27 C
Phnom Penh

មន្ត្រី​កងយោធពល​ខេមរភូមិន្ទត្រូវ​​​កំណត់អត្តសញ្ញាណថា ជា​អ្នកជីករ៉ែមាស​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​មណ្ឌល​គិរី​បាន​​​កំណត់​អត្ត​សញ្ញាណ​អ្នក​​ជីកមាស​នៅ​អណ្តូងរ៉ែខុស​ច្បាប់​ ដែល​ត្រូវ​បាន​បិទ​កាល​ពី​សប្ដាហ៍​មុន​ថា ជា​មន្ត្រី​កង​​យោធពលខេមរភូមិន្ទ។

លោក សាន ដារិទ្ធ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា មន្ទីរ​របស់​លោក​បាន​សហការ​ជាមួយ​នគរ​បាល​ខេត្ត​​ឃាត់​ខ្លួន​មនុស្ស​ប្រាំមួយ​នាក់​រយៈ​ពេល​ខ្លី​ រួម​មាន​ជនជាតិ​ចិន​បី​នាក់ ដែលធ្វើ​ការ​នៅ​អណ្តូង​រ៉ែមាស​ក្នុង​ឃុំ​ចុង​ផ្លាស់​ ស្រុក​កែវសីមា។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​បាន​ឃាត់​ខ្លួន​ជន​ទាំង​នេះ​ដើម្បី​ធ្វើ​ការ​សាក​សួរ ប៉ុន្តែ​​យើង​បាន​ដោះ​លែង​​​ពួកគេ​វិញ​នៅ​ថ្ងៃ​ដដែល ពីព្រោះ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់​ធ្ងរ​ទេ”។

លោក​បាន​បន្ថែម​ថា នគរ​បាល​​បាន​បិទ​ច្រក​ចូល​ឆ្ពោះទៅ​កាន់​អណ្ដូង​រ៉ែ​នោះមុន​ពេល​ចាក​ចេញ។ យោង​តាម​លោក ដារិទ្ធ ​បាន​ឲ្យ​ដឹង​ថា លោក​​មេឃុំ លាភ លឹមគុណ បាន​បង្ហាញ​អត្ត​សញ្ញាណ​​មន្ត្រី​កង​យោពល​ខេមរភូមិន្ទ​ជាន់ខ្ពស់​បី​រូប​​គឺឈ្មោះ​ ឈុំ ម៉ូ តែ​ គឹមសាន្ត និង​ ឆាន ទៀង ថា​ជា​អ្នក​ជីករ៉ែមាស​។ លោក​​បាន​មាន​ប្រសាសន៍​ថា “​ជន​ទាំង​នេះ​បានសហការ​​​ដើម្បីជីករ៉ែ​មាស​រួម​គ្នា​”។

លោក ដារិទ្ធ បាន​មាន​ប្រសាសន៍​ថា លោក​ ឈុំ ម៉ូ ​ជា​ក្មួយ​ប្រុស​របស់​​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ហើយ​ថា លោក គឹមសាន្ត ​ជា​ក្មួយ​ប្រុស​របស់​​​​​លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ឧត្ដម​សេនីយ៍ ប៉ុល សារឿន មិនអាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ ហើយ​ឧត្ដម​សេនីយ៍​ ហ៊ីង ប៊ុនហៀង បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដែល​ឮ​ឈ្មោះ គឹមសាន្ត ទេ​។

លោកមេឃុំ​ លឹមគុណ មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក ដារិទ្ធ បាន​មាន​ប្រសាសន៍​ថា លោក​នឹងបញ្ចូលឈ្មោះ​មន្ត្រីទាំង​នេះ​ទៅក្នុង​របាយ​ការណ៍ ដើម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​នៅ​ថ្ងៃ​នេះ​ជាមួយ​ឈ្មោះ​មនុស្ស​ទាំង​ប្រាំមួយ​នាក់​ដែល​ត្រូវ​បានឃាត់​ខ្លួន​នៅ​អណ្ដូង​រ៉ែ។

លោក​បាន​បន្ថែម​ថា កម្មករ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អណ្ដូង​រ៉ែ​បាន​ប្រាប់​លោក​ថា លោក ឃិន សុផល អនុប្រធាន​ភូមិ​ពូទុង កន្លែង​ដែល​អណ្ដូង​រ៉ែ​ស្ថិតនៅ​នោះ​ គឺជា​ម្ចាស់​អណ្ដូងរ៉ែ។

នៅ​ពេល​​​ត្រូវ​បាន​ទាក់​ទង​​កាលពី​ម្សិលមិញ លោក សុផល បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​​គ្រប់​គ្រង​ដី​អណ្ដូង​រ៉ែ​តែ​ប៉ុណ្ណោះ ហើយ​បាន​បដិសេធ​ថា​ លោកមិន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ប្រតិបត្តិការ​នេះ​ទេ។

លោក​បាន​អះអាង​ថា ម្ចាស់​អណ្ដូង​រ៉ែ​ពិត​ប្រាកដ​គឺ​លោក ភោគ ចន្ធី មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​។

ទោះ​ជា​យ៉ាង​ណា លោក ចន្ធី បាន​មាន​ប្រសាសន៍​ថា លោក​ក៏មិន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ប្រតិបត្តិ​ការ​នោះ​ដែល​លោក​​បាន​លើក​ឡើង​ថា ជាអណ្ដូង​រ៉ែទទឹង​​ទំហំ​១៥​ម៉ែត្រ​ជាមួយ​អណ្ដូង​រ៉ែ​តូច​ៗនៅខាង​ក្នុង​ដែរ ប៉ុន្តែ​បាន​បន្ថែម​ថា លោក​មិន​ស្គាល់​លោក ឈុំ ម៉ូ ​ជា​មន្ត្រី​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ម្នាក់​ឡើយ​។

ដោយសំដៅ​ដល់​អគ្គមេបញ្ជាការ​កង​យោធពខេមរភូមិន្ទរូបនេះ លោក​បាន​មាន​ប្រសា​សន៍​ថា “​លោក ឈុំ ម៉ូ គឺ​ជា​វរសេនីយ៍​ឯក​នៃ​កង​យោធពលខេមរ​ភូមិន្ទ ហើយ​គាត់​គឺ​ជា​​អង្គ​រក្ស​របស់​លោក ប៉ុល សារឿន​។ គាត់​បានជីក​​រ៉ែមាស​នៅ​ក្នុង​តំបន់​នោះ​”៕ សារុន​​​​​

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស