ឃុំអរិយក្សត្រ, ខេត្តកណ្ដាល-នៅតាមបណ្ដោយច្រាំងភាគខាងកើតនៃទន្លេមេគង្គ សហគមន៍អ្នកចិញ្ចឹមត្រីកំពុងរៀបចំផ្លាស់ទីតាំងផ្ទះអណ្ដែតទឹករបស់ខ្លួន ហើយបានបណ្ដោយឲ្យវាហូរតាមចរន្តទឹកទៅទីតាំងថ្មី។
យោងតាមសេចក្ដីជូនដំណឹងពីសាលាស្រុកល្វាឯមចុះថ្ងៃទី៥ ខែមិថុនា គ្រួសារទាំងអស់ដែលរស់នៅលើផ្ទៃទឹកជុំវិញកំពង់ចម្លងអរិយក្សត្រមានពេលរហូតដល់ថ្ងៃទី២២ ខែមិថុនា ក្នុងផ្លាស់ទីលំនៅរបស់ខ្លួន។
លោក ឡាយ យ៉ាងវ៉ាង អាយុ៣៨ឆ្នាំ ជាអ្នកចិញ្ចឹមត្រីមួយរូបដែលបានមកសួរសុខទុក្ខមិត្តភក្តិរបស់ខ្លួននៅក្នុងសហគមន៍នេះកាលពីម្សិលមិញបាននិយាយថា “ខ្ញុំបានចាកចេញពីទីកន្លែងនេះបួនថ្ងៃកន្លងមកហើយ។ យើងគ្មានសិទ្ធិតវ៉ាទេ យើងត្រូវតែធ្វើតាមអ្វីដែលគេបានប្រាប់”។

សេចក្ដីជូនដំណឹងឲ្យផ្លាស់ទីលំនៅនេះដែលត្រូវបានចុះហត្ថលេខាដោយលោកអភិបាលស្រុក ប៊ុន ថេង មានអត្ថន័យដូច្នេះថា “ជនបរទេស” និងអ្នកផ្សេងៗទៀតដែលរស់នៅដោយអនាធិបតេយ្យជុំវិញកំពង់ចម្លងអរិយក្សត្រត្រូវតែផ្លាស់ទីតាំងរបស់ខ្លួន ព្រមទាំងយកបែចិញ្ចឹមត្រីរបស់ខ្លួនទៅជាមួយផង។
កាលពីថ្ងៃទី២៥ ខែមិថុនា សេចក្ដីជូនដំណឹងនេះបានលើកឡើងថា កងកម្លាំងចម្រុះរបស់ខេត្តនឹងចុះរុះរើផ្ទះណាដែលនៅសេសសល់ ហើយអាជ្ញាធរនឹងមិនទទួលខុសត្រូវចំពោះការខាតបង់ ឬការខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។
លោក វ៉ាង បាននិយាយទៀតថា “ពួកគេបាននិយាយថា យើងត្រូវតែចាកចេញដើម្បីហេតុផលបរិស្ថាន ហើយខ្ញុំមិនយល់អំពីបញ្ហានេះឡើយ ព្រោះអ្វីដែលយើងកំពុងធ្វើទាំងអស់គឺគ្រាន់តែរស់នៅ និងចិញ្ចឹមត្រីបុ៉ណ្ណោះ”។
នៅក្នុងផ្ទះរបស់ខ្លួនកាលពីម្សិលមិញ មេភូមិ និងមេឃុំអរិយក្សត្របានពន្យល់ថា សហគមន៍អ្នកចិញ្ចឹមត្រីដែលស្ទើរតែទាំងអស់ជាជនជាតិវៀតណាមត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅ គឺក្នុងហេតុផលការពារបរិស្ថាន។
លោកមេភូមិ ខ្លូត អឿន បានមានប្រសាសន៍ថា “ជនអនាធិបតេយ្យទាំងអស់នោះមិនអាចរស់នៅទីកន្លែងនោះបានទៀតឡើយ។ ជារៀងរាល់ថ្ងៃ ពួកគេបានយកសំណល់អាហារពីភោជនីយដ្ឋាន ហើយបោះចូលក្នុងទឹកទន្លេដើម្បីចិញ្ចឹមត្រីរបស់ពួកគេ។ ការធ្វើដូច្នេះគឺវាបំពុលបរិស្ថាន”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “ពួកគេគួរតែទៅកន្លែងផ្សេងដែលស្ថិតនៅក្រោមខ្សែទឹក ដែលមានអ្នកភូមិរាប់រយគ្រួសារផ្សេងទៀតកំពុងរស់នៅក្រោមខ្សែទឹកនោះ”។
យោងតាមលោក អឿន បានឲ្យដឹងទៀតថា គ្រួសារចំនួន១៩បានធ្វើតាមសេចក្ដីជូនដំណឹង ហើយបានផ្លាស់ប្ដូរទីតាំងរបស់ខ្លួនរួចហើយ ខណៈអ្នកភូមិចំនួន៣៦គ្រួសារផ្សេងទៀតដែលរួមទាំងអ្នកភូមិជនជាតិខ្មែរចំនួនបីគ្រួសារផងនោះនៅមិនទាន់ធ្វើតាមសេចក្ដីជូនដំណឹងនៅឡើយទេ។ ហើយបែចិញ្ចឹមត្រីសរុបចំនួន៧១ដែលស្ថិតនៅជាប់ផ្ទះអណ្ដែតទឹករបស់អ្នកភូមិក៏ត្រូវផ្លាស់ទីដែរ។
នៅពេលត្រូវបានសួរដើម្បីបញ្ជាក់អំពីមូលហេតុនៃការបណ្ដេញចេញ លោក ថេង បានបង្វែរសំណួរទៅលោកអភិបាលខេត្ត ម៉ៅ ភិរុណ ដែលបានផ្ដល់ហេតុផលផ្សេងខុសពីសេចក្ដីជូនដំណឹង។
លោក ម៉ៅ ភិរុណ បានមានប្រសាសន៍ថា “អ្នកទាំងនោះកំពុងរស់នៅលើដីរដ្ឋ ហើយពួកគេគ្មានលិខិតស្នាមត្រឹមត្រូវឡើយ។ ពួកគេគឺជាជនអន្តោប្រវេសន៍ខុសច្បាប់ ហើយយើងមិនអាចអនុញ្ញាតឲ្យពួកគេរស់នៅទីនោះបានតទៅទៀតឡើយ។ ខណៈយើងកំពុងអនុវត្តច្បាប់អន្តោប្រវេសន៍”។
ខណៈកំពុងនៅក្នុងផ្ទះអណ្ដែតទឹកមួយក្នុងចំណោមផ្ទះអណ្ដែតទឹកផ្សេងៗទៀត លោក វីង លីង អាយុ២៩ឆ្នាំ ដែលនិយាយថា ខ្លួនកើតនៅកម្ពុជាតែមានឪពុកម្ដាយជាជនជាតិវៀតណាម ហើយគ្មានអត្តសញ្ញាណប័ណ្ណនោះបានពន្យល់ថា ខ្លួននិងអ្នកផ្សេងៗទៀតនឹងខាតបង់ ប្រសិនបើត្រូវបានបង្ខំឲ្យចាកចេញពីអរិយក្សត្រ។
ខណៈកំពុងចងជើងសំណភ្ជាប់នឹងមងចាស់ៗរបស់ខ្លួន លោក លីង បានពន្យល់ថា វដ្តនៃការចិញ្ចឹមត្រីរបស់អ្នកចិញ្ចឹមត្រីភាគច្រើនមានរយៈពេលពីរឆ្នាំ ហើយប្រមូលផលត្រីនៅចន្លោះខែកុម្ភៈ នៅពេលត្រីធំល្មមលក់។
លោកបាននិយាយថា “នៅអំឡុងពេលនោះ ខ្ញុំអាចទទួលបានផលត្រីចន្លោះពី១តោនដល់៣តោនសម្រាប់លក់”។ លោកបានពន្យល់បន្ថែមថា ផលត្រីរបស់លោកអាចលក់បានចន្លោះពីប្រហែល៦.០០០រៀលទៅ៨.០០០រៀលក្នុងមួយគីឡូក្រាមអាស្រ័យលើប្រភេទត្រី។
លោក លីង បាននិយាយទៀតថា “អ្នកដែលមកទិញត្រីរបស់យើងគឺមកពីរាជធានីភ្នំពេញ។ ប៉ុន្តែប្រសិនបើខ្ញុំលក់ត្រីក្នុងពេលឥឡូវនេះ ខ្ញុំអាចខាតចន្លោះពី៥.០០០ដុល្លារទៅ៦.០០០ដុល្លារ”។
អ្នកនេសាទម្នាក់ទៀតដែលប្រាប់ឈ្មោះខ្មែរថា មានឈ្មោះ ចាន់ ធី ហើយថា ខ្លួនបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល៣០ឆ្នាំមកហើយនោះ បានលើកឡើងថា គាត់បានរុះរើផ្ទះអណ្ដែតទឹករបស់ខ្លួនកាលពីថ្ងៃអង្គារ ហើយបាននាំគ្រួសារដែលមានសមាជិកបួននាក់ទៅរស់នៅលើទូកនេសាទដ៏តូចមួយ។

អ្នកនេសាទរូបេនះបាននិយាយដោយសម្លឹងមើលច្រាំងទន្លេអរិយក្សត្រថា ”កូនៗរបស់ខ្ញុំរៀននៅទីនេះ ហេតុដូច្នេះខ្ញុំមិនចង់ចាកចេញឡើយ។ ប៉ុន្តែអាជ្ញាធរបានមកប្រាប់ខ្ញុំឲ្យរុះរើជម្រកមួយនេះរួចហើយ ហេតុដូច្នេះខ្ញុំមិនដឹងថានឹងត្រូវធ្វើអ្វីទៀតទេបន្ទាប់មកទៀត”។
ចំណែកឯនៅលើច្រាំងឯណោះវិញ អ្នកលក់គុយទាវម្នាក់អាយុ៥៥ឆ្នាំ ឈ្មោះ ឡី ត្រីថា ដែលលើកឡើងថា អ្នកស្រីបានរស់នៅក្នុងឃុំអរិយក្សត្រនេះតាំងពីឆ្នាំ១៩៨០មកម្លេ៉ះនោះ បាននិយាយថា ការបណ្ដេញអ្នកចិញ្ចឹមត្រីគឺមិនសមហេតុផលទេ។
អ្នកស្រីបាននិយាយថា “ប្រសិនបើពួកគេមិនត្រូវបានអនុញ្ញាតឲ្យចិញ្ចឹមត្រីនោះ តើមនុស្សបានអីហូប ព្រោះគ្មានត្រីទន្លេទៀតទេ”។ អ្នកស្រីបាននិយាយបន្ថែមទៀតថា “អ្នកទាំងនោះរស់នៅក្នុងស្ថានភាពលំបាក ហើយពួកគេមិនដែលបង្កបញ្ហាណាមួយឡើយ”។
ត្រឡប់មកកាន់សហគមន៍លើទឹកវិញ លោក វ៉ាង ដែលផ្លាស់ទីលំនៅបួនថ្ងៃកន្លងមកហើយបាននិយាយអំពីជីវិតរស់នៅលើផ្ទៃទឹកក្បែរកំពង់ចម្លងហាក់បីដូចជាបានមាត់បានកជាងអ្នកនេសាទដែលមិនទាន់ផ្លាស់ទីលំនៅ ។
លោកបានលើកឡើងថា ចាប់តាំងពីផ្លាស់ពីសហគមន៍ស្រដៀងគ្នានេះនៅក្នុងតំបន់ជ្រោយចង្វាមកកាន់អរិយក្សត្រកាលពីឆ្នាំ២០១១មក អាជ្ញាធរមូលដ្ឋានតែងតែមកកោសរូសរកលុយពីគាត់ពេលមានពិធីបុណ្យទានម្ដង។
អំឡុងពេលបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូក និងព្រឹត្តិការណ៍នៅពេលមានភាពតានតឹងផ្ទុះឡើងរវាងកម្ពុជា និងថៃនៅខេត្តព្រះវិហារ មន្ត្រីនគរបាលតែងតែឆៀងចូលមករកជំនួយ [លុយ]។
លោកបាននិយាយថា “សម្រាប់ពិធីអុំទូក ពួកគេបាននិយាយថា យើងគួរតែឧបត្ថម្ភដល់អ្នកអុំទូក។ យើងក៏បានជួយឧបត្ថម្ភ១០ដុល្លារផងដែរក្នុងមួយគ្រួសារនៅពេលមានការប្រយុទ្ធគ្នានៅឯខេត្តព្រះវិហារ”។
លោកបានបន្ថែមទៀតថា “យើងមិនអាចតវ៉ាបានទេ វាជាការស្ម័គ្រចិត្ត”។ ហើយទោះបីជាគាត់ផ្លាស់ប្ដូរក៏ដោយ ការបង់ប្រាក់ក្រៅផ្លូវការនេះនៅតែមានដដែល។
បន្ទាប់ពីផ្លាស់ទីលំនៅកាលពីចុងសប្ដាហ៍ លោក វ៉ាង បានបណ្ដែតផ្ទះទឹករបស់ខ្លួនឆ្ពោះទៅកាន់សហគមន៍មួយទៀតស្រដៀងនឹងសហគមន៍ចាស់នៅភាគខាងត្បូងចម្ងាយពីរបីគីឡូម៉ែត្រពីទីតាំងចាស់របស់លោក។
លោកបាននិយាយថា “ពួកគេគ្មានអគ្គិសនីទេ ប៉ុន្តែពួកគេគឺជាជនជាតិវៀតណាម ហើយពួកគេស្វាគមន៍យើង។ យើងត្រូវតែបង់ប្រាក់ចំនួន១០០ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែនេះជាជម្រើសដ៏ល្អបំផុតនៅពេលឥឡូវនេះ៕ ស៊ុយឈាង
