33 C
Phnom Penh

ការ​បើក​សវនាការ​នៅ​ក្នុង​សំណុំ​រឿង​របស់​ស្ត្រី​ម្នាក់​ដែល​​ត្រូវ​បាន​​ចោទ​ប្រកាន់​ពីបទ​សម្លាប់​គោ​បាន​ចាប់​ផ្ដើម​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​បើក​សវនាការ​នៅ​ក្នុង​សំណុំ​រឿង​របស់​អ្នកស្រី ផាវ ញឿង ដែល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​​បង្ក​ការ​​ខូច​ខាត​​ដោយ​ចេតនា​ជុំវិញ​​ការ​សម្លាប់​គោ​ចំនួន​ពីរ​ក្បាល​​របស់​អ្នកជំនួញ​ម្នាក់​ ដែល​ក្រុមហ៊ុន​របស់​អ្នក​ជំនួញ​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ទន្ទ្រាន​យក​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នកភូមិ​មូលដ្ឋាន​ជាច្រើន​គ្រួសារ​នោះ​​ បាន​ចាប់​ផ្ដើម​នៅ​សាលា​ដំបូង​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​។

ដោយ​មាន​អ្នកភូមិ​​​ប្រមាណ​៧០​នាក់​មក​ប្រមូល​ផ្ដុំ​​ជាមួយ​ខ្លួន​នៅ​ខាង​ក្រៅ​តុលាការ​ អ្នកស្រី ផាវ ញឿង បាន​លើក​ឡើង​ថា អ្នកស្រី​​បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​អំឡុង​ពេល​បើក​សវនាការ​ថា អ្នកស្រី​គ្មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ហេតុការណ៍​​ងាប់​គោ​ចំនួនពីរ​ក្បាល​របស់​លោក ហេង ហ៊ុយ ដែល​ក្រុម​ហ៊ុន​ផ្នែក​កសិកម្ម​របស់​លោក​​ទទួល​បានដី​សម្បទាន​ទំហំ​៧៧៩​ហិកតា​នៅ​ក្នុង​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល​នោះ​ឡើយ​។

អ្នកស្រី​ ផាវ ញឿង អាយុ​៣៩​ឆ្នាំ ដែល​បាន​រួម​គ្នា​ជាមួយ​អ្នកជិត​ខាង​តតាំង​ និង​ជួន​កាល​បាន​ផ្ទុះ​អំពើ​ហិង្សា​​នៅ​ក្នុង​​វិវាទ​ដី​ធ្លី​ជាមួយលោក ហេង ហ៊ុយ កាលពី​ឆ្នាំ​២០០៨​នោះ​បាន​លើក​ឡើង​ថា ​តុលាការ​បាន​សួរ​អ្នកស្រី​ថា​តើ​​អ្នកស្រី​នៅ​​ឯ​ណា​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៣ ជា​ថ្ងៃ​ដែល​គោ​របស់​លោក ហេង ហ៊ុយ បាន​ងាប់​។

អ្នកស្រី ផាវ ញឿង បាន​និយាយ​តាម​ទូរស័ព្ទ​​ថា “​ថ្ងៃ​កើត​ហេតុ​នេះ ខ្ញុំ​​មិន​បាន​នៅ​​ផ្ទះ​របស់​ខ្ញុំ​អស់​ប្រហែល​១​ខែ​មក​ហើយ​។ ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទះទៅ​មើល​ថែទាំ​ស្រែ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ”។

អ្នកស្រី​បាន​និយាយ​បន្ថែម​ថា “​ខ្ញុំ​គិត​ថា លោក ហេង ហ៊ុយ គឺ​ជា​អ្នក​មាន​ ហើយ​គាត់​ចង់​ប្រើប្រព័ន្ធ​តុលាការ​ដើម្បី​បំបាក់​ស្មារតី​របស់​ខ្ញុំ ព្រោះ​គាត់​ខឹង​នឹង​ខ្ញុំ​ដែល​ហ៊ាន​តតាំង​នឹង​គាត់​នៅ​ក្នុង​វិវាទ​ដីធ្លី​”។

ក្រុម​ហ៊ុន​ Heng Huy Agriculture Group ​ទទួល​បាន​ដី​សម្បទាន​​​​ដើម្បី​ដាំ​អំពៅ​កាល​ពី​ឆ្នាំ​២០០៨ ប៉ុន្តែ​វិវាទ​ដីធ្លី​បាន​កើត​មាន​ជាប់​រហូត​មក​បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ទន្ទ្រាន​ចូល​ដី​ដែល​ស្ថិត​នៅ​ខាង​ក្រៅ​ព្រំប្រទល់​របស់​ខ្លួន។

អ្នកភូមិ​ចំនួន​២៤​គ្រួសារ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ជាមួយ​ក្រុម​ហ៊ុន​នេះ​ ដោយ​យល់ព្រម​ចាក​ចេញ​ពី​ដី​នេះ​នៅ​ក្នុង​ឆ្នាំ​២០១០ ប៉ុន្តែ​អ្នក​ភូមិ​ចំនួន​បួន​គ្រួសារ រួម​ទាំង​​គ្រួសារ​របស់​អ្នកស្រី ផាវ ញឿង ផង​ដែរ​នោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​​​កាលពី​ឆ្នាំ​២០១៣ ដោយ​អះអាង​ថា ពួកគាត់​ត្រូវ​គេ​បង្ខំ​ឲ្យ​ចុះហត្ថលេខា​ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការ​​ចាត់​ទុក​កិច្ច​សន្យា​ទាំង​នេះ​ជា​អាសាបង់​។

លោក ហេង ហ៊ុយ បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា លោក​​រវល់​ខ្លាំង​ណាស់​នៅ​ក្នុង​​ជំនួញ​របស់​លោក​​មិន​អាច​​​មក​ចូល​រួម​នៅ​ក្នុង​​ការ​បើក​សវនាការ​នេះ​បាន​ឡើយ។

លោក​បាន​និយាយ​ថា “​​​ខ្ញុំ​មិន​បាន​​​ទន្ទ្រាន​​ចូល​​ដី​ដែល​នៅ​ខាង​ក្រៅ​​ព្រំប្រទល់​ដី​សម្បទាន​​របស់​ខ្ញុំ​ឡើយ។ អ្នកភូមិ​ទាំង​នោះ​​​កំពុង​រស់​នៅ​លើ​ដី​របស់​ខ្ញុំ​ដោយ​ខុស​ច្បាប់​។ សូម​តុលាការ​ជួយ​រក​យុត្តិធម៌​ផង​ ព្រោះ​នគរ​បាល​បាន​រក​ឃើញ​ភ័ស្តុតាង​គឺ​ថ្នាំ​សម្លាប់​សត្វល្អិត​នៅ​ក្រោម​ផ្ទះ​របស់​​អ្នកស្រី ញឿង”។

លោក ស្រី ម៉ាក់នី ​ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្តបាន​លើក​ឡើង​ថា សាល​ក្រម​​នឹង​ត្រូវ​ប្រកាស​​​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា៕ ស៊ុយឈាង​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស