29.3 C
Phnom Penh

សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ចោទប្រកាន់​នគរបាល​ពីបទ​រារាំង​​ការ​ធ្វើដំណើរ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ លោក ម៉ៅ មុនីវណ្ណ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​​និង​គណៈប្រតិភូ​សមាជិកសភា​គណបក្ស​ប្រឆាំង​មួយ​ក្រុម និង​អ្នក​គាំទ្រ​គណបក្ស​មួយ​ចំនួនទៀត​​ជា​ថ្មី​ម្ដង​ទៀត ពេលនេះ​ត្រូវ​បាន​នគរបាល​កម្ពុជា​រារាំង​មិន​ឲ្យ​​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​ដែល​មាន​វិវាទ​នៅ​តាម​ព្រំដែន​ដ៏ចម្រូងចម្រាស​រប​ស់​​ប្រទេស​កម្ពុជាជាមួយ​វៀត​ណាម។

លោក មុនីវណ្ណ ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​មាន​វិវាទ​នៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​រតន​គិរី​រយៈ​ពេល​ពីរ​បី​ថ្ងៃមុន​​បាន​មាន​ប្រសាសន៍​ថា កាលពី​ម្សិលមិញគណៈប្រតិភូ​របស់​លោក​បាន​ព្យាយាម​ទៅ​ឲ្យ​ដល់​បង្គោល​ព្រំដែន​លេខ២៣ ស្ថិត​ក្នុង​ស្រុក​អណ្ដូងមាស ដែល​អ្នក​ភូមិ​បាន​ត្អូញត្អែរ​ជាច្រើន​ឆ្នាំ​មក​ហើយ​ថា បាន​បាត់​បង់​ដីទៅ​ប្រទេស​វៀតណាម។

ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ពួកគាត់​​ត្រូវ​បាន​រារាំង​ដោយ​នគរ​បាល​មូលដ្ឋាន​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​​ភូមិ​ដែល​ពួកគាត់​ត្រូវ​ឆ្លង​កាត់​ទៅ​ដល់​បង្គោល​ព្រំដែន​​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ត្រូវ​បាន​រារាំង​ម្ដង​ហើយ​ម្ដង​ទៀត​ពី​សំណាក់​នគរ​បាល​មូលដ្ឋាន​ដែល​បាន​​អះអាង​ថា ពួកគេ​មិន​អនុញ្ញាត​ឲ្យ​យើង​ឆ្លង​កាត់​ភូមិ​ទេ ​ពីព្រោះ​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​កំពុង​ប្រារព្ធពិធី​បែប​ប្រពៃណី​​ ដែល​​អំឡុង​ពេល​នោះ​អ្នក​​ក្រៅ​​ត្រូវ​បាន​ហាម​ដាច់​ខាត​មិន​ឲ្យ​ចូល​ឡើយ​​”។

លោក មុនីវណ្ណ បាន​មាន​ប្រសាសន៍​ថា ទោះយ៉ាងណា លោក​​បាន​​និយាយ​ទៅ​កាន់​ក្រុម​អ្នកភូមិ​ដែល​បាន​ប្រាប់​លោក​ថា ពួក​គាត់​មិន​មាន​បញ្ហា​ក្នុងការ​អនុញ្ញាត​ឲ្យ​ក្រុម​រប​ស់លោក​ឆ្លង​កាត់​ឡើយ។

យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា បង្គោល​ព្រំដែន​លេខ​២៣​​​ធ្វើ​ឲ្យ​ព្រំដែន​វៀតណាម៣៥​គីឡូម៉ែត្រ​​ចូលក្នុង​អ្វីដែល​​អ្នកភូមិ​ចាត់ថា​ជាទឹកដី​កម្ពុជា​​ហើយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​រវាង​ប្រទេស​ទាំងពីរ​។

លោក​ មុនីវណ្ណ បាន​មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃអង្គារ លោក​និង​គណៈប្រតិភូ​របស់​លោក​បាន​ព្យាយាម​ទៅ​ដល់​បង្គោល​ព្រំដែន​លេខ​១២​ស្ថិត​ក្នុង​តំបន់​ “កន្ទុយ​នាគ” ​ដាច់​ស្រយាល​នៃ​ឧទ្យានជាតិ​វីរជ័យ ដែល​គេ​រាយការណ៍​ថា មាន​ការ​កាប់​ឈើ​ខុស​​ច្បាប់​។

លោក​បាន​មាន​ប្រសាសន៍​ថា ដោយសារ​​បង្គោល​ព្រំដែន​នេះ​មិន​មាន​ផ្លូវ​ទៅ​ពី​​ប្រទេស​កម្ពុជា ពួកគាត់​មាន​គម្រោង​ប្រើ​ប្រាស់​​ផ្លូវ​ដែល​ឆ្លង​កាត់​ប្រទេស​វៀតណាម​។ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ថា ទាហាន​វៀតណាម​ដែល​ឈរ​ជើង​នៅ​ច្រក​ព្រំដែន​បាន​បដិសេធ​មិន​ឲ្យពួកគាត់​ចូល​ឡើយ​។

និយាយពីការ​ព្យាយាម​របស់ពួកគាត់​ទៅ​ឲ្យ​ដល់​បង្គោល​ព្រំដែន​លេខ​២៣​កាលពី​ម្សិល​មិញ លោក ងួន គឿន ស្នង​ការ​នគរ​បាល​ខេត្ត​បាន​បដិសេធ​ថា មន្ត្រី​របស់​លោក​មិន​បាន​ព្យាយាម​រារាំងការ​ធ្វើដំណើរនោះ​ឡើយ​។

​លោក​បាន​មាន​ប្រសាសន៍​ថា “​នគរ​បាល​មិន​បាន​រារាំង​ពួកគេ​ទេ។ អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ថា អ្នក​ភូមិ​កំពុង​ប្រារព្ធពិធី ដូច្នេះ​អ្នក​ភូមិជនជាតិ​ដើម​ភាគ​តិច​មិន​អនុញ្ញាត​ឲ្យ​អ្នក​ក្រៅ​ឆ្លង​កាត់​ឡើយ​”។

កាលពី​ថ្ងៃ​ច័ន្ទ លោក មុនីវណ្ណ បាន​មាន​ប្រសាសន៍​ថា ទាហាន​វៀតណាម​បាន​រារាំង​គណៈ​ប្រតិភូ​របស់​លោក​បណ្ដោះ​អាសន្ន​មិន​ឲ្យ​ទៅ​ដល់​តំបន់​ដែល​មាន​វិវាទ​ផ្សេង​ទៀត​ស្ថិត​នៅ​តាម​ព្រំដែន ដែល​តាម​ចោទថា ជនជាតិ​វៀតណាមបាន​ដាំ​ដំឡូង​មី​ និង​ជីក​ស្រះ​​នៅ​លើ​ទឹក​ដី​កម្ពុជា​។

សមាជិកស​ភា​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា ដី​ស្រែ​និង​ស្រះ​ទឹក​ស្ថិត​​ក្នុង​ “តំបន់​ស” ​​មិន​ទាន់​កំណត់​ព្រំដែន​​​ ដែល​គ្មាន​ប្រទេស​ណា​មួយ​អាច​ធ្វើ​ការ​អភិវឌ្ឍបាន​ឡើយ៕ សារុន​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស