អ្នកឃ្លាំមើលសិទ្ធិមនុស្សម្នាក់បាននិយាយកាលពីម្សិលមិញថា អ្នកអូសរទេះម្នាក់ដែលត្រូវបានកងរាជអាវុធហត្ថវាយរហូតដល់សន្លប់អំឡុងការតវ៉ាកាលពីថ្ងៃទី២៦ ខែឧសភា នៅក្នុងក្រុងប៉ោយប៉ែត្រ ដែលបង្កឲ្យមានការវាយប្រហារលើការិយាល័យគយក្នុងមូលដ្ឋាននោះ កាលពីថ្ងៃសុក្រ បានដាក់ពាក្យបណ្តឹងទៅតុលាការទាមទារសំណងចំនួន១០.០០០ដុល្លារពីអ្នកវាយរូបគាត់។
លោក ម៉ៅ សុន អាយុ៣២ឆ្នាំបានសន្លប់ ខណៈដែលកងរាជអាវុធហត្ថបានទាត់ធាក់ និងដាល់អ្នកអូសរទេះមួយក្រុមដែលបានបិទផ្លូវនៅច្រកព្រំដែនប៉ោយប៉ែតចូលក្នុងប្រទេសថៃដើម្បីតវ៉ានឹងការទារតម្លៃតាមតែអំពើចិត្តមកលើអ្នករកស៊ីតាមព្រំដែន ដោយបណ្តាលឲ្យអ្នករកស៊ីជាច្រើនទៀតគប់ដំុថ្មដាក់ការិយាល័យគយ។
លោក ស៊ុម ចាន់គា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា កាលពីថ្ងៃសុក្រ លោក សុន បានសុំឲ្យអង្គការរបស់លោកដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តដើម្បីស្វែងរកសំណង។
លោក ចាន់គា បានមានប្រសាសន៍ថា ពាក្យបណ្តឹងនោះមានឈ្មោះ “មន្ត្រី កងរាជអាវុធហត្ថពីរនាក់ គឺម្នាក់មកពីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងម្នាក់ទៀតមកពីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីទាមទារប្រាក់សំណងចំនួន១០.០០០ដុល្លារ”។
លោកបានបន្ថែមថា “យើងបានរៀបចំមេធាវីនៅអង្គការអាដហុករបស់យើងដើម្បីដោះស្រាយករណីតុលាការរបស់លោក ម៉ៅ សុន ទៅលើមន្ត្រី កងរាជអាវុធហត្ថពីរនាក់។
លោក ឱ បូរិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៍ថា លោកមិនប្រារម្ភអំពីពាក្យបណ្តឹងរបស់លោក សុន ឡើយ។លោកបានមានប្រសាសន៍ថា “ឲ្យគាត់ប្តឹងយើងចុះ។ ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយទេ”។
ការដួលរបស់លោក សុន អំឡុងការចាប់ខ្លួននៅការតវ៉ាកាលពីថ្ងៃទី២៦ ខែឧសភានោះបណ្តាលឲ្យអ្នកអូសរទេះជាច្រើនទៀតដែលជឿថា គាត់ត្រូវបានសម្លាប់នោះ បានវាយប្រហារការិយាល័យគយ ដោយបណ្តាលឲ្យកងរាជអាវុធហត្ថបាញ់ពីលើក្បាលរបស់ពួកគាត់តែម្តង។
លោក ផាន់ វណ្ណារ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលកាលពីសប្តាហ៍មុនទទួលបានរបាយការណ៍ពីអាជ្ញាធរខេត្ត និងនគរបាលអំពីការវាយប្រហារលើការិយាល័យគយនោះ បានមានប្រសាសន៍ថា លោកកំពុងធ្វើការស៊ើបអង្កេតដោយផ្ទាល់អំពីហេតុការណ៍នេះនៅឡើយ។
លោក វណ្ណារ័ត្ន បានមានប្រសាសន៍ថា “ខ្ញុំទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរូបេនះនៅការិយាល័យតុលាការរបស់យើងកាលពីថ្ងៃសុក្រ អំពីការដែលកងរាជអាវុធហត្ថវាយនិងទាត់ធាក់រូបគាត់ ហើយវាយខ្នោះគាត់រហូតដល់គាត់សន្លប់ ប៉ុន្តែ ខ្ញុំកំពុងពិនិត្យករណីនេះដោយប្រុងប្រយ័ត្ន…ដើម្បីស្វែងរកភ័ស្តុតាង និងសាក្សី”។
លោកបានមានប្រសាសន៍ថា “យើងបានបំបែកករណីនេះជាពីរ៖ គឺករណីទី១ពាក់ព័ន្ធកងរាជអាវុធហត្ថ ដែលវាយដំ និងទាត់ធាក់ជនរងគ្រោះ ដែលក្នុងនោះលោក ម៉ៅ សុន បានសន្លប់ និងការប្រើអំពើហិង្សារបស់ក្រុមអ្នកតវ៉ាដែលបានបំផ្លាញការិយាល័យគយ”។
លោកបានបន្ថែមថា “ករណីទាំងនេះ គឺពីរដាច់ដោយឡែកពីគ្នា បើទោះវាកើតឡើងនៅថ្ងៃតែមួយក៏ដោយ ខ្ញុំត្រូវពិនិត្យដោយយកចិត្តទុកដាក់ ហើយខ្ញុំមិនទាន់ធ្វើការសម្រេចណាមួយនៅឡើយទេ”។
លោក វណ្ណារ័ត្ន បានបន្ថែមថា លោកមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យណាម្នាក់ក្នុងការវាយប្រហារលើការិយាល័យគយនៅឡើយទេ។
អ្នកស្រី រ៉ាន់ ស្រីមុំ ជាប្រពន្ធរបស់លោក សុន បាននិយាយកាលពីម្សិលមិញថា ប្តីរបស់គាត់មិនអាចធ្វើជាអ្នករកស៊ីតាមព្រំដែនបានឡើយ ចាប់តាំងពីគាត់ត្រូវបានកងរាជអាវុធហត្ថវាយដំកាលពីសប្តាហ៍មុនមក។
អ្នកស្រីបាននិយាយថា “ប្តីរបស់ខ្ញុំមិនអាចលីសែងរបស់ធ្ងន់បានទេឥឡូវនេះ។ គាត់អង្គុយលើរទេះរុញចាំយាមរបស់របរតែបុ៉ណ្ណោះ។ មានតែខ្ញុំប៉ុណ្ណោះ ដែលលីសែងរបស់ទាំងនោះមកពីផ្សារថៃ ពីព្រោះប្តីរបស់ខ្ញុំមានរបួស ហើយគាត់នៅឈើចាប់ក្នុងខ្លួននៅឡើយ”៕សារុន