29 C
Phnom Penh

លោក ជា ស៊ីម ប្រធាន​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជាទទួល​​​មរណភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ជា ស៊ីម ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​២៧​ ខែ​មករា ឆ្នាំ​១៩៩៧។ រូបថតៈ Reuters​
លោក​ ជា ស៊ីម ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​២៧​ ខែ​មករា ឆ្នាំ​១៩៩៧។ រូបថតៈ Reuters​

លោក ជា ស៊ីម ឥស្សរ​​​ជន​​​​​​លេចធ្លោនៅ​​​ក្នុង​​​របប​​​កុម្មុយនិស្ត​​​នា​​​ទសវត្សរ៍​​​​​​ឆ្នាំ​​​១៩៨០ ក្រោយ​​​ពី​​​​​​ការ​​​ផ្តួល​​​រំលំ​​​របប ប៉ុល ពត​​​ ហើយ​​​បន្ទាប់​​​មក​​​​​​បាន​​​ក្លាយ​​​ជា​​​ប្រធាន​​​ស្ថាបនិក​​​របស់​​​​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា បាន​​​ទទួល​​​មរណ​​​ភាព​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​​​​ចន្ទ។ លោក​​​មាន​​​អាយុ​​​៨២​​​ឆ្នាំ។​​​

យោង​​​តាម​​​លោក យឹម លាង ប្រធាន​​​អង្គ​​​រក្ស​​​របស់​​​លោក​​​ឲ្យ​​​ដឹង​​​ថា ជា​​​មេដឹក​​​នាំ​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​កាន់​​​តំណែង​​​យូរ​​​ ដែល​​​ទទួល​​​រង​​​ការ​​​ដាច់​​​សរ​​​សៃ​​​ឈាម​​​ខួរ​​​ក្បាល​​​​​​ក្នុង​​​ឆ្នាំ​​​២០០០ ហើយ​​​បន្ទាប់​​​មក​​​មិន​​​បាន​​​បង្ហាញ​​​ខ្លួន​​​​​​ជា​​​សាធារណៈ​​​​​​ត្បិត​​​មាន​​​សុខ​​​ភាព​​​ដុន​​​ដាប បាន​​​ទទួល​​​មរណភាព​​​នៅ​​​ឯ​​​ភូមិ​​​គ្រឹះ​​​​​​របស់​​​លោក​​​​​​នៅ​​​ក្បែរ​​​ព្រឹទ្ធ​​​សភា​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​និង​​​៤៥​​​នាទី​​​រសៀល។​​

យោង​​​តាម​​​លោក​​​ ជា សុន អតីត​​​នាយ​​​ខុទ្ទ​​​កាល័យ​​​​​​ឲ្យ​​​ដឹង​​​ថា លោក ជា ស៊ីម​​​ បាន​​​ធ្លាក់​​​ខ្លួនឈឺ​​​​​​ធ្ងន់​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ដែល​​​បណ្តាល​​​ឲ្យ​​​លោ​​​ក​​​ទទួល​​​​​​មរណភាព​​​។ លោក សុន បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​ការ​​​រៀប​​​ចំ​​​​​​ពិធី​​​​ដើម្បី​​​បូជា​​​សព​​​របស់​​​លោក​​​នៅ​​​ឯ​​​សួន​​​ច្បារ​​​វត្ត​​​បទុម។​​​​​​​​​​​​

កើត​​​នៅ​​​ក្នុង​​​ស្រុក​​​​​​រមាស​​​ហែក​​​ ខេត្ត​​​ស្វាយ​​​រៀង​​​​​​ក្នុង​​​​​​ខែ​​​វិច្ឆិកា ឆ្នាំ​​​១៩៣២ លោក ជា​​​ ស៊ីម បាន​​​សិក្សា​​​បាលី​​​ក្នុង​​​វត្ត​​​អារាម​​​ មុន​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​ចលនា​​​ឥស្សរៈប្រឆាំង​​​នឹង​​​អាណា​​​និគម​​​របស់​​​លោក ស៊ឺន​​​ ង៉ុក​​​ថាញ់​​​​​​តាំង​​​ពីលោក​​​​​​នៅ​​​ជំទង់​​​ក្នុង​​​ដើម​​​ឆ្នាំ​​​១៩៥២។

​​​​​​​​​ដោយ​ចូល​​​រួម​​​គណបក្ស​​​​​​ប្រ​​​ជា​​​ជន​​​បដិវត្តន៍កម្ពុជា​​​គាំ​​​ទ្រ​​​ដោយ​​​វៀត​​​ណាម​​​ក្នុង​​​ឆ្នាំ​​​១៩៥៩ លោក​​​បាន​​​ក្លាយ​​​ជា​​​​​​លេខា​​​បក្ស​​​ស្រុក​​​ប្រចាំ​​​ទិស​​​បូព៌ា ​​​ដោយ​​​បន្ត​​​បម្រើ​​​ការ​​​នៅ​​​ទី​​​នោះ​​​​​​ជា​​​មេដឹក​​​នាំ​​​ថ្នាក់​​​កណ្តាល​​​​​​រហូត​​​​​​ដល់​​​មាន​​​ជ័យ​​​ជម្នះ​​​ឆ្នាំ​​​១៩៧៥​​​របស់​​​ខ្មែរ​​​ក្រហម និង​​​ក្រោយ​​​មក​​​ទៀត។

ក្នុងពេល​​​ដែល​​​មាន​​​ការ​​​ធ្វើ​​​វិសុទ្ធិ​​​កម្មកាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ចំពោះ​​​ថ្នាក់​​​ដឹក​​​នាំ​​​តំបន់​​​បូព៌ា​​​ដោយ​​​របប​​​ប៉ុល ពត​​​ ដែល​​​កម្ចាត់​​​ចោលនូវ​​​​​​ថ្នាក់​​​ដឹក​​​នាំ​​​កាន់​​​តំណែង​​​យូរ​​​ភាគ​​​ច្រើន​​​ លោក ជា ស៊ីម នៅ​​​ពេល​​​នោះ​​​ជា​​​មេ​​​បញ្ជាការ​​​តំបន់ បាន​​​ភៀស​​​ខ្លួន​​​​​​ជាមួយ​​​​​​អ្នក​​​ដទៃ​​​ទៀត​​​ទៅ​​​កាន់​​​ប្រទេស​​​វៀត​​​ណាម​​​ក្នុង​​​ឆ្នាំ​​​១៩៧៨។​​​​​​​​​

រួម​​​ជាមួយ​​​លោក ហេង សំរិន ដែល​​​បច្ចុប្បន្ន​​​នេះ​​​ជា​​​ប្រធាន​​​សភា​​​ និង​​​លោក ប៉ែន សុវណ្ណ បច្ចុប្បន្ន​​​​​​ជា​​​តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​ប្រឆាំង​​​នោះ លោក ជា ស៊ីម​​​បាន​​​វិល​​​ត្រឡប់​​​មក​​​កម្ពុជា​​​វិញ​​​នៅ​​​ឆ្នាំ​​​នោះ ក្នុង​​​ឋានៈ​​​ជា​​​មេដឹក​​​នាំ​​​ស្ថាបនិក​​​មួយរូប​​​ក្នុង​​​បណ្តា​​​ស្ថាប​​​និក​​​ទាំង​​​អស់​​​នៃ​​​រណសិរ្យ​​​​​​សាមគ្គី​​​សង្គ្រោះ​​​ជាតិ​​​កម្ពុជា​​​ដែល​​​គាំ​​​ទ្រ​​​ដោយ​​​វៀត​​​ណាម។

នៅ​​​​​​ថ្ងៃ​​​ទី​​​២​​​ធ្នូ​​​ ឆ្នាំ​​​១៩៧៨ មាន​​​ប្រារព្ធ​​​ពិធី​​​នៅ​​ក្នុង​​​​​​ខេត្ត​​​ក្រចេះ​​​​​​ក្រោម​​​អធិបតី​​​ភាព​​​ដោយ​​​មេដឹកនាំ​​​កុម្មុយ​​​និស្ត​​​វៀត​​​ណាម​​​ លោក ឡឺ ឌឹកថូ លោក​​​ ជា ស៊ីម​​​​​​ទទួល​​​បាន​​​ការ​​​តែង​​​តាំង​​​ជា​​​អនុ​​​ប្រធាន​​​រណសិរ្យ​​​របស់​​​លោក សំរិន។​​​

លោក ជា ស៊ីម​ (ស្តាំ) និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អាន​ទស្សនាវដ្តី​នៅ​ថ្ងៃ​ទី​៧ ខែមករា​ ឆ្នាំ​២០០៤​ ក្នុង​ពិធី​ប្ររព្ធ​ខួប​ទី​២៥​ នៃ​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩។ រូបថតៈ Reuters
លោក ជា ស៊ីម​ (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អាន​ទស្សនាវដ្តី​នៅ​ថ្ងៃ​ទី​៧ ខែមករា​ ឆ្នាំ​២០០៤​ ក្នុង​ពិធី​ប្រារព្ធ​ខួប​ទី​២៥​ នៃ​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩។ រូបថតៈ Reuters

លោក អ៊ី​​​វ៉ាន ហ្គតធិសម៉ែន បាន​​​សរសេរ​​​​​​​​​ទាក់​​​ទង​​​នឹង​​​ពិធី​​​នោះ​​​ក្នុង​​​សៀវ​​​ភៅ​​​​​​ចេញ​​​ផ្សាយ​​​នា​​​ឆ្នាំ​​​២០០៤​​​ របស់​​​លោក​​​ថា “លោក ជា ស៊ីម​​​ មាន​​​អាយុ​​​៤២​​​ឆ្នាំ​​​ គឺ​​​មាន​​​វ័យ​​​ចាស់​​​ជាង​​​លោក សំរិន​​​ពីរ​​​ឆ្នាំ។ ដោយ​​​មាន​​​មាឌ​​​ក្រអាញ សក់​​​ខ្លីក្រាស់​​​ លោក ស៊ីម​​​ទំនង​​​ជា​​​ខ្មែរ​​​មួយ​​​ចំនួន​​​តូច​​​ ដែល​​​មិន​​​ទទួល​​​រង​​​ការ​​​ខ្វះ​​​អាហារ​​​ូបត្ថម្ភ​​​ទេ”។

ក្នុង​​​ពេល​​​ដែល​​​វៀត​​​ណាម​​​ផ្តួល​​​រំលំ​​​​​​របប​​​ប៉ុល ពត​​​នៅ​​​ថ្ងៃ​​​ទី​​​៧​​​ ខែ​​​មករា ឆ្នាំ​​​១៩៧៩ លោក ជា​​​ ស៊ីម​​​ ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​នៃ​​​របប​​​ថ្មី ដោយ​​​រង់​​​ចាំ​​​ការ​​​បោះ​​​ឆ្នោត​​​ក្នុង​​​ឆ្នាំ​​​១៩៨១ ហើយ​​​មិន​​​យូរ​​​ប៉ុន្មាន​​​ លោក​​​​​​ក៏​​​បាន​​​ធ្វើ​​​បាន​​​ល្អ​​​ជាង​​​ទាំង​​​លោក​​​ សំរិន ទាំង​​​លោក សុវណ្ណ​​​ ក្នុង​​​ការ​​​កសាង​​​មូលដ្ឋាន​​​នយោបាយ​​​ដែល​​​ធ្វើ​​​ឲ្យ​​​លោក​​​មាន​​​សារៈ​​​សំខាន់​​​ចំពោះ​​​​​​មេ​​​​​​ដឹកនាំ​​​វៀត​​​ណាម​​​របស់​​​លោក។

លោក ហ្គតធិសម៉ែន​​​ បាន​​​កត់​​​សម្គាល់​​​ក្នុង​​​សៀវ​​​ភៅ​​​របស់​​​លោក​​​​​​ ដែល​​​ផ្អែក​​​លើ​​​កំណត់​​​ត្រា​​​ពិស្តារ​​​នៃ​​​កិច្ច​​​ប្រ​​​ជុំ​​​គណៈរដ្ឋ​​​មន្ត្រី​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​ថា “​​​ក្នុង​​​ចំណោម​​​អតីត​​​កម្មាភិបាល​​​ខ្មែរ​​​ក្រហម លោក​​​ ជា ស៊ីម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ មាន​​​អំណាច​​​បំផុត”។

លោក ហ្គតធិសម៉ែន​​​ សរសេរ​​​ថា “លោក ស៊ីម គឺ​​​ជា​​​អ្នក​​​នយោបាយ​​​ចាស់ទុំ​​​​​​ខ្មែរ​​​មួយ​​​រូប ដែល​​​យល់​​​ដឹង​​​អំពី​​​វិធីបណ្តុះ​​​ប្រព័ន្ធបក្ស​​​ពួក​​​និយម​​​ និង​​​វិធី​​​បណ្តុះ​​​ភក្តី​​​ភាព​​​ចំពោះ​​​អ្នក​​​ដើរ​​​តាម​​​លោក​​​។​​​ ឲ្យ​​​តម្លៃ​​​ដោយ​​​វៀត​​​ណាម​​​​​​ចំពោះ​​​​​​សមត្ថភាព​​​របស់​​​លោកក្នុង​​​ការ​​​​​​ប្រ​​​មែ​​​ប្រ​​​មូល​​​​​​អ្នក​​​រត់​​​ចោល​​​ជួរ​​​ខ្មែរ​​​ក្រ​​​ហម​​​ លោក ជា ស៊ីម​​​ បាន​​​ជ្រើស​​​រើស​​​កម្មាភិបាល​​​តំបន់​​​បូព៌ាបាន​​​យ៉ាង​​​ច្រើន​​​ ហើយ​​​ភ្លាម​​​នោះ ក៏​​​បាន​​​​​​កសាង​​​មូល​​​ដ្ឋាន​​​អំណាច​​​ផ្ទាល់​​​ខ្លួន​​​តែ​​​ម្តង”។

ផ្ទុយ​​​ទៅ​​​នឹង​​​ទ័ព​​​ខ្មែរ​​​ក្រហម ដែល​​​នៅ​​​ពេល​​​នោះ​​​​​​បាន​​​កំពុង​​​បះ​​​បោរ​​​ពី​​​ព្រំ​​​ដែន​​​ថៃ លោក ជា ស៊ីម ក្លាយ​​​ជា​​​តំណាង​​​ឲ្យ​​​កុម្មុយនិស្ត​​​ខ្មែរ គឺ​​​​​​ផ្តោត​​​លើ​​​អតីត​​​តំបន់​​​បូព៌ា​​​ ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ល្អូក​​​ល្អិន​​​ជា​​​មួយ​​​វៀត​​​ណាម។​​​​​​​​​​​​​​​​​​​​​

លោក ជែកស៍  បេ​​​ឃឺត អ្នក​​​ឆ្លើយ​​​ឆ្លង​​​ព័ត៌មាន​​​​​​ប្រចាំ​​​កម្ពុជា​​​របស់​​​កាសែត​​​ បាងកក ប៉ុស្តិ៍​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០ បាន​​​កត់​​​សម្គាល់​​​ថា លោក ជា ស៊ីម​​​​​​ប្រកាន់​​​ខ្ជាប់​​​នឹង​​​វោហារ​​​សាស្ត្រ​​​​​​​​​ដែល​​​លើក​​​​​​តម្កើង​​​ដោយ​​​វៀត​​​ណាមក្នុង​​​កុម្មុយនិស្ត​​​ឥណ្ឌូ​​​ចិន​​​ ទោះ​​​បី​​​ជា​​​ពេលលោក​​​​​​​​​ថ្លែង​​​សុន្ទរ​​​កថា​​​ទៅ​​​កាន់​​​ក្រុមមនុស្ស​​​​​​សាសនា​​​ក៏​​​ដោយ។

លោក បេ​​​ឃឺត បាន​​​សរសេរ​​​បន្ទាប់​​​ពី​​​សុន្ទរ​​​កថាឆ្នាំ​​​១៩៨៤​​​ដែល​​​លោក​​​ ជា ស៊ីម​​​ បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ខ្មែរ​​​ឥស្លាម​​​ថា “​​​ពេល​​​អបអរ​​​សាទរ​​​’បដិវត្ត​​​ដ៏​​​ភ្លឺ​​​ស្វាង​​​នៃ​​​ប្រទេស​​​ឥណ្ឌូចិន​​​ទាំង​​​បី’ លោក ស៊ីម​​​បាន​​​វាយ​​​ប្រហារ​​​ខ្លាំង​​​ៗ​​​លើ​​​’ពួក​​​វាតទី​​​និយម-អនុត្តរនិយមប៉េកាំង ចក្រពត្តិ​​​អាមេរិកាំង​​​’ ហើយ​​​និង​​​ ‘ក្រុម​​​កាន់​​​អំណាច​​​ថៃ’”។​​​​​​​​​​​​

ដោយ​​​លោក ហ៊ុន​​​ សែន​​​ ជាអតីត​​​​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​នៃ​​​របបនោះ និង​​​ជាមន្ត្រី​​​​​​លេចធ្លោ ដែល​​​ទទួលបាន​​​​​​តំណែង​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ក្នុង​​​ខែ​​​មករា ឆ្នាំ​​​១៩៨​​​៥ ក្នុង​​​អាយុ​​​៣៣​​​ឆ្នាំ នៅ​​​ពេល​​​នោះ​​​ លោក ជា ស៊ីម មាន​​​អាយុ​​​៥២​​​ឆ្នាំ និង​​​ដោយ​​​មាន​​​ឥទ្ធិពល​​​ខ្លាំង​​​លើ​​​​​​កង​​​កម្លាំង​​​សន្តិសុខ​​​​​​ មាន​​​គូបដិបក្ស​​​​​​ម្នាក់​​​ថ្មី​​​នៅ​​​ក្នុង​​​បក្ស។

ក្នុង​​​ពេល​​​ដែល​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​បាន​​​កន្លង​​​ផុត​​​ទៅ​​​ លោក​​​ ហ៊ុន សែន ដែល​​​​ចេះ​​​តែ​​​កែ​​​ទម្រង់​​​ខ្លាំង​​​ឡើងៗ បាន​​​រិះ​​​រក​​​ការ​​​ផ្លាស់​​​ប្តូរ​​​គាំ​​​ទ្រ​​​ទី​​​ផ្សារ ដែល​​​មាន​​​លក្ខណៈ​​​ស្រ​​​ដៀង​​​គ្នា​​​នឹង​​​ការ​​​ផ្លាស់​​​ប្តូរ​​​អនុវត្ត​​​នៅ​​​ក្នុង​​​ប្រ​​​ទេស​​​ចិន​​​កម្មុយ​​​និស្ត ដោយ​​​ជៀស​​​មិន​​​ផុត​​​​​​ពី​​​ការ​​​ប្រ​​​ឈម​​​មុខ​​​នឹង​​​បណ្តាញ​​​ចាក់​​​ស្រែះរបស់​​​លោក ជា ស៊ីម និង​​​ការ​​​ប្តេជ្ញា​​​រឹងត្អឹង​​​ទៅ​​​នឹង​​​ស្ទីល​​​សង្គម​​​និយម​​​ចាស់។

លោក​ ជា ស៊ីម (ស្តាំ) ឈរ​នៅ​មាត់​ទន្លេ​ក្រុង​ភ្នំពេញ​ មុន​នឹង​សម្ពោធ​ព្រះ​អង្គ​ដង​កើ​ នៅ​ថ្ងៃទី​១១ ឆ្នាំ​១៩៩១​។ រូបថតៈ Reuters
លោក​ ជា ស៊ីម (ស្តាំ) ឈរ​នៅ​មាត់​ទន្លេ​ក្រុង​ភ្នំពេញ​ មុន​នឹង​សម្ពោធ​ព្រះ​អង្គ​ដង​កើ​ នៅ​ថ្ងៃទី​១១ ឆ្នាំ​១៩៩១​។ រូបថតៈ Reuters

ប៉ុន្តែ​​​ក្នុង​​​ពេល​​​ដែលប្រទេស​​​​​​ខិត​​​ជិត​​​ដល់​​​ការ​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​សន្តិ​​​ភាព​​​ក្រុង​​​ប៉ារីស​​​នា​​​​​​ឆ្នាំ​​​១៩៩១​​​ ដែល​​​ទី​​​បំផុត​​​ផ្លាស់​​​របប​​​ដោយ​​​មាន​​​ប្រព័ន្ធ​​​ទី​​​ផ្សារ​​​ និង​​​​​​​​​មាន​​​អំណោយ​​​ផល​​​ដល់​​​គោល​​​បំណង​​​របស់​​​លោក ហ៊ុន សែននោះ​​​ លោក ជា ស៊ីម​​​នឹង​​​បន្ត​​​មាន​​​ឥទ្ធិពល​​​លើ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​ក្នុង​​​រចនា​​​សម្ព័ន្ធ​​​បក្ស​​​ ដែល​​​នៅ​​​តែគ្រប​​​សង្កត់​​​លើ​​​រដ្ឋ​​​ដដែល។

ដោយ​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា​ជា​អ្នក​គាំទ្រ​នៃ​ការ​ខិតខំ​​​​ប្រឹង​​​ប្រែង​​​ចម្លែក ប៉ុន្តែ​មិន​បាន​សម្រេច​នៅ​ខាង​ក្នុង​របប​នេះ ដើម្បី​បើក​គណបក្ស​ប្រឆាំង​ដែល​គាំទ្រ​ដោយ​រដ្ឋ​ក្នុង​ឆ្នាំ​១៩៨៩​នោះ លោក ជា ស៊ីម ដោយ​មាន​មូលដ្ឋាន​របស់​លោក​នៅ​ឡើយ​ក្នុង​កង​កម្លាំង​សន្តិសុខ បាន​ចាប់​ផ្តើម​ដណ្តើម​អំណាច​ដោយ​កម្ចាត់​​​ក្រុម​អ្នក​កែ​ទម្រង់​ដែល​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី។

​សេចក្តី​រាយការណ៍​ព័ត៌មាន​កាសែត​ញូវយ៉ក ថាមស៍ នា​ខែ​សីហា​ឆ្នាំ​១៩៩០ ដែល​មាន​ចំណង​ជើង​ថា “គូ​​​​បដិបក្ស​​​នយោបាយប្រជែង​​​គ្នា​​​នៅ​ក្រុង​ភ្នំពេញ” បាន​សរសេរ​ថា “បន្ទាប់ពី​មាន​​​ការ​ចាប់​ខ្លួន ការ​រុះរើ និង ការ​កែ​សម្រួល​ជាថ្មី​ជា​បន្ត​បន្ទាប់នោះ ឥទ្ធិពល​របស់​លោក ជា ស៊ីម ដែល​មាន​វ័យ​ច្រើន​ជាង​លោក ហ៊ុន សែន ២០​ឆ្នាំ និង​ជា​ប្រធាន​សភា គឺ​​​ស្តែង​ចេញ​កាន់តែ​ច្បាស់​ឡើង”។

កាសែត​សរសេរ​ថា “សម្ពន្ធ​មិត្រ​ជិត​ស្និទ្ធដែល​​​មិន​​​​​​កាន់​​​មនោគមន៍​​​វិទ្យា​​​​មួយ​ចំនួន​របស់​លោក ហ៊ុន សែន ត្រូវ​បាន​បណ្តេញ​ចេញ ឬ​ទុក​ចោល​ម្ខាង ជំនួស​មក​វិញ​ដោយ​មនុស្ស​ដែល​គេ​ចាត់​ទុក​ថា សម្រប​ខ្លួន​​​តាម ដឹង​គុណ ឬ​ទាក់ទង​នឹង​លោក ជា ស៊ីម ដែល​មាន​វ័យ​៥៨​ឆ្នាំ”។

សម្ពន្ធ​មិត្រ​របស់​លោក ជា ស៊ីម ក្នុង​នោះ​រួម​មាន​ប្អូន​ថ្លៃ​របស់​លោក និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បច្ចុប្បន្ន គឺ​លោក ស ខេង ផង ត្រូវ​បាន​ដំឡើង​តំណែង រីឯ​សម្ពន្ធ​មិត្រ​របស់​លោក ហ៊ុន សែន ក្នុង​នោះ​​​មាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​​​ព័ត៌មាន​សព្វ​ថ្ងៃ ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​របស់​ខ្លួន។

កាសែត​ញូវយ៉ក ថាមស៍ បាន​រាយការណ៍​ថា “នៅ​ពេល​សួរ​ជាច្រើន​ខែ​មុន​អំពី​តំណែង​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​និង​រដ្ឋ​មន្ត្រី​​​​ក្រសួង​​​ការបរទេស​ខ្មែរ​វ័យ​ក្មេងនិង​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់នោះ​​​ មន្ត្រី​ខ្មែរ​ម្នាក់​បាន​ញញិម​ពព្រាយ។ គាត់​បាន​និយាយ​ថា ‘កុំ​ភ្លេច ហ៊ុន សែន គ្រាន់តែ​ជា​មនុស្ស​ទី​៣​ប៉ុណ្ណោះ​ក្នុង​បក្ស។ ជា ស៊ីម ជា​មនុស្ស​ទី​២’ “។

នៅ​ពេល​រដ្ឋ​ឯក​បក្ស​នេះ ​បាន​កែ​ទម្រង់​ខ្លួន​ឯង​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩១ មុន​ការ​បោះ​ឆ្នោត​គាំទ្រ​​​ដោយ​អង្គ​​​ការ​​​សហប្រជាជាតិ​​​នៅ​ឆ្នាំ​១៩៩៣ លោក ជា ស៊ីម ដែល​កំពុង​មាន​ប្រៀប ទទួល​​​ការ​​​​តែងតាំង​ជា​ប្រធាន​គណបក្ស។ លោក ហ៊ុន សែន បាន​ក្លាយ​ជា​អនុ​ប្រធាន​បក្ស និង លោក ហេង សំរិន ជា “ប្រធាន​កិត្តិយស” របស់​គណបក្ស។

ប៉ុន្តែ មិន​ដល់​ប្រាំ​ឆ្នាំ​ផង​ស្ថានការណ៍​បាន​ផ្លាស់​ប្តូរ ដោយ​លោក ហ៊ុន សែន បាន​បញ្ចៀស​យ៉ាង​ប៉ិន​ប្រសប់​នូវ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​ដែល​ដឹក​នាំ​ដោយ​លោក ស៊ិន​​​ សុង អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តែ​ដោយ​មាន​ជំនួយ​ពី​កម្លាំង​ប្រដាប់​អាវុធ​ដែល​ផ្តល់ឲ្យ​​​​ដោយ​គូ​ប្រជែង​របស់​ខ្លួន​ក្នុង​គណបក្ស​រាជា​និយម​ហ៊្វុន​ស៊ិនប៉ិច។

លោក ប្រេដ អាដាម​ (Brad Adams) នាយក​​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​Human Rights Watch ប្រចាំ​តំបន់​អាស៊ី បាន​សរសេរ​កាលពី​ឆ្នាំ​មុន​ទាក់ទិន​នឹង​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​នេះ​ថា “មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់​ដែល​ខ្ញុំ​មាន​សម្ភាស បាន​និយាយ​ថា ពិត​ណាស់ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​សឹងតែ​ទាំងអស់​បាន​ដឹង និង​គាំទ្រ​រដ្ឋ​ប្រហារ​នេះ ក្នុង​នោះ​មាន​ទាំង​សមាជិក​ជាន់​ខ្ពស់​ក្នុង​ភាគី ជា ស៊ីម-ស ខេង ផង​ដែរ”។

លោក ប្រេដ អាដាម បាន​រៀបរាប់​ថា “ហ៊ុន សែន ទទួល​​​បាន​​​តម្លៃ​​​ច្រើនពី ជា ស៊ីម និង ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ នៅ​គ្រា​នោះ ប៉ូលិស​ជា​កម្លាំង​សន្តិសុខ​មាន​អំណាច​បំផុត​ក្នុង​ប្រទេស​នេះ ប៉ុន្តែ ពួកគេ​នៅ​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​រឹងមាំ​របស់​ភាគី​លោក ជា ស៊ីម ក្នុង​គណបក្ស​នេះ”។

លោក​បាន​សរសេរ​ថា “ងាយ​រងគ្រោះ​នឹង​បទ​ចោទ​ថា​បាន​ចូល​ដៃ​ក្នុង​រដ្ឋប្រហារ​នេះ អ្នក​​​ទាំង​​​ពីរ​​​​នាក់​ត្រូវ​ទទួល​យក​លក្ខខណ្ឌ​របស់​លោក ហ៊ុន សែន ដែល​ថា​​​​លោក​​​នឹង​តែងតាំង​​​អគ្គ​​​ស្នង​​​ការ​​​ប៉ូលិស​​​ជាតិ​​​បន្ទាប់”។

ដោយ​លោក ហ៊ុន សែន ទទួល​​​កាន់​កម្លាំង​សន្តិសុខ​ពី​លោក ជា ស៊ីម ហើយ​បន្ទាប់​មក​ទៀត​ប្រែក្លាយ​អង្គភាព​អង្គរក្ស​ផ្ទាល់​របស់​លោក​ទៅ​ជា​កម្លាំង​ពិសេសនោះ​​​ តុល្យភាព​គណបក្ស​បាន​ផ្លាស់​ប្តូរ។

លោក អាដាម បាន​សន្និដ្ឋាន​ថា “នេះ​ជា​ការ​ផ្លាស់​ប្តូរ​ធំ​សម្បើម​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ក្លាយ​ជា​បុរស​មាន​អំណាច​បំផុត​​​​យ៉ាង​​​ច្បាស់​​​​​​ក្រឡែត​​​​ទាំង​ក្នុង​គណបក្ស និង​ទាំង​ក្នុង​ប្រទេស”។

បើ​ទោះជា​ចុះ​ថយ​កម្លាំង​សន្តិសុខ​ក៏ដោយ ក៏លោក ស៊ីម កាល​នោះ​អាយុ​៦២​ឆ្នាំ

បន្ត​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង និង​ជា​ប្រធាន​សភា​ផង ហើយ​នៅ​ឆ្នាំ​២០០៣ នៅ​តែ​ជា​មនុស្ស “មាន​ទំនាក់​ទំនង​ល្អបំផុត​​​”​ក្នុង​រង្វង់​គណបក្ស​ប្រជាជន​កម្ពុជា។

ទោះ​​​ជា​​​យ៉ាង​នេះ​ក្តី ដោយ​ត្រូវ​គេ​ទុក​ឲ្យ​នៅ​មាន​តំណែង​ជា​ប្រធាន​ព្រឹទ្ធ​សភា​​​​ប្រថាប់​​​ត្រា​​​​របស់​ប្រទេស​កម្ពុជា​នៅ​ពេល​ស្ថាប័ន​​​នេះ​​​បង្កើត​ឡើង​នៅ​ខែ​មីនា​ឆ្នាំ​១៩៩៩ លោក ស៊ីម មាន​ឥទ្ធិពល​តិចតួច​ក្នុង​ការ​គ្រប់គ្រង​រដ្ឋាភិបាល​កម្ពុជា​បន្ទាប់ពី​​​ការ​​​ដាច់​​​សរសៃ​​​ឈាម​​​ខួរ​​​ក្បាល​​​​​​​នៅ​ខែ​តុលា​ឆ្នាំ​២០០០។

ក្នុង​ការ​ថយ​ចុះ​អំណាច​ចុង​ក្រោយ​របស់​លោក​នៅ​ខែ​កក្កដា​ឆ្នាំ​២០០៤ លោក ជា ស៊ីម ដែល​នៅ​ពេល​នោះ​ជា​ប្រមុខ​រដ្ឋ​​​​ស្តីទី​​​​​​ក្នុង​ពេល​ព្រះ​រាជ​អវត្តមាន​ព្រះ​មហាក្សត្រ នរោត្តម សីហនុ ត្រូវ​បាន​គេ​អម​ដំណើរ​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​ទៅ​ប្រទេស​ថៃ ដោយ​អគ្គស្នងការ​នគរបាល​ជាតិ គឺ​លោក ហុក ឡង់ឌី ប្រហែល​ទៅ​ព្យាបាល​ជំងឺ។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង និង​អ្នក​សង្កេត​ការណ៍​បាន​​​​​​​សន្និដ្ឋាន​​​នៅ​ពេល​នោះ​ថា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្ទាក់​ស្ទើរ​មិន​ចុះ​ហត្ថលេខា​លើ​ការ​រៀបចំ​រដ្ឋធម្មនុញ្ញ​ដ៏​ចម្រូង​ចម្រាស ដែល​នឹង​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ បន្ទាប់ពី​មាន​ភាព​ទាល់​​​ច្រក​រយៈ​ពេល​មួយ​ឆ្នាំ​​​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សមរង្ស៊ី។

ក្នុង​ពេល​អវត្តមាន​រូប​លោក លោក ញឹក ប៊ុនឆៃ ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជា​អនុ​ប្រធាន​ព្រឹទ្ធ​សភា​របស់​លោក ជា ស៊ីម និង​ដែល​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​​​​ក្រសួង​​​ការពារ​ប្រទេស​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង ដោយ​បញ្ចប់​ភាព​ទាល់​ច្រក។

ក្នុង​ពេល​ជាច្រើន​ឆ្នាំ​ចាប់តាំង​ពី​ពេល​នោះ​មក លោក ហ៊ុន សែន បាន​គ្រប់គ្រង​ប្រទេស ភាគច្រើន​ដោយ​គ្មាន​វត្តមាន​ជា​សាធារណៈ​របស់​លោក ជា ស៊ីម ដែល​មាន​សុខភាព​ចុះ​ខ្សោយ​មិន​អាច​កាន់​តួនាទី​កិត្តិយស​របស់​លោក​ជា​ប្រធាន​ព្រឹទ្ធ​សភា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​របស់​លោក។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក ហ៊ុន សែន នឹង​កាន់​តំណែង​ប្រធាន​គណបក្ស​កាន់​អំណាច​នេះជា​ស្វ័យ​ប្រវត្តិ​ ដោយ​បញ្ចប់​ការ​ផ្លាស់​ប្តូរ​អំណាច ដែល​បាន​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៨០ ក្នុង​​​ពេល​ដែល​លោក​និង​លោក ជា ស៊ីម បាន​ដឹកនាំ​រដ្ឋ​សង្គម​និយម។

ប៉ុន្តែ លោក ឥសាន បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​បំភ្លេច​ការ​រួម​ចំណែក​ដែល​លោក ជា ស៊ីម បាន​ធ្វើ​ចំពោះ​ប្រទេស​កម្ពុជា​សម័យ​ទំនើប​នេះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “លោក ជា ស៊ីម បាន​ប្រើ​ដៃ​ម្ខាង​​​​​ទប់​ស្កាត់​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម​ដែល​បាន​សម្លាប់​ប្រជាជន មិន​ឲ្យ​កើត​ឡើង​ជាថ្មី និង​ប្រើ​ដៃ​ម្ខាង​ទៀត​​​​​កាន់​ចប​និង​នង្គ័ល​ដឹក​នាំ​ប្រជាជន​កសាង​ប្រទេស​ជាតិ​ឡើង​វិញ បន្ទាប់ពី​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​របប​ប្រល័យ​ពូជ​សាសន៍”៕ រើន និងនិត (រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា) 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស