បន្ទាប់ពីផ្ទុះករណីជំងឺផ្លូវដង្ហើមដ៏កាចសាហាវមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបានផ្ដាច់ជីវិតមនុស្សបីនាក់ និងឆ្លងទៅមនុស្ស៣៦នាក់ផ្សេងទៀតនៅក្នុងប្រទេសនេះចាប់តាំងពីចុងខែមុនមកនោះ កាលពីថ្ងៃសុក្រមន្ត្រីសុខាភិបាលកម្ពុជា បានស្នើឲ្យអ្នកធ្វើដំណើរចេញពីតំបន់ឆ្លងជំងឺនេះមានការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺនេះនៅក្នុងប្រទេសកម្ពុជា។
យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ជំងឺផ្លូវដង្ហើមមជ្ឈិមបូពា៌ដែលហៅកាត់ថា MERS នេះ គឺជាជំងឺផ្លូវដង្ហើមមួយប្រភេទដែលត្រូវបានរកឃើញលើកដំបូងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០១២ ហើយចាប់តាំងពីពេលនោះមក ជំងឺនេះបានឆក់យកអាយុជីវិតមនុស្ស៤៤២នាក់ និងឆ្លងទៅមនុស្សចំនួន១.១៧៩នាក់ផ្សេងទៀត។
សេចក្ដីថ្លែងការណ៍មួយចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រមានខ្លឹមសារយ៉ាងដូច្នេះថា “ប្រសិនបើអ្នកមានអាការៈដូចខាងក្រោម ដូចជា គ្រុនក្ដៅ ក្អក និងថប់ៗដង្ហើមអំឡុងពេលធ្វើដំណើរ ឬក្រោយការវិលត្រឡប់របស់អ្នកពីបណ្ដាប្រទេសនៅមជ្ឈិមបូពា៌ ឬសាធារណរដ្ឋកូរ៉េ សូមទៅជួបគ្រូពេទ្យជាបន្ទាន់”។
លោក លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា អ្នកផ្ដល់សេវាសុខភាព និងនិយោជិកនៅអាកាសយានដ្ឋានក្នុងរាជធានីភ្នំពេញ និងអាកាសយានដ្ឋានក្នុងខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាលដើម្បីសម្គាល់ និងដាក់ដោយឡែកនូវករណីជំងឺ MERS ដែលអាចកើតមាន។
លោកបានមានប្រសាសន៍ទៀតថា “ដោយសារតែយើងមានជើងហោះហើរផ្ទាល់ពីកូរ៉េ [ខាងត្បូង] នោះហើយជាមូលហេតុដែលយើងព្រួយបារម្ភ។ យើងព្រួយបារម្ភណាស់ចំពោះបញ្ហានេះ យើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់”។
យោងតាមវេជ្ជបណ្ឌិត លី សុវណ្ណ បានឲ្យដឹងទៀតថា មានមន្ទីរពេទ្យចំនួនប្រាំមួយដែលត្រៀមព្យាបាលជំងឺដូចជាជំងឺ MERS ជាដើម ក្នុងនោះរួមមានមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងរាជធានីភ្នំពេញ ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម សៀមរាប កំពត និងស្ទឹងត្រែងផងដែរ។
លោកបានបញ្ជាក់ថា “ដូចអស់លោកបានដឹងហើយថា កន្លងមកយើងធ្លាប់បានពន្យារពេលការផ្ទុះករណីជំងឺផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា យើងមានបទពិសោធន៍ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ”។
លោកស្រី វីកឃី ហូសៀ (Vicky Houssiere) មន្ត្រីទំនាក់ទំនងរបស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា ហានិភ័យនៃការឆ្លងរាលដាលនៃជំងឺ MERS មកដល់កម្ពុជាគឺមិនខ្ពស់ទេ។ លោកស្រីបន្តថា “វាជាហានិភ័យដូចនៅក្នុងប្រទេសផ្សេងៗទៀតដែរ [ប៉ុន្តែ] នៅក្នុងប្រទេសកម្ពុជាគ្មានហានិភ័យខ្ពស់នៅក្នុងប្រទេសផ្សេងៗឡើយ។ ពេលអ្នកធ្វើដំណើរកាន់តែច្រើន ហានិភ័យដែលអ្នកឆ្លងជំងឺនេះក៏មានកាន់តែច្រើនដែរ។ ជំងឺគ្មានព្រំដែនទេ”។
លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា រហូតមកទល់ពេលនេះ ជំងឺនេះបានឆ្លងរាលដាលទៅដល់ប្រទេសចំនួន២៥ហើយ ក្នុងនោះរួមមានទាំងប្រទេសកូរ៉េខាងត្បូង ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសហ្វីលីពីនផង ដោយអត្រាស្លាប់មានប្រមាណ៣៦ភាគរយ៕ សុខុម