ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ប៉ូលិសក្រុងភ្នំពេញត្រូវបានគេទូរស័ព្ទហៅកាលពីយប់ថ្ងៃសុក្រដើម្បីបញ្ជាឲ្យរោងចក្រកាត់ដេរថៅកែចិនដោះលែងកម្មករមួយក្រុម ដែលរោងចក្រនេះចាក់សោបង្ខាំងទុកនៅខាងក្នុង ក្នុងការប៉ុនប៉ងមិនបានសម្រេច ដែលបង្ខំកម្មករឲ្យធ្វើការពេលយប់។
លោក នង សុធា មេបញ្ជាការរងកម្លាំងរាជអាវុធហត្ថខណ្ឌមានជ័យ បាននិយាយថា កម្មករ៣០នាក់ក្នុងចំណោមកម្មករ៤០០នាក់របស់រោងចក្រកាត់ដេរកាំង ដា (Kang Da) បានយល់ព្រមធ្វើការបីម៉ោងបន្ថែមបន្ទាប់ពីវេនធម្មតារបស់ខ្លួនដែលចប់នៅម៉ោង៥ល្ងាចកាលពីថ្ងៃសុក្រ។ ប៉ុន្តែនៅពេលដែលកម្មករចាកចេញនៅម៉ោង៨យប់ ពួកគេឃើញទ្វាររបងចាក់សោ ធ្វើឲ្យពួកគេជាប់នៅខាងក្នុងរោងចក្រ។
លោក សុធា បាននិយាយថា លោកបានទទួលការហៅទូរស័ព្ទពីសាច់ញាតិកម្មករដែលជ្រួលច្រាលក្នុងចិត្ត ដែលបានតវ៉ានៅខាងក្រៅខ្លោងទ្វាររោងចក្រឲ្យដោះលែងកម្មករនៅម៉ោងប្រហែល១០យប់។
លោកបាននិយាយថា “បន្ទាប់ពីខ្ញុំទទួលបានព័ត៌មាននេះភ្លាម ខ្ញុំបានបញ្ជាកម្លាំងរាជអាវុធហត្ថឲ្យធ្វើអន្តរាគមន៍។ សាច់ញាតិរបស់កម្មករព្យាយាមបង្ខំឲ្យបើកទ្វារ ដូច្នេះយើងបានបញ្ជាសន្តិសុខរោងចក្រឲ្យបើកទ្វារជាបន្ទាន់។ ពួកគេបានចាក់សោទ្វារ និងមិនអនុញ្ញាតឲ្យកម្មករទៅផ្ទះរហូតដល់ម៉ោង១១យប់”។
ទោះជាការឃាត់ខ្លួនខុសច្បាប់ជាបទល្មើសមួយក៏ដោយ ក៏លោក សុធា បាននិយាយថា មិនមានការចាប់ខ្លួនទេ ពីព្រោះគ្មានការប្រើអំពើហិង្សាលើកម្មករ។ លោកបាននិយាយថា ក្រុមមន្ត្រីមកពីក្រសួងការងារបានទាក់ទងការិយាល័យរបស់លោកកាលពីថ្ងៃសៅរ៍ដើម្បីស៊ើបអង្កេតអំពីឧប្បត្តិហេតុនេះ ហើយនឹងចុះពិនិត្យរោងចក្រនេះនៅថ្ងៃនេះ។
អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក ម៉ៅ សារឿន មេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យ បាននិយាយថា រោងចក្រនេះចង់ឲ្យកម្មកររបស់ខ្លួនធ្វើការលើសម៉ោងដើម្បីបញ្ចប់តាមការបញ្ជាទិញ។
លោកបាននិយាយថា “រោងចក្របានសុំកម្មករឲ្យធ្វើការលើសម៉ោង ពីព្រោះពួកគេមានការបញ្ជាយកខោអាវជាបន្ទាន់ពីអ្នកទិញ”។
គីម លីហូ ជាបុគ្គលិករោងចក្រដែលមិនព្រមប្រាប់តួនាទី ឬតំណែង បាននិយាយថា បញ្ហានេះត្រូវបាន “ដោះស្រាយហើយ” ហើយលោកមិនអធិប្បាយបន្ថែមទេ។
លោកបាននិយាយថា “ប្រសិនបើលោកចង់បានការពន្យល់និងព័ត៌មានបន្ថែម លោកត្រូវនិយាយទៅផ្នែកធនធានមនុស្ស។ ខ្ញុំស្តាយដែលខ្ញុំមិនអាចរកលេខទាក់ទងរបស់គាត់ឲ្យលោកបាន”។ (រាយការណ៍បន្ថែមដោយ Tszkwan Ho)