អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទីស្ដីការគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលដែលរងការរិះគន់យ៉ាងខ្លាំង ដោយដកពីរមាត្រាចេញដើម្បីធ្វើឲ្យការចុះបញ្ជី “មានលក្ខណៈសាមញ្ញ និងងាយស្រួលសម្រាប់អង្គការមិនមែនរដ្ឋាភិបាល” ហើយគ្រោងនឹងបញ្ជូនច្បាប់នេះទៅរដ្ឋសភានៅសប្ដាហ៍ក្រោយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ច្បាប់ដែលបណ្ដាអង្គការមិនមែនរដ្ឋាភិបាលព្រួយបារម្ភថា នឹងត្រូវរដ្ឋាភិបាលប្រើប្រាស់ដើម្បីបញ្ឈប់ការរិះគន់ក្នុងចំណោមអង្គការសង្គមស៊ីវិលតាមរយៈការរឹតបន្តឹងការចុះបញ្ជីនេះ នឹងត្រូវបញ្ជូនទៅរដ្ឋសភានៅដើមសប្ដាហ៍ក្រោយ បន្ទាប់ពីធ្វើការកែសម្រួលមួយចំនួន។
លោកបានមានប្រសាសន៍ទៀតថា “ច្បាប់នេះត្រូវបានអនុម័តនៅថ្ងៃនេះ ហើយវានឹងត្រូវបញ្ជូនទៅរដ្ឋសភានៅថ្ងៃច័ន្ទ ឬថ្ងៃអង្គារសប្ដាហ៍ក្រោយ ពីព្រោះយើងចាំបាច់ត្រូវលុបមាត្រាចំនួនពីរចេញ និងកែប្រែពាក្យពេចន៍មួយចំនួន។ មាត្រាទាំងពីរនេះត្រូវបានលុបចោលដោយសារតែមាត្រាទាំងនោះហាក់ដូចជាធ្វើឲ្យរឿងស្មុគស្មាញ ដូច្នេះហើយសម្ដេចនាយករដ្ឋមន្ត្រី [ហ៊ុន សែន] ចង់ធ្វើឲ្យវាមានលក្ខណៈសាមញ្ញ និងងាយស្រួលសម្រាប់អង្គការមិនមែនរដ្ឋាភិបាលចុះបញ្ជី មានន័យថា លុបបំបាត់បញ្ហាការិយាធិបតេយ្យ”។
លោក ផៃ ស៊ីផាន បានបដិសេធមិនបញ្ជាក់លម្អិតថា តើមាត្រាណាក្នុងចំណោម៤១មាត្រា នៃសេចក្ដីព្រាងច្បាប់នេះត្រូវបានលុបចោលនោះទេ។ លើកចុងក្រោយដែលច្បាប់នេះត្រូវបានប្រកាសជាសាធារណៈ គឺអំឡុងពេលពិភាក្សាដេញដោលក្នុងឆ្នាំ២០១១ មុនពេលច្បាប់នេះត្រូវបានផ្អាកជាបណ្ដោះអាសន្ន។
អ្នកនាំពាក្យរូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានឲ្យទៅមើលសេចក្ដីថ្លែងការណ៍មួយបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោកដែលក្នុងនោះបានលើកឡើងថា ច្បាប់ដែលត្រូវបានកែសម្រួលនេះ “មិនមាននិយាយ ឬកំណត់ភាគរយនៃចំណាយប្រតិបត្តិការផ្នែករដ្ឋបាលទាល់តែសោះ។ ការលើកលែងពន្ធ និងគ្រឿងលើកទឹកចិត្តនៅតែមាន”។
បន្ទាប់ពីរក្សាភាពស្ងាត់ស្ងៀមមិននិយាយអំពីច្បាប់នេះអស់ប៉ុន្មានឆ្នាំរួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីខែមេសាថា លោកសង្ឃឹមថានឹងឃើញច្បាប់នេះត្រូវបានអនុម័ត រួចបញ្ជូនទៅបោះឆ្នោតអនុម័តនៅក្នុងរដ្ឋសភាដែលគណបក្សប្រជាជនកម្ពុជាមានសំឡេងភាគច្រើន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍។
កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានព្យាយាមបញ្ជាក់ប្រាប់បណ្ដាអង្គការមិនមែនរដ្ឋាភិបាលជាថ្មីថា ច្បាប់នេះនឹងមិនជ្រៀតជ្រែកប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាឡើយ។ លោកបានមានប្រសាសន៍ថា “សូមបណ្ដាអង្គការមិនមែនរដ្ឋាភិបាល និងសមាគមកុំព្រួយបារម្ភចំពោះច្បាប់នេះ។ វានឹងការពារ គាំទ្រ និងបើកទូលាយឲ្យធ្វើសកម្មភាព”។
ប៉ុន្តែ នៅក្នុងថ្ងៃដដែលនោះ មន្ត្រីការទូតជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកបានមានប្រសាសន៍ថា ច្បាប់នេះគួរឲ្យព្រួយបារម្ភ និងមិនចាំបាច់ អំឡុងដំណើរទស្សនកិច្ចនៅរាជធានីភ្នំពេញ។
លោក ស្កុត បាស់ប៊ី (Scott Busby) ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានមានប្រសាសន៍ថា ”ខ្ញុំព្រួយបារម្ភថា ច្បាប់នេះនឹងរឹតបន្តឹង ឬដាក់បន្ទុកលើអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងបង្កការលំបាក ឬមិនអាចឲ្យពួកគេធ្វើកិច្ចការសំខាន់ៗរបស់ខ្លួនបាន”។
ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួន និងលោក វីលៀម ថូដ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ត្រូវបានក្រសួងការបរទេសរបស់កម្ពុជាព្រមានកុំឲ្យលូកដៃចូលក្នុងកិច្ចការអធិបតេយ្យរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បន្ទាប់ពីបានលើកឡើងជាសាធារណៈអំពីការព្រួយបារម្ភរបស់ខ្លួនចំពោះច្បាប់នេះ។
លោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់មកពីគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកជឿថា រដ្ឋាភិបាលបានផ្ដល់សម្បទានធំដល់សហគមន៍អង្គការមិនមែនរដ្ឋាភិបាលនៅក្នុងការដកមាត្រាចំនួនពីរចេញពីច្បាប់នេះ ប៉ុន្តែលោកបានថ្លែងថា លោកមិនប្រាកដថា មាត្រាណាត្រូវបានលុបចោលនោះទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដឹងច្បាស់ទេ ប៉ុន្តែខ្ញុំឮថាវាជាមាត្រាដ៏អាក្រក់។ ខ្ញុំរីករាយដែលរដ្ឋាភិបាលកែប្រែចិត្តគំនិតដោយការលុបមាត្រាធ្ងន់ធ្ងរមួយចំនួនចេញ”។
លោកបានបន្តថា គួរតែទុកពេលឲ្យតំណាងរាស្ត្រយ៉ាងហោចណាស់១ខែ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ច្បាប់នេះ មុនពេលដាក់ជូនឲ្យសភាអនុម័ត។ លោកបានបញ្ជាក់ថា “កន្លងមកយើងមានការព្រួយបារម្ភណាស់ថា គណបក្សកាន់អំណាចមានឆន្ទៈត្រឹមតែហៅសង្គមស៊ីវិលឲ្យបញ្ចេញទស្សនៈរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែបក្សកាន់អំណាមិនដែលយកទស្សនៈរបស់ពួកគេទៅពិចារណាឲ្យបានម៉ឺងម៉ាត់ដើម្បីធ្វើការកែប្រែ ឬធ្វើវិសោធនកម្មសេចក្ដីព្រាងដើមឡើយ។ ដូច្នេះ យើងសង្ឃឹមថា លើកនេះមិនគួរមានការប្រញាប់ប្រញាល់ទេ គួរតែមានពេលយ៉ាងហោចណាស់៤សប្ដាហ៍ដើម្បីឲ្យសង្គមស៊ីវិលបានចូលរួមពេញទំហឹង មុនកិច្ចពិភាក្សាដេញដោលរបស់សភា”។
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) បានមានប្រសាសន៍ថា ទោះបីជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាអាចអនុម័តច្បាប់នេះដោយមិនចាំបាច់មានការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាល ឬតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក្ដី តែវានឹងធ្វើឲ្យប៉ះពាល់ដល់ភាពគួរឲ្យជឿទុកចិត្តរបស់គណបក្សកាន់អំណាច ប្រសិនបើធ្វើដូច្នោះមែន។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមានកូរ៉ុមដើម្បីអនុម័តច្បាប់នេះ ប៉ុន្តែមានគុណសម្បត្តិ និងគុណវិបត្តិ។ គណបក្សកាន់អំណាច និងរដ្ឋាភិបាលគឺជាដៃគូជាមួយសង្គមស៊ីវិល ដូច្នេះប្រសិនបើពួកគេអនុម័តច្បាប់នេះដោយគ្មានការពិគ្រោះយោបល់ វានឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ពួកគេ។ ដូច្នេះ គណបក្សប្រជាជនកម្ពុជាគួរតែពិចារណាលើបញ្ហាមួយចំនួន ហើយផ្ដល់សេរីភាពឲ្យយើងធ្វើការពិគ្រោះយោបល់ ពីព្រោះខ្ញុំគិតថា ប្រជាពលរដ្ឋកម្ពុជាក៏តាមដានយ៉ាងស្អិតដែរចំពោះការអនុម័តច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាលនេះ។ ប្រសិនបើរឿងទាំងមូលមិនស្ថិតនៅក្នុងទិសដៅត្រឹមត្រូវទេ ប្រជាពលរដ្ឋនឹងធ្វើការកាត់សេចក្ដីដោយខ្លួនឯង”៕ សុខុម