35 C
Phnom Penh

កម្មករ​រោងចក្រ​ M&V​​ ត្រូវ​បាន​​រារាំង​​មិន​ឲ្យ​​ហែក្បួន​​ទៅ​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

_21B9333

អាជ្ញាធរ​​​បាន​រារាំង​កម្មករ​រោងចក្រ​កាត់​ដេរជាង​៥០០​នាក់​​ដែល​ធ្វើ​កូដកម្ម​មិន​ឲ្យ​ហែ​ក្បួន​ទៅ​កាន់​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរាជធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ជា​ផ្នែក​មួយ​នៃ​ការ​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់ខែ និង​លក្ខខណ្ឌ​ការ​ងារ​ល្អ​ប្រសើរ​។

មន្ត្រី​នគរ​បាល​ និង​សន្តិសុខ​ខណ្ឌមានជ័យ​ប្រហែល​៥០​នាក់​ បាន​រារាំង​កម្មករ​មក​ពី​រោងចក្រ​ M&V ​International Manufacturing មិន​ឲ្យ​ហែក្បួន​កាត់​ស្ពាន​អាកាស​ក្បាល​ថ្នល់​ឆ្ពោះ​ទៅ​កណ្ដាល​រាជធានី​នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​។

បន្ទាប់ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​មក ពេលនោះ ​កម្មករ​បាន​ឡើង​ជិះ​រ៉ឺម៉ក​ម៉ូតូ​កង់បី​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក ហើយ​ធ្វើ​ដំណើរ​ទៅ​ក្រសួង​ការ​ងារ​ស្ថិត​ក្នុង​ខណ្ឌទួលគោក ទី​ដែល​តំណាង​កម្មករ​​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ទាំង​នោះ​។

លោក ឌី រ័ត្ន​ខេនរុំ អភិបាល​រង​ខណ្ឌ​មានជ័យ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹកនាំ​កម្លាំង​ទៅ​រារាំង​​កម្មករ​ដែល​​ធ្វើ​ការ​តវ៉ា​ទាំង​នោះ​ ពីព្រោះ​ពួកគេ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​រាជធានី​សម្រាប់​ការ​ហែក្បួន​របស់​ខ្លួន​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “​វា​មិន​មែន​មាន​ន័យ​ថា យើង​មិន​ចង់​ឲ្យ​ពួកគេ​ហែក្បួន​ទេ ប៉ុន្តែ​វា​មិន​មែន​ជាការ​ល្អ​ឡើយ​ ពីព្រោះ​វា​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​”។

កម្មករ​ប្រហែល​២.០០០​នាក់​បាន​ធ្វើ​ការ​តវ៉ា​ទ្រង់ទ្រាយធំ​នៅ​រោងចក្រ​នេះ​ ដែល​ផ្គត់ផ្គង់​​សម្លៀក​បំពាក់​​ដល់​ក្រុម​ហ៊ុន H&M កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ស្នើ​សុំឲ្យ​អ្នក​គ្រប់​គ្រង​ដោះ​ស្រាយ​ការ​ទាម​ទារ​១៧​ចំណុច​ រួម​មាន ការ​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​ធ្វើ​ដំណើរ​ប្រចាំ​ខែ​ដល់​១៥​ដុល្លារ និង​ប្រាក់​ឧបត្ថម្ភ​ថ្លៃ​បាយ​ថ្ងៃត្រង់ប្រចាំថ្ងៃ​​១ដុល្លារ។

ពួកគេ​បាន​ត្រឡប់​ចូលធ្វើការ​វិញ​កាលពី​ថ្ងៃទី​២ ខែ​មិថុនា តាម​សេចក្ដី​បង្គាប់​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​បាន​​ចេញពី​រោងចក្រ​ជាថ្មី​ម្ដង​ទៀត​កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ដោយ​សារ​ការ​ចរចា​បានជាប់​គាំង​។

កាលពី​ថ្ងៃ​សុក្រ តំណាង​កម្មករ​ជាង​២.០០០​នាក់ដែលបាន​ធ្វើកូដកម្ម​​បាន​ហែក្បួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សុំ​ឲ្យ​ដក​បទ​បញ្ជា​ដែល​បង្គាប់​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញនោះ​។

លោក រ័ត្ន​ខេនរុំ បាន​មាន​ប្រសាសន៍​ថា ការ​ចរចា​រវាងតំណាង​​សហជីព​ និងតំណាង​​រោង​ចក្រ​នឹង​បន្ត​​នៅ​រោងចក្រ​​នៅ​ថ្ងៃ​នេះ​។

លោក ឃិន ណាំហោ អនុប្រធាន​សហព័ន្ធ​សហជីព​សំឡេង​កម្មករ​កម្ពុជា បាន​ព្រមាន​ថា កម្មករ​នឹង​ព្យាយាម​ហែក្បួន​ទៅ​​​ភូមិគ្រឹះ​លោក​​នាយក​រដ្ឋមន្ត្រី​ជា​ថ្មី​ម្ដង​ទៀត​ ប្រសិន​បើ​មិន​មាន​ការ​ឆ្លើយ​តប​ចំពោះ​ការ​​ទាម​ទារ​របស់​ពួកគេ​ទេ​នោះ​។

លោក ណាំ​ហោ បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​ចង់​ឲ្យ​សម្ដេច​តេជោ ហ៊ុន សែន អន្តរាគមន៍​ជួយ​រក​ដំណោះ​ស្រាយ​​ជូន​កម្មករ​របស់​យើង ពីព្រោះ​អស់រយៈពេល​​​២​សប្ដាហ៍​កន្លង​មក​ហើយ ​យើង​មិនទាន់​​ទទួល​បាន​លទ្ធផលនៅឡើយទេ​”។

លោក​បាន​បន្ថែមថា “​យើង​នឹង​បន្ត​ហែក្បួន​ម្ដង​ទៀត ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយល្អប្រសើរ​ទេ​នោះ”៕ សារុន​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស