នគរបាលបានលើកឡើងកាលពីម្សិលមិញថា កុមារប្រាំនាក់បានលង់ទឹកស្លាប់កាលពីថ្ងៃច័ន្ទ នៅក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នាពីរក្នុងខេត្តកណ្ដាល។
លោក ជា ថុល អធិការនគរបាលស្រុកបានមានប្រសាសន៍ថា នៅក្នុងស្រុកល្វាឯម ក្មេងស្រីបីនាក់បានទៅទន្លេមេគង្គក្នុងឃុំសំបួរជាមួយឪពុករបស់ពួកគេទៅលាងគោនៅពេលរសៀល។
លោក ជា ថុល បានមានប្រសាសន៍ថា បុរសទាំងពីរនាក់បានយកគោទៅឃ្វាល ហើយបានប្រាប់ក្មេងស្រីទាំងនោះឲ្យទៅផ្ទះវិញ ប៉ុន្តែផ្ទុយទៅវិញពួកគេបានទៅហែលទឹកលេង។
លោកបានមានប្រសាសន៍ថា “បុរសជាឪពុកបាននិយាយថា នៅពេលពួកគាត់ទៅដល់ផ្ទះវិញ ពួកគាត់មិនឃើញកូនស្រីរបស់ខ្លួនឡើយ ហើយបានហៅអ្នកភូមិឲ្យជួយដើររកពួកគេ រួចបានរាយការណ៍ទៅនគរបាល”។
លោកបានបន្ថែមថា “បន្ទាប់ពីនគរបាលទទួលបានព័ត៌មាននោះ យើងបានទៅចុះពិនិត្យនៅទីនោះ ប៉ុន្តែយើងមិនបានឃើញក្មេងស្រីទាំងនោះឡើយ។ យើងឃើញតែសម្លៀកបំពាក់ និងស្បែកជើងផ្ទាត់របស់ពួកគេនៅមាត់ទន្លេតែប៉ុណ្ណោះ”។
លោក ជា ថុល បានមានប្រសាសន៍ថា អ្នកភូមិ និងអ្នកនេសាទក្នុងមូលដ្ឋានបានរកឃើញសាកសពក្មេងស្រីពីរនាក់ក្នុងចំណោមក្មេងស្រីទាំងនោះនៅល្ងាចថ្ងៃដដែលនោះ។
លោកបានមានប្រសាសន៍ថា សាកសពក្មេងស្រីឈ្មោះ តី ធីតា អាយុ៥ឆ្នាំ និង ម៉ុន យីតា អាយុ៩ឆ្នាំត្រូវបានរកឃើញបន្ទាប់ពីលង់ទឹក។
លោក ជា ថុល ដែលបានបន្ថែមថា កំពុងស្វែងរកសាកសពក្មេងស្រីម្នាក់ទៀតនោះបានមានប្រសាសន៍ថា ក្មេងស្រី តី ស្រីនាង អាយុ៨ឆ្នាំ នៅបាត់ខ្លួននៅឡើយ ហើយយើងសន្និដ្ឋានថា នាងក៏បានលង់ទឹកស្លាប់ដែរ។
លោកបានមានប្រសាសន៍ថា “យើងបានធ្វើកោសល្យវិច័យសាកសព ហើយលទ្ធផលបង្ហាញថា ពួកគេបានស្លាប់ដោយសារលង់ទឹក។ យើងមានការព្រួយបារម្ភអំពីកុមារលង់ទឹកស្លាប់ ហើយជាធម្មតាយើងតែងតែជូនដំណឹងដល់អ្នកភូមិមូលដ្ឋានឲ្យមានការប្រុងប្រយ័ត្នជាពិសេសគ្រួសារដែលរស់នៅជិតទន្លេ”។
លោក ព្រំ សំណាង អធិការរងនគរបាលស្រុកបានមានប្រសាសន៍ថា នៅក្នុងករណីដាច់ដោយឡែកមួយទៀតនៅក្នុងឃុំលើកដែក ស្រុកកៀនស្វាយ កុមារជាមិត្តភក្ដិនឹងគ្នាពីរនាក់បានលង់ទឹកស្លាប់ ពេលពួកគេហែលទឹកលេងក្នុងស្រះមួយ ខណៈដែលឪពុកម្ដាយរបស់ពួកគេទៅធ្វើការ។
លោកបានមានប្រសាសន៍ថា “កុមារទាំងនេះបានលង់ទឹកស្លាប់នៅម៉ោងប្រហែល៤រសៀល នៅពេលពួកគេហែលទឹកលេងក្នុងស្រះក្បែរភូមិរបស់ខ្លួន។ ពួកគេបានលង់ទឹកស្លាប់ ដោយសារពួកគេមិនចេះហែលទឹក”។
សាកសពកុមារ ប្រាក់ ចាន់រតនា អាយុ៧ឆ្នាំ និង ផៃ ស្រីណាន់ អាយុ៨ឆ្នាំ ត្រូវបានរកឃើញបន្ទាប់ពីអ្នកភូមិម្នាក់បានប្រទះឃើញស្បែកជើងផ្ទាត់នៅក្បែរមាត់ស្រះ ប៉ុន្តែមិនឃើញមានមនុស្សហែលទឹក។
លោក សំណាង បានមានប្រសាសន៍ថា “យើងបានព្យាយាមរលាក់ទឹកចេញពីមាត់របស់ពួកគេ ហើយសង្កត់ទ្រូង ប៉ុន្តែពួកគេបានស្លាប់បាត់ទៅហើយ៕ សារុន