ចុងចោទពីររូបចុងក្រោយដែលសន្តិសុខខណ្ឌដូនពេញបានប្តឹងជុំវិញការប៉ះទង្គិចគ្នានៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ បានបដិសេធការចោទប្រកាន់ពីបទកុបកម្មមកលើពួកគេកាលពីម្សិលមិញអំឡុងសវនានៅសាលាដំបូងរាជធានីភ្នំពេញ។
សមាជិកសភាគណបក្សសង្គ្រោះជាតិ៧រូបនិងសកម្មជនគណបក្ស១១នាក់ត្រូវបានជាប់ពន្ធនាគារបន្ទាប់ពីការតវ៉ាកាលពីថ្ងៃទី១៥ ខែកក្កដា ដែលទាមទារឲ្យរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យឡើងវិញនោះ បានប្រែក្លាយជាការប៉ះទង្គិចគ្នា នៅពេលក្រុមអ្នកតវ៉ាមួយចំនួនបានតបតមកលើសន្តិសុខដែលប្រើហិង្សា។
សមាជិកសភាទាំងនោះមានអភ័យឯកសិទ្ធិរួចផុតពីការផ្តន្ទាទោស ប៉ុន្តែក្រុមសកម្មជនបានចូលរួមសវនាជំនុំជម្រះចាប់តាំងពីខែមេសាមក។
ដោយប្រកាន់ជំហរដដែលកាលពីម្សិលមិញ លោក មាជ សុវណ្ណារ៉ា ដែលជាប្រធានផ្នែកព័ត៌មានរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍នៅក្នុងការការពារខ្លួនថា លោកបានជំរុញឲ្យក្រុមអ្នកតវ៉ាកុំប្រើអំពើហិង្សានៅព្រឹកនៃការតវ៉ានោះ ហើយលោកមិនស្ថិតនៅក្នុងក្រុមមនុស្សនៅពេលមានការប៉ះទង្គិចគ្នានោះឡើយ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់ពួកគេថា យើងត្រូវធ្វើការតវ៉ាដោយសន្តិវិធី ហើយសូមកុំប្រើអំពើហិង្សា។ ពីព្រោះខ្ញុំជាអ្នកចេះដឹងម្នាក់ ខ្ញុំស្អប់ការប្រើអំពើហិង្សាណាស់ ហើយខ្ញុំតែងតែប្រាប់ពួកគេឲ្យចេះស្រឡាញ់គ្នា”។
លោក សុវណ្ណារ៉ា បានមានប្រសាសន៍៍ថា លោកបានចាកចេញពីការជួបជុំនោះបន្ទាប់ពីនិយាយចប់ ហើយបានមកកាន់រថយន្តរបស់លោក ស្ថិតនៅចម្ងាយប្រហែល៦០ម៉ែត្រ ស្រាប់តែលោកបានឃើញការប៉ះទង្គិចគ្នាកើតឡើង។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានទៅសម្តែងមតិរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនបានចូលរួមក្នុងនាមជាអ្នកដឹកនាំទេ”។ លោកបានបន្ថែមថា “ខ្ញុំមិនយល់ ហេតុអ្វីបានជាតុលាការចោទប្រកាន់ខ្ញុំពីបទកុបកម្មទៅវិញ។ កុបកម្មគឺជាការចោទប្រកាន់ធ្ងន់ធ្ងរណាស់”។
លោក ទេព ណារិន សមាជិកម្នាក់ក្នុងចំណោមក្រុមយុវជនគណបក្សប្រឆាំង បានប្រាប់តុលាការថា សន្តិសុខគឺជាអ្នកបង្កហេតុនៅថ្ងៃនោះ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានទៅ ពីព្រោះខ្ញុំចង់ឲ្យអាជ្ញាធរដោះលែងទីលានប្រជាធិបតេយ្យ ពីព្រោះវាជាកន្លែងដែលប្រជាពលរដ្ឋអាចសម្តែងមតិរបស់ខ្លួន។ ខ្ញុំបានឃើញសន្តិសុខខណ្ឌប្រើដំបងវាយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋគ្រាន់តែការពារខ្លួនប៉ុណ្ណោះ។ នៅពេលពួកគេប៉ះទង្គិចគ្នា សន្តិសុខទាំងនោះប្រដាប់ដោយដំបង ហើយប្រជាពលរដ្ឋមិនមានអាវុធទេ។ ប្រជាពលរដ្ឋមួយចំនួនកាន់តែដងទង់ជាតិប៉ុណ្ណោះ”។
លោកបានមានប្រសាសន៍ថា “ខ្ញុំស្បថដាក់ជីវិត ប្រជាពលរដ្ឋមិនមានដំបងទេ”។
សវនាការបានក្លាយជាតានតឹង ខណៈដែលលោក កៅ សីហា ជាមេធាវីម្នាក់ក្នុងចំណោម មេធាវីរបស់លោក សុវណ្ណារ៉ា បានសាកសួរគាត់អំពីមូលហេតុនៃការចោទប្រកាន់ពីបទកុបកម្មមកលើគាត់។
ចៅក្រម អីុ ថាវារៈ បានបង្គាប់ឲ្យលោក សីហា បញ្ឈប់ការសាកសួរបែបនេះ ពីព្រោះលោកយល់ថា វាមិនទាក់ទងគ្នា ហើយបុរសពីរនាក់ទៀតបានលើកឡើងពីរបីនាទីរហូតដល់លោក លឹម មករន្ទ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអន្តរាគមន៍។
និយាយទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីសវនាការ លោក ជូង ជូងី ជាមេធាវីការពារចុងចោទមួយរូបទៀតដែរបានមានប្រសាសន៍ថា ការចោទប្រកាន់ពីបទកុបកម្មគឺគ្មានមូលហេតុឡើយ។
លោកបានមានប្រសាសន៍ថា”ខ្ញុំទទួលស្គាល់ថា មានការប្រើអំពើហិង្សានៅទីលានប្រជាធិបតេយ្យមែន ប៉ុន្តែវាមិនមែនជាកុបកម្មទេ”។
ចុងចោទដទៃទៀតក៏បានបដិសេធការចោទប្រកាន់មកលើពួកគេផងដែរ។ ការសាកសួរសន្តិសុខ៣៩នាក់ដែលប្តឹងសកម្មជនទាំងនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនា៕សារុន