31 C
Phnom Penh

សហ​ប្រជាជាតិ​ប្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក​ថា យើង​ចង់​បាន​មុខ​ជំនួញ​របស់​អ្នក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេសកកម្ម​អ៊ុនតាក់​អស់​ប្រាក់​១,៦​ពាន់​លាន​ដុល្លារ​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​បាន​ចាក់​បញ្ចូល​ប្រាក់​ដ៏​ច្រើន​ទៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ ឥឡូវ​នេះ អង្គការ​សហប្រជាជាតិ​ចង់​ដាក់​បញ្ចូល​រាប់​លាន​ដុល្លារ​ទៀត​មក​ក្នុង​ប្រទេស​នេះ គឺ​លើក​នេះ​ដោយ​ការ​ទិញ​យក​សេវាកម្ម​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក។

ក្នុង​សិក្ខាសាលា​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ តំណាង​អង្គការ​សហ​ប្រជាជាតិ​ជាច្រើន​រូប បាន​ពន្យល់​ប្រាប់​ដោយ​សង្ខេប​ដល់​ម្ចាស់​ជំនួញ​កម្ពុជា​ប្រហែល​៣០​នាក់ អំពី​របៀប​ដែល​ពួកគេ​អាច​រក​ប្រាក់​បាន​រាប់​លាន​ដុល្លារ ដោយ​ការ​លក់​ផលិតផល ឬ​សេវា​របស់​ខ្លួន​ឲ្យ​ទី​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ជុំវិញ​ពិភព​លោក។

លោក ឌឺមីទ្រី ដូវហ្គោប៉ូលី (Dmitri Dovgopoly) នាយក​ផ្នែកលទ្ធកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​ថា “ទំហំ​សរុប​នៃ​ទីផ្សារ​របស់​អង្គការ​សហ​ប្រជាជាតិ​មាន​រវាង​១៦​ពាន់​លាន​ដុល្លារ​ទៅ​១៧​ពាន់​លាន​ដុល្លារ​នៅ​ទូទាំង​ពិភព​លោក​ជា​រៀង​រាល់​ឆ្នាំ”។

ទោះជា​មាន​សក្តានុពល​រក​ចំណេញ​បាន​ច្រើន​តាម​រយៈ​ការ​លក់​ទៅ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​ក៏​ដោយ ក៏​លោក ដូវហ្គោប៉ូលី បាន​និយាយ​ថា នៅ​ឆ្នាំ​២០១៣ ពាណិជ្ជកម្ម​កម្ពុជា​បាន​លក់​ទំនិញ​និង​សេវា​មាន​ត្រឹម​តែ​២៤,៦​លាន​ដុល្លារ​ប៉ុណ្ណោះ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ។ យោង​តាម​ធនាគារ​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ដដែល​នោះ ប្រទេស​អាហ្វហ្គានីស្ថាន ដែល​មាន​ផលិតផល​ក្នុង​ស្រុក​សរុប ២៥​ភាគរយ​ច្រើន​ជាង​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា រក​បាន​៧០០,៩​លាន​ដុល្លារ​ពី​កិច្ច​សន្យា​អង្គការ​សហ​ប្រជាជាតិ។

លោក ដូវហ្គោប៉ូលី បាន​និយាយ​ថា “យើង​ធ្វើ​ជំនួញ​តិចតួច​ណាស់​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​កង្វះ​ចំណេះដឹង​ក្នុង​ចំណោម​សហគមន៍​ជំនួញ​ក្នុង​ស្រុក អំពី​ឱកាស​ធ្វើ​ជំនួញ ដែល​យើង​អាច​ផ្តល់​ឲ្យ”។

យោង​តាម​របាយការណ៍​លទ្ធកម្ម​ឆ្នាំ​២០១៣​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​លក់​ទំនិញ​រាប់​សិប​មុខ​ទៅ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ មាន​ចាប់ពី​ឧបករណ៍​ពេទ្យ​និង​ម៉ូតូ​រហូត​ដល់​សម្ភារ​ការិយាល័យ​និង​ឯកសណ្ឋាន។ ប្រទេស​កម្ពុជា​ក៏​ផ្តល់​សេវា​មួយ​ចំនួន​ដែរ មាន​ដូចជា​ភ្នាក់ងារ​អចលន​ទ្រព្យ​និង​សេវា​បោះពុម្ព។

លោក ដូវហ្គោប៉ូលី បាន​បន្ថែម​ថា ទន្ទឹម​នឹង​មាន​តែ​ក្រុមហ៊ុន​កម្ពុជា​ប្រហែល​១០០​ប៉ុណ្ណោះ​លក់​ទៅ​ឲ្យ​អង្គការ​សហ​ប្រជាជាតិ​នោះ លោក​ជឿ​ថា ក្រុមហ៊ុន​ក្នុង​ស្រុក​មាន​លទ្ធភាព​ច្រើន​ផ្តល់​ឲ្យ​ខ្លូន មិន​មែន​ផ្តល់​តែ​ផលិតផល​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​មាន​សេវា​ផង​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា​មាន​សក្តានុពល​ច្រើន”។

លោក នួន រតនា សមាជិក​ក្រុម​ប្រឹក្សា​របស់​ក្រុមហ៊ុន RDL Logistics ជា​អ្នក​ចូលរួម​សិក្ខា​សាលា​ម្នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា ក្រុមហ៊ុន​របស់​លោក​មិន​ដែល​បាន​ធ្វើ​ជំនួញ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ទេ ពីព្រោះ​ខ្លួន​មិន​ដឹង​របៀប​ធ្វើ។

លោក រតនា បាន​និយាយ​ថា “យើង​មិន​មាន​ជើងសារ​ជំនួញ​ដែល​អនុញ្ញាត​ឲ្យ​យើង​បង្ហាញ​ផលិតផល​របស់​យើង​ដល់​អង្គការ​សហ​ប្រជាជាតិ ហើយ​ខ្ញុំ​គិត​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អង្គការ​ដ៏​ធំ​នេះ​បាន​ផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន​របស់​យើង​ដើម្បី​យល់​ដឹង​ពី​របៀប​ធ្វើ​ជំនួញ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ”។

លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ជួយ​រៀបចំ​សិក្ខា​សាលា​នេះ បាន​មាន​ប្រសាសន៍​ថា ការ​ប្រឈម​ធំ​បំផុត​ចំពោះ​ក្រុមហ៊ុន​កម្ពុជា គឺ​ការ​យក​ឈ្នះ​ការ​ដេញ​ថ្លៃ​របស់​អង្គការ​សហ​ប្រជាជាតិ។

លោក​បាន​មាន​ប្រសាសន៍​ថា “ឧទាហរណ៍ មាន​ក្រុមហ៊ុន​ល្អៗ​ដែល​មិន​ពុក​រលួយ ប៉ុន្តែ​ពួកគេ​មិន​អាច​ឈ្នះ​ការ​ដេញ​ថ្លៃ​ដោយសារ​កត្តា​ផ្សេងៗ ដូចជា​ចំនួន​នៃ​តម្រូវការ ឬ​ដោយសារ​ពេល​វេលា​ហួស​ពី​លទ្ធភាព​របស់​អ្នក​ផ្គត់ផ្គង់”។

ថ្លែង​បន្ទាប់ពី​សិក្ខា​សាលា​នោះ លោក ដូវហ្គោប៉ូលី បាន​និយាយ​ថា ទិដ្ឋភាព​សំខាន់​បំផុត​មួយ​នៃ​ការ​ធ្វើ​ជំនួញ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ គឺ​ការ​ធ្វើ​ទៅ​តាម​ការ​ព្រមព្រៀង​ជា​សាកល​របស់​ខ្លួន ដែល​តម្រូវ​ឲ្យ​មុខ​ជំនួញ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ការ​រើសអើង និង​ការ​រំលោភ​ពលកម្ម។ លោក​បាន​និយាយ​ថា ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​គេ​រក​ឃើញ​ថា​បាន​រំលោភ​បំពាន​ការ​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ អាច​ទទួល​រង​ទណ្ឌកម្ម​ជាច្រើន​ឆ្នាំ និង​ជាប់​ក្នុង​បញ្ជី​ខ្មៅ​ទៀត​ផង។

លោក​បាន​ឲ្យ​ដឹង​ថា “អាជីវករ​ម្នាក់ៗ​ត្រូវតែ​បញ្ជាក់​ដោយ​ខ្លួន​ឯង​ថា ខ្លួន​មិន​ពុក​រលួយ” ហើយ​លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន​ក៏​ត្រូវ​គេ​ពិនិត្យ​លើ​ទិន្នន័យ​ផ្សេងៗ​ដែរ។

លោក​បាន​និយាយ​ថា “ពិត​ហើយ វា​មិន​ផ្តល់​ឲ្យ​អ្នក​នូវ​ការ​ធានា​១០០​ភាគរយ​ទេ ប៉ុន្តែ យើង​ទទួល​បាន​ភាគ​ច្រើន​បំផុត”។

លោក​ស្រី ម៉ាតា អេសកូរីហូអេឡា មន្ត្រី​លទ្ធកម្ម​នៅ​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ចំណាយ​រវាង​១​លាន​ដុល្លារ​ទៅ​១,៥​លាន​ដុល្លារ​លើ​ផលិតផល​និង​សេវា​កម្ពុជា​រាល់​ឆ្នាំ បាន​ទទួល​ស្គាល់​ថា អំពើ​ពុក​រលួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ក្នុង​ស្រុក​ជា​បញ្ហា​មួយ។

លោក​ស្រី​បាន​និយាយ​ថា “នោះ​ជា​បញ្ហា​ដែល​ដំណើរការ​ឈ្នះ​លទ្ធកម្ម​របស់​យើង​ក្នុង​ប្រទេស​កម្ពុជា​ប្រហែល​ត្រូវការ​ពេល​យូរ​បន្តិច”។

លោក ព្រាប កុល នាយក​អង្គការ​តម្លាភាព​កម្ពុជា បាន​មាន​ប្រសាសន៍​តាម​រយៈ​អីុម៉េល​ថា ឲ្យ​ក្រុមហ៊ុន​អនុវត្ត​តាម​ច្បាប់​របស់​អង្គការ​សហ​ប្រជាជាតិ​នឹង​លើក​ទឹកចិត្ត​ឲ្យ​មុខ​ជំនួញ​លុប​បំបាត់​អំពើ​ពុក​រលួយ ប៉ុន្តែ​លោក​បាន​និយាយ​ថា ការ​រៀបចំ​មួយ​បែប​នេះ​នឹង​លំបាក​ចំពោះ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ការ​អនុវត្ត។

លោក​បាន​មាន​ប្រសាសន៍​ថា “ចំពោះ​ក្រុមហ៊ុន​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា អំពើ​ពុក​រលួយ​និង​លុយ​ទឹកតែ​ជា​ការ​ពិត​មិន​អាច​គេច​ផុត​ទេ ហើយ​វា​លំបាក​មើល​ឃើញ​ថា​បញ្ហា​នេះ​ត្រូវ​គេ​តាម​ដាន​និង​ដាក់​ពិន័យ​ដោយ​របៀបណា​ណាស់”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស