28 C
Phnom Penh

និស្សិត​ម្នាក់​បើក​រថយន្ត​ឡិច​ស៊ីស​ទៅ​បុក​របង​​និវេសនដ្ឋាន​ឯក​អគ្គរដ្ឋទូត​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​ជួសជុល​របង​និវេសដ្ឋាន​លោក​ វីលលៀម​ ថូដ​ ឯកអគ្គរដ្ឋទូត​អាមេរិក​ នៅតាម​មហាវិថី​នរោត្តម​ក្នុងក្រុង​ភ្នំពេញ​ កាលពីម្សិលមិញ​។ រូបថតៈ Ben Woods/The Cambodia Daily

នគរបាល​បានលើកឡើងថា និស្សិត​សាកល​វិទ្យាល័យ​អាយុ​២១ឆ្នាំ​ម្នាក់​​ត្រូវ​បាន​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កាលពី​ម្សិលមិញ​​បន្ទាប់ពី​​បើក​បរ​រថយន្ត​ទាំង​ស្រវឹង​បង្កគ្រោ​ះ​ថ្នាក់​ចរាចរណ៍ ដោយ​បុកហើយ​រត់​​កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍​ដែលបាន​កើត​ឡើង​នៅ​ក្បែរ​ផ្សារ​បឹង​កេង​កង​ ហើយ​បាន​បញ្ចប់​ជាមួយនឹង​​ការ​បុក​របង​និវេសនដ្ឋាន​ឯក​អគ្គរដ្ឋទូត​អាមេរិក។

យោង​តាម​​លោក ទិន វ៉ាន់ស៊ី ​នាយ​រងការិយាល័យ​​នគរ​បាល​ចរាចរ​​រាជធានី បាន​ឲ្យ​ដឹង​ថា តាន់ សុវណ្ណារ៉ា ជានិស្សិត​ឆ្នាំទី​៤នៅ​សាកល​វិទ្យាល័យបញ្ញាសាស្ត្រ​​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខាងក្រៅ​​និវេសន​ដ្ឋាន​​របស់​លោក វីលៀម ថូដ ស្ថិត​នៅ​តាម​មហាវិថី​ព្រះ​នរោត្តម​ក្រោយ​ម៉ោង​ ៨និង​៣០នាទី​យប់បន្តិច​ បន្ទាប់ពី​ការ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​ដែល​បាន​កើត​ឡើង​នៅពេល​​និស្ស​ិត​រូបនេះ​​បានបើក​រថយន្ត​ឡិច​ស៊ីស​​ទៅ​បុក​​រថយន្ត​មួយ​គ្រឿង​ទៀត​​តាម​ផ្លូវ​ខាងត្បូង​​ផ្សារ​បឹង​កេង​កង​។​

លោក វ៉ាន់ស៊ី បានមាន​ប្រសាសន៍ថា សុវណ្ណារ៉ា បាន​បើក​រថយន្ត​ឆ្ពោះទៅ​ទិស​ខាងកើត​​ទៅ​មហាវិថីព្រះ​នរោត្តម ហើយ​បត់​ទៅ​​មហាវិថី​សុធារស​ រួច​ទៅបុក​ម៉ូតូ​មួយ​គ្រឿងទៀត​​​នៅ​ក្បែរ​ផ្សារ​អីុអន។

លោក វ៉ាន់ស៊ី​ បានមាន​ប្រសាសន៍ថា “​អ្នក​បើក​បរ​រូបនេះ​បើក​បរ​នៅ​ជិត​​ស្តុប​ចំការ​មន [ចំណុច​ប្រសព្វ​មហាវិថីព្រះ​នរោត្តម និង​ សុធារស​] ហើយ​បន្ទាប់មក​​​បាន​បុក​​ម៉ូតូ​មួយគ្រឿង​​ខណៈ​ដែល​បុរសរូប​នេះ​ព្យាយាមបើក​​គេ​ចខ្លួន…​ហើយ​មាន​មនុស្ស​ពីរនាក់​រង​របួស​”។

លោក វ៉ាន់ស៊ី​ បាន​មាន​ប្រសាសន៍ថា បន្ទាប់ពី​ការ​បុករួច​មក ​សុវណ្ណារ៉ា មិន​ព្រម​ឈប់​រថយន្ត​ទេ ដោយ​បន្ត​​បើ​ក​ទៅ​ទិស​ខាងជើង​​តាម​មហាវិថី​​សុធារស​ឆ្ពោះទៅ​ព្រះ​បរម​រាជ​វាំង។

លោក ជួន វិចិត្រ នាយ​ប៉ុស្តិ៍សង្កាត់​ចតុមុខ​បាន​មាន​ប្រសាសន៍ថា លោក​កំពុង​ល្បាត​តាម​មហាវិថី​សុធារ​សនៅពេល​នោះ។

លោក​បានមាន​ប្រសាសន៍ថា “​នៅពេលនោះ នគរបាល​របស់យើង​កំពុង​ល្បាត​នៅ​ជិត​វត្ត​បទុម ហើយ​ពេលនោះ​​យើ​ងបាន​ឃើញ​​មនុស្ស​មួយ​ក្រុម​នៅ​តាម​ផ្លូវ​ ហើយ​រថយន្ត​កំពុង​ព្យាយាម​បើក​គេ​ចពី​ពួកគេ​ ដូច្នេះហើយ យើង​ដឹង​ថា វាជា​គ្រោះ​ថ្នាក់​ចរាចរណ៍…​ហើយ​ព្យាយាម​រត់​គេច​ខ្លួន”។

លោក វិចិត្រ​ បាន​មាន​ប្រសាសន៍ថា សុវណ្ណារ៉ា ​ត្រូវ​បាន​អ្នក​រត់​ម៉ូត​ូឌុប​​យ៉ាង​តិច​១៥នាក់​ដេញ​តាម​ខណៈដែល​​ជន​នេះ​បន្ត​បើក​រថយន្ត​ទាំង​ស្រវឹង​ទៅបុក​​យានយន្ត​ជា​ច្រើនគ្រឿង​ទៀត​ រួច​បត់​ឆ្វេង​​តាម​ផ្លូវ​លេខ​២៤០ ទៅ​មហាវិថី​ព្រះ​នរោត្តម ទីដែល​ជន​នេះ​បាន​បត់​ឆ្វេង​ម្តងទៀត​ ហើយ​ទៅ​បុក​​របង​ខាងក្រៅ​និវេសនដ្ឋាន​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិកតែម្តង​​។

លោក​បានមាន​ប្រសាសន៍ថា “​នៅពេល​ជន​សង្ស័យ​រូបនេះ​បើក​រថយន្ត​តាម​មហាវិថី​ព្រះ​នរោត្តម ខ្ញុំបាន​ឃើញ​​ជន​នេះ​បើក​រថយន្ត​ទៅ​បុក​របង​​តែម្តង។ ខ្ញុំគិតថា ប្រហែល​ជា​មុន​ពេល​​បុក ជន​នេះ​ងងុយ​ដេក”។

លោក វ៉ាន់ស៊ី នាយ​រងការិយាល័យ​​នគរបាល​ចរាចរ​បាន​មាន​ប្រសាសន៍ថា សុវណ្ណារ៉ា ត្រូវ​បាន​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេ​ពេញ​មួយ​ថ្ងៃ​កាលពី​ម្សិលមិញ មុន​ពេល​ត្រូវ​បាន​បញ្ជូនទៅ​កន្លែង​ឃុំខ្លួន​របស់​នគរបាលកាលពី​យប់មិញ​ដើម្បី​រង់ចាំ​​ការ​សាកសួរ​បន្ថែម​​នៅ​តុលាការ​នៅ​ថ្ងៃនេះ។

លោក ចាយ រ៉ាម៉ាន (Jay Raman) អ្នកនាំពាក្យ​​ស្ថានទូត​អាមេរិក​​បានមាន​ប្រសាសន៍ថា លោក វីលៀម ថូដ និង​មន្ត្រី​ទូ​តផ្សេង​ទៀត​​មិន​បានរង​របួសក្នុងគ្រោះថ្នាក់នោះ​ទេ​ ប៉ុន្តែ​បាន​បដិ​សេធមិនធ្វើ​អត្ថាធិប្បាយ​​ថា តើ​គ្រោះ​ថ្នាក់នេះ​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សន្តិសុខ​នៃ​បេសកកម្ម​ការទូត​របស់​អាមេរិក​ឬ​យ៉ាងណានោះឡើយ។

លោក រ៉ាម៉ាន បានលើក​ឡើង​តាម​អុីម៉េលថា “​បើទោះជាមានការ​ខូច​ខាត​ខ្លះ​ដល់​​របង​​ខាងក្រៅ​ក៏ដោយ ក៏​​លោក វីលៀម ថូដ និង​បុគ្គលិក​បេសកកម្ម​ផ្សេង​​ទៀត​​មិន​បាន​រង​របួស​ដែរ។​ពាក់ព័ន្ធគោល​នយោបាយ យើង​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​បញ្ហាសន្តិសុខទេ”៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស