26 C
Phnom Penh

ក្រសួង​មហាផ្ទៃ​​នឹងជួប​ប្រជុំជាមួយ​ក្រុមស៊ើប​អង្កេត​ជន​ជាតិបារាំង​​ជុំវិញ​ករណី​ឃាតកម្ម​លើលោក ឡូរ៉ង​់ វ៉ាល្លីយេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​​ម្សិលមិញ​ថា ក្រុម​ស៊ើបអង្កេត​ជនជាតិ​បារាំង​​ដែល​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ឃាត​កម្ម​លើ​លោក ឡូរ៉ង់ វា៉ល្លីយេ ជនជាតិ​បារាំង​ និង​កូនៗ​​របស់​លោក​បួន​នាក់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ឆ្នាំ​២០១២​ នឹង​ជួប​ប្រជុំ​ជាមួយ​នគរ​បាល​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

លោក ឈឹម រិទ្ធី ចៅក្រម​ស៊ើបសួរ​ដែល​ទទួល​បន្ទុក​ដោះស្រាយករណី​​នេះ​បាន​​មាន​ប្រសាសន៍​ថា “​ពួកគេ​នឹង​មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ប្រជុំ​ជាមួយ​នាយកដ្ឋាន​​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​​ដើម្បី​ទទួលបាន​បច្ចុប្បន្ន​ភាព​ស្ដីពី​ការ​ស៊ើបអង្កេត​​ករណី​លោក រ៉ូឡង់ វ៉ាល្លីយេ”។

លោក​បាន​បន្ថែម​ថា “ករណី​នេះ​​នៅ​អាថ៌​កំបាំង​នៅ​ឡើយ ពីព្រោះ​យើង​មិន​ទាន់​រក​ឃើញ​ភ័ស្តុ​តាង​ថ្មី​ឡើយ​”។

រយៈ​ពេល​៣ខែ​បន្ទាប់​ពី​ពួកគេ​បាន​បាត់​ខ្លួន​ សាកសព​លោក រ៉ូឡង់ វ៉ាល្លីយេ អាយុ​៤២​ឆ្នាំ និង​កូន​ៗ​របស់​លោក​អាយុ​ពី​២ឆ្នាំ​ដល់​៩​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រថយន្ត​តូយ៉ូតា​ឡង់​គ្រីស័រ​នៅ​បាត​ស្រះ​​ទឹក​​មួយ​នៅ​ក្បែរ​ផ្ទះ​របស់​ក្រុម​គ្រួសារ​ពួកគេ​នៅ​ក្នុង​ស្រុក​ច្បារមន។

នគរ​បាល​​កម្ពុជា​បាន​ចាត់​ទុក​ករណី​បុរស​ជនជាតិ​បារាំង​រូប​នេះ​ភ្លាមៗ​ថា​ ជា​មនុស្ស​អស់​សង្ឃឹម និង​គ្មាន​ប្រាក់ ដែល​បាន​​សម្លាប់​កូនៗ​របស់​ខ្លួន​ រួច​សម្លាប់​ខ្លួន​ឯង​ បើ​ទោះ​ការ​ពិត​ថា សាកសព​របស់​គាត់​ដែល​គ្មាន​ក្បាល​ត្រូវ​បាន​យក​ចេញ​ពី​វ៉ាលិស​មួយ​នៅ​ក្នុង​រថយន្តនោះ​ក៏ដោយ​។

សំណុំ​រឿង​នេះ​ត្រូវ​បាន​បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ​កាលពី​​ខែ​មីនា ឆ្នាំ​២០១៣ នៅ​ពេល​ក្រុម​ស៊ើបអង្កេត​ជនជាតិ​បារាំង​បាន​ធ្វើ​កោសល្យ​វិច័យ​ ហើយ​បាន​សម្រេច​ភ្លាមៗ​ថា ជា​ករណីធ្វើ​អត្តឃាត​។

លោក សុខ ខេមរិន្ទ​ នាយ​នគរ​បាល​​ព្រហ្មទណ្ឌ​​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់ថា​ លោក​បាន​ដឹក​នាំ​ការ​ស៊ើបអង្កេតខាង​កម្ពុជា​​ ហើយ​ថា ជំនួប​ជាមួយ​គណៈប្រតិភូ​បារាំង​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ប៉ុន្តែ​លោក​បាន​ដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ។

ស្ត្រី​អ្នក​នាំពាក្យ​ស្ថានទូត​បារាំងម្នាក់​​​បាន​លើកឡើង​​ថា ស្ថានទូត​មិន​ដឹង​​​ពី​ដំណើរ​បែប​នេះទេ​៕ សារុន​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស