រវេសន៍​​​​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា “ពួក​​​គេ​​​នឹង​​​ត្រូវ​​​​បាន​​​លើក​​​ទឹក​​​​​​ និង​​​ជួយ​​​ជំរុញ​​​ឲ្យ​​​អាច​​​រស់​​​នៅ​​​ដោយ​​​ចុះ​​​សម្រុង​​​​​​ក្នុង​​​សហគមន៍​​​កម្ពុជា​​​ ហើយ​​​អាច​​​រស់​​​នៅ ដោយ​​​ពឹង​​​​​​លើ​​​ខ្លួន​​​​​​ឯង​​​បាន​​​ក្នុង​​​​​​ពេល​​​ឆាប់​​​ៗ​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​​​​”។

អង្គការ​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​បន្ថែម​​​ថា ប៉ុន្តែ ក្នុ​​​ងពេល​​​នេះ​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​កំពុង​​​ខិត​​​ខំ​​​គ្រប់​​​បែប​​​យ៉ាង​​​ដើម្បី​​​លាក់​​​បាំង​​​ពួក​​​គេ​​​ និង​​​លាក់​​​បាំង​​ពួកគេ​​​ពី​​​ប្រព័ន្ធ​​​ផ​​​្សព្វ​​​ផ្សាយ​​​​​ដោយ​​​ធ្វើ​​​តាម​​​សំណើ​​​ផ្ទាល់​​​របស់​​​ជន​​​ភៀស​​​ខ្លួន។

កិច្ច​​​ព្រម​​​ព្រៀង​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​ឯកភាព​​​ជាមួយ​​​កម្ពុជា​​​កាល​​​ពីខែ​​​កញ្ញា​​​ បាន​​​សន្យា​​​អនុញ្ញាត​​​ឲ្យ​​​ជន​​​ភៀស​​​ខ្លួន​​​ដាក់​​​ពាក្យ​​​សុំ​​​​​​សញ្ជាតិ​​​ខ្មែរ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​ចង់​​​ធ្វើ​​​ដូច្នេះ​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ជន​​​ភៀស​​​ខ្លួន​​​មួ​​​យ​​​ភាគ​​​ធំ​​​ដែល​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​នៅ​​​កម្ពុជា​​​បាន​​​​​​ស្វែង​​​រក​​​ប្រទេស​​​ទី​​​៣​​​​​​ ឬក​​​៏​​​រត់​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​រួច​​​ទៅ​​​ហើយ​​​​​​ នេះ​​​បើ​​​តាម​​​ប្រសាសន៍​​​របស់​​​លោក​​​​​​ស្រី ដេនីស ខហ្វ​​​ឡេន (Denise Coghlan) ​​​ប្រធាន​​​​​​អង្គការ​​​គ្រិស្ត​​​​​​​​​ផ្តល់​​​សេវា​​​កម្ម​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន (Jesuit Refugee Service) ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​រឿង​​​គួរ​​​ឲ្យ​​​ចាប់​​​អារម្មណ៍​​​ក្នុង​​​ការ​​​រង់​​​ចាំ​​​មើល​​​ថា តើ​​​មាន​​​ជន​​​ភៀសខ្លួន​​​ប៉ុន្មាន​​​នាក់​​​ក្នុង​​​ចំណោម​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​េនះ​​​ [មក​​​ពីប្រទេស​​​ណូរូ​​​] មាន​​​ផែន​​​ការ​​​​​​​​​រស់​​​នៅ​​​ទីនេះ​​​។ ខ្ញុំ​​​ពិត​​​ជា​​​ចង់​​​​​​ឃើញ​​​ខ្លាំង​​​ណាស់​​​”។

ក្នុង​​​ចំណោម​​​ជន​​​ភៀស​​​ខ្លួន​​​ប្រហែល​​​៦០នាក់​​​ដែល​​​បាន​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​រួច​​​ហើយ​​​នោះ​​​គ្មាន​​​ជន​​​ភៀស​​​ខ្លួន​​​មក​​​ពី​​​ប្រទេស​​​អីុរ៉ង់​​​ឡើយ​​​។ ឥឡូវ​​​នេះ​​​ ជន​​​ជាតិ​​​រូហីង​​​យ៉ា​​​រាប់​​​សិប​​​នាក់​​​មក​​​ពី​​​ប្រទេស​​​ភូមា​​​កំពុង​​​តែ​​​ស្វែង​​​រក​​​ប្រទេស​​​ទី​​​៣៕ស៊ុយឈាង​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស