ប្រវត្តិវិទូ អាឡាន់ ហ្វ័ររេស្ត ស្រាវជ្រាវការវិវត្តនៃសាសនានៅកម្ពុជា

សម្រាប់រយៈពេលមួយសហស្សវត្សរ៍ ក្នុងពេលដែលប្រជាពលរដ្ឋកម្ពុជាកាន់សាសនាថ្មី ពួកគេក៏ប្រកាន់យកជំនឿនិងទម្លាប់ចាស់ៗមួយចំនួនដែរ។
លោក អាឡាន់ ហ្វ័ររេស្ត ប្រវត្តិវិទូជនជាតិបារាំង បាននិយាយអំពីទំនោរដើម្បីស្វាគមន៍ដល់កត្តានៃសាសនាខុសៗគ្នាថា ”គំនិតនេះគឺថាសាសនាមួយមានឥទ្ធិពលភ្លាមៗ ជាហេតុដែលគេត្រូវគោរពទេវតាទាំងអស់តែម្តង”។
តាមប្រវត្តិសាស្ត្រ ព្រះមហាក្សត្រនិងមេដឹកនាំសាសនា ក៏ប្រើវិធីជាក់ស្តែងដែរ។ ប្រវត្តិវិទូរូបនេះបានមានប្រសាសន៍ថា “ គំនិតនៅពីក្រោយសាសនា គឺត្រូវបង្កើនវេទមន្តដើម្បីអំណាច”។
សៀវភៅដែលបោះពុម្ភផ្សាយនាពេលថ្មីៗនេះរបស់លោក ហ្វ័ររេស ដែលមានចំណងជើងថា “ប្រវត្តិសាសនានៃកម្ពុជា”និយាយអំពីប្រវត្តិថាពេលណានិងហតុអ្្វីបានជាជនជាតិខ្មែរកាន់សាសនាផ្សេងៗ។
ចេញផ្សាយដោយរោងពុម្ពប៉ារីស ឡេ អង់ សាវ៉ង់ សៀវភៅមាន២៦៧ទំព័រនេះ លើកយកចរន្តសាសនាស្ថិតក្នុងការបត់បែននិងការប្រែប្រួលនៃការអភិវឌ្ឍកម្ពុជា ដោយផ្តល់នូវការពិនិត្យមើលប្រវត្តិប្រទេស។ វាផ្តោតទៅលើការស្រាវជ្រាវផ្ទាល់ ប័ណ្ណសារជាភាសាបាំង និងភាសាខ្មែរ និងការសិក្សាដែលទាក់ទងគ្នាសំខាន់ៗដែលបោះពុម្ភចាប់តាំងពីចុងសតវត្សរ៍ទី១៩។
ការងារចាប់ផ្តើមជាមួយការពិពណ៌នាអំពីប្រជាពលរដ្ឋខ្មែរកាលពីជាង២០០០ឆ្នាំមុន។ ក្នុងខណៈដែលពួកគេចាប់ផ្តើមដាំដុះលើដី ពួកគេពង្រីកជំនឿធម្មតានិងរឿងព្រេងដូចជារឿងព្រេងនិទាន”ទេពធីតាស្រូវ”និង”ក្រពើ” ដើម្បីពន្យល់កំណើតប្រទេសរបស់គេ និងបាតុភូតធម្មជាតិ។ សៀវភៅនេះ ពន្យល់ថា ពិធីដែលធ្មេញក្មេងប្រុសជំទង់លាបម្រ័ក្សណ៍ខ្មៅ នៅតែអនុវត្តរហូតមកដល់ពេលថ្មីៗនេះ គឺសតវត្សរ៍ទី២០ មានដើមកំណើតនៅក្នុងសករាជនោះ គោលបំណងគឺធ្វើឲ្យបុរសក្មេងៗយល់ដឹងពីមនុស្សជាតិ ដោយធ្វើឲ្យធ្មេញរបស់គេមិនដូចគ្នានឹងធ្មេញសរបស់ក្រពើ និងសត្វស៊ីសត្វផ្សេងជាអាហារទេ។
ក្នុងពេលដែលផ្លូវជំនួញតាមទឹករីកចម្រើនរវាងមជ្ឈិមបូព៌ា ចិននិងឥណ្ឌានៅប្រហែលសតវត្សរ៍ទីមួយ កំពង់ផែទាំងអស់កើតឡើងតាមឆ្នេរឈូងសមុទ្រថៃ ក្នុងពេលនោះមេដឹកនាំខ្មែរមួយចំនួនបានកំពុងការពារអំណាចរបស់ខ្លួនទៅលើផ្នែកនានានៃប្រទេសកម្ពុជាភាគខាងត្បូង។

លោក ហ្វ័ររេស្ត សរសេរថា”ឆ្នេរសមុទ្ររវាងកំពតនិងដាណាង បានក្លាយជាកំពង់ផែត្រូវការចាំបាច់រវាងឧបទ្វីបម៉ាឡេស៊ី ចិននិងឥណ្ឌា គឺសម្រាប់នាវាដឹកជញ្ជូនសម្ភារផ្គត់ផ្គង់”។
ផ្លូវជំនួញទាំងនេះ ដែលជំរុញការដោះដូរនិងការរៀបអាពាហ៍ពិពាហ៍រវាងព្រះរាជវង្សានុវង្សនៅក្នុងតំបន់ ក៏បាននាំមកនូវព្រហ្មញ្ញសាសនាមកកម្ពុជា។ វិសាលភាពនៃទំនាក់ទំនងត្រូវបានបង្ហាញឲ្យឃើញដោយហេតុការណ៍ថា ព្រះមហាក្សត្រខ្មែរនៅក្នុងសតវត្សរ៍ទី៤ មានព្រះនាមកោណ្ឌញតាមនាមព្រាហ្មណ៍នៃរឿងព្រេងនិទានឥណ្ឌា។ អាចារ្យព្រាហ្មណ៍មានមុខតំណែងដ៏មានឥទ្ធិពលនៅក្នុងរាជវាំងក្នុងសម័យអង្គរ ចំណែកឯព្រះមហាក្សត្រអង្គខ្លះនឹងជ្រើសកាន់សាសនាហិណ្ឌូ ដែលគោរពបូជាព្រះសេវៈ ឬព្រះវិស្ណុ ឬក្នុងករណីព្រះមហាក្សត្រជយវរ័្មនទី៧ បានកាន់ព្រះពុទ្ធសាសនា។
យោងតាមលោក ហ្វ័ររេស ឲ្យដឹងថា ទោះបីជាព្រះមហាក្សត្រក្នុងសម័យអង្គរមិនត្រូវចាត់ទុកជាទេវតាក៏ដោយ ក៏ពិធីបែបព្រហ្មញ្ញសាសនាបានចាត់ទុកស្តេចថាជ្រើសរើសដោយព្រះអាទិទេពដែរ។ព្រះឋានៈព្រះមហាក្សត្រនឹងផ្លាស់ប្តូរ នៅពេលដែលប្រទេសជាតិប្រកាន់យកទាំងស្រុងនូវព្រះពុទ្ធសាសនាថេរវាទក្នុងទសវត្សរ៍ឆ្នាំ១៤០០ ពោលគឺចាប់តាំងពីពេលនោះមក ព្រះមហាក្សត្រនឹងត្រូវគេដឹងថាជ្រើសរើសដោយមនុស្ស។
លោក ហ្វ័ររេស្ត សរសេរថា”វាស្ទើរតែប្រាកដណាស់ថាការវិវឌ្ឍព្រះពុទ្ធសាសនា…ឆ្លុះបញ្ចាំងឲ្យឃើញនូវសេចក្តីប្រាថ្នានិងការវិវត្តពិតប្រាកដឆ្ពោះទៅរកការផ្លាស់ប្តូរក្នុងសង្គម ដែលក្នុងនោះរចនាសម្ព័ន្ធសង្គម នឹងត្រូវកំណត់ដោយមិនអាចទប់ទល់បាន ហើយទំនាក់ទំនងនៃភាពមានអំណាចជាងនឹងធ្វើឲ្យមានមនុស្សធម៌ច្រើនជាងដែរ”។
ប្រវត្តិវិទូរូបនេះ បានមានប្រសាសន៍បន្ថែមថា លក្ខណៈសំខាន់មួយនៃព្រះពុទ្ធសាសនាដែលនឹងផ្លាស់ប្តូរសង្គមគឺថា មិនដូចជាអាចារ្យព្រាហ្មណ៍ដែលសុទ្ធតែមកពីគ្រួសារខ្ពង់ខ្ពស់ គឺយុវជនក្មេងៗដែលមានប្រវត្តិសាវតារខុសៗគ្នា ក៏អាចក្លាយជាព្រះសង្ឃដែរ។
ការដកថយរបស់កម្ពុជាពីអង្គរនៅក្នុងពាក់កណ្តាលសតវត្សរ៍ទី១៥ នឹងជាការចាប់ផ្តើមនៃពេលវេលាមិនប្រាកដប្រជា ក្នុងពេលដែលព្រះមហាក្សត្រជាបន្តបន្ទាប់ បានប្តូររាជធានីពីក្រុងមួយទៅក្រុងមួយ ហើយប្រជារាស្ត្រត្រូវកែច្នៃប្រឌិតឡើងវិញនូវវិធីសាស្ត្រធ្វើកសិកម្ម ដើម្បីសម្របទៅតាមតំបន់ថ្មី។

សៀវភៅនេះសរសេរថា ការមកដល់នៃស្តេចអង្គចន្ទ ដែលតាំងរាជធានីព្រះអង្គនៅឯលង្វែកក្នុងរយៈពេលដំបូងនៃសតវត្សរ៍ទី១៦ បាននាំមកនូវស្ថិរភាពខ្លះៗ។ក្នុងអំឡុងពេលនោះ ជំនឿបុរេប្រវត្តិនិងអ្នកតាដែលកើតមានគ្រប់ទីកន្លែង ត្រូវបានច្របាច់បញ្ចូលជាមួយព្រះពុទ្ធសាសនា។
ស្ថិរភាពបានឈានដល់ទីបញ្ចប់ក្នុងឆ្នាំ១៥៩៤ ក្នុងពេលដែលថៃបានវាយប្រហារនិងលុកលុយលង្វែក។ បញ្ហានេះបាននាំមកនូវសករាជដ៏ខ្មៅងងឹតនៃរយៈពេលស្ទើរតែពីរសតវត្សរ៍ ដែលនៅពេលនោះប្រទេសកម្ពុជា ប្រឈមនឹងសឹកសង្គ្រាមឥតឈប់ឈរ ក្នុងពេលព្រះអង្គម្ចាស់ទាំងឡាយបានស្វែងរកការគាំទ្រពីវៀតណាម ឬប្រទេសថៃ ដើម្បីដណ្តើមរាជបល្ល័ង្ក។
លោក ហ្វ័ររេស្ត សរសេរថា ព្រះអង្គម្ចាស់ទាំងឡាយមានជីវភាពរស់នៅល្អប្រសើរ ចំណែកឯប្រជារាស្ត្រវិញមិនដូច្នេះទេ ពោលគឺវៀតណាមបានដាក់គំនាបរដ្ឋបាលគ្រប់គ្រងនិងវិធីសាស្ត្ររបស់ខ្លួនមកលើប្រជារាស្ត្រ ចំណែកឯថៃវិញបានបង្ខំឲ្យមនុស្សម្នាចាកចេញពីប្រទេសកម្ពុជា ហើយនាំមកធ្វើជាទាសកររាប់ពាន់នាក់នៅក្នុងប្រទេសថៃ។
នៅពេលនោះ ព្រះពុទ្ធសាសនាថៃទទួលបានឱកាសមាស ដោយមានឥទ្ធិពលសុសសាយទូទាំងតំបន់។ ព្រះអង្គម្ចាស់និងព្រះសង្ឃមួយក្រុមតូច បានយាងទៅសិក្សានៅឯវត្តអារាមថៃ។
ជាការទប់ស្កាត់ឥទ្ធិពលថៃនេះ ដែលរដ្ឋបាលបារាំងគិតថា អាចរាលដាលទៅដល់នយោបាយ នឹងនាំឲ្យមានការបង្កើតឡើងនូវវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនៅក្នុងឆ្នាំ១៩២០ក្នុងក្រុងភ្នំពេញ ហើយជំរុញឲ្យមានការបណ្តុះបណ្តាលជាន់ខ្ពស់សម្រាប់ព្រះសង្ឃខ្មែរនៅក្នុងប្រទេសកម្ពុជា។
សាក្សីម្នាក់ដែលដកស្រង់សម្តីនៅក្នុងសៀវភៅនេះនិយាយថា ក្នុងពេលដែលព្រះបាទអង្គឌួង បានឡើងគ្រងរាជ្យសម្បត្តិនៅក្នុងឆ្នាំ១៨៤៥ ប្រទេសកម្ពុជាបានស្ថិតក្នុងភាពក្រីក្រលំបាកតោកយ៉ាក។ “ភាពក្រីក្របានកើតឡើងគ្រប់ទីកន្លែងទូទាំងប្រទេស….កសិករបានរត់ចោលភូមិឋានទាំងឡាយ ពីព្រោះពួកគេខ្លាចវៀតណាមនិងសៀមដែលលួចប្លន់ដំណាំដំណោចរបស់គេ”។
ព្រះបាទអង្គឌួងបានចាប់ផ្តើមបង្កើតកម្មវិធីទាំងឡាយដើម្បីកែខៃស្ថានការណ៍។កិច្ចការនេះរួមមានការកសាងស្តារឡើងវិញនូវវត្តអារាមដែលត្រូវបានបំផ្លិចបំផ្លាញ ហើយទ្រទ្រង់ការអភិវឌ្ឍស្ថាប័នពុទ្ធសាសនា។ ការភ័យខ្លាចប្រទេសជិតខាងដែលមានឥទ្ធិពលជាងខ្លួន បានធ្វើឲ្យស្តេចនរោត្តមឡាុយព្រះហស្ថលេខាលើសន្ធិសញ្ញាអាណាព្យាបាលជាមួយប្រទេសបារាំងក្នុងឆ្នាំ១៨៦៣។
ក្នុងទសវត្សរ៍ឆ្នាំ១៨០០ មាននិកាយថ្មីមួយ គឺធម្មយុត្តិកនិកាយបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ដោយផ្សព្វផ្សាយទៅនឹងច្បាប់ថេរវាទដើម។ នៅពេលស្តេចអង្គឌួងបានប្តូររាជធានីរបស់ព្រះអង្គពីឧត្តុង្គមកក្រុងភ្នំពេញក្នុងឆ្នាំ១៨៦៦ និកាយនេះបានស្ថិតនៅក្នុងវត្តបទុម ចំណែកឯគណៈមហានិកាយវិញបានស្ថិតនៅក្នុងវត្តឧណ្ណាលោម។ វត្តអារាមទាំងនេះនៅតែជាទីកន្លែងសម្រាប់និកាយនីមួយៗរហូតមកដល់សព្វថ្ងៃនេះ។
ក្នុងសតវត្សរ៍ទី២០ ព្រះសង្ឃទទួលបានកម្មវិធីអប់រំដែលទ្រទ្រង់ដោយបារាំង លទ្ធផលមួយគឺថា ព្រះសង្ឃអង្គខ្លះ បានស្ថិតក្នុងចំណោមបញ្ញវន្តខ្មែរដំបូងដែលទាមទារឯករាជ្យពីប្រទេសបារាំង។ ព្រះសង្ឃទាំងនោះ រួមមានដូចជាព្រះតេជគុណ ជួន ណាត និង ហួត តាត ដែលមានឥទ្ធិពលលើសលុបលើព្រះពុទ្ធសាសនាខ្មែរ រហូតដល់ព្រះអង្គទាំងពីរអង្គបានសុគតក្នុងឆ្នាំ១៩៦៨និងឆ្នាំ១៩៧៥។ ព្រះអង្គថែមទាំងបានសិក្សាសំស្ក្រឹតជាមួយអ្នកប្រាជ្ញបារាំងក្នុងក្រុងហាណូយដែរ។
កម្ពុជាទទួលបានឯករាជ្យក្នុងឆ្នាំ១៩៥៣ ហើយរហូតដល់ប្រហែលឆ្នាំ១៩៦៧ វត្តអារាមព្រះពុទ្ធសាសនាបានរីកដុះដាល។ ការប្រឆាំងកាន់តែច្រើនឡើងនឹងរដ្ឋាភិបាលព្រះអង្គម្ចាស់នរោត្តម សីហនុក្នុងទសវត្សរ៍ឆ្នាំ១៩៦០បានទៅដល់វត្តអារាមនានា។

សៀវភៅសរសេរថា”ការបង្ក្រាបលើ[របប]ប្រឆាំងទាំងនោះ ដោយសំអាងលេសថាគាំទ្រខ្មែរក្រហម សូម្បីតែវត្តអារាមក៏មិនអាចជៀសផុតដែរ ពោលគឺមានការស៊ើបអង្កេតកាន់តែខ្លាំង ហើយជាទីកន្លែង នៅពេលមានការសង្ស័យ ព្រះសង្ឃអង្គខ្លះត្រូវចាប់ផ្សឹកយ៉ាងឃោរឃៅ ដើម្បីចាប់ខ្លួនភ្លាមៗ”។
ក្នុងអំឡុងរបបខ្មែរក្រហម ព្រះសង្ឃល្បីៗមួយចំនួនត្រូវបានធ្វើគត ចំណែកឯព្រះសង្ឃផ្សេងទៀតត្រូវបានផ្សឹកធ្វើជាប្រជាពលរដ្ឋធម្មតា។
បន្ទាប់ពីការដួលរលំរបបប៉ុល ពត ក្នុងខែមករា ឆ្នាំ១៩៧៩ គណៈមហានិកាយ ត្រូវបានស្តារឡើងវិញដែលដឹកនាំដោយព្រះតេជគុណ ទេព វង្ស។ គណៈធម្មយុត្តិកនិកាយ ដែលគេចាត់ទុកថាខ្ពង់ខ្ពស់ពេកត្រូវបានហាមឃាត់ ប៉ុន្តែត្រូវបានបង្កើតឡើងវិញបន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីសក្នុងឆ្នាំ១៩៩១។
លោក ហ្វ័ររេស្ត សរសេរថា រាប់សតវត្សរ៍មកនេះ សញ្ញាណនៃព្រះសង្ឃនិងពុទ្ធសាសនិកដែលទាក់ទងគ្នាតាមរយៈការចែករំលែកវិភាគទាន ដែលផ្តល់ឲ្យពុទ្ធសាសនិកនូវកុសលផលបុណ្យធ្វើឲ្យពួកគេមានអនាគតត្រចេះត្រចង់នៅជាតិក្រោយ បានក្លាយជាទិដ្ឋភាពសាសនាសំខាន់មួយនៅក្នុងសង្គមកម្ពុជា។
ប្រវត្តិវិទូរូបនេះបាននិយាយថា សព្វថ្ងៃនេះ បញ្ហានេះបានធ្វើឲ្យជនជាតិខ្មែរដែលរស់នៅក្នុងប្រទេស ឬក្រៅប្រទេសឧបត្ថម្ភមូលនិធិដល់ការសាងសង់អគារថ្មីៗនៅតាមវត្តអារាមរបស់គេ។ គម្រោងសាងសង់បែបនេះ ជាញឹកញាប់ត្រូវបានធ្វើឡើងដោយមានការយល់ដឹងតិចតួច ឬគ្មានការយល់ដឹងទាល់តែសោះចំពោះសេចក្តីត្រូវការពិតប្រាកដនៅតាមវត្តអារាម ឬតម្លៃជាប្រវត្តិសាស្ត្រ វប្បធម៌ ឬបែបសិល្បៈនៃអ្វីដែលត្រូវបំផ្លាញចោល និងអ្វីនឹងត្រូវយកមកជំនួសវិញ។
បន្ថែមទៅលើការបួងសួងសុំឲ្យមានកុសលផលបុណ្យ សប្បុរសជនតែងតែឧទ្ទិសកុសលជូនចំពោះអ្នកដែលបានស្លាប់បាត់បង់អាយុជីវិតក្នុងអំឡុងពេលសង្គ្រាមនិងជម្លោះរយៈពេលពីរទសវត្សរ៍នៅក្នុងប្រទេសនេះ។
លោក ហ្វ័ររេស្ត សរសេរថា “សរុបមក ព្រះពុទ្ធសាសនាកំពុងក្លាយជាសាសនាមួយនៃអ្នកដែលស្លាប់ ហើយវាអាចជាលក្ខណៈដែលសំដៅចាត់ទុកសាសនាជាលក្ខណៈពិសេសក្នុងពេលអនាគត ដើម្បីកំណត់ការវិវត្តរបស់ខ្លួន ហើយធានានូវភាពអចិន្ត្រៃយ៍របស់ខ្លួនដែរ”។

ក្នុងពេលដែលស្ថាប័នសាសនារបស់ប្រទេសកម្ពុជាឈានចូលសតវត្សរ៍ទី២១ ប្រវត្តិវិទូរូបនេះ សរសេរថា “ការប្រឈមពិតប្រាកដសព្វថ្ងៃនេះ ស្ថិតក្នុងការផ្លាស់ប្តូរដែលកើតឡើងក្នុងសង្គម គឺការលេចឡើងនូវសង្គមមួយដែលធ្វើជាបស្ចិមប្រទេសភាវូបនីយកម្មនិងបន្ទាប់មកជាសាកលភាវូបនីយកម្ម និងជាសង្គមបែបទីក្រុង ឬយ៉ាងហោចណាស់ជាការបញ្ចប់ការរស់នៅឯកោបែបជនបទ ដោយមានកិច្ចអភិវឌ្ឍពហុទម្រង់ក្នុងការប្រាស្រ័យទាក់ទងគ្នា”។
លោក ហ្វ័ររេស្ត បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសថា “ការប្រឈមមួយផ្សេងទៀតសម្រាប់ព្រះពុទ្ធសាសនា គឺកំពុងឈានដល់ស្រទាប់យុវជនសព្វថ្ងៃនេះ”។ លោក ហ្វ័ររេស្ត បាននិយាយថា ទោះបីជាយុវជនប្រតិបត្តិតាមកិច្ចពិធីផ្សេងៗក៏ដោយ ក៏មិនមានការដឹងថាតើគេធ្វើដោយសារតែជំនឿសាសនាណាមួយ ឬក៏គ្រាន់តែគោរពឪពុកម្តាយនិងក្រុមគ្រួសាររបស់គេឬយ៉ាងណាទេ។
កើតនៅក្នុងឆ្នាំ១៩៤៦ លោក ហ្វ័ររេស្ត បានរស់នៅក្នុងប្រទេសកម្ពុជាក្នុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ក្នុងសហគមន៍កាតូលិកតាមទន្លេមេគង្គ។ លោកជាសាស្ត្រាចារ្យសាកលវិទ្យាល័យ ជាអ្នកស្រាវជ្រាវ និងអ្នកនិពន្ធសៀវភៅ ដែលមើលការខុសត្រូវលើការប្រមូលផ្តុំឯកសារស្តីពីការសិក្សាអាស៊ី ហើយក្នុងឆ្នាំ១៩៨០ លោកបានបោះពុម្ពការសិក្សាសំខាន់មួយអំពីរដ្ឋបាលបារាំងនៅក្នុងប្រទេសកម្ពុជារវាងឆ្នាំ១៨៩៧ និងឆ្នាំ១៩២០។
លោក ហ្វ័ររេស្ត បានឈប់សិក្សាអំពីប្រទេសកម្ពុជាមួយរយៈ ក្នុងពេលអ្នកដែលលោកបានស្គាល់ពេលលោករស់នៅក្នុងប្រទេសកម្ពុជាបានស្លាប់ក្នុងពេលសង្គ្រាមនិងជម្លោះអស់រយៈពេលជាច្រើនឆ្នាំ។ លុះមកដល់ឆ្នាំ១៩៩២ លោកបានបោះពុម្ពការសិក្សាអំពីអ្នកតាខ្មែរ។ ចាប់តាំងពីពេលនោះមកលោកមើលការខុសត្រូវលើការចេញផ្សាយការងារផ្សេងៗអំពីកម្ពុជា ទន្ទឹមនឹងបន្តស្រាវជ្រាវផងដែរ។
មានមូលដ្ឋាននៅក្នុងប្រទេសបារាំង លោកមកប្រទេសកម្ពុជាច្រើនលើកច្រើនសាក្នុងមួយឆ្នាំ ដើម្បីបង្រៀននៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៕ រើន
