26 C
Phnom Penh

ក្រុមហ៊ុន​ជូន​ដំណឹង​ពី​ការ​ផ្អាក​ការ​ផ្គត់ផ្គង់ទឹក​ដល់​ប្រជាពលរដ្ឋនៅពេល​ជួបគ្រោះ​រាំង​ស្ងួត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រឿងចក្រ​កាយដី​ពី​អាងទឹក​ដែល​ជីក​ដោយ​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ទឹក​អានកូ​ ក្នុង​ក្រុង​ប៉ោយ​ប៉ែត​។ រូបថត​ៈ សួម ចាន់គា​
គ្រឿងចក្រ​កាយដី​ពី​អាងទឹក​ដែល​ជីក​ដោយ​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ទឹក​អានកូ​ ក្នុង​ក្រុង​ប៉ោយ​ប៉ែត​។ រូបថត​ៈ សួម ចាន់គា​

ប្រជាពលរដ្ឋ​​​នៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ត្រូវ​​​បាន​​​ជូន​​​ដំណឹងឲ្យ​ត្រៀម​ខ្លួន​​​​ចំពោះ​​​ការ​​​ខ្វះ​​​ទឹក​​​ធ្ងន់​​​ធ្ងរ​​​នៅ​​​ពីរ​​​សប្តាហ៍​​​ក្រោយ​​​ ខណៈដែល​​​​ក្រុមហ៊ុន​​​មាន​​​កិច្ច​​​សន្យា​​​ផ្គត់​​​ផ្គង់​​​ទឹក​​​ស្អាត​​​ក្នុង​​​ខេត្ត​​​ជាប់​​​ព្រំដែន​​​នេះ​​​ប្រឹងប្រែង​សាង​​​សង់​​​អាង​​​ស្តុ​​​កទឹក​​​ថ្មីចំពេល​​​ដែល​​​មាន​​​គ្រោះ​​​រាំង​​​​ស្ងួត​​​។

ក្រុមហ៊ុន​​​ផ្គត់​​​ផ្គង់​​​ទឹក​​​អាន​​​កូ បាន​​​ផ្គត់​​​ផ្គង់​​​ទឹក​​​ស្អាត​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​ដោយ​យក​ទឹកពី​​​បឹងមួយ​​​​នៅ​​​ក្នុង​​​សង្កាត់​​​និមិត្ត​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១០​​​មក​​​ ហើយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​បាន​​​ជូន​ដំណឹង​ដល់​​​​ពួក​​​​​​គាត់​​​ថា ការ​​​ផ្គត់​​​ផ្គង់​​​ទឹក​​​ស្អាត​​​នឹង​​​ត្រូវ​​​កាត់​​​បន្ថយ​​​នៅ​​​ប៉ុន្មាន​​​សប្តាហ៍​​​ខាង​​​មុខ​​​នេះ។

លោក គឿន សារឿត ប្រធាន​​​ផ្នែក​​​បច្ចេក​​​ទេសនៅ​​​​ក្រុម​​​ហ៊ុន​​​អាន​​​កូ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា “យើង​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា យើង​​​នឹង​​​​​​កាត់​​​បន្ថយ​​​ការ​​​ផ្គត់​​​ផ្គង់​​​ទឹក​​​នៅ​​​ពីរ​​​សប្តាហ៍​​​ខាងមុខ​នេះ ខណៈ​​​ដែល​​​យើង​​​បញ្ចប់​​​ការ​​​សាង​​​សង់​​​អាង​​​ស្តុ​​​ក​​​ទឹក​​​ថ្មី។ វា​​មិនមាន​​​​​ភ្លៀង​​​ធ្លាក់​​​ ដូច្នេះហើយ​​​​យើង​​​មិន​​​អា​​​ច​​​ផ្គត់​​​ផ្គង់​​​ទឹក​​​ដូច​​​ធម្មតាបាន​​​​ឡើយ​​​”។

លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា ប្រសិន​​​បើ​​​តម្រូវ​​​ការ​​​ទឹក​​​ស្អាត​​​នៅ​​​​ពីរ​​​សប្តាហ៍​​​ខាង​​​មុខ​​​លើស​​​ពី​​​ការ​​​ផ្គត់​​​ផ្គង់​​​ដែល​​​មាន​​​នោះ​​​ ជាដំបូង​ផ្ទះ​​​ល្វែង​​​ និង​​​ផ្ទះ​​​​មួយ​​​ចំនួន​​​ទៀត​​​ នឹងត្រូវ​ផ្អាកការ​ផ្គត់​ផ្គង់​​​ទឹក​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ត្រូវ​​​ផ្គត់​​​ផ្គង់​​​អាជីវកម្ម​​​​ធំ​​​ៗ​នៅ​​​ក្នុង​​​ក្រុង​​​មុន​​​ពេល​​​ផ្គត់​​​ផ្គង់​​​ដល់​​​ប្រជា​​​ជន​​​ធម្មតា”។

លោក សារឿត បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​​​​ត្រូវ​​​បាន​​​ជូន​​​ដំណឹង​​​ដោយ​​​មន្ត្រី​​​​​​នៅ​​​មន្ទីរ​​​ធន​​​ធាន​​​ទឹក​​​ខេត្ត​​​ថា ភ្លៀង​​​នឹង​​​ធ្លាក់​​​នៅ​​​ពេល​​​ឆាប់​​​ៗ​​​នេះ ហើយ​​​ថា លោក​​​​រំពឹង​​​ថា អាងស្តុកទឹក​ថ្មី​ដែល​គ្របដណ្តប់​​​​ផ្ទៃ​​​ដី​​​ទំហំ​​​ប្រហែល​​​៦០​​​ហិកតា​​​នោះ នឹងមានទឹក​ពេញ​ បន្ទាប់​​​ពី​​​ការ​​​សាង​​​សង់​​​រួច​​​រាល់​​​។

លោក សារឿត បាន​​​បន្ថែម​​​ថា ក្រុមហ៊ុន​​​អាន​​​កូ ក៏​​​កំពុង​​​ដំណើរការ​សាង​​​សង់​​​កន្លែង​​​​ប្រព្រឹត្តិកម្ម​​​ទឹក​​​ស្អាត​​​ថ្មី​​​មួយ​​​ទៀត​​​ដើម្បី​​​បង្កើន​​​ការ​​​ផ្គត់​​​ផ្គង់ទឹក​​​ស្អាត​​​ទៅ​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​មាន​​​កំណើន​​​កើន​​​ឡើង​​​នៅ​​​ក្នុង​​​ក្រុង។

លោក ង៉ោ មេ៉ង​​​ជ្រួន អភិបាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រុមហ៊ុនអាន​​​កូមិនត្រូវ​បាន​បន្ទោស​​​​ចំពោះ​​​ការ​​​ខ្វះ​​​ទឹក​​​ទេ ដែល​​​បណ្តាល​​​មក​​​ពី​​​មិន​​​មាន​​​ភ្លៀង​​​ធ្លាក់តែប៉ុណ្ណោះ​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​អាច​​​បន្ទោស​​​ក្រុមហ៊ុន​​​បាន​​​ទេ​​​ ពីព្រោះ​​​យើង​​​ឃើញ​​​ថា វា​​​ជួប​​​ប្រទះ​​​គ្រោះ​​​រាំង​​​ស្ងួត​បណ្តាលមកពី​ធម្មជាតិ​​​”។

លោក​​​ ម៉េង​​​ជ្រួន បាន​​​បន្ថែម​​​ថា ក្រុមហ៊ុន​​​អាន​​​កូ ក៏​​​បាន​​​ណែនាំ​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​ជីក​​​អណ្តូង​​​ផ្ទាល់​​​ខ្លួន​​​ផង​​​ដែរ។

លោក ឈិន​​​ សុផល អាយុ​​​៤៥​​​ឆ្នាំ ជា​​​អ្នក​​​រត់​​​រ៉ឺម៉​​​កម៉ូតូ​​​កង់​​​បី​​​ក្នុង​​​​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​បាន​​​និយាយ​​​ថា គាត់​​​មិន​​​មាន​​​លទ្ធភាព​​​ជីក​​​អណ្តូង​​​ផ្ទាល់​​​ខ្លួន​​​ទេ ហើយ​​​គាត់​​​​ត្រូវ​​​តែ​​​ទិញ​​​ទឹកប្រើ​ ​​​ប្រសិន​​​បើ​​​មិន​​​មាន​​​ការ​​​ផ្គត់​​​ផ្គង់​​​ទឹក​ទេនោះ​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​នឹង​​​ទិញ​​​ទឹក​​​ពី​​​អាជីវកម្ម​​​​ឯកជន​​​ ប្រសិន​​​បើ​​​ក្រុមហ៊ុន​​​ឈប់​​​ផ្គត់​​​ផ្គង់​​​ទឹក​​​ដល់​​​យើង​​​”៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស