40.6 C
Phnom Penh

ការ​បង្ហាញ​មុខ​នៅតុលាការ​របស់​ជន​សង្ស័យ​៧នាក់​ក្នុង​គម្រោងបោកប្រាស់​​​ត្រូវ​បាន​ពន្យារពេល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​ខេត្ត​សៀមរាប​បាន​ពន្យារ​ពេល​បញ្ជូន​ជនសង្ស័យ​ប្រាំពីរ​នាក់​ ដែល​ជាប់​ចោទ​ពី​​បទប្រតិបត្តិ​គម្រោង​​បោក​ប្រាស់​​ទៅ​តុលាការ​កាល​ពី​ម្សិលមិញតាម​សេចក្ដី​បង្គាប់​របស់​ព្រះ​រាជ​អាជ្ញា​ដែល​បាន​លើក​ឡើង​ថា ប្រធាន​ក្រុម​ហ៊ុន​​នៅ​ពីក្រោយ​គម្រោងនេះ ​​នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​នេះ ដើម្បី”​ធានា​ពួកគេ​”។

នគរ​បាល​បាន​ចាប់​ខ្លួន​​ជន​សង្ស័យ​ប្រាំពីរ​នាក់​កាល​ពី​ថ្ងៃសៅរ៍​ បន្ទាប់ពីមាន​ការ​ព្រមាន​កាល​ពី​ខែ​មុន​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ (SECC)ថា “​​ក្រុម​ហ៊ុន​ Empire Big Capital (EBC) និង​ក្រុម​ហ៊ុន​ពីរ​ទៀត​បាន​បើក​ដំណើរការ​ដោយ​ខុស​ច្បាប់​។

លោក ថោង សុឃុន ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា “​​ពិតមែនហើយ ​នៅ​រសៀល​ថ្ងៃ​នេះ យើងគួរ​តែ​បាន​បញ្ជូន​ជន​សង្ស័យ​ទាំង​ប្រាំពីរ​នាក់​នេះ​ទៅ​សាលា​ដំបូង​ខេត្ត ប៉ុន្តែ​ព្រះរាជអាជ្ញារង​ទើប​តែ​បាន​ជូន​ដំណឹង​ដល់​ពួក​យើង​កុំ​ឲ្យ​បញ្ជូន​ពួក​គេ​ទៅ​អី ពីព្រោះ​ថៅកែ​របស់​ក្រុម​ហ៊ុន​នេះ​​នឹង​បង្ហាញ​ខ្លួន​ដើម្បី​ធានា​ពួកគេ​ទាំង​អស់”។

លោក សុឃុន​ បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត។ លោក កែវបណ្ឌិត បាន​មាន​ប្រសាសន៍​ថា “​នគរ​បាល​​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​នៅ​ឡើយ ហើយ​​លោក​បដិសេធ​មិន​ឆ្លើយ​​សំណួរ​បន្ថែម​ឡើយ​”។

កាលពី​ខែមុន SECC បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ព្រមាន​សាធារណជន​កុំ​ឲ្យធ្វើការ​​វិនិយោគ​ជាមួយ​ក្រុម​ហ៊ុន EBC និង​ក្រុម​ហ៊ុនមាន​ទំនាក់​ទំនង​ពីរ​ទៀត​ គឺ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ីអាគ្នេយ៍ និង​សមាគម​អ្នក​ប្រឹក្សា​​យោបល់​វិនិយោគ។

បន្ទាប់ពី​ការ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ លោក ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប​​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដែល​មាន​ខ្លឹមសារ​ថា ក្រុម​ហ៊ុន EBC មិន​ត្រូវ​បាន​ផ្តល់​​​​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ឡើយ​។

លោក ម៉េង ហ៊ាង វិនិយោគិន និង​ជា​អ្នក​ជ្រើសរើស​បុគ្គលិក​​នៅ​ក្រុម​ហ៊ុន EBC បាន​មាន​ប្រសា​សន៍​កាលពី​ម្សិលមិញ​ថា ប្រតិបត្តិការ​របស់​ក្រុម​ហ៊ុន​ត្រូវ​បាន​ផ្អាក ប៉ុន្តែ​មិន​មែនទាំង​ស្រុង​ទេ​។

លោក​បានមាន​ប្រសាសន៍​ថា “​ប្រតិបត្តិការ​របស់​យើង​ត្រូវ​បាន​ផ្អាក​ចាប់តាំង​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​គណៈកម្មការ​មូលបត្រ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​កាលពី​ខែ​មុន។ ប៉ុន្តែ​​ការិយាល័យ​របស់​យើង​​នៅ​បើក​​សម្រាប់ការ​ទំនាក់ទំនង​ជាមួយ​សមាជិក​ដែល​មាន​ស្រាប់​ដដែល ដូច​​ការ​បង់​ការ​ប្រាក់​ទៅ​ឲ្យ​​ពួកគេ​នៅ​​ធម្មតា​”៕ សារុន​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស