ប្រជាពលរដ្ឋជាង៣០នាក់ដែលជាអតីតអ្នកភូមិសហគមន៍បឹងកក់ ក្នុងរាជធានីភ្នំពេញ បានធ្វើការតវ៉ានៅខាងក្រៅរដ្ឋសភាកាលពីម្សិលមិញ ដើម្បីទាមទារឲ្យដកលោក កែប ជុតិមា តំណាងរាស្ត្រមកគណបក្សប្រជាជនកម្ពុជា ចេញពីមុខតំណែងដោយសារតែលោកធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់គ្រួសាររងទុក្ខវេទនា អំឡុងពេលលោកកាន់តំណែងជាអភិបាលរាជធានីភ្នំពេញរយៈពេល១ទសវត្សរ៍។
លោក កែប ជុតិមា បានចុះចេញពីតំណែងជាអភិបាលរាជធានីភ្នំពេញនៅខែឧសភា ឆ្នាំ២០១៣ ពោលគឺមិនយូរប៉ុន្មានមុនពេលលោកជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សប្រជាជននៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាខែកក្កដាឆ្នាំនោះ។
កាលពីឆ្នាំ២០០៧ លោកគឺជាអ្នកមើលខុសត្រូវការបណ្ដេញប្រជាពលរដ្ឋរាប់ពាន់គ្រួសាររស់នៅជុំវិញបឹងកក់ ដែលត្រូវបានបូមខ្សាច់លុបដើម្បីត្រួសត្រាយផ្លូវសម្រាប់គម្រោងអភិវឌ្ឍន៍មួយដែលមានទំហំទឹកប្រាក់៨០លានដុល្លាររបស់ក្រុមហ៊ុនស៊ូកាគូអុីន របស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
កាលពីម្សិលមិញ អតីតអ្នកភូមិបឹងកក់ បានប្រដូចការរំលោភបំពានដែលលោក កែប ជុតិមា បានអនុញ្ញាតឲ្យកើតមានក្នុងឋានៈលោកជាអភិបាលរាជធានី ទៅនឹងការរំលោភបំពានដោយ កាំង ហ្គេចអា៊វ ហៅ ឌុច អតីតប្រធានមន្ទីរ ស-២១ ក្រោមរបបខ្មែរក្រហម ។
អ្នកស្រី ស៊ា ណារ៉េត អាយុ៥៧ឆ្នាំ ដែលជាអ្នកតវ៉ា បាននិយាយថា “កែប ជុតិមា សម្លាប់មនុស្សក្រោមរបប ហ៊ុន សែន ដូច ឌុច សម្លាប់មនុស្សក្រោមរបប ប៉ុល ពត អ៊៊ីចឹងដែរ។ គាត់បានបំផ្លាញសុភមង្គលរបស់ប្រជាពលរដ្ឋ គាត់ធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់ ហើយគាត់បានបណ្ដេញប្រជាពលរដ្ឋចេញពីដីធ្លីរបស់ខ្លួន ហើយបន្ទាប់មកប្រគល់វាទៅឲ្យអ្នកមាន
អំណាច”។
នៅខាងក្រៅរដ្ឋសភា ក្រុមអ្នកតវ៉ាបានធ្វើពិធីសាសនាដើម្បីដាក់បណ្ដាសាលោក កែប ជុតិមា។ អ្នកស្រី ស៊ឹម សុភាព អាយុ៥១ឆ្នាំ បាននិយាយថា “យើងដាក់បណ្ដាសាគាត់ជាមួយនឹងអំបិលម្ទេស ពីព្រោះគាត់ធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខច្រើនណាស់”។
ទោះជាយ៉ាងណា លោក កែប ជុតិមា មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។
ចំណែកឯលោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា រដ្ឋសភាគ្មានសិទ្ធិដកតំណាងរាស្ត្រចេញពីតំណែង
ឡើយ។ លោកបានបញ្ជាក់ថា “ [សភា] គ្មានសិទ្ធិដកមន្ត្រីជាប់ឆ្នោតដែលប្រជាពលរដ្ឋជាច្រើនបោះឆ្នោតគាំទ្រដោយសារតែប្រជាពលរដ្ឋមួយក្តាប់តូចស្នើសុំឡើយ”។ លោកបានលើកឡើងបន្ថែមទៀតថា លោក កែប ជុតិមា គោរពព្រះពុទ្្ធសាសនាណាស់ដូច្នេះលោកជឿថា ការដាក់បណ្ដាសាលើលោក កែប ជុតិមា គឺជារឿងមិនអាចទៅរួចឡើយ៕ សុខុម