38 C
Phnom Penh

នគរ​បាល​ចាប់ខ្លួន​មន្ត្រី​ព្រឹទ្ធសភាម្នាក់នៅខាងក្រៅ​​ភូមិគ្រឹះ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​និងក្រុមមន្ត្រី​បាន​និយាយកាលពី​ម្សិលមិញថា មន្ត្រីព្រឹទ្ធសភាម្នាក់​ត្រូវ​បាន​​ឃាត់​ខ្លួន​រយៈពេល​ខ្លី​កាលពី​ថ្ងៃសៅរ៍​​បន្ទាប់ពី​បើក​រថយន្ត​មក​ឈប់​នៅខាងក្រៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានីភ្នំពេញ​ ហើយ​បាន​ចាប់ផ្តើម​ចុចស៊ីផ្លេ​​ទាមទារ​ឲ្យ​មាន​ការ​ពិភាក្សា​​អំពី​វិធី​ទប់ស្កាត់​ “សង្គ្រាម​លោក​លើកទី​៣”។

លោក គួច ចំរើន អភិបាល​ខណ្ឌដូន​ពេញបានមានប្រសាសន៍ថា លោក អៀង បូរិទ្ធ អាយុ​៣២ឆ្នាំ ជាមន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​​ដែល​បម្រើការ​ជា​អគ្គលេខាធិការ​រង​នៃ​គណៈ​កម្ម​ការ​ព្រឹទ្ធសភា​ទទួលបន្ទុក​កិច្ច​ការ​បរទេស​ ត្រូវបាន​ចាប់ខ្លួន​ដោយ​នគរបាល​ដែល​ប្រចាំ​ការ​នៅ​ក្រៅ​ភូមិគ្រឹះ​របស់លោក​ ហ៊ុន សែន បន្ទាប់ពី​គាត់​មិន​ព្រម​ចាក​ចេញ។

លោក​ ចំរើន បានមាន​ប្រសាសន៍ថា “​បុរស​រូបនេះ​បាន​បើក​រថយន្ត​មក​ឈប់​នៅ​មុខ​​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​ហើយ​បាន​ចុច​ស៊ីផ្លេ​ពីរបីដង​ ទាមទារ​ឲ្យ​សម្តេច​ ហ៊ុន សែន ចេញមក ពីព្រោះ​គាត់​ចង់​ពិភាក្សា​អំពី​ស្ថានភាព​ប្រទេសជាតិ”។

លោក​បាន​បន្ថែម​ថា​ “យើង​បាន​សាក​សួរ​បុរស​រូបនោះ ប៉ុន្តែ​ខ្ញុំ​មិន​យល់អ្វី​ដែលគាត់​ចង់​បាន​ឡើយ ពីព្រោះ​គាត់​និយាយ​គ្មានហេតុ​ផលឡើយ​។ គាត់​បាន​ប្រាប់ខ្ញុំថា គាត់​ចង់​ពិភាក្សា​​ជាមួយ​សម្តេច​ ហ៊ុន សែន ដើម្បី​រក​វិធីទប់ស្កាត់ ពីព្រោះ​​សង្គ្រាម​លោក​លើកទី​៣ នឹង​កើត​ឡើង​នៅ​ពេលឆាប់ៗនេះ”។

លោក ចំរើន បានមាន​ប្រសាសន៍ថា “​ខ្ញុំគិត​ថា បុរស​រូបនេះ​ទំនង​ជា​សរសៃប្រសាទ ពីព្រោះ​គាត់​និយាយ​គ្មាន​ហេតុ​ផលឡើយ”។

​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​បាន​មាន​ប្រសាសន៍ថា លោក បូរិទ្ធ ត្រូវ​បាន​ដោះ​លែង​​ពី​កន្លែង​ឃុំឃាំង​ បន្ទាប់ពី​ការ​សាកសួរ​រួច​ ពីព្រោះ​ នគរបាល​​យល់ថា សំណើ​មិន​ប្រក្រតី​​របស់គាត់​ដែល​សុំ​ការ​ពិភាក្សា​នោះ មិន​គំរាមកំហែង​ដល់​សម្តេច​ ហ៊ុន សែន ឡើយ។

លោក សុវណ្ណ បានមាន​ប្រសាសន៍ថា “​យើង​បានអនុញ្ញាត​ឲ្យ​គាត់​ត្រឡប់ទៅ​ផ្ទះ​វិញ​ ពីព្រោះ​យើង​បាន​ពិនិត្យ​​ជាមួយ​ក្រុមគ្រួសារា​របស់​គាត់​ ហើយ​ពួកគេ​បាន​ផ្តល់​ឯកសារ​ពេទ្យ​​​ដើម្បី​បង្ហាញ​ថា គាត់​បាន​ព្យាបាល​ជំងឺសរសៃប្រសាទ​យូរ​មកហើយ។ ខ្ញុំបាន​ប្រគល់​គាត់​​និង​រថយន្ត​ទៅ​ក្រុម​គ្រួសារ​របស់គាត់​វិញ ហើយបានប្រាប់ពួកគេ​ឲ្យ​មើល​ថែគាត់​ឲ្យ​បាន​ត្រឹមត្រូវ”។

លោក​បានបន្ថែមថា បន្ទាប់មក​ ក្រុមគ្រួសារ​របស់លោក​ បូរិទ្ធ​ បានយក​គាត់​ទៅព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ។

លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា​បាន​មាន​ប្រសាសន៍ថា យូរៗម្តង លោក បូរិទ្ធ​មាន​អារម្មណ៍មួម៉ៅដោយ​សារ​បញ្ហាផ្លូវចិត្តដែលទើប​តែ​បាន​ចាប់​ផ្តើម​​អំឡុង​ការ​ព្យាបាល​ជំងឺ​ក្រពះ។ លោក​បាន​មាន​ប្រសាសន៍ថា “​លោក បូរិទ្ធ បាន​លេប​ថ្នាំច្រើន​ណាស់​ អំឡុង​ការ​ព្យាបាល​រយៈ​ពេល​ពីរឆ្នាំ ហើយ​ឥឡូវ​នេះ​គាត់បែរ​ជា​មាន​ជំងឺសរសៃប្រសាទទៅវិញ”។

លោក​បាន​បន្ថែមថា គេ​មិនទាន់​ច្បាស់​ថា តើ​លោក បូរិទ្ធ នឹង​ត្រឡប់​ទៅ​ធ្វើការ​នៅ​ព្រឹទ្ធ​សភា​ឬយ៉ាង​ណានោះឡើយ។ វាអាស្រ័យលើ​សុខភាព​របស់គាត់ ថា តើ​គាត់​អាចទៅ​ធ្វើការ​កើត​ឬ​មិន​កើត​នោះ៕សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស