មន្ត្រីក្រសួង និងដៃគូមិនមែនរដ្ឋាភិបាលបានលើកឡើងកាលពីម្សិលមិញថា ក្រសួងមហាផ្ទៃកំពុងបង្កើតកម្មវិធីសម្រាប់ “សាលាអភិបាលកិច្ចល្អ” ដែលចាប់ពីឆ្នាំ២០០៦ទៅនឹងនាំមន្ត្រីមកពីបណ្តាខេត្តនានាទៅកាន់រាជធានីភ្នំពេញ សម្រាប់វគ្គសិក្សាខ្លីមួយស្តីអំពីការបំពេញការងារប្រកបដោយភាពសុចរិត។
ពួកគេបានលើកឡើងថា បន្ទាប់ពីបញ្ចប់វគ្គសិក្សាដែលមានរយៈពេលបីខែ មន្ត្រីនឹងវិលត្រឡប់ទៅកាន់បណ្តាខេត្តរបស់ខ្លួនរៀងៗខ្លួនវិញ ជាទីដែលរដ្ឋាភិបាលមានបំណងបង្កើត “មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស” ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីរាជការនូវអ្វីដែលបានសិក្សានៅរាជធានីភ្នំពេញ។
លោក ងី ចាន់ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលកំពុងធ្វើការលើគម្រោងនេះបានមានប្រសាសន៍ថា “ផ្នែកនៃរបៀបវារៈកំណែទម្រង់របស់រដ្ឋាភិបាល គឺដើម្បីកសាង និងពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ”។
លោកបានមានប្រសាសន៍បន្ថែមថា “មានបញ្ហាដែលកើតឡើងស្រាប់ និងបញ្ហាដែលទើបនឹងកើតឡើងថ្មីៗ ប៉ុន្តែរឿងសំខាន់បំផុតនោះគឺពង្រឹងប្រសិទ្ធភាពនៃសេវាសាធារណៈរបស់យើង។ ប្រសិទ្ធភាពនេះគឺជាផ្នែកដ៏សំខាន់នៃហេដ្ឋារចនាសម្ព័ន្ធប្រជាធិបតេយ្យ”។
កាលពីខែកញ្ញា ឆ្នាំ២០១៣ ជាពេលដែលជម្លោះផ្នែកនយោបាយមានការកើនឡើងខ្លាំងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសុន្ទរកថារហូតដល់ទៅ៦ម៉ោងដោយព្រមានគណៈរដ្ឋមន្ត្រីថ្មីរបស់លោកឲ្យរៀបចំខ្លួនបង្កើនការពិនិត្យពិច័យជាសាធារណៈនៅក្នុងអាណត្តិទី៥។
លោក ហ៊ុន សែន បានណែនាំគណៈរដ្ឋមន្ត្រីថ្មីដោយសំដៅទៅលើអំពើពុករលួយតាមតំបន់ដែលកើតមានតាមរយៈសេវាសាធារណៈដូច្នេះថា “សូមឆ្លុះកញ្ចក់ដុះក្អែលខ្លួនឯងពេលងូតទឹក ប្រសិនបើខ្លួនឯងមានជាប់ក្អែលនោះ”។
លោក ចាន់ផល បានលើកឡើងកាលពីម្ស្ិលមិញថា សាលាអភិបាលកិច្ចល្អរបស់ក្រសួង “មិនមែនផ្តោតតែទៅលើអំពើពុករលួយទេ” ហើយថា សាលានេះនឹងពង្រឹងកម្មវិធីផ្តល់វគ្គបណ្តុះបណ្តាលដែលមានស្រាប់ក្នុងគោលបំណង “បង្កើត និងរក្សាភាពសុចរិត”។
លោកបានមានប្រសាសន៍ថា “ក្រៅពីអំពើពុករលួយ សាលានេះក៏ផ្តោតលើការផ្តល់សេវាធារណៈ ការដោះស្រាយជម្លោះ និងការទទួលខុសត្រូវផងដែរ។ យើងមានមន្ត្រីរដ្ឋាភិបាលចំនួន១៥.០០០នាក់ ហេតុដូច្នេះយើងគ្មានបញ្ហាក្នុងការកំណត់ថា តើនរណាដែលត្រូវការវគ្គបណ្តុះបណ្តាលនេះឡើយ”។
លោក ចាន់ផល បានលើកឡើងទៀតថា ក្រសួងនៅមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការជាមួយអង្គការតម្លាភាពកម្ពុជានៅឡើយទេ ហើយបើយោងតាមលោក ព្រាប កុល នាយកប្រតិបត្តិអង្គការនេះបានឲ្យដឹងថា អង្គការរបស់លោកនឹងផ្តល់អ្នកជំនាញឲ្យមកជួយបង្កើតកម្មវិធីសិក្សា [វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីសិក្សារយៈពេលបីខែ] ដែលនឹងមានមន្ត្រីសរុបចំនួន១៥០នាក់មកពីថ្នាក់ក្រោមជាតិចូលរួមសិក្សា។
លោក ព្រាប កុល បានមានប្រសាសន៍ថា “អង្គការតម្លាភាពកម្ពុជានឹងបញ្ជូនធនធានមនុស្សទាំងក្នុងប្រទេស និងក្រៅប្រទេសដើម្បីផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូបង្គោល [របស់ក្រសួងមហាផ្ទៃ] ទាំងជំនាញបច្ចេកទេស និងវិធីសាស្ត្រនៃការបង្រៀន”។ លោកបានបន្ថែមថា អ្នកជំនាញមកពីមជ្ឈមណ្ឌលធនធានប្រឆាំងអំពើពុករលួយU4 (U4 Anti-Corruption Resource Center) ដែលមានមូលដ្ឋាននៅក្នុងប្រទេសន័រវែស និងបណ្ឌិតសភាប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (Malaysia Anti Corruption Academy) ក៏នឹងចូលរួមពាក់ព័ន្ធក្នុងការបង្កើត និងផ្តល់វគ្គបណ្តុះបណ្តាលផងដែរ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “យើងមិនហៅវាថា ជាសាលាប្រឆាំងអំពើពុករលួយទេ យើងហៅវាថា ជាសាលាអភិបាលកិច្ចល្អ ហើយវាស្ថិតក្នុងគោលការណ៍តម្លាភាព ការបោះឆ្នោតប្រកបដោយភាពយុត្តិធម៌ ដោះស្រាយអំពើពុករលួយ បក្ខពួកនិយម និងបញ្ហាផ្សេងៗទៀត”។
នៅក្នុងសន្ទស្សន៍ស្តីអំពីអំពើពុករលួយចុងក្រោយរបស់ខ្លួន អង្គការតម្លាភាពកម្ពុជាបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប់លំដាប់លេខទី១៥៦ក្នុងចំណោមប្រទេសចំនួន១៧៥ទូទាំងពិភពលោក។
លោក ព្រាប កុល បានលើកឡើងកាលពីម្សិលមិញថា បច្ចុប្បន្នអង្គការតម្លាភាពកម្ពុជាកំពុងធ្វើការដើម្បីបង្កើតកម្មវិធីសិក្សាសម្រាប់ការផ្តល់វគ្គបណ្តុះបណ្តាលចំនួន១០លើកដែលនឹងដោះស្រាយបញ្ហាដូចជាការរំលោភបំពានអំណាច បក្ខពួកនិយម ការសូកប៉ាន់ ហើយអ្វីៗទាំងអស់នេះនឹងត្រូវបញ្ជ្រាបដល់មន្ត្រីជាច្រើននាក់។
លោកបានមានប្រសាសន៍ថា “វាអាចជាអភិបាល អភិបាលរង និងមន្ត្រីណាមួយក៏ដោយដែលគេចាត់តាំងឲ្យមកចូលរួម…យើងសង្ឃឹមថា អ្នកដែលគេចាត់ទាំងទាំងនោះនឹងក្លាយជាអ្នកជួយធ្វើកំណែទម្រង់”។ លោកបានមានប្រសាសន៍បន្ថែមថា “នៅពេលយើងបានបញ្ជូនអ្នកជំនាញ និងផ្តល់ជំនាញដល់មន្ត្រីនៅក្នុងស្ថាប័នរដ្ឋាភិបាល វានឹងលេងមានលេសទៀតហើយ”។
ដោយរៀបរាប់ប្រាប់អំពីគម្រោងនេះ លោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺដែលមកពីគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា សាលាអភិបាលកិច្ចល្អនេះនឹងមានអត្ថប្រយោជន៍សម្រាប់មន្ត្រីទាំងអស់ ហើយថា ខ្លួនលោកផ្ទាល់ក៏នឹងឆ្លៀតឱកាសទៅចូលរួមដែរ។
លោកបានមានប្រសាសន៍ថា “ខ្ញុំចាំបាច់ត្រូវតែសិក្សាដើម្បីធ្វើការងាររបស់ខ្ញុំឲ្យកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយការរិះគន់ពីប្រជាពលរដ្ឋ” លោកបានបន្ថែមថា ការិយាល័យរបស់លោកគ្មានអំពើពុករលួយទេ ប៉ុន្តែ លោកមិនប្រាកដទេពីបក្ខពួកនិយម។
លោកបានមានប្រសាសន៍បន្ថែមថា “និយាយអំពីពុករលួយ គឺគ្មាននោះឡើយ ប៉ុន្តែ បើនិយាយអំពីបក្ខពួកនិយមដែលនាំសាច់ញាតិមកធ្វើការនៅការិយាល័យវិញ ខ្ញុំមិនច្បាស់នោះទេ”។
នៅក្នុងខេត្តស្ទឹងត្រែង លោក សៀក មេគង្គ មេឃុំស្រែគ ស្រុកសេសានដែលមកពីគណបក្សសង្គ្រោះជាតិបានលើកឡើងថា បក្ខពួកនិយមកើតមានយ៉ាងច្រើននៅថ្នាក់ស្រុក ហើយលោកក៏ស្វាគមន៍ចំពោះឱកាសចុះឈ្មោះចូលសិក្សានៅក្នុងសាលាអភិបាលកិច្ចល្អនេះដែរ។
លោកបានមានប្រសាសន៍ថា “តាមពិតទៅ នៅក្នុងស្រុកសេសាន អភិបាលស្រុក[លោកស្រី យាង ស្រីភារី] គឺជាប្រពន្ធរបស់ប្រធានរដ្ឋបាល [លោក ធៀន គឹមហ៊ាន] ។ នេះគឺជាបក្ខពួកនិយម វាគឺជាជំងឺដែលរារាំងនិស្សិតមិនឲ្យមានលទ្ធភាពធ្វើការជូនរដ្ឋ”។
ខណៈកម្មវិធីរបស់ក្រសួងមហាផ្ទៃប្រហែលជាអាចជួយធ្វើឲ្យអ្នកមានអំណាចយល់ដឹងអំពីផលប៉ះពាល់នៃការប្រព្រឹត្តិអំពើពុករលួយ លោក សៀក មេគង្គ បានលើកឡើងថា វាទំនងជាមិនអាចលុបបំបាត់ទាំងស្រុងបានឡើយ។
លោកបានមានប្រសាសន៍ថា “វាមិនអាចកាត់បន្ថយបាន១០០ភាគរយនោះទេ។ ទោះបីជាមន្ត្រីរដ្ឋាភិបាលទទួលបានប្រាក់ខែខ្ពស់ក៏ដោយ ពួកគេនឹងនៅតែបន្តប្រព្រឹត្តិអំពើពុករលួយដដែល”៕ ស៊ុយឈាង