សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដ៏ធំមួយអះអាងថា ខ្លួនបានឃើញច្បាប់ចម្លងបែកធ្លាយនៃសេចក្ដីព្រាងច្បាប់ថ្មីដ៏ចម្រូងចម្រាសមួយដែលមានបំណងគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលរាប់រយនៅក្នុងប្រទេសកម្ពុជា ហើយថា សំណៅសេចក្តីព្រាងចុងក្រោយបំផុតនេះបង្ហាញពីការដើរថយក្រោយយ៉ាងខ្លាំង។
លោក សឿង សារឿន នាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា CCC ដែលមានអង្គការមិនមែនរដ្ឋាភិបាលរាប់សិបជាសមាជិករបស់ខ្លួន បានមានប្រសាសន៍ថា សេចក្ដីព្រាងថ្មីនេះគឺជាសំណៅសេចក្តីព្រាងដែលទីស្ដីការគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃសុក្រដោយមានការកែប្រែតែបន្តិចបន្តួចប៉ុណ្ណោះ ដោយត្រួសត្រាយផ្លូវសម្រាប់ការបញ្ជូនវាទៅរដ្ឋសភា។
លោកបានលើកឡើងកាលពីម្សិលមិញថា “សរុបមកខ្ញុំគិតថា វាអាក្រក់ជាងសំណៅសេចក្តីព្រាងដែលយើងមានពីមុនឆ្ងាយណាស់”។ លោកបន្តថា CCC មិនអាចចែករំលែកច្បាប់ចម្លងដោយមិនលាតត្រដាងប្រភពបែកធ្លាយបានឡើយ។ លោកមានប្រសាសន៍ថា
បើគិតពីភាពវិជ្ជមាន គឺវាបានដកចេញមាត្រាដ៏ចម្រូងចម្រាសមួយដែលរឹតត្បិតការចំណាយលើប្រតិបត្តិការត្រឹម២៥ភាគរយនៃថវិការបស់របស់បណ្តាអង្គការមិនមែនរដ្ឋាភិបាលបរទេស ជាចំនួនដែលពួកគេនិយាយថា អាចធ្វើឲ្យអាក់ខានការងាររបស់ពួកគេធ្ងន់ធ្ងរ។
ប៉ុន្តែលោកថ្លែងថា ការដកចេញមាត្រានេះគឺមិនស្មើនឹងការកែប្រែផ្សេងទៀតឡើយ ក្នុងនោះរួមមានទាំងបទប្បញ្ញត្តិមួយដែលរារាំងបុគ្គលមិនឲ្យចុះឈ្មោះជាមន្ត្រីស្ថាបនិកនៃអង្គការមិនមែនរដ្ឋាភិបាលផងដែរ ប្រសិនបើបុគ្គលនោះធ្លាប់ដឹកនាំអង្គការមិនមែនរដ្ឋាភិបាលមួយដែលរដ្ឋាភិបាលធ្លាប់រម្លាយចោលកាលពីមុន។
មូលហេតុចម្បងៗដែលសេចក្ដីព្រាងជាសាធារណៈចុងក្រោយនេះផ្តល់ឲ្យសម្រាប់ការរម្លាយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក គឺការមិនបានរាយការណ៍អំពីការផ្លាស់ប្ដូរបុគ្គលិក ឬការមិនដាក់ជូនរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅរដ្ឋាភិបាល។ សេចក្តីព្រាងនេះក៏អនុញ្ញាតឲ្យក្រសួងការបរទេសបិទអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលធ្វើការនៅក្នុងប្រទេសកម្ពុជាផងដែរ ប្រសិនបើអង្គការនោះធ្វើឲ្យប៉ះពាល់ដល់ “ទំនៀមទម្លាប់ និងប្រពៃណីនៃសង្គមជាតិខ្មែរ” ជាពាក្យពេចន៍មិនច្បាស់លាស់ដែលបណ្ដាអង្គការមិនមែនរដ្ឋាភិបាលព្រួយបារម្ភថា រដ្ឋាភិបាលអាចនឹងប្រើប្រាស់វាក្នុងផ្លូវខុសដើម្បីតម្រង់គោលដៅទៅរកអ្នករិះគន់ខ្លួន។
ស្ថិតក្រោមសេចក្ដីព្រាងចាស់ អង្គការមិនមែនរដ្ឋាភិបាលត្រូវចុះបញ្ជីជាមួយរដ្ឋាភិបាល ប្រសិនបើពួកគេចង់បានឋានៈផ្លូវច្បាប់ ប៉ុន្តែប្រសិនបើមិនចង់ទេ អង្គការទាំងនោះក៏នៅតែត្រូវបានអនុញ្ញាតឲ្យបន្តធ្វើការដដែល។ យោងតាម CCC បានឲ្យដឹងថា ស្ថិតក្រោមសេចក្ដីព្រាងថ្មីនេះ អង្គការមិនមែនរដ្ឋាភិបាលត្រូវតែចុះបញ្ជី បើមិនដូច្នោះទេត្រូវតែបិទទ្វារចោល។ លោក សឿង សារឿន បានមានប្រសាសន៍ថា “វាច្បាស់ជាងមុន ប៉ុន្តែវាមានផលអាក្រក់ជាងមុន”។
ហើយវាមិនដូចសេចក្ដីព្រាងមុននេះ ដោយសេចក្ដីព្រាងចុងក្រោយបំផុតនេះទទូចឲ្យអង្គការមិនមែនរដ្ឋាភិបាលទាំងអស់រក្សា “អព្យាក្រឹតភាព” ខាងនយោបាយ ប៉ុន្តែវាមិនផ្ដល់និយមន័យ ឬគោលការណ៍ណែនាំច្បាស់លាស់ឡើយ ដោយបន្ថែមនូវលក្ខខណ្ឌមួយទៀតដែលបានធ្វើឲ្យ CCC មានការព្រួយបារម្ភ។
លោក សឿន សារឿន បានថ្លែងថា “វាជាលក្ខខណ្ឌមិនច្បាស់លាស់ដែលគេអាចកេងចំណេញបានយ៉ាងងាយស្រួល”។ លោកបានបន្តថា សេចក្ដីព្រាងថ្មីនេះក៏លុបចោលការលើកឡើងអំពី “អង្គការដែលមានមូលដ្ឋាននៅតាមសហគមន៍” ជាក្រុមក្រៅផ្លូវការដែលបង្កើតឡើងដើម្បីដោះស្រាយក្ដីបារម្ភបន្ទាន់របស់ភូមិ ឬឃុំជាក់លាក់ណាមួយផងដែរ។
លោកបានមានប្រសាសន៍បន្ថែមថា ពេលនេះវាមិនច្បាស់ទេថា តើក្រុមបែបនេះនឹងមិនត្រូវបានរាប់បញ្ចូលនៅក្នុងច្បាប់នេះ ឬក៏ធ្វើដូចអង្គការមិនមែនរដ្ឋាភិបាលធំៗផ្សេងទៀតដែលត្រូវធ្វើការចុះបញ្ជីដ៏តឹងរ៉ឹង និងបំពេញកាតព្វកិច្ចធ្វើរបាយការណ៍ដែលពួកគេប្រហែលជាគ្មានលទ្ធភាពអាចធ្វើបាន ឬយ៉ាងណានោះ។
លោកមានប្រសាសន៍ថា បើមិនបញ្ជាក់ឲ្យបានច្បាស់ថា ក្រុមតូចបំផុតទាំងនេះត្រូវបានលើកលែងទេនោះ “វាងាយស្រួលសម្រាប់អាជ្ញាធរមូលដ្ឋានបកស្រាយខុស ដូច្នេះនេះអាចជារឿងអាក្រក់”។ លោកលើកឡើងថា សេចក្ដីព្រាងថ្មីនេះក៏តម្រូវឲ្យអង្គការមិនមែនរដ្ឋាភិបាលប្រគល់របាយការណ៍ដែលម្ចាស់ជំនួយរបស់ខ្លួនទាមទារ ឲ្យទៅរដ្ឋាភិបាលផងដែរ ដោយបង្ខំឲ្យពួកគេលាតត្រដាងព័ត៌មានដែលក្នុងករណីខ្លះគួរតែរក្សាទុកជាការសម្ងាត់។ ហើយវាដូចសេចក្ដីព្រាងចាស់ត្រង់ថា វានៅតែខ្វះមូលហេតុច្បាស់លាស់ដែលរដ្ឋាភិបាលអាចប្រើប្រាស់ដើម្បីច្រានចោលការដាក់ពាក្យស្នើសុំចុះបញ្ជី។
បណ្ដាអង្គការមិនមែនរដ្ឋាភិបាលនិយាយថា ច្បាប់នេះប្រឆាំងសិទ្ធិសេរីភាពនៃការជួបជុំរបស់ខ្លួនដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ លោក សឿង សារឿន បានមានប្រសាសន៍ថា “ច្បាប់នេះនៅតែមានផលអាក្រក់ខ្លាំងចំពោះសង្គម”។
រដ្ឋាភិបាលនិយាយថា ខ្លួនត្រូវការច្បាប់នេះដើម្បីធានាថា អង្គការមិនមែនរដ្ឋាភិបាលរាប់ពាន់នៅក្នុងប្រទេសកម្ពុជា មិនធ្វើរឿងផ្ដេសផ្ដាស។ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានលើកឡើងថា អ្វីដែលខ្លួនព្រួយបារម្ភយ៉ាងខ្លាំងនោះគឺក្រុមភេរវកម្មអាល់កៃដា និងក្រុមមានចិត្តគំនិតតែមួយដែលចាក់ឫសនៅក្នុងប្រទេសកម្ពុជា ក្រោមរូបភាពការងារមនុស្សធម៌។ បណ្ដាអ្នករិះគន់ច្បាប់នេះបានច្រានចោលការលើកឡើងបែបនេះថាជាការបង្វែរការចាប់អារម្មណ៍។
បន្ទាប់ពីទីស្ដីការគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្ដីព្រាងច្បាប់នេះកាលពីថ្ងៃសុក្រ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានធ្វើការកែប្រែតែបន្តិចបន្តួចប៉ុណ្ណោះដែលគណៈរដ្ឋមន្ត្រីចង់បាន មុនពេលបញ្ជូនវាទៅរដ្ឋសភា ដែលគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចមានសំឡេងភាគច្រើនដែលខ្លួនត្រូវការដើម្បីអនុម័តច្បាប់នេះដោយមិនចាំបាច់មានការគាំទ្រពីគណបក្សប្រឆាំង។
គណបក្សសង្គ្រោះជាតិបានចូលរួមជាមួយបណ្ដាអ្នករិះគន់ចំពោះសេចក្ដីព្រាងច្បាប់នេះនៅក្នុងការជំរុញកុំឲ្យរដ្ឋាភិបាលបោះឆ្នោតអនុម័តច្បាប់នេះ រហូតទាល់តែមានជំនួបបន្ថែមទៀតជាមួយអង្គការមិនមែនរដ្ឋាភិបាលដើម្បីស្ដាប់ក្ដីបារម្ភរបស់ពួកគាត់៕ សុខុម