29 C
Phnom Penh

ទាហាន​​​វៀតណាម​​​រារាំង​​​ដំណើរ​​​ចុះ​​​ទៅ​​​កាន់​​​តំបន់​​​ព្រំដែន​​​ដែល​​​ដឹកនាំ​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​​​សភា​​​ និងសកម្ម​​​ជន​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​លើក​​​ឡើង​​​ថា កាល​​​ពីម្សិលមិញ​​​ ទាហាន​​​វៀត​​​ណាម​​​ប្រដាប់​​​ដោយ​​​អាវុធ​​​បាន​​​ព្យាយាម​​​រារាំង​​​មនុស្ស​​​ជាង​​​៣០០នាក់​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​សមាជិក​​​សភា​​​​​​​​​​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មិន​​​ឲ្យ​​​ចុះ​​​ទៅ​​​កាន់​​​​​​​​​​តំបន់​​​​​​ព្រំដែន​​​មាន​​​ជម្លោះ​​​នៅ​​​ក្នុង​​​ស្រុក​​​អូរយ៉ាដាវ​​​ ខេត្ត​​​រតនគិរី។

ក្រុម​​​នេះ​​​ដែល​​​រួម​​​មាន​​​សមាជិក​​​សភា​​​ចំនួន​​​ប្រាំ​​​រូប​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ និង​​​និស្សិត​​​ព្រម​​​ទាំង​​​ព្រះសង្ឃ​​​បាន​​​ចុះ​​​ទៅ​​​តំបន់​​​ព្រំដែន​​​បន្ទាប់ពី​​​មាន​​​សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​ថា ជន​​​ជាតិ​​​វៀតណាម​​​បាន​​​ដាំ​​​ដំឡូង​​​មី​​​ និង​​​ជីក​​​ស្រះ​​​នៅ​​​លើ​​​ទឹក​​​ដី​​​កម្ពុជា​​​​​​ នេះ​​​បើ​​​យោង​​​តាម​​​លោក ម៉ៅ មុន្នីវណ្ណ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ដឹក​​​នាំ​​​ក្រុម​​​នេះ​​​។

លោក​​​ មុន្នីវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ទៅ​​​ដល់​​​ភូមិ​​​នេះ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៩[ព្រឹក]​​​ បន្ទាប់​​​មក​​​គណៈប្រតិភូ​​​របស់​​​យើង​​​បាន​​​ជួប​​​ជាមួយ​​​ទាហាន​​​វៀតណាម​​​មួយ​​​ក្រុម​​​មា​​​ន​​​គ្នា​​​ប្រហែល​​​៣០​​​នាក់​​​ដែល​​​ប្រដាប់​​​ដោយ​​​អាវុធ​​​ ដំបង​​​ឆក់​​​ និង​​​មាន​​​​​​សុខន​​​​នៅ​​​ជាមួយ​​​ពួក​​​គេ​​​ផងដែរ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា សមាជិក​​​របស់​​​ក្រុម​​​លោក​​​បាន​​​ប៉ះ​​​ទង្គិច​​​គ្នា​​​មួយ​​​ប្រាវ​​​ជាមួយ​​​ទាហាន ហើយ​​​លោក​​​បាន​​​អះ​​​អាង​​​ថា លោក​​​ត្រូវទាហាន​​​វៀតណាម​​​​​​យក​​​ដំបង​​​មក​​​ឆក់​​​ ប៉ុន្តែ គ្មាន​​​នរណា​​​ផ្សេង​​​ទៀត​​​រង​​​របួស​​​ឡើយ​​​​​​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​ដោយ​​​សំដៅ​​​ដល់​​​តំបន់​​​មាន​​​ជម្លោះ​​​ដែល​​​ត្រូវ​​​បាន​​​វាស់​​​វែង​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ​​​​​ថា “ពួក​​​​​​គេ​​​បាន​​​រារាំង​​​យើង​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​មើល​​​ស្រះ​​​ដែល​​​គេ​​​រាយការណ៍​​​ថា ត្រូវ​​​បាន​​​គេ​​​ជីក​​​ដោយ​​​អាជ្ញាធរ​​​វៀតណាម​​​នៅ​​​ក​​​្នុង​​​តំបន់​​​[ស]​​​ឡើយ​​​”។

ដំបូង​​​ឡើយ​​​ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​អាដ​​​ហុក​​​​​​បាន​​​រក​​​ឃើញ​​​ស្រះ​​​ទឹក​​​ចំនួន​​​ប្រាំ​​​និង​​​ចម្ការ​​​ដំឡូង​​​មី​​​ ប៉ុន្តែ លោក​​​ មុន្នីវណ្ណ បាន​​​អះអាង​​​ថា នៅ​​​ពេល​​​ទាហាន​​​អនុញ្ញាត​​​ឲ្យ​​​ក្រុម​​របស់​​​លោក​​​ចូល​​​ទៅ​​​តំបន់​​​នោះ​​​កាល​​​ពី​​​ម្សិលមិញ ពួក​​​គេ​​​បាន​​​រក​​​ឃើញ​​​ចម្ការ​​​ និង​​​ស្រះ​​​ទឹក​​​បន្ថែមទៀត​​​ដែល​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​​​​ស្រោច​​​ស្រព​​​ដំណាំ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​រក​​​ឃើញ​​​ថា​​​ គេ​​​​​​បាន​​​​​​ជីក​​​ស្រះ​​​ទឹក​​​ចំនួន​​​ប្រាំ​​​ពីរ​​​ ហើយ​​​មាន​​​ចម្ការ​​​រាប់​​​សិប​​​ហិកតា​​​ទៀត​​​ជា​​​ទី​​​ដែល​​​ដំណាំ​​​កាហ្វេ ស្វាយ​​​ចន្ទី និង​​​កៅស៊ូ​​​ត្រូវ​​​បាន​​​គេ​​​ដាំ​​​នៅ​​​លើ​​​ដី​​​មាន​​​ជម្លោះ​​​”។

លោក ឆាយ​​​ ធី អ្នក​​​សម​​​សម្រួល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អា​​​ដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ចំនួន​​​ពីរ​​​លើក​​​​​​បាន​​​ផ្ទុះ​​​ឡើង ​​​នៅ​​​ពេល​​​ទាហាន​​​វៀតណាម​​​រារាំង​​​ក្រុម​​​នេះ​​​ ខណៈ​​​ពួក​​​គេ​​​ចូល​​​ទៅ​​​ដល់​​​ស្រះ​​​ទឹក​​​ដែល​​​គេ​​​ជីក​​​​​​។

ទោះ​​​ជាយ៉ាង​​​ណា លោក ហេង រតនា ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​​​​ខេត្ត​​​នេះ​​​​​​បាន​​​ជំទាស់​​​​​​នឹង​​​តួលេខ​​​ដែល​​​ផ្តល់​​​ដោយ​​​លោ​​​ក មុន្នីវណ្ណ និង​​​លោក​​​ ឆាយ​​​ ធី ហើយ​​​ថា គ្មាន​​​ការ​​​រំលោភ​​​បំពាន​​​​​​លើ​​​រាង​​​កាយ​​​ទេ​​​ ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ថា មាន​​ការ​​​ប្រើ​​​ពាក្យ​​​ធ្ងន់​​​ៗ​​​ដាក់​​​​​​គ្នា​​​រវាង​​​ទាហាន​​​ និង​​​ក្រុម​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​ការ​​​ជេរប្រមាថ​​​គ្នា​​​ទៅវិញ​​​ទៅ​​​មក​​​រវាង​​​ពល​​​រដ្ឋ​​​ខ្មែរ និង​​​ទាហាន​​​វៀត​​​ណាម​​​ ប៉ុន្តែ ស្ថានភាព​​​េនះ​​​បាន​​​ធូរ​​​ស្រាល​​​ទៅវិញ​​​នៅ​​​ពេល​​​មេបញ្ជាការ​​​ការ​​​ពារ​​​ព្រំដែន​​​មួយ​​​រូប​​​របស់វៀតណាម​​​បាន​​​ប្រាប់​​​ទាហាន​​​របស់​​​ខ្លួន​​​ឲ្យ​​​អត់​​​ធ្មត់​​​ ខណៈ​​​នគរ​​​បាល​​​ និង​​​ទាហាន​​​ការ​​​ព្រំដែន​​​របស់​​​យើង​​​កំពុង​​​ព្យាយាម​​​ការ​​​ពារ​​​គណៈ​​​ប្រតិភូ​​​ទាំង​​​នេះ​​​”។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​មន្ត្រី​​​ថ្នាក់​​​ខេត្ត​​​នឹង​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​នេះ​​​យ៉ាង​​​ដូចម្ដេច​​​​​​នោះ​​​ លោក រតនា បាន​​​លើក​​​ឡើ​​​ង​​​ថា លោក​​​កំពុង​​​រង់​​​ចាំ​​​បទ​​​បញ្ជា​​​ពី​​​ក្រសួង​​​មហាផ្ទៃ​​​នៅ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​តែ​​​រង់​​​ចាំ​​​មេដឹក​​​នាំ​​​ថ្នាក់​​​លើ​​​ ដើម្បី​​​ជួប​​​ពិភាក្សា​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ ​​​បន្ទាប់​​​មក​​​ខ្ញុំ​​​នឹង​​​ធ្វើ​​​តាម​​​ការ​​​បញ្ជា​​​របស់​​​ពួក​​​​​​គាត់​​​។ ប៉ុន្តែ ចំពោះ​​​ការ​​​រារាំង​​​វិញ​​​ យើង​​​ពិត​​​ជា​​​អាច​​​រារាំង​​​​​​មិន​​​ឲ្យ​​​​​​មាន​​​ការ​​​ជីកស្រះ​​​បន្ថែម​​​ទៀត​​​បាន​​​​​​ ក៏​​​ដូច​​​ជា​​​សកម្ម​​​ភាព​​​ផ្សេង​​​ៗ​​​​​​នៅ​​លើដី​​​​​​ក្បែរ​​​ព្រំដែន​​​មាន [​​​ជម្លោះ] ​​​ផង​​​ដែរ”។

លោក​​​ មុន្នីវណ្ណ បានមានប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា លោក​​​មាន​​​ផែន​​​ការ​​​ជម្រាប​​​ជូន​​​ក្រសួង​​​ការបរទេស​​​​​​​​​​​​​​អំពី​​​អ្វី​​​ដែល​​​លោក​​​បាន​​​ឃើញ​​​កាល​​​ពី​​​ម្សិលមិញ ប៉ុន្តែ មិន​​​រំពឹង​​​ថា រដ្ឋាភិបាល​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រដ្ឋាភិបាល​​​របស់​​​យើង​​​ខ្សោយ​​​។ វា​​​ខ្សោយ​​​ព្រោះ​​​ពួក​​​គេ​​​ [វៀតណាម​​​] អាច​​​ដាំ​​​ដុះ​​​លើ​​​​​​ដី​​​ដែល​​​មាន​​​ជម្លោះ​​​ ហើយ​​​យើង​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​ៗ​​​បាន​​​នៅ​​​លើ​​​ដី​​​នេះ​​”៕ ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស