30 C
Phnom Penh

រដ្ឋសភា​​ពិភាក្សា​ដេញដោល​អំពី​ច្បាប់​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ រដ្ឋសភា​បាន​ពិភាក្សា​ដេញ​ដោល​ និង​អនុម័ត​​យ៉ាង​ងាយ​​នូវជំពូក​ចំនួន​ពីរ​​នៃ​ច្បាប់​មួយ​ដែល​មាន​បំណង​ពង្រឹង​ការ​ឆ្លើយ​តប​​គ្រោះ​ធម្មជាតិ និង​គ្រោះ​មហន្តរាយ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស​ មួយ​ផ្នែក​តាម​រយៈ​ការ​​ផាក​ពិន័យ​ និង​​ដាក់​ទោស​ពន្ធនាគារ​សម្រាប់​មន្ត្រី​អសមត្ថភាព និង​ពលរដ្ឋ​ដែល​ដឹង​​ថា​នឹង​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង​តែ​មិន​រាយការណ៍។

ច្បាប់​នេះ​ត្រូវ​បាន​ព្រាង​ឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​អនុម័ត​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ កាលពី​ខែ​មករា។ ពីរ​ជំពូក​​​នៃ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ស្ទើរ​តែ​​ជា​ឯកច្ឆន្ទ​ដោយ​តំណាង​រាស្ត្រ​ជាង​១០០​រូប​ ដែល​មាន​វត្តមាន​នៅ​ក្នុង​សម័យ​ប្រជុំ​កាលពី​ម្សិលមិញ​។

ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នេះ​មាន​១០​ជំពូក និង​៤៨​មាត្រា​ ដោយ​មួយ​ក្នុង​ចំណោម​មាត្រា​ទាំង​នោះ​ចែង​ថា មន្ត្រី​ដែល​មិន​បាន​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​នៅ​ក្នុង​ស្ថានភាព​មាន​​គ្រោះ​មហន្តរាយ​ ដោយ​បណ្ដាល​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​រដ្ឋ ឬឯកជន​ ត្រូវ​​ទទួល​ការ​ផាក​ពិន័យ​ចន្លោះពី​១លាន​រៀល​ទៅ​៤លាន​រៀល​ (ប្រហែល​២៥០​ដុល្លារ​ ទៅ​១.០០០​ដុល្លារ​) ហើយ​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​២​ឆ្នាំ។

ច្បាប់​នេះ​ក៏​ចែង​ដែរ​ថា អ្នក​ដែល​ដឹង​ពី​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​ ហើយ​មិន​​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ នឹង​ទទួល​ការ​ផាក​ពិន័យ​ចន្លោះ​ពី​១លាន​រៀល​ទៅ​៦​លាន​រៀល (ប្រហែល​២៥០ដុល្លារ​ទៅ​១.៥០០​ដុល្លារ​) ហើយ​ប្រឈម​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៦ខែ។

លោក សុន ឆ័យ តំណាង​រាស្ត្រ​មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​ បាន​មាន​ប្រសាសន៍​​​​អំឡុង​​កិច្ច​ពិភាក្សា​ដេញ​ដោល​កាលពី​ម្សិលមិញ​ថា “​ខ្ញុំ​សង្ឃឹម​​ថា ​នៅ​ពេល​​ច្បាប់​នេះ​ត្រូវ​​បាន​អនុម័ត​​ យើង​នឹង​ជំរុញ​អ្នក​​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​​ឲ្យ​ជំរុញ​អ្នកដែល​បង្ក​គ្រោះ​មហន្តរាយ​​ទទួល​ខុស​ត្រូវ​។ ខ្ញុំ​​សូម​លើក​ឡើង​​ឧទាហរណ៍​អំពី​ភាព​អនាធិបតេយ្យ​នៅ​ក្នុង​ការ​បូម​ខ្សាច់​តាម​បណ្ដោយ​ទន្លេ​មេគង្គ។ ការ​បូម​ខ្សាច់​បាន​បង្ក​ឲ្យ​ដី​បាក់​ស្រុត​ ហើយ​បាន​បំផ្លាញ​ផ្ទះ​របស់អ្នកភូមិ”។

លោក​ យឹម សុវណ្ណ តំណាង​រាស្ត្រ​មួយ​រូប​ទៀត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​អំឡុង​កិច្ច​ពិភាក្សា​ដេញ​ដោល​​នេះ​ថា លោក​គាំទ្រ​ច្បាប់​នេះ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​បន្ថែម​ដើម្បី​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​។

លោក​បាន​លើក​ឡើង​បន្ត​ថា “​ខ្ញុំ​សូម​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឈប់​លុប​បឹង​ និង​​លក់​វា​ឲ្យ​ទៅ​ឯកជន​។ នៅ​ពេល​យើង​លុប​បឹង​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចរន្តទឹក​ និង​បង្ក​ទឹក​ជំនន់​”។

លោក ញឹម វណ្ណដា អនុប្រធាន​​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យកព័ត៌មាន​ថា ច្បាប់​នេះ​នឹង​ធានា​ថា មន្ត្រី​រដ្ឋាភិបាល​​ “​រួម​គ្នា​​ទទួល​ខុស​ត្រូវ” ចំពោះ​គ្រោះ​មហន្តរាយ​។

លោក ឡឹក សុធា មន្ត្រី​សម្របសម្រួល​ផ្នែក​មនុស្ស​ធម៌​របស់​​អង្គការ​ Oxfam ប្រចាំ​​ប្រទេស​កម្ពុជា​ ដែល​ទទួល​បាន​ការ​ពិគ្រោះ​យោបល់​អំឡុង​ពេល​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះកាលពី​ឆ្នាំ​មុន​ បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​ទោស​ទណ្ឌ​មន្ត្រី​គឺ​ជា​រឿង​សំខាន់​។

លោក​បាន​បញ្ជាក់​ថា “​ខ្ញុំ​រីក​រាយ​ដែល​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រោះ​មហន្តរាយ​ ត្រូវ​​ទទួល​ការ​ផ្ដន្ទាទោស​ ប្រសិន​បើពួកគេ​ធ្វេសប្រហែស​នៅ​ក្នុង​ការ​ជួយ​ប្រជាពល​រដ្ឋក្រី​ក្រ និង​ជន​រងគ្រោះ​។ ការ​​ព្រួយ​បារម្ភ​របស់​ខ្ញុំ​គឺ​ថា អ្នក​នយោបាយ​អាច​នឹង​ប្រើ​ប្រាស់​មាត្រា​នោះ​ដើម្បី​ដាក់​សម្ពាធ​លើ​គណបក្ស​​​ ឬ​អ្នក​ប្រឆាំង​។ វា​ពិបាក​នឹង​វាយ​តម្លៃ​​អំ​ពី​ហានិភ័យ​ណាស់”។

សូម​បញ្ជាក់​ថា ការ​ពិភាក្សា​ដេញ​ដោល​ជុំវិញ​ច្បាប់​នេះ​នឹង​ធ្វើ​ឡើង​ជា​បន្ត​នៅ​ថ្ងៃ​ច័ន្ទ៕ សុខុម​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស