អង្គរវត្ត​ជាប់​​ឈ្មោះ​ជា​​​តំបន់​ទេសចរណ៍​កំពូល​របស់​ពិភព​លោក​​ ប៉ុន្តែ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចម្លង​រចនាប័ទ្ម​​​ដោយ​ឥណ្ឌា

​ប្រាសាទ​អង្គរវត្ត​ក្នុង​ក្រុង​សៀមរាប​បាន​ជាប់​​ចំណាត់​ថ្នាក់​កំពូល​​​នៅ​ក្នុង​ការ​ស្ទង់មតិ​ទេសចរណ៍​មួយ​​ទៀត​នៅ​សប្ដាហ៍​នេះ ដោយ​ជាប់​ឈ្មោះ​ជា​​តំបន់​ទេសចរណ៍​លេខ​១​របស់​ពិភព​លោកក្រោយពី​ទទួល​បាន​ពាន​រង្វាន់​ជម្រើស​ទេសចរណ៍​របស់​គេហទំព័រ​ TripAvisor​កាលពី​ថ្ងៃ​អង្គារ។ ប៉ុន្តែ​ប្រាសាទ​ដ៏ធំ​ស្កឹមស្កៃ​មួយ​ដែលកំពុង​​ស្ថិត​ក្រោម​ការ​សាង​សង់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ កំពុង​បង្ក​ឲ្យមាន​ការ​ព្រួយបារម្ភ​ជា​ថ្មី​ម្ដង​ទៀត​ថា តម្លៃ​ប្រាសាទ​ជា​និមិត្តរូប​របស់​កម្ពុជា​នឹង​ធ្លាក់​ចុះ​។

ពីរថ្ងៃ​មុន​​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​​របស់​គេហទំព័រ TripAvisor លោក ហ៊ុន ហាន ឯក​អគ្គ​រាជទូត​កម្ពុជា​​ប្រចាំ​​ប្រទេស​ឥណ្ឌា​ បាន​​ទៅ​ពិនិត្យ​មើល​ការដ្ឋាន​សាង​សង់​ប្រាសាទ​នៅ​ក្នុង​ខេត្តប៊ីហា (Bihar) ​ហើយ​បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​របស់​លោក​មាន​ការ​ព្រួយបារម្ភ​ចំពោះ​គម្រោង​​សាង​សង់​​​ប្រាសាទ​ដែល​ចម្លង​​តាម​រចនា​បថ​ស្ទើរ​តែដូចទាំង​ស្រុង​ទៅ​នឹង​​ប្រាសាទ​អង្គរ​វត្តដែល​ទទួល​​តំណែង​​ជា​​សំណង់​​សាសនា​ធំបំផុត​របស់​ពិភព​លោក​។

​យោង​តាម​​គេហទំព័រ​ព័ត៌មាន India Today បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន ហាន បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា “​នេះ​គឺ​ជា​បញ្ហា​ដ៏រសើប​សម្រាប់​កម្ពុជា ហើយ​រដ្ឋាភិបាល​របស់​យើង​​យក​ចិត្ត​ទុក​ដាក់​ណាស់​ចំពោះ​​​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយអំពី​ការ​ចម្លង​រចនាបថ​​អង្គរ​វត្ត”។

នៅ​ពេល​ក្រុម​ហ៊ុន​ឯកជន​មួយ​ក្នុង​ខេត្ត​ប៊ីហា ប្រកាស​ថា ខ្លួន​មាន​បំណង​សាង​សង់​ប្រាសាទ​មួយ​ដែល​​ចម្លង​តាម​រចនាបថ​ដូច​ប្រាសាទ​អង្គវត្ត​ទាំង​ស្រុង​កាលពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​កម្ពុជា​បាន​​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​បណ្ដាល​ឲ្យ​ឥណ្ឌា​ បង្ខំ​ក្រុម​ស្ថាបត្យករ​ឲ្យ​​​កែប្រែ​រចនាបថ​របស់​ពួកគេ​ចេញ​។

ប្លង់​ដែល​ត្រូវ​បាន​កែប្រែ​ បង្ហាញ​ពី​ប្រាសាទ​មួយ​ដែល​ដូច​គ្នា​នឹង​ប្រាសាទ​អង្គរវត្ត ប៉ុន្តែ​មាន​កម្ពស់​១២០​ម៉ែត្រ​ និង​​មាន​ទីធ្លា​​ធំទូលាយ​នៅ​ខាង​ក្នុង​ដែល​អាច​ផ្ទុក​ភ្ញៀវទេសចរ​បាន​​២០.០០០​នាក់​។

យោង​តាម​គេហទំព័រ​ India Today បាន​ឲ្យ​ដឹង​ទៀត​ថា លោក ហ៊ុន ហាន បានមាន​ប្រសាសន៍​ថា ប្លង់​ថ្មី​របស់​​​ប្រាសាទ​ដែល​​ការ​សាង​សង់​មិន​ទាន់បាន​ចាប់​ផ្ដើម​នៅ​ឡើយ​នេះ​ នៅ​តែ​ដូច​ប្រាសាទ​របស់​កម្ពុជា​ពី​៦០ទៅ​៦៥​ភាគរយ​ ដែល​លោក​មាន​​ប្រសាសន៍​ថា “​មិន​អាច​ទទួល​យក​បាន​”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “​យើង​នឹង​​លើក​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​ក្រសួង​កិច្ច​ការ​ផ្ទៃ​ក្នុង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា”។

លោក​ ឌីណេស ប៉ាតណាអុីក (Dinesh Patnaik)​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​របស់​លោក​​នឹង​ពិនិត្យ​មើល​ការ​ព្រួយ​បារម្ភ​របស់​កម្ពុជា​។ លោក​មាន​ប្រសាសន៍​ទៀត​ថា “​យើង​យល់​ថា កម្ពុជា​រសើប​ណាស់​ចំពោះ​បញ្ហា​នេះ ហើយ​យើង​នឹង​មិន​​អនុញ្ញាត​​អ្វី​ដែល​បង្ក​ឲ្យ​មាន​ការ​មិន​គោរព​ឡើយ​។ យើង​នឹង​រង់ចាំ​មើល​ថា តើ​ក្រុម​ហ៊ុន​​កំពុង​សាង​សង់​អ្វី​ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​នៅ​តែ​​ចម្លង​រចនាបថ​​ យើង​នឹង​បញ្ឈប់​”៕ សុខុម​​

 

 

© 2015, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.