41.3 C
Phnom Penh

លោក ហ៊ុន សែន ​បបួល​លោក សម រង្ស៊ី​​ “​ស្បថ​ឲ្យ​រន្ទះបាញ់​”​ ជុំវិញ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​​បបួល​លោក សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​​ឲ្យ​ស្បថ​ជាមួយលោក​នៅ​ទីសក្ការ​បូជា​​ដ៏ល្បី​ល្បាញ​មួយ​ (ព្រះអង្គដងកើ)​ ក្នុង​រាជធានី​ភ្នំពេញ​ថា លោក សម រង្ស៊ី ​នឹង​ត្រូវ​​ស្លាប់​ដោយ​​រន្ទះបាញ់​ និង​​គ្រាប់​កាំភ្លើង ប្រសិន​បើ​ការ​ចោទ​ប្រកាន់​របស់​លោក​ថា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ត្រូវ​បាន​លួច​បន្លំ​ មិន​មែន​ជា​ការ​ពិត​។

អំឡុង​​សម័យ​ប្រជុំ​សភា​ដើម្បី​អនុម័ត​ច្បាប់​​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្មី លោក ហ៊ុន សែន បាន​វាយ​បក​ទៅ​នឹង​អ្វី​ដែល​លោក​លើក​ឡើង​ថា ជា​និន្នាការ​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​ចូលចិត្ត​ធ្វើ​ការ​អះអាង​ចម្លែកៗ​ដើម្បី​កេង​ចំណេញ​សន្លឹក​ឆ្នោត​។

ដោយ​​ផ្ទុះ​កំហឹង​ដោយសារ​​សុន្ទរកថា​របស់​​លោក​ លិម គិមយ៉ា​ ដែល​បាន​លើក​ឡើង​ថា កាក​បាត​ក្រហម​កម្ពុជា​ផ្ដល់​អាទិភាព​​ទៅ​​លើ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​​ផ្ដល់​ជំនួយ​​មនុស្សធម៌​ក្រោយ​​គ្រោះ​មហន្តរាយ​ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​​ថា ដល់​ពេល​​ដែល​ត្រូវ​ធ្វើ​ខ្លាំង​ដាក់​គណបក្ស​ប្រឆាំង​ហើយ។

លោក ហ៊ុន សែន បាន​លើក​ឡើង​ថា “វិធី​តែ​មួយ​គត់​ដែល​យើង​​អាច​ដោះ​ស្រាយ​បញ្ហា​​ទាំង​នេះ​បាន​គឺ​ស្បថ​ឲ្យ​រន្ទះបាញ់​។ ខ្ញុំ​ថា​ចាំ​ឯកឧត្តម​ សម រង្ស៊ី​ ​មក​ ខ្ញុំ​បបួល​ធ្វើ​ពិធី​ស្បថ​នៅ​ព្រះ​អង្គ​ដង​កើ។ ទី១​អារឿង​លួច​សន្លឹក​ឆ្នោត​នេះ​ ត្រូវ​តែ​បបួល​គ្នា​ស្បថ​ បើ​អ្នក​ណា​មិន​ហ៊ាន​ស្បថ​គឺ​បោក​ប្រាស់​ប្រជា​ពលរដ្ឋ​ប្រជាជាតិ​តែ​ម្តង​។ ឥឡូវ​រឿង​កាកបាទ​ក្រហម​ចែក​ជំនួយ​រើស​មុខមាត់។ ​នេះ​តើ​ហ៊ាន​ស្បថ​ឲ្យ​រន្ទះ​បាញ់​ទេ​?”។

លោក ហ៊ុន សែន បាន​បន្ថែម​ថា ប្រសិន​បើ​លោក​ សម រង្ស៊ី ត្រៀម​ខ្លួន​រួច​​ លោក​នឹង​​ទៅ​ស្បថ​​ដាក់​ជីវិត​ជាមួយ​គ្នា​​ថា ​ជ័យ​ជម្នះ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​​ឆ្នាំ​២០១៣ គឺ​ឈ្នះ​ដោយ​យុត្តិធម៌​។

លោក​ ហ៊ុន សែន បាន​សួរ​ថា “​តើ​គណបក្ស​នានា​ហ៊ាន​ស្បថ​ទេ​ជាមួយ​គណបក្ស​ប្រជាជន​មុខ​ព្រះអង្គ​ដង​កើ អ្នកណា​ថា​គណបក្ស​ប្រជាជន ។ បើ​គណបក្ស​ប្រជាជន​លួច​សន្លឹកឆ្នោត ឲ្យ​គណបក្ស​ប្រជាជន​ងាប់​ទាំងអស់ ត្រូវ​គ្រាប់ រន្ទះបាញ់ ស្អី​ទាំងអស់ ។ ប៉ុន្តែ​អ្នក​ណា​ភូត ចោទ​គេ​ខុស អ្នក​ហ្នឹង​ក៏​ត្រូវ​ដូចគ្នា​វិញ​ដែរ រន្ទះបាញ់​ទាំងអស់”។

លោក សម រង្ស៊ី ដែល​ពេល​នេះ​កំពុង​​ធ្វើ​ដំណើរ​រៃអង្គាស​មូលនិធិ​នៅ​អឺរ៉ុប​ កាណាដា និង​អូស្ត្រាលី មិន​បាន​ឆ្លើយ​តប​​នឹង​​​សំណើ​​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​បបួល​របស់​លោក ហ៊ុន សែន​ ទេ។

លោក យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ថា តើ​លោក សម រង្ស៊ី នឹង​ចូល​រួម​ស្បថ​ជាមួយ​លោក ហ៊ុន សែន ឬយ៉ាង​ណា​​បានឡើយ​​​ ប៉ុន្តែ​បាន​លើក​ឡើង​ថា ​គណបក្ស​​ប្រឆាំង​យល់​ឃើញ​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​​តំណាង​រាស្ត្រ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ ត្រូវ​បាន​​កែប្រែ​។

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន នោះ​ជាមូលហេតុ​ដែល​យើង​ត្រូវ​ការ​កំណែទម្រង់​បោះ​ឆ្នោត ហើយពេល​នេះ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ធ្វើ​កំណែទម្រង់​បោះ​ឆ្នោត​។ យើង​ត្រូវ​ផ្ដោត​លើ​អនាគត ហើយ​ពេល​នេះ​យើង​កំពុង​ធ្វើ​កំណែទម្រង់​បោះ​ឆ្នោត យើង​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​នា​ពេល​អនាគត​មាន​ភាព​ប្រសើរ​ឡើង​”។

គួរ​រំឭក​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​​បាន​សំឡេង​ឆ្នោត​៦៨​អាសនៈ ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​​៥៥​អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​ស្ទើរតែ​ច្រើន​ជាង​ទ្វេដង​ធៀប​នឹងសំឡេង​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា ប៉ុន្តែ​​វា​បាន​បណ្ដាល​ឲ្យ​មាន​ការ​តវ៉ា​រយៈ​ពេល​ជិត​១ឆ្នាំ ដោយ​ចោទ​ប្រកាន់​ថា​​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត។

លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​ជា​ប្រធាន​ និង​អនុប្រធាន​គណបក្ស​ប្រឆាំង​បាន​ដឹកនាំ​ការ​ធ្វើ​ពហិការ​មិន​ទទួល​យក​អាសនៈ​របស់​ខ្លួន​នៅ​ក្នុង​សភា ហើយ​បាន​ធ្វើ​ការ​តវ៉ា​តាម​ដង​ផ្លូវ​កាន់​តែ​ធំទៅៗ​អស់​រយៈ​ពេល​ជិត​៦ខែ​ មុន​ពេល​​មាន​ការ​បង្ក្រាប​យ៉ាង​សាហាវ​ឃោរឃៅ​ពី​សំណាក់​រដ្ឋាភិបាល​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

៦ខែ​ក្រោយ​មក លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រមព្រៀង​​ចូល​សភា​ជា​ថ្នូរ​នឹង​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ដែលមាន​​សមាសភាព​​​សមាជិក​​​​គណបក្ស​ប្រជាជន​កម្ពុជា​ច្រើន​លើស​លប់​។

ចាប់តាំង​ពី​ពេល​នោះមក គណបក្ស​ទាំងពីរ​បាន​ចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ ហើយ​កាលពី​ពេលថ្មីៗ​នេះ​បានលើក​កម្ពស់​អ្វី​ដែល​គណបក្ស​ទាំងពីរ​ហៅ​ថា “​វប្បធម៌​សន្ទនា​” ដែល​ខ្លួន​និយាយ​ថា ជា​វិធី​ធ្វើ​ការ​ជាមួយ​គ្នា​ប្រកប​ដោយ​ប្រសិទ្ធភាព​ ខណៈ​ចៀសវាង​​ការ​​ប្រមាថ​គ្នា និង​ការ​ប្រើ​អំពើ​ហិង្សា​ដូច​​បាន​កើត​ឡើង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​។

នៅ​ពេល​សាកសួរ​កាលពី​ម្សិលមិញ​ថា តើ​ការ​បបួល​របស់​លោក ហ៊ុន​ សែន ឲ្យ​លោក សម រង្ស៊ី ស្បថ​ ជា​បំពាន​វប្បធម៌​សន្ទនា​ឬ​យ៉ាង​ណា​នោះ លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា គួរ​តែ​ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេច​ទៅ​ចុះ​។ លោក​បានមាន​ប្រសាសន៍​ទៀត​ថា “​វប្បធម៌​សន្ទនា គឺ​ជា​វប្បធម៌​សន្ទនា ហើយ​យើង​នៅ​តែ​គាំទ្រ​វប្បធម៌​សន្ទនា​។ សុន្ទកថា​ធ្វើ​ឡើង​ដោយ​បុគ្គល​ណា​មួយ យើង​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យទៅ​ចុះ​។ [លោក ហ៊ុន សែន​] មាន​សិទ្ធិ​និយាយ​នៅ​ក្នុង​សភា ហើយ​ខ្ញុំ​មិន​ចង់​​ធ្វើ​ការ​​វិនិច្ឆ័យ​ជួស​មុខ​ឲ្យ​ប្រជាពលរដ្ឋ​ទេ”៕ សុខុម​​​​​​

 

​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស