38 C
Phnom Penh

អ្នកនាំពាក្យលើកឡើង​ថា ជនជាតិ​ភាគតិច​ម៉ុងតាញ៉ាមិនមែន​ជា​អ្នកស្វែង​រក​សិទ្ធិ​ជ្រកកោន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ឥឡូវ​​​នេះ​​​មាន​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជនជាតិ​​​ភា​​គ​​​តិច​​​ម៉ុង​​​តាញ៉ា​​​១០៩​​​នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំ​​​ពេ​​​ញ​​​រង់​​​ចាំ​​​ចុះឈ្មោះ ប៉ុន្តែ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​ម្នាក់​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី ម្សិល​មិញ​​​ថា រដ្ឋាភិបាល​​​មិន​​​ទទួល​​​ស្គាល់​​​ពួក​​​គេ​​​ថា ជា​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិជ្រក​​​កោន​​​ស្រ​​ប​​​ច្បាប់​​​ឡើយ​​​​។

នៅ​​​ពេល​​​ត្រូវ​​​បា​​​ន​​​សួរ​​​ថា តើ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តា​​​ញ៉ា​​​ទាំង​​​នោះ​​​នឹង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​ចុះ​ឈ្មោះ​​ជាមួយ​នាយកដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​ក្រសួង​​​មហាផ្ទៃ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​ លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​បានមាន​ប្រសាសន៍ថា ពីព្រោះ​ពួកគេ​មិន​បាន​ប្រកាស​​ប្រាប់​អាជ្ញាធរ​ភ្លាមៗ​ពេល​ចូលមក​ប្រទេស​កម្ពុជា ហើយ​ក្រុមនេះ​មិនមែន​ជា​អ្នកស្វែង​រក​សិទ្ធិជ្រក​កោន​ផ្លូវ​ការ​ឡើយ​។

លោក​បានមាន​ប្រសាសន៍ថា “​យើង​មិន​ទទួលស្គាល់ពួកគេ​ជា​អ្នកស្វែងរក​សិទ្ធិជ្រកកោន​ជន​ជាតិ​ម៉ុង​តាញ៉ាទេ ពីព្រោះ​ពួកគេ​គួរ​តែ​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​ តាំង​ពីដំបូង​​មក​ម៉្លេះ”។

នៅពេល​ក្រុម​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ាក្រុមដំបូង​ ជា​ក្រុមជនជាតិ​ដើមភាគតិច​​ដែលរស់នៅ​​តំបន់​ខ្ពង់​រាប​កណ្តាល​ប្រទេស​វៀត​ណាម​ដែល​អះ​អាង​ថា បាន​គេ​ចខ្លួន​ពីការ​ធ្វើ​ទុក​្ខបុកម្នេញ​ បាន​ចាប់ផ្តើម​​មក​ដល់​​ខេត្ត​រតនគិរី​កាលពី​ខែតុលារនោះ​​ នគរបាល​បាន​គំរាម​កំហែង​ពួកគេ​ដោយ​ការ​ចាប់ខ្លួន​ និង​និរទេស​ ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​។ ទីបំផុត​ យ៉ាង​ហោច​ណាស់​​មនុស្ស​​៤៧នាក់​ត្រូវ​បាន​ឃុំខ្លួន​ និង​បញ្ជូន​ទៅ​ប្រទេស​វៀត​ណាមវិញ។

កាលពី​ម្សិល​មិញ ឧត្តម​សេនីយ៍​ ខៀវ សុភ័គ បាន​អះ​អាង​ថា ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​បាន​បន្ត​មក​ដល់​ទៀត​ ជា​ផ្នែកមួយ​នៃគម្រោង​ដែល​ក្នុង​នោះ ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​នៅអាមេរិក​បាន​ផ្តល់ប្រាក់ដល់​អ្នក​ជួញដូរ​មនុស្ស​​ឲ្យ​នាំពួកគេ​មក​ប្រទេស​កម្ពុជា​ ទីដែល​ពួក​គេ​​សង្ឃឹមថា នឹង​ទទួលបាន​ឋានៈជា​ជន​ភៀស​ខ្លួន​ និង​បាន​តាំងទីលំនៅ​ថ្មី​នៅ​អាមេរិក។

ឧត្តម​សេនីយ៍ ខៀវ សុភ័គ​ បានមាន​ប្រសាសន៍ថា “​អ្នកដែល​ជាប់ពាក់ព័ន្ធ​ក្នុងការ​ជួញដូរ​មនុស្ស​​ទាក់​ទាញ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​ទាំងនោះ​​ពី​ស្រុក​កំណើត​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់នៅ​សហរដ្ឋអាមេរិក ហើយ​អ្នកទាំងនោះដែល​កំពុង​​នាំ​​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ានោះ​​ បាន​ប្រាប់​ពួកគេ​ពី​ទីកន្លែង​ជាក់លាក់​របស់​អង្គការ​សហប្រជាជាតិ។ តើ​ពួកគេ​ស្គាល់ទីកន្លែង​​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​ការិយាល័យ​​អង្គការ​សហប្រជាជាតិ​​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​របៀបណាទៅ​?”។

លោកស្រី វ៉ាន ហៀលី តំណាង​ប្រចាំប្រទេស​នៃការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជា​ជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​​បាន​មាន​ប្រសាសន៍ថា កាលពី​សប្តាហ៍មុន​ មាន​អ្នកស្វែង​រក​សិទ្ធិ​ជ្រក​កោនជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​៨៥នាក់ប៉ុណ្ណោះ​​ក្នុង​រាជធានី ប៉ុន្តែថា ចំនួននេះ​បាន​បន្ត​កើន​ឡើង​។

លោកស្រី លី បាន​លើកឡើង​ក្នុង​អុីម៉េល​ថា “​ថ្ងៃនេះគឺថ្ងៃទី​​៨ខែ​មិថុនា មាន​អ្នកស្វែង​រក​សិទ្ធិជ្រកកោន​​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា១០៩នាក់​នៅក្នុង​រាជ​ធានី​ភ្នំពេញ។ ដូចក្រុម​មុន​ៗ​ដែរ អ្នក​​មកដល់​ថ្មី​បំផុត​នេះមិនត្រូវ​បាន​ផ្តល់​សិទ្ធិ​​ចំពោះ​នីតិវិធី​​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទេ”។

ចាប់ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១១ អ្នកស្វែងរក​សិទ្ធិជ្រកកោន​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​រាប់ពាន់នាក់់​​បាន​ភៀសខ្លួនមក​ប្រទេស​កម្ពុជា​ ដោយ​ទីបំផុត​​ពួកគេ​​ជាង​២.០០០នាក់​​កំពុង​តាំង​ទីលំនៅថ្មី​​​ជា​ជន​ភៀស​ខ្លួន​នៅ​សហរដ្ឋអាមេរិក។

ប៉ុន្តែនៅពេល​​អង្គការ​សហប្រជាជាតិ​​បាន​បិទ​មណ្ឌល​ជន​ភៀសខ្លួន​របស់ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០១១ ឧត្តម​សេនីយ៍ ខៀវ សុភ័គ ​បាន​ព្រមាន​ថា ដំណើរ​ចំពោះ​ការ​តាំងទីលំនៅថ្មី​ត្រូវ​បាន​បិទហើយ។

លោក​បានមានប្រសាសន៍​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១១ថា “​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​មិនគួរ​មក​ទីនេះ​ទៀត​ទេ។ ប្រសិន​បើ​ពួកគេ​មក យើង​នឹង​អនុវត្ត​​ច្បាប់អន្តោ​ប្រវេសន៍​របស់យើង​ហើយ​”៕សារុន​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស