26 C
Phnom Penh

ជន​សង្ស័យ​ត្រូវ​ជំនុំ​ជម្រះ​ទាក់​ទិន​នឹង​ការ​រំលោភ​ក្មេង​ស្រី​នៅ​ខណ្ឌ​ចំការ​មន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស​បី​នាក់​ត្រូវ​តុលាការ​ជំនុំ​ជម្រះ​កាលពី​ថ្ងៃ​ច័ន្ទ​ពី​បទ​ល្មើស​រំលោភ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ដាក់​ថ្នាំ​ឲ្យ​ផឹក​និង​ពង្រត់​ក្នុង​ខណ្ឌ​ចំការ​មន​ក្រុង​ភ្នំពេញ​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន ក៏​ប៉ុន្តែ​បុរស​សង្ស័យ​ក្នុង​ការ​រំលោភ​នេះ កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ។

នាង ទៃ យ៉ាន អាយុ​២១​ឆ្នាំ បាន​និយាយ​ក្នុង​តុលាការ​ថា នាង​រស់​នៅ​ជិត​ខាង​ជាមួយ​ជន​រង​គ្រោះ ហើយ​បាន​បបួល​ក្មេង​ស្រី​ទៅ​លេង​នៅ​ពិធី​ស្រោច​ទឹក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​កាលពី​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា បន្ទាប់​ពី​នោះ នាង យ៉ាន បាន​នាំ​នាង​ទៅ​ផ្ទះ លឹម គឹមសាយ អាយុ​៣៣​ឆ្នាំ នៅ​សង្កាត់​ទំនប់​ទឹក។

យោង​តាម​ព្រះ​រាជ​អាជ្ញា​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ទៅ​លេង​នោះ គឹមសាយ បាន​ឲ្យ​តែ​គជ់​មួយ​កែវ​មាន​ដាក់​ថ្នាំ​ទៅ​ក្មេង​ស្រី​ផឹក។ បន្ទាប់​ពី​នាង​សន្លប់ នាង​ យ៉ាន និង​គឹមសាយ បាន​ចង​ដៃ​ក្មេង​ស្រី​ និង​នាំ​នាង​ទៅ​ផ្ទះ​សំណាក់​សុខសាន ក្នុង​ខណ្ឌ​ទួល​គោក ដែល​នៅ​ទីនោះ​ហើយ​ គឹមសាយ បាន​រំលោភ​នាង។

ឡុង ធា អាយុ​៤៤​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប ដែល​បាន​ដឹក​អ្នក​ទាំង​បី​ទៅ​ផ្ទះ​សំណាក់​នោះ ក៏​បាន​ឡើង​តុលាការ​ដែរ​កាលពី​ថ្ងៃ​ច័ន្ទ។ គឹមសាយ ដែល​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ​កំបាំង​មុខ។

នាង យ៉ាន បាន​ប្រាប់​តុលាការ​ថា នៅ​ពេល​គាត់​បាន​ចូលរួម​ក្នុង​ការ​នាំ​ក្មេង​ស្រី​នេះ​ទៅ​ផ្ទះ​របស់​ គឹមសាយ និង​ដឹក​ក្មេង​ស្រី​នោះ​ទៅ​ផ្ទះ​សំណាក់ នាង​មិន​ដឹង​ថា គាត់​មាន​បំណង​រំលោភ​ក្មេង​ស្រី​នោះ​ទេ។ នាង​ យា៉ន បាន​និយាយ​ថា គឹមសាយ ជា​មេ​គំនិត​ក្នុង​ការ​ប្រព្រឹត្ត​នេះ និង​បាន​ប្រាប់​នាង​ថា ប្រសិនបើ​នាង​មិន​ជួយ​នាំ​ក្មេង​ស្រី​នោះ​ឲ្យ​គាត់​ទេ គាត់​នឹង​សម្លាប់​នាង​។

នាង​ យ៉ាន បាន​បន្ថែម​ថា “ខ្ញុំ​មិន​បាន​ចង​នាង​ទេ គឺ​អ្នក​ផ្សេងទៀត​ធ្វើ”។

លោក ធា អ្នក​រត់​ម៉ូតូ​ឌុប បាន​និយាយ​ថា គាត់​មិន​ដឹង​ថា ក្មេង​ស្រី​នោះ​ត្រូវ​គេ​ធ្វើ​បាប ឬ​ថា​នាង​ត្រូវ​គេ​ចាប់​ពង្រត់​ឡើយ។

គាត់​បាន​និយាយ​ថា “ពួកគេ​គ្រាន់តែ​ហៅ​ខ្ញុំ​ឲ្យ​ដឹក​ពួកគេ​ទៅ​ផ្លូវ​កាច់​ជ្រុង​មួយ​ប៉ុណ្ណោះ”។ គាត់​បាន​បន្ថែម​ថា ក្មេង​ស្រី​និង​ជន​សង្ស័យ​ទាំង​ពីរ​នាក់​មើល​ទៅ “​ធម្មតា” នៅ​ពេល​ជិះ​ម៉ូតូ។

ទោះជា​យ៉ាង​នេះ​ក្តី រាជ ចាន់ថេង មេធាវី​របស់​ជន​រងគ្រោះ បាន​និយាយ​ថា ជន​សង្ស័យ​ទាំងពីរ​បាន​ដឹង​អំពី​ចេតនា​របស់​ គឹមសាយ នៅ​ពេល​ដែល​ពួកគេ​បាន​ដឹក​នាង​ទៅ​ផ្ទះ​សំណាក់។

លោក​ស្រី ចាន់ថេង បាន​និយាយ​ថា “ជន​ជាប់​ចោទ​បាន​[ទៅ​ផ្ទះសំណាក់​នោះ]​ជាមួយ​គ្នា ដូច្នេះ​ពួកគេ​បាន​ដឹង​អំពី​បំណង​របស់ លឹម គឹមសាយ។ នេះ​ជា​ការ​ប្រឆាំង​នឹង​ឆន្ទៈ​ជន​រង​គ្រោះ ពីព្រោះ​នៅ​ពេល​នាង​ត្រូវ​គេ​រំលោភ ជន​រងគ្រោះ​បាន​ស្រែក”។

នៅ​ពេល​សាក​សួរ លោក​ស្រី ចាន់ថេង ក៏​បាន​លើក​បង្ហាញ​ថា នាង​ យ៉ាន បាន​រង់​ចាំ​នៅ​ក្នុង​បន្ទប់​ទឹក​អស់​រយៈ​ពេល​៣០​នាទី នៅ​ពេល​ គឹមសាយ រំលោភ​នាង​នោះ។

ម្តាយ​របស់​ជន​រងគ្រោះ​បាន​និយាយ​ថា កូន​ស្រី​របស់​គាត់​ស្ថិត​នៅ​ក្រោម​ការ​ថែ​រក្សា​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល គឺ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ និង​បាន​សុំ​តុលាការ​ផ្តល់​សំណង​ជា​ប្រាក់​ដល់​ក្មេង​ស្រី​រូប​នេះ។

អ្នក​ស្រី សុវណ្ណ បាន​និយាយ​ថា “ខ្ញុំ​ចង់​ឲ្យ​តុលាការ​ដាក់​ទោស​ជន​ជាប់​ចោទ​ទៅ​តាម​ច្បាប់ ហើយ​ខ្ញុំ​ចង់​បាន​សំណង​១៥.០០០​ដុល្លារ​ចំពោះ​ការ​ខូច​ខាត​លើ​កូន​ស្រី​របស់​ខ្ញុំ​និង​គ្រួសារ​របស់​ខ្ញុំ”។

ចៅក្រម កោ វណ្ណឌី បាន​និយាយ​ថា សាលក្រម​ចំពោះ​អ្នក​ទាំង​បី នឹង​ចេញ​នៅ​ថ្ងៃ​ទី​២៩​ខែ​មិថុនា៕ និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស