
រយៈពេលប្រហែល១០ខែបន្ទាប់ពីដឹកនាំការតវ៉ាដែលអំឡុងពេលនោះមានការដុតទង់ជាតិវៀតណាមនៅខាងក្រៅស្ថានទូតនេះក្នុងរាជធានីភ្នំពេញនោះ សមាជិកសហគមន៍ខ្មែរក្រោមបានប្រើវិធីសាស្ត្រផ្សះផ្សាកាលពីម្សិលមិញ ខណៈដែលពួកគេបានរំឭកខួបទី៦៦នៃការបំបែកកូសាំងស៊ីនផ្លូវការរបស់បារាំង។
ព្រះសង្ឃ និងឧបាសកឧបាសិការាប់ពាន់អង្គ-នាក់ បានជួបជុំគ្នានៅវត្តចាស់ស្ថិតនៅជ្រោយចង្វា រាជធានីភ្នំពេញ ទីដែលលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមបានបញ្ចៀសវោហារសាស្ត្រថា “យកដីរបស់យើងវិញ” ពីប្រទេសវៀតណាម។
ផ្ទុយទៅវិញអ្នកនយោបាយគណបក្សប្រឆាំងរូបនេះបានលើកឡើងពី “វប្បធម៌សន្ទនា” នាពេលបច្ចុប្បន្នរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដោយស្នើឲ្យរដ្ឋាភិបាលគាំទ្រការខិតខំប្រឹងប្រែងរបស់លោកដើម្បីកត់ត្រាប្រវត្តិតំបន់នោះតាំងពីឆ្នាំ១៩៤៩នៅពេលអាណានិគមបារាំងបានប្រគល់កម្ពុជាក្រោមផ្លូវការទៅឲ្យវៀតណាម។
ដោយសំដៅដល់ផែនទី កិច្ចសន្យា និងលិខិតស្នាមផ្សេងៗទៀតទាក់ទងការប្រគល់អ្វីដែលប្រជាជនកម្ពុជាជាច្រើននៅតែមានជំនឿថា ជាទឹកដីកម្ពុជានោះ លោក ថាច់ សេដ្ឋា បានមានប្រសាសន៍ថា “រដ្ឋាភិបាលគួរផ្ដល់ថវិកាដល់ពួកយើង ដើម្បីឲ្យយើងអាចយកឯកសារប្រវត្តិសាស្ត្រទាំងនេះ”។
លោក ថាច់ សេដ្ឋា បានមានប្រសាសន៍ថា “យើងបានស្នើសុំថវិកាប្រហែល១៨.០០០ដុល្លារ ដើម្បីធ្វើដំណើរទៅប្រទេសបារំាងម្ដងទៀតដើម្បីប្រមូលឯកសារ ប៉ុន្តែយើងនឹងទទួលយកថវិកាផ្សេងទៀតដែរ”។
លោកបានបន្ថែមថា លោកបានចំណាយពេល១ខែក្នុងប្រទេសបារាំងនៅដើមឆ្នាំនេះ ដោយប្រមូលផែនទីចំនួន២.២៣១ក្នុងចំណោមផែនទីជាង៥.០០០ និងឯកសារជាច្រើនទៀតទាក់ទងទៅនឹងការប្រគល់នេះ។
លោកបានមានប្រសាសន៍ថា “យើងចង់បានឯកសារនេះ ដើម្បីឲ្យសិស្សានុសិស្សបានដឹងពីប្រវត្តិសាស្ត្រ មិនមែនសម្រាប់ការរើសអើងជាតិសាសន៍ទេ”។
ការជួបជុំគ្នារបស់ខ្មែរក្រោមនៅក្នុងប្រទេសកម្ពុជាជារឿយៗបណ្តាលឲ្យមានការរើសអើងជាតិសាសន៍ប្រឆាំងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជា ត្រូវបានចោទដោយសកម្មជនទាំងនោះថា ជាអាយ៉ងរបស់ក្រុងហាណូយ។
លោក ថាច់ សេដ្ឋា ទីប្រឹក្សាលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានមានប្រសាសន៍ថា លោកមិនបានរំលោភវប្បធម៌សន្ទនាដែលគណបក្សសង្គ្រោះជាតិបានយល់ព្រមបញ្ចៀសការប្រើពាក្យជេរប្រមាថប្រឆាំងវៀតណាមឡើយ។
ទោះជាយ៉ាងណា លោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្សមិននៅស្ងៀមឡើយ។ លោកបានមានប្រសាសន៍ថា “សព្វថ្ងៃនេះ កម្ពុជាមានសមាគមវៀតណាមចំនួន២៥ ដើម្បីការពារអត្តសញ្ញាណជាតិរបស់គេ។ ប្រសិនបើនៅតែបន្ត តើពួកគេនឹងមិនដឹកនាំពួកយើងនៅពេលឆាប់ៗទេឬ?”។
លោកបានបន្តថា “តើយើងប្រាកដថា នៅក្នុងប្រទេសកម្ពុជាគ្មានកងកម្លាំងយួននោះ? នៅក្រសួងការពារជាតិយួនកំពុងធ្វើការរាល់ថ្ងៃ ហើយបន្ទាប់មកត្រឡប់ទៅស្រុកទៅលេងប្រទេសរបស់ពួកគេនៅចុងសប្ដាហ៍”។
នៅពេលត្រូវបានសួរអំពីការអះអាងរបស់លោក សឺន ស៊ូបែរ្តិ៍ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា ការរៀបចំបែបនេះ “មិនអាចទៅរួចទេ”។
ឧត្ដមសេនីយ៍ ឈុំ សុជាតិ បានមានប្រសាសន៍ពីលោក សឺន ស៊ូបែរ្តិ៍ ថា “គាត់មិនមានមនសិការជាតិ បំផ្លើស និងមានបំណងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ប្រឆាំងសញ្ជាតិផ្សេងទៀត”។
ខ្មែរក្រោមនៅក្នុងប្រទេសវៀតណាមតែងតែត្រូវបានធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលកុម្មុយនីស្តដែលរឹតបន្តឹងសេរីភាពសាសនា ភាសា វប្បធម៌ និងការអប់រំ។
ព្រះតេជគុណ ថាច់ សុវណ្ណតារា ព្រះជន្ម២៦វស្សាបានមានសង្ឃដីកាថា ព្រះអង្គបានគេចខ្លួនពីការគាបសង្កត់ទើបតែ៣ខែកន្លងមកប៉ុណ្ណោះ ដើម្បីធ្វើឲ្យជីវិតប្រសើរឡើងក្នុងនាមជាព្រះសង្ឃមួយអង្គគង់នៅវត្តបទុមក្នុងរាជធានីភ្នំពេញ។
ដោយកើតនៅកម្ពុជាក្រោម ព្រះតេជគុណ ថាច់ សុវណ្ណតារា បានមានសង្ឃដីកាថា ព្រះអង្ឃបានក្លាយជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយក្នុងប្រទេសវៀតណាមក្នុងការខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ ភាសា និងប្រពៃណីទំនៀមទម្លាប់ ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យបង្រៀនមួយមុខវិជ្ជាប៉ុណ្ណោះខាងភាសាខ្មែរ ហើយមិនទទួលបានប្រាក់ខែទេ។
ព្រះតេជគុណបានមានសង្ឃដីកាថា “រដ្ឋាភិបាលយួនបានព្រមានថា ប្រសិនបើយើងជាខ្មែរក្រោមនិយាយអំពីវប្បធម៌ខ្មែរ យើងនឹងត្រូវវាយប្រហារឬចាប់ដាក់គុក”៕ សារុន