កាលពីម្សិលមិញ អង្គការទេសន្តប្រវេសន៍ពិភពលោកបានចាប់ផ្ដើមកំណត់អត្តសញ្ញាណជនរងគ្រោះដោយការជួញដូរមនុស្សនៅលើកោះអំបុន ក្នុងប្រទេសឥណ្ឌូណេស៊ី ទីដែលអ្នកនេសាទជនជាតិខ្មែរ១៩៩នាក់កំពុងរង់ចាំការធ្វើមាតុភូមិនិវត្ត។
យោងតាមលោក ផូល ឌីលឡុន ប្រធានគម្រោងនៅអង្គការអន្តរជាតិទេសន្តប្រវេសន៍ក្នុងប្រទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា តាមសំណើរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី អង្គការអន្តរជាតិទេសន្តប្រវេសន៍កាលពីម្សិលមិញបានចូលរួម “បេសកកម្មស្វែងរកការពិត” តូចមួយនៅលើកោះនេះដែលដឹកនាំដោយក្រសួងជលផលរបស់ប្រទេសនេះ។
លោក ឌីលឡុន បានលើកឡើងតាមអុីម៉េលថា “នៅពេលនេះ គេមិនទាន់ច្បាស់ថា តើមានអ្នកនេសាទបរទេសប៉ុន្មាននាក់នោះឡើយ និងថាតើស្ថានភាពរបស់ពួកគេដូចម្ដេច និងថាតើពួកគេមកដល់កោះអំបុននេះដោយវិធីណានៅឡើយទេ។ថ្ងៃទី១បានផ្ដោតទៅលើកំពង់ផែមួយក្នុងចំណោមកំពង់ផែនៅលើកោះនេះ ទីដែលមន្ត្រីមូលដ្ឋានមួយចំនួនបានកំណត់ថា ទូកនេសាទបរទេសត្រូវបានចូលចត”។
យោងតាមក្រសួងការបរទេសបានឲ្យដឹងថា អ្នកនេសាទខ្មែរ១៩៩នាក់នៅលើកោះអំបុន គឺជាជនរងគ្រោះដោយការជួញដូរមនុស្សទាំងអស់។
អ្នកនេសាទខ្មែរជិត១០០នាក់ត្រូវបានធ្វើមាតុភូមិនិវត្តរួចហើយ ដោយមានជំនួយពីអង្គការអន្តរជាតិទេសន្តប្រវេសន៍កាលពីពីរបីសប្ដាហ៍មុន បន្ទាប់ពីត្រូវបានជួយសង្គ្រោះពីការងារដោយបង្ខំនៅលើទូកនេសាទថៃ ដែលបានប្រើកោះមួយទៀតជាកន្លែងរបស់ពូកគេ៕ សារុន