យោងតាមច្បាប់ចម្លងនៃសេចក្តីព្រាងច្បាប់ដែលទទួលបាននៅក្នុងសប្តាហ៍នេះបានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលទើបតែតាក់តែងចុងក្រោយផ្តល់ឲ្យក្រសួងការងារនូវអំណាចព្យួរសហជីពដែលសហការ ឬធ្វើសកម្មភាពរួមគ្នាជាមួយអង្គការដែលរដ្ឋាភិបាលចាត់ទុកថា បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ឬធ្វើឲ្យខូចប្រយោជន៍ជាតិ។
សហជីពដែលគ្មានសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជាធ្លាប់បានព្រួយបារម្ភរួចមកហើយថា សេចក្តីព្រាងច្បាប់មុននឹងធ្វើឲ្យមានការលំបាកយ៉ាងខ្លាំងក្នុងការចុះបញ្ជីសហជីពថ្មីហើយនឹងផ្តល់ឲ្យតុលាការនូវសិទ្ធិអំណាចដ៏លើសលប់ក្នុងការដកអាជ្ញាប័ណ្ណសហជីព។សូម្បីតែអង្គការពលកម្មអន្តរជាតិ (ILO) ក៏បានលើកឡើងផងដែរថា សេចក្តីព្រាងច្បាប់មុនមិនបានគោរពតាមអនុសញ្ញាការងារដែលប្រទេសកម្ពុជាបានចុះហត្ថលេខានោះឡើយ។
អ្នករិះគន់បានលើកឡើងថា បទប្បញ្ញត្តិថ្មីដែលពាក់ព័ន្ធនឹងអ្នកធ្វើឲ្យប៉ះពាល់ប្រយោជន៍ជាតិ និងដែលស្ថិតនៅក្នុងសេចក្តីព្រាងច្បាប់ចុះកាលបរិច្ឆេទកាលពីខែតុលា ហើយថ្មីៗនេះបានលេចធ្លាយដល់អង្គការឃ្លាំមើលសិទ្ធិមនុស្សនោះ គឺផ្តល់សិទ្ធិអំណាចដ៏លើសលប់ដល់រដ្ឋាភិបាល។
អង្គការតស៊ូមតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីព្រាងច្បាប់ថ្មីនេះ “ផ្តល់អំណាចដ៏លើសលប់ដល់មន្ត្រីក្រសួងការងារក្នុងការព្យួរការចុះបញ្ជីសហជីពដោយគ្មានមូលដ្ឋានច្បាស់លាស់គ្រប់គ្រាន់ និងដោយគ្មានដំណើរការត្រឹមត្រូវ”។
បទប្បញ្ញត្តិថ្មីនេះលើកឡើងថា ក្រសួងនឹងប្រាប់សហជីពថា តើអង្គការនៅក្នុងបញ្ជីខ្មៅណាខ្លះដែលខ្លួនគួរតែនៅឲ្យឆ្ងាយ។ បទប្បញ្ញត្តិថ្មីនេះមិនបានពន្យល់ថា តើក្រសួងនឹងកំណត់អង្គការទាំងនោះដោយរបៀបណាឡើយ ហើយក៏មិនបានពន្យល់ពីអ្វីដែលខ្លួនមានន័យថា ធ្វើឲ្យខូចប្រយោជន៍ជាតិ ឬអ្វីដែលកំណត់ចំពោះការសហការគ្នារវាងសហជីពនោះដែរ។
ទោះជាយ៉ាងណា កាលពីខែមីនាឆ្នាំ២០១៤រដ្ឋាភិបាលបានបន្ទោសគណបក្សសង្គ្រោះជាតិ និងសហជីពមួយចំនួនតូចថា បានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ២៥០.០០០ដុល្លារ អំឡុងកម្មករកាត់ដេរធ្វើការតវ៉ាកាលពីដើមឆ្នាំ២០១៤នៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យកើតមានអំពើហិង្សា និងធ្វើឲ្យឧស្សាហកម្មកាត់ដេរដែលជាឧស្សាហកម្មធំបំផុតនៅកម្ពុជាជាប់គាំងមួយរយៈ។ ទាំងសហជីព និងគណបក្សសង្គ្រោះជាតិសុទ្ធតែបានច្រានចោលចំពោះការបន្ទោសនេះ។
គេមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារបានឡើយកាលពីម្សិលមិញ។ លោក សាតសមុទ្រ អនុរដ្ឋលេខាធិការក្រសួងការងារដែលជួយនៅក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះបានលើកឡើងថា លោកលែងជាប់ពាក់ព័ន្ធទៀតហើយ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។
រដ្ឋាភិបាលបានលើកឡើងថា ខ្លួនចង់ឲ្យច្បាប់នេះត្រូវបានអនុម័តនៅក្នុងឆ្នាំនេះ ប៉ុន្តែមិនបានបង្ហាញសេចក្តីព្រាងច្បាប់េនះជាសាធារណៈឡើយ ចាប់តាំងពីខែឧសភាឆ្នាំមុនមកម្លេ៉ះ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានលើកឡើងថា ច្បាប់សហជីពដែលផ្តល់ឲ្យតុលាការនូវអំណាចក្នុងការព្យួរសហជីពដោយគ្មានហេតុផលណាមួយទាល់តែសោះនោះ នឹងរំលោភបំពានកាតព្វកិច្ចអនុសញ្ញាការងាររបស់កម្ពុជា។
លោកបានលើកឡើងទៀតថា ការបណ្តោយឲ្យក្រសួងការងារកត់ត្រាអ្នកដែលធ្វើឲ្យប៉ះពាល់ ឬខូចប្រយោជន៍ជាតិនៅក្នុងបញ្ជីខ្មៅដោយខ្លួនឯង និងកំណត់ប្រយោជន៍ជាតិដោយឯកតោភាគីនោះ នឹងធ្វើឲ្យច្បាប់នេះមានការគ្រោះថ្នាក់បន្ថែមទៀតដល់សហជីព។
លោកបានមានប្រសាសន៍ថា “វាមិនសមហេតុសមផលតែសោះក្នុងការកំណត់ដូច្នេះ ព្រោះក្នុងនាមជាសហជីពយើងមានសិទ្ធិមូលដ្ឋានក្នុងការរៀបចំ និងចងក្រងមនុស្សជាសហជីព។ វានឹងផ្តល់ឲ្យរដ្ឋាភិបាលនូវអំណាចបន្ថែមទៀតក្នុងការរំលោភបំពានសិទ្ធិមូលដ្ឋានរបស់កម្មករ”។
លោក ទុន សុភ័ណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិនៅអង្គការពលកម្មអន្តរជាតិបានលើកឡើងថា លោកបានឃើញសំណៅនៃសេចក្តីព្រាងច្បាប់ចុះកាលបរិច្ឆេទកាលពីតុលា ហើយបានស្នើឲ្យរដ្ឋាភិបាលពន្យល់ថា តើខ្លួនកំណត់អ្នកដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចដោយរបៀបណា។
លោកបានមានប្រសាសន៍ថា “តើអ្នកកំណត់ដោយរបៀបណា? យើងបានស្នើឲ្យមានការពន្យល់ដូច្នេះ ព្រោះវាមានភាពមិនច្បាស់លាស់”។
លោក សុភ័ណ្ឌ បានលើកឡើងបន្ថែមទៀតថា ចាប់តាំងពីខែតុលាមក លោកបានឃើញសេចក្តីព្រាងច្បាប់ចំនួនពីរបន្ថែមទៀតដែលរក្សាបទប្បញ្ញត្តិនេះ។ ប៉ុន្តែ លោកបានលើកឡើងថា លោកមិនដឹងឡើយថា តើរដ្ឋាភិបាលបានដកបទប្បញ្ញត្តិនេះចេញ ឬក៏អត់នោះឡើយចាប់តាំងពីពេលនោះមក ហើយលោកមិនចង់ធ្វើអត្ថាធិប្បាយលើអ្វីដែលនិយាយពាក់ព័ន្ធកាតព្វកិច្ចកអនុសញ្ញាការងាររបស់កម្ពុជាឡើយ។
កាលពីខែឧសភាឆ្នាំមុន អង្គការពលកម្មអន្តរជាតិបានលើកឡើងថា សំណៅនៃសេចក្តីព្រាងច្បាប់ដែលក្រសួងការងារបានចេញនៅពេលនោះគឺជា “ការដើរថយក្រោយ” បើធៀបនឹងងច្បាប់មុនៗ។
ក្នុងចំណោមផ្នែកដ៏ចម្រូងចម្រាសបំផុតនៃសេចក្តីព្រាងច្បាប់េនះ គឺបទបទប្បញ្ញត្តិមួយដែលតម្រូវឲ្យមានការគាំទ្រយ៉ាងតិច២០ភាគរយពីកម្មករនៅកន្លែងធ្វើការណាមួយដែលគេផ្តល់ការអនុញ្ញាត ប្រសិនបើចង់បង្កើតសហជីពនោះ។ សហជីពបានរអូ៊រទាំថា ការតម្រូវដូច្នេះ គឺជ្រុលហួសហេតុ ជាពិសេសចំពេលដែលរោងចក្រចង់លុបបំបាត់មិនឲ្យមានសហជីពនៅក្នុងរោងចក្ររបស់ខ្លួន។ អង្គការពលកម្មអន្តរជាតិក៏បានយល់ស្របផងដែរថា ការតម្រូវបែបនេះគឺមិនសមហេតុផលទាល់តែសោះ។
ការតម្រូវដូចគ្នានេះនៅតែរក្សាទុកក្នុងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ដែលចុះកាលបរិច្ឆេទកាលពីខែតុលា៕ស៊ុយឈាង