កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសសមាជិករណសិរ្សរំដោះជាតិខ្មែរម្នាក់ ជាក្រុមដែលតស៊ូមតិទាមទារឲ្យបណ្តេញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា កាន់អំណាចរបស់លោក ដោយចោទប្រកាន់ពីបទមានផែនការផ្តួលរំលំរដ្ឋាភិបាល និងក្លែងឯកសារដែលលោកបានបដិសេធ។
លោក កោ វណ្ឌី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍នៅក្នុងតុលាការថា “តុលាការបានសម្រេចផ្តន្ទាទោសលោក ហ៊ិន ចាន់ អាយុ៣២ឆ្នាំជាជនជាតិខ្មែរឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ដោយចោទប្រកាន់ពីបទចូលរួមក្នុងផែនការសម្ងាត់នោះ… និងចោទប្រកាន់ពីបទក្លែងឯកសារសាធារណៈ។
នៅសវនាការកាត់ក្តីលោក ហ៊ិន ចាន់ កាលពីសប្តាហ៍មុន អយ្យការបានចោទប្រកាន់គាត់ពីបទក្លែងលិខិតឆ្លងដែនកាលពីឆ្នាំមុន និងផ្សព្វផ្សាយសាររបស់រណសិរ្សរំដោះជាតិខ្មែរតាមប្រព័ន្ធអីុនធើណិតកាលពីឆ្នាំ២០១២ រហូតដល់លោកត្រូវបានចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០១៤។

នៅពេលចាកចេញពីសាលសវនាការ លោក ហ៊ិន ចាន់ បានមានប្រសាសន៍ថា លោកនឹងប្តឹងឧទ្ធរណ៍។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនទទួលយកសេចក្តីសម្រេចនេះទេ។ វាមិនយុត្តិធម៌ឡើយ ហើយខ្ញុំនឹងប្តឹងឧទ្ធរណ៍។ ខ្ញុំមិនបានធ្វើអ្វីខុសទេ”។
លោក សំ សុគង់ មេធាវីរបស់លោកបានមានប្រសាសន៍ថា លោក ហ៊ិន ចាន់ គឺជាអ្នកបង្កើតប្លុក(blog)ឲ្យរណសិរ្សរំដោះជាតិខ្មែរ ហើយថា បំណងតែមួយគត់របស់គាត់ គឺចង់ដឹងពីសិទ្ធិមនុស្ស។
លោកបានមានប្រសាសន៍ថា “គាត់បានចូលរួមក្នុងនាមជានិស្សិតម្នាក់ ពីព្រោះគាត់ចង់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សពីរណសិរ្សរំដោះជាតិខ្មែរ។ គាត់មិនដឹងថា វាជាចលនាប្រឆាំងរដ្ឋាភិបាលឡើយ”។
បន្ទាប់ពីសវនាការជំនុំជម្រះ កាលពីសប្តាហ៍មុន លោក សំ សុគង់ បានមានប្រសាសន៍ថា កូនក្តីរបស់លោកបានក្លែងលិខិតឆ្លងដែន ដើម្បីទៅរកការងារធ្វើនៅក្នុងប្រទេសថៃតែប៉ុណ្ណោះ។
បន្ទាប់ពីការផ្តន្ទាទោសកាលពីម្សិលមិញ អ្នកស្រី ហ្គិច ឯម ម្តាយរបស់លោក ហ៊ិន ចាន់
បានមានប្រសាសន៍ថា កូនប្រុសរបស់អ្នកស្រីត្រូវបានរណសិរ្សរំដោះជាតិខ្មែរជ្រើសរើសឲ្យធ្វើការពីព្រោះគាត់មានជំនាញខាងកុំព្យូទ័រ។
អ្នកស្រីបានមានប្រសាសន៍ថា “នេះមិនយុត្តិធម៌ចំពោះកូនប្រុសខ្ញុំទេ ពីព្រោះគាត់មិនមែនជាមេដឹកនាំក្រុមនេះឡើយ។ ពួកគេគ្រាន់តែសុំឲ្យគាត់ធ្វើការងារមួយចំនួន ព្រោះគាត់មានជំនាញច្រើនផ្នែកកុំព្យូទ័រ”។
រណសិរ្សរំដោះជាតិខ្មែរបានប្រកាសពីបំណងរបស់ខ្លួនក្នុងការបង្កើតរដ្ឋាភិបាលនិរទេសដើម្បី តតាំងនឹងការកាន់អំណាចរយៈពេលជាច្រើនទសវត្សរ៍របស់លោក ហ៊ុន សែន ប៉ុន្តែ បានបដិសេធការអះអាងរបស់រដ្ឋាភិបាលដែលថា រណសិរ្សនេះកំពុងហ្វឹកហាត់ទាហានឆ្លងព្រំដែនក្នុងប្រទេសថៃ។
លោក ហ៊ិន ចាន់ បានមានប្រសាសន៍ថា ទាំងរូបលោក និងរណសិរ្សរំដោះជាតិខ្មែរគ្មានបំណងផ្តួលរំលំរដ្ឋាភិបាលឡើយ៕ សារុន