មួយថ្ងៃបន្ទាប់ពីលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាទទួលមរណភាព លោក សាយ ឈុំ អគ្គលេខាធិការនៃគណបក្សកាន់អំណាចមួយនេះត្រូវបានតែងតាំងកាលពីម្សិលមិញឲ្យជំនួសតំណែងជាប្រធានព្រឹទ្ធសភា ខណៈចាប់ផ្តើមត្រៀមរៀបចំសម្រាប់ការកាន់មរណទុក្ខទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមិថុនា។
បន្ទាប់ពីមានសុខភាពកាន់តែដុនដាបទៅៗអស់រយៈពេលជាយូរដោយសារជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលនៅខែតុលា ឆ្នាំ២០០០ លោក ជា ស៊ីម ដែលបានក្លាយជាប្រធានព្រឹទ្ធសភាចាប់តាំងពីព្រឹទ្ធសភាត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ១៩៩៩មកនោះ បានទទួលមរណភាពកាលពីរសៀលថ្ងៃច័ន្ទ ធ្វើឲ្យតំណែងជាប្រធានស្ថាប័ននីតិប្បញ្ញត្តិប្រថាប់ត្រាមួយនេះនៅទំនេរ។
លោក សាយ ឈុំ អនុប្រធានព្រឹទ្ធសភា និងដែលបានធ្វើជាប្រធានស្ដីទីរហូតមកនោះ ត្រូវបានតែងតាំងកាលពីខែមេសាជាបេក្ខភាពប្រធានព្រឹទ្ធសភា ហើយកាលពីម្សិលមិញបានចំណាយពេលតែបន្តិចប៉ុណ្ណោះក្នុងការកោះប្រជុំសហសេវិករបស់លោក ដើម្បីប្រកាសការផ្លាស់ប្ដូរនេះជាផ្លូវការ។
នៅក្នុងសម័យប្រជុំដែលមានរយៈពេល៣០នាទី សមាជិកព្រឹទ្ធសភា៥១រូប រួមទាំងប្រាំបួនរូបមកពីគណបក្ស សម រង្ស៊ី ផងនោះ បានអនុម័តបេក្ខភាពលោក សាយ ឈុំ
ជាឯកច្ឆន្ទ។ នៅក្នុងការបោះឆ្នោតតាមក្រោយ សមាជិកព្រឹទ្ធសភាចំនួន៥០រូបបានអនុម័តជ្រើសរើសលោក នៃ ប៉េណា សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាឲ្យធ្វើជាអនុប្រធានថ្មីនៃស្ថាប័នមួយនេះ។
បន្ទាប់ពីបោះឆ្នោតគាំទ្រលោក សាយ ឈុំ ដោយជោគជ័យ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា វាជារឿងសមហេតុផលដែលព្រឹទ្ធសភាកោះប្រជុំយ៉ាងប្រញាប់បែបនេះ បន្ទាប់ពីប្រធានរបស់ខ្លួនទទួលមរណភាព ដើម្បីអនុម័តការជំនួសតំណែង។
លោកបានមានប្រសាសន៍ថា “យោងតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង និងលក្ខខណ្ឌរបស់ព្រឹទ្ធសភា នៅពេលប្រធានព្រឹទ្ធសភាទទួលមរណភាព ព្រឹទ្ធសភាអាចបោះឆ្នោតជ្រើសរើសប្រធានថ្មីបាន។ យើងមានការតក់ស្លុតយ៉ាងខ្លាំង ហើយយើងក្រៀមក្រំណាស់ដែលយើងបានបាត់បង់វីរបុរសដ៏ល្បីល្បាញមួយរូបរបស់ជាតិ”។
នៅក្នុងសារាចរមួយចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃច័ន្ទ
ថ្ងៃទី១៩ ខែមិថុនា ត្រូវបានកំណត់ជាថ្ងៃកាន់ទុក្ខផ្លូវការនៅទូទាំងប្រទេសសម្រាប់មរណភាពរបស់លោក ជា ស៊ីម។
សារាចរណែនាំនេះមានខ្លឹមសារយ៉ាងដូច្នេះថា “ដោយសម្ដេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលក្នុងមួយជីវិតរបស់សម្ដេច សម្ដេចបានលះបង់កម្លាំងកាយ និងកម្លាំងចិត្តក្នុងការតស៊ូរំដោះជាតិមាតុភូមិ ពិសេសការតស៊ូរំដោះប្រទេសជាតិឲ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនាឆ្នាំ១៩៧៩ និងបន្តចូលរួមដឹកនាំ កសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងដូចបច្ចុប្បន្ននេះ គ្រប់ក្រសួងស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិមួយភាគបីនៃដងទង់ជាតិចាប់ពីលើ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥។ គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ត្រូវផ្អាកការសម្ដែង និងការចាក់ផ្សាយដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥”។
លោក ជា ស៊ីម បានក្លាយជាអនុប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលរៀបចំឡើងដោយពួកកុម្មុយនីស្តវៀតណាមដើម្បីជួយដល់សកម្មភាពផ្ដួលរំលំរបបខ្មែរក្រហមរបស់ ប៉ុល ពត នៅក្នុងរាជធានីភ្នំពេញនៅឆ្នាំ១៩៧៩។
ដោយប្រកៀកស្មាជាមួួយលោក ហេង សំរិន ប្រធានរដ្ឋសភាបច្ចុប្បន្នដែលបានដឹកនាំរណសិរ្សនេះ និងលោក ប៉ែន សុវណ្ណ ដែលបច្ចុប្បន្នជាតំណាងរាស្ត្ររបស់គណបក្សប្រឆាំង លោក ជា ស៊ីម បានចាប់ផ្ដើមបង្កើតរបបថ្មីមួយបន្ទាប់ពីផ្ដួលរំលំ ប៉ុល ពត ហើយបានបន្តដើរតួយ៉ាងសំខាន់នៅក្នុងរដ្ឋាភិបាលថ្មីនេះ។
សេចក្ដីថ្លែងការណ៍មួយរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Right Watch) ដែលចេញផ្សាយកាលពីម្សិលមិញបានលើកឡើងថា ការកាន់តំណែងមួយរយៈពេលខ្លីរបស់លោក ជា ស៊ីម ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃចន្លោះពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១ ដោយលោកបានបង្កើតប្រព័ន្ធពន្ធនាគារ និងកងកម្លាំងនគរបាលព្រៃផ្សៃ ដើម្បីបម្រើផលប្រយោជន៍របស់របបថ្មីនេះ ជាកេរ្តិ៍តំណែលដែលអង្គការនេះបានលើកឡើងថាបានបន្តដល់ថ្ងៃនេះ។
អង្គការនេះបានលើកឡើងបន្តថា “គោលបំណងនៃប្រព័ន្ធថ្មីនេះ គឺដើម្បីបង្ក្រាបរាល់ការប្រឆាំងនឹងរដ្ឋាភិបាលថ្មី រួមទាំងការបះបោរប្រដាប់អាវុធ ក្រុមប្រឆាំងអហិង្សា និងបុគ្គលដែលចូលរួមនៅក្នុងការប្រឆាំងដោយសន្តិវិធីផងដែរ។ ការចាប់ខ្លួនដោយសារហេតុផលនយោបាយតែងតែត្រូវបានធ្វើឡើង ការឃុំខ្លួនស្ទើរតែធ្វើឡើងដោយគ្មានការចោទប្រកាន់ ឬសវនាការជំនុំជម្រះ ហើយជាញឹកញាប់ អ្នកទោសត្រូវបានឃុំខ្លួនដោយគ្មានមូលដ្ឋាន ឬដោយការចោទប្រកាន់មិនពិត”។
នៅខាងក្រៅភូមិគ្រឹះរបស់លោក ជា ស៊ីម ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ មិត្តភក្តិរបស់លោកបានមកលាគ្នាជាចុងក្រោយ ខណៈមន្ត្រីចាប់ផ្ដើមត្រៀមសួនមុខវត្តបទុមដើម្បីធ្វើពិធីបូជាសពរបស់លោកនៅថ្ងៃទី១៩ ខែមិថុនា។
លោក ហេង សំរិន បានមានប្រសាសន៍ទៅកាន់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅភូមិគ្រឹះរបស់លោក ជា ស៊ីម ថា “យើងចាំទាំងអស់គ្នានូវការតស៊ូដើម្បីរំដោះប្រទេស ហើយយើងសោកស្ដាយដែលបានបាត់បង់មេដឹកនាំមួយរូបរបស់ប្រទេស ដែលបានរួមរស់ជាមួយគ្នា [ជាមួយយើង] នៅក្នុងការតស៊ូដើម្បីរំដោះប្រទេសពីរបបអាណានិគម និងអំពើប្រល័យពូជសាសន៍ ប៉ុល ពត”។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលធ្លាប់កាន់តំណែងជាអភិបាលរាជធានីភ្នំពេញចន្លោះពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៥ ក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានមានប្រសាសន៍ថា មរណភាពរបស់លោក ជា ស៊ីម គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេសជាតិ។ លោកបានលើកឡើងថា “យើងក្រៀមក្រំ និងសោកស្ដាយយ៉ាងខ្លាំងដែលបានបាត់បង់សម្ដេច ជា ស៊ីម ។ វាជាការបាត់បង់ដ៏ធំធេងសម្រាប់កម្ពុជា ពីព្រោះគាត់គឺជាវីរបុរសដ៏អស្ចារ្យនៅក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយគ្មានសមិទ្ធផលណាធំជាងនេះទេ”។
នៅខាងក្រៅព្រឹទ្ធសភាកាលពីម្សិលមិញ លោក គង់ គាំ ដែលបានកាន់តំណែងបន្តពីលោក ហ៊ុន សែន ជារដ្ឋមន្ត្រីការបរទេសក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែដែលពេលនេះជាប្រធានគណបក្ស សម រង្ស៊ី នៅក្នុងព្រឹទ្ធសភា បានចោទសួរអំពីការសម្រេចជំនួសតំណែងលោក ជា ស៊ីម ឆាប់រហ័សពេក បន្ទាប់ពីលោកទទួលមរណភាព។
លោកបានថ្លែងថា “បើយើងគិតពីសីលធម៌ វាហាក់ដូចជាអាក្រក់ណាស់ [ដែលធ្វើបែបនេះ] ខណៈយើងកំពុងចូលរួមរំលែកទុក្ខ។ ប្រសិនបើមិនចាំបាច់ទេនោះ ការបោះឆ្នោតក្រោយបញ្ចប់ពិធីបុណ្យសពគឺជាការប្រសើរ”។
លោកបានមានប្រសាសន៍តាមទូរស័ព្ទកាលពីយប់ថ្ងៃច័ន្ទថា មរណភាពរបស់លោក ជា ស៊ីម ក៏ធ្វើឲ្យលោកសោកស្ដាយដែរផ្នែកនយោបាយ។ លោកបានបន្តថា “យ៉ាងហោចណាស់ក៏គាត់បានជួយឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបា៉រីស និងលទ្ធិប្រជាធិបតេយ្យដែរ និងបានផ្លាស់ប្ដូរជីវភាពរបស់ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍប្រទេសជាតិ”៕ សុខុម (រាយការណ៍បន្ថែមដោយ ឆន ចាន់ស៊ី និង Alex Willemyns)