ប័ណ្ណសារ

សេចក្តីព្រាង​ថ្មី​នៃ​​ច្បាប់​ស្ដីពី​អង្គការ​​មិន​មែន​រដ្ឋាភិបាល​​​អាក្រក់​​ជាង​​សេចក្ដី​​ព្រាង​​​ចុងក្រោយ​​ឆ្ងាយ​

By

June 09, 2015

សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដ៏ធំមួយ​​អះអាង​​ថា ខ្លួន​បាន​ឃើញ​​ច្បាប់​ចម្លង​បែក​ធ្លាយ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ដ៏​ចម្រូងចម្រាស​មួយ​ដែល​មាន​បំណង​គ្រប់​គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល​រាប់​រយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថា សំណៅ​​​សេចក្តី​ព្រាង​ចុង​ក្រោយ​បំផុត​នេះ​បង្ហាញ​​ពី​ការ​ដើរ​ថយក្រោយ​យ៉ាង​ខ្លាំង​។

លោក សឿង សារឿន នាយកប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​​ដើម្បី​កម្ពុជា ហៅ​កាត់​ថា CCC ដែល​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​រាប់​សិប​ជា​សមាជិក​របស់​ខ្លួន​ បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ថ្មី​នេះ​គឺ​ជា​សំណៅ​សេច​ក្តី​ព្រាងដែល​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​មាន​ការ​កែប្រែ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ដោយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​បញ្ជូន​​​វា​​ទៅ​រដ្ឋសភា។

លោក​បានលើក​ឡើង​កាលពី​ម្សិលមិញ​ថា “​សរុប​មក​ខ្ញុំគិត​ថា វា​អាក្រក់​ជាង​សំណៅ​សេចក្តី​​ព្រាង​ដែល​យើង​មាន​ពីមុន​ឆ្ងាយ​ណាស់”។ លោក​​បន្ត​​ថា CCC មិន​អាច​ចែក​រំលែក​ច្បាប់​ចម្លង​​ដោយ​មិន​លាត​ត្រដាង​ប្រភព​បែក​ធ្លាយ​បាន​ឡើយ​។ លោក​មាន​ប្រសាសន៍​ថា​ បើ​គិត​ពី​ភាព​វិជ្ជមាន​ ​គឺ​វា​​បាន​ដក​ចេញ​​មាត្រា​ដ៏ចម្រូង​ចម្រាស​មួយ​ដែល​រឹត​ត្បិត​ការ​ចំណាយ​លើ​ប្រតិ​បត្តិ​ការត្រឹម​២៥​ភាគរយ​នៃ​ថវិកា​របស់​​របស់​​បណ្តា​​អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស​​ ជា​ចំនួន​ដែល​ពួក​គេ​និយាយ​ថា អាចធ្វើ​ឲ្យ​អាក់​ខាន​ការ​ងារ​របស់​ពួកគេ​ធ្ងន់ធ្ងរ។

ប៉ុន្តែ​លោក​ថ្លែង​​ថា ការ​ដក​​ចេញ​មាត្រា​នេះ​គឺ​មិន​ស្មើ​នឹង​ការ​​កែ​ប្រែ​ផ្សេងទៀត​ឡើយ​ ក្នុង​នោះ​រួម​មានទាំង​​បទប្បញ្ញត្តិ​មួយ​ដែល​រារាំង​​​បុគ្គល​មិន​ឲ្យ​ចុះ​ឈ្មោះ​ជា​មន្ត្រី​ស្ថាបនិក​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផងដែរ​​ ប្រសិន​បើ​​បុគ្គល​​នោះ​ធ្លាប់​​ដឹកនាំអង្គការ​មិន​មែន​រដ្ឋាភិបាល​​​មួយ​ដែល​រដ្ឋាភិបាល​​ធ្លាប់​រម្លាយ​​ចោល​កាលពី​មុន​។

មូលហេតុ​ចម្បង​ៗដែល​សេចក្ដី​ព្រាង​ជា​សាធារណៈ​ចុង​ក្រោយ​​នេះ​​ផ្តល់​ឲ្យ​សម្រាប់​ការ​រម្លាយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ គឺការ​មិន​បាន​រាយការណ៍​​អំពី​ការ​ផ្លាស់​ប្ដូរ​បុគ្គលិក​ ឬ​​ការ​មិន​​ដាក់​ជូន​របាយការណ៍​សកម្មភាព​ និង​​របាយ​ការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំទៅ​រដ្ឋាភិបាល។​ សេចក្តី​ព្រាង​នេះ​​ក៏​អនុញ្ញាត​ឲ្យ​ក្រសួង​ការ​បរទេស​បិទ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស​​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ ប្រសិន​បើ​​អង្គ​ការ​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ “​ទំនៀម​ទម្លាប់​ និង​ប្រពៃណីនៃ​សង្គម​ជាតិ​ខ្មែរ” ជា​​ពាក្យ​ពេចន៍​​មិន​ច្បាស់​លាស់​ដែល​បណ្ដា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​អាច​នឹង​ប្រើ​ប្រាស់​វា​ក្នុង​ផ្លូវ​ខុស​ដើម្បី​​តម្រង់​គោល​ដៅ​ទៅ​រក​អ្នក​រិះគន់​ខ្លួន​។

​ស្ថិត​ក្រោម​សេចក្ដី​ព្រាង​ចាស់​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រូវ​ចុះ​បញ្ជី​ជាមួយ​រដ្ឋាភិបាល​ ប្រសិន​បើ​ពួកគេ​ចង់​បាន​ឋានៈ​ផ្លូវ​ច្បាប់​ ប៉ុន្តែ​ប្រសិន​បើ​​​​មិន​ចង់ទេ​ ​អង្គ​ការ​ទាំង​នោះ​ក៏​នៅ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ធ្វើ​ការ​ដដែល​។ យោង​តាម​ CCC បាន​ឲ្យ​ដឹង​ថា ស្ថិត​ក្រោម​សេចក្ដី​ព្រាង​ថ្មី​នេះ​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រូវ​តែ​ចុះ​បញ្ជី បើ​មិន​ដូច្នោះ​ទេ​ត្រូវតែ​​បិទ​ទ្វារ​ចោល​។ លោក សឿង សារឿន បាន​មាន​ប្រសាសន៍​ថា “​វា​ច្បាស់​ជាង​មុន ប៉ុន្តែ​វា​មាន​ផល​អាក្រក់​ជាង​មុន”។

ហើយ​​​វា​​មិន​ដូច​សេចក្ដី​ព្រាង​មុន​នេះ ​ដោយ​សេចក្ដី​ព្រាង​ចុង​ក្រោយបំផុត​នេះ​ទទូច​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​អស់​រក្សា​ “​អព្យាក្រឹត​ភាព​​” ខាង​នយោបាយ​ ប៉ុន្តែ​​វា​មិន​ផ្ដល់​និយម​ន័យ​ ឬ​គោល​ការណ៍​ណែនាំ​ច្បាស់​លាស់​ឡើយ​ ដោយ​បន្ថែម​នូវ​លក្ខខណ្ឌ​មួយ​ទៀត​ដែល​បាន​ធ្វើ​ឲ្យ​ CCC មាន​ការ​ព្រួយ​បារម្ភ​។

​លោក សឿន សារឿន បាន​ថ្លែង​ថា “​វា​ជា​លក្ខខណ្ឌ​មិន​ច្បាស់​លាស់​​ដែល​​​គេ​អាច​កេង​ចំណេញ​បាន​យ៉ាង​ងាយ​ស្រួល​”។​ លោក​បាន​បន្ត​​ថា សេចក្ដី​ព្រាង​ថ្មី​នេះ​​ក៏​លុប​ចោល​ការ​លើក​ឡើង​អំពី​ “​អង្គការ​ដែល​មាន​មូលដ្ឋាននៅ​តាម​សហគមន៍” ជា​ក្រុម​ក្រៅ​ផ្លូវ​ការ​ដែល​​បង្កើត​ឡើង​ដើម្បី​ដោះ​ស្រាយ​ក្ដី​បារម្ភ​បន្ទាន់​របស់​ភូមិ ឬឃុំ​ជាក់​លាក់​ណាមួយ​ផងដែរ​។

លោក​បាន​​មាន​​​ប្រសាសន៍​​បន្ថែម​ថា ពេល​នេះ​វា​មិន​ច្បាស់ទេ​​​ថា​ តើ​ក្រុម​បែប​នេះ​នឹង​មិន​ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ច្បាប់​នេះ​ ឬ​ក៏​​ធ្វើដូច​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធំៗ​ផ្សេង​ទៀត​​ដែល​ត្រូវ​ធ្វើ​​ការ​ចុះ​បញ្ជី​ដ៏​តឹងរ៉ឹង និងបំពេញ​​កាតព្វ​កិច្ច​ធ្វើ​របាយការណ៍​ដែល​ពួកគេ​​ប្រហែល​ជា​គ្មាន​លទ្ធ​ភាព​​អាច​​ធ្វើ​បាន ឬ​យ៉ាង​ណា​នោះ​។

លោក​មាន​ប្រសាសន៍​ថា បើ​​មិន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា ក្រុម​តូច​បំផុត​ទាំង​នេះ​​ត្រូវ​បាន​លើក​លែង​ទេ​នោះ “​វា​ងាយ​ស្រួល​សម្រាប់​អាជ្ញាធរ​មូលដ្ឋាន​បក​ស្រាយ​ខុស ដូច្នេះ​នេះ​អាច​ជារឿង​អាក្រក់​”។ លោក​លើក​ឡើង​ថា សេចក្ដី​ព្រាង​ថ្មី​នេះ​ក៏តម្រូវ​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រគល់​របាយការណ៍​ដែល​ម្ចាស់​ជំនួយ​​របស់​ខ្លួន​ទាមទារ​ ឲ្យ​ទៅ​រដ្ឋាភិបាល​ផង​ដែរ ដោយ​បង្ខំ​ឲ្យពួកគេ​លាត​ត្រដាង​ព័ត៌មាន​ដែល​ក្នុង​ករណី​ខ្លះ​គួរ​តែ​រក្សា​ទុក​ជា​ការ​សម្ងាត់​។ ហើយ​​វា​​ដូច​សេចក្ដី​ព្រាង​ចាស់ត្រង់​ថា ​វា​នៅតែ​ខ្វះ​មូលហេតុ​ច្បាស់​លាស់​ដែល​រដ្ឋាភិបាល​​អាច​ប្រើ​ប្រាស់​ដើម្បី​ច្រាន​ចោល​ការ​ដាក់​ពាក្យ​ស្នើ​សុំ​​ចុះ​បញ្ជី​​។

បណ្ដា​អង្គការ​មិន​មែន​រដ្ឋាភិបាល​និយាយ​ថា ច្បាប់​នេះ​​ប្រឆាំង​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ជុំ​របស់​ខ្លួន​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក សឿង សារឿន បាន​មាន​ប្រសាសន៍​ថា “ច្បាប់​នេះ​នៅ​តែ​មាន​ផល​អាក្រក់​ខ្លាំង​ចំពោះ​សង្គម”។

រដ្ឋាភិ​បាល​​​និយាយ​ថា ខ្លួន​ត្រូវ​ការ​ច្បាប់​នេះ​ដើម្បី​​ធានា​​ថា អង្គកា​រមិន​មែន​រដ្ឋាភិបាល​រាប់​ពាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​មិន​ធ្វើ​រឿង​ផ្ដេសផ្ដាស​។ កាលពី​ពេល​ថ្មី​​ៗ​នេះ រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ​អ្វី​ដែល​ខ្លួន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​នោះ​គឺ​ក្រុម​​ភេរវ​កម្ម​អាល់កៃដា ​និង​​ក្រុម​​​មាន​ចិត្ត​គំនិត​តែ​មួយ​ដែល​ចាក់​ឫស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោម​​រូប​ភាព​​​ការ​ងារ​មនុស្ស​ធម៌។ បណ្ដា​អ្នក​រិះគន់​ច្បាប់​នេះ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​បែប​នេះ​ថាជា​ការ​បង្វែរ​ការ​ចាប់​​អារម្មណ៍។

បន្ទាប់ពីទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​នេះ​កាលពី​ថ្ងៃ​សុក្រ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ​​​​បាន​ធ្វើ​ការ​កែប្រែ​តែបន្តិច​បន្តួច​ប៉ុណ្ណោះ​ដែល​គណៈ​រដ្ឋ​មន្ត្រី​​ចង់​បាន​ មុន​ពេលបញ្ជូន​វា​ទៅ​រដ្ឋសភា​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​មាន​សំឡេង​ភាគ​ច្រើន​ដែល​ខ្លួន​ត្រូវ​ការ​ដើម្បី​អនុម័ត​ច្បាប់​នេះ​ដោយ​មិន​ចាំ​បាច់​មាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រឆាំង​។

គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ចូល​រួម​ជាមួយ​បណ្ដា​អ្នក​រិះគន់​​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ក្នុង​ការ​ជំរុញ​កុំ​ឲ្យ​រដ្ឋាភិបាល​បោះ​ឆ្នោត​អនុម័ត​ច្បាប់​នេះ រហូត​ទាល់​តែ​មាន​ជំនួប​បន្ថែ​ម​ទៀតជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិបាលដើម្បី​ស្ដាប់​ក្ដី​បារម្ភ​របស់​ពួកគាត់៕ សុខុម​​​​​​​​​