មន្ត្រីម្នាក់បាននិយាយថា នគរបាលបានចាប់ខ្លួនអ្នកចែកចាយថ្នាំញៀនជាប់សង្ស័យបីនាក់នៅក្នុងក្រុងបាត់ដំបងកាលពីថ្ងៃសៅរ៍ជាមួយនឹងម៉ាទឹកកកទម្ងន់ជិត១គីឡូក្រាមដែលតាមចោទថា ពួកគេបានទិញក្នុងប្រទេសឡាវ ហើយមានបំណងយកទៅចែកចាយក្នុងខេត្តបាត់ដំបង។
លោក ចិត្រ វណ្ណី ស្នងការរងនគរបាលខេត្តទទួលបន្ទុកប្រតិបត្តិការប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ជនទាំងបីនាក់នេះត្រូវបាននគរបាលខេត្តចាប់ខ្លួននៅសួន ស ខេង នៅមាត់ស្ទឹងនៅម៉ោងប្រហែល៦ល្ងាច។
ដោយបដិសេធមិនបកស្រាយលម្អិតពីការចាប់ខ្លួន ឬការស៊ើបអង្កេតរបស់នគរបាលនោះ លោក វណ្ណី បានមានប្រសាសន៍ថា “បន្ទាប់ពីការចាប់ខ្លួនពួកគេដោយប្រើបច្ចេកទេសពិសេសមក ជនសង្ស័យទាំងនេះបានប្រាប់យើងថា ពួកគេបានទិញថ្នាំញៀនទាំងនេះពីប្រទេសឡាវ”។
លោកបានមានប្រសាសន៍ថា “ឥឡូវនេះ នគរបាលកំពុងរៀបចំឯកសារដើម្បីបញ្ជូនពួកគេទៅសាលាដំបូងខេត្តនៅពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន គឺថ្ងៃស្អែក [ថ្ងៃច័ន្ទ] យូរបំផុត”។
លោកបានបន្ថែមថា ជនទាំងនេះកំពុងត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត។ លោក វណ្ណី បានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំងនេះថាឈ្មោះ ឡាន តារា អាយុ២៧ឆ្នាំ មកពីខេត្តស្ទឹងត្រែង កែវ រតនៈ អាយុ៤១ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ និង សៀង សុខា អាយុ៤៥ឆ្នាំមកពីរាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍ថា សុខា ជាជាងមេកានិក ចំណែកពីរនាក់ទៀតលោកមិនដឹងទេ៕ សារុន