34 C
Phnom Penh

​លោក​ សម រង្ស៊ី ៖ ​ស្ថានីយ​ទូរទស្សន៍​ CNRP ទទួល​បាន​ការ​សន្យា​​ផ្ដល់​ប្រាក់​១,៥​លាន​ដុល្លារ​ ហើយ​ឈប់លក់ភាគហ៊ុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​លើក​ឡើង​ថា លោក​ទទួល​បាន​ការ​សន្យា​​ផ្ដល់មូលនិធិ​យ៉ាង​តិច​​១,៥លាន​ដុល្លារ​ សម្រាប់​គម្រោង​បើក​ស្ថានីយ​ទូរទស្សន៍​របស់​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​ត្រូវ​បាន​បង្ខំ​ឲ្យ​បោះ​បង់​ចោល​​​​គម្រោង​លក់​ភាគហ៊ុន​ដើម្បី​រៃអង្គាស​​មូលនិធិ​។

ក្រុម​ហ៊ុន​ឯកជន​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​មុន​ទទួល​បាន​អាជ្ញាប័ណ្ណ​​ដើម្បី​បង្កើត​​ស្ថានីយ​ទូរទស្សន៍​​​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រឆាំង​​លើក​ដំបូង​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ ហើយ​កាលពី​ថ្ងៃ​ពុធ លោក សម រង្ស៊ី បាន​​ត្រឡប់​​ពី​ដំណើរ​ទៅ​ក្រៅ​ប្រទេស​​ដើម្បី​លក់​ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​ដែល​មាន​​តម្លៃ​១.០០០​ដុល្លារ​​ក្នុង​មួយ​ហ៊ុន​​​ទៅ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​សុទ្ធតែ​ជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​តំបន់​អឺរ៉ុប ប្រទេស​កាណាដា និង​សហរដ្ឋ​អាមេរិក​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “​សម្រាប់​​ប្រតិបត្តិការ​រយៈ​ពេល​៦ខែ​ដំបូង យើង​នឹង​មាន​ប្រាក់​ចំនួន​១,៥​​លាន​ដុល្លារ។ នៅ​ពេល​ខ្ញុំ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ខ្ញុំ​មាន​ជំនឿចិត្ត​ថា មនុស្ស​ជា​ច្រើន​នឹង​និយាយ​ថា ពួកគាត់​ចង់​វិនិយោគ​ និង​ជួយ​គណបក្ស​ ហើយ​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​ស្រប​ច្បាប់​ ហេតុដូច្នេះ​​ទើប​មិន​​មាន​បញ្ហា”។

មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​​បាន​លើក​ឡើង​ថា គេ​បាន​ប្រាប់​ក្រុម​ហ៊ុន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ក្រុម​ហ៊ុន​មិន​អាច​លក់​ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​ដោយ​មិន​បាន​ធ្វើ​តាម​ដំណើរ​ការ​ផ្លូវ​ច្បាប់​ត្រឹម​ត្រូវ​នោះ​ឡើយ​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទួល​សេចក្ដី​ជូន​ដំណឹង​ពី​គណៈកម្មការ​ផ្សារ​​មូលបត្រ​កម្ពុជា​មក​ថា ក្រុម​ហ៊ុន​ណាមួយ​ដែល​ចង់​រៃ​អង្គាស​ប្រាក់​ពី​សាធារណជន​ត្រូវ​តែ​​បំពេញ​នូវ​​សំណុំ​បែប​បទ និង​ធ្វើ​តាម​នីតិវិធី​របស់​ពួកគេ​ ដែល​យើង​​​មិន​បាន​ធ្វើ​តាម​នោះ”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​ហេតុ​ដូច្នេះ យើង​នឹង​ឈប់​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​របស់​យើង​​រៃអង្គាស​ប្រាក់​ទៀត​ហើយ​។ ឥឡូវ​នេះ​គណបក្ស​នឹង​ស្នើ​ពលរដ្ឋ​ឲ្យ​ផ្ដល់​ជំនួយ​មក​គណបក្ស​វិញ​ ដើម្បី​បញ្ជូន​ប្រាក់​មក​គណបក្ស​ ហើយ​​បន្ទាប់​មក​គណបក្ស​នឹង​វិនិយោគ​​ប្រាក់​ទាំង​នេះ​នៅ​ក្នុង​​ក្រុម​ហ៊ុន​ឯកជន​របស់​ខ្លួន។ គណបក្ស​មាន​សិទ្ធិ​ទទួល​ប្រាក់​​ជំនួយ​ ហើយ​វា​អាស្រ័យ​លើ​គណបក្ស​នៅ​ក្នុង​ការ​វិនិយោគ​ប្រាក់​ទាំង​នេះ​​តាម​ចិត្ត​ចង់”។

លោក សម រង្ស៊ី បាន​លើក​​ឡើង​ទៀត​ថា នៅ​ពេល​អនាគត​ ពេល​ដែល​​ស្ថានីយទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះជាតិ​ចាប់​ផ្ដើម​ទទួល​បាន​​ប្រាក់​ចំណេញ​ ខ្លួន​នឹង​ទាក់​ទង​​ផ្សារ​​មូលបត្រ​កម្ពុជា​ ដើម្បី​ចុះ​បញ្ជី​​លក់​ភាគហ៊ុន​ឲ្យ​បាន​ត្រឹម​ត្រូវ​សម្រាប់​អ្នក​ដែល​មាន​បំណង​ទិញ​ភាគហ៊ុន​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​នេះ​។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ទៀត​ថា “​ប្រសិន​បើ​វា​ជា​ការ​វិនិយោគ ហើយ​ពួកគេ​ចង់​ទទួល​បាន​ផល​ចំណេញ​មក​វិញ យើង​នឹង​បន្ត​ពិភាក្សា​​ជាមួយ​អ្នក​ទាំង​នោះ​ដែល​ផ្ដល់​ជំនួយ​សម្រាប់​ការ​វិនិយោគ​ ហើយ​ពួកគេ​នឹង​ទទួល​បាន​​ភាគហ៊ុន​មួយ​ចំនួន​​នៅ​​ពេល​សម​ស្រប​ណាមួយ​”។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​សិទ្ធិ​រៃ​អង្គាស និង​វិនិយោគ​ប្រាក់​តាម​ចិត្ត​ចង់​​ក្រោម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ ហើយ​ថា វិធី​សាស្ត្រ​រៃ​អង្គាស​ប្រាក់​នេះ​មិន​រំលោភ​បំពាន​លើ​ច្បាប់​ណា​មួយ​ឡើយ​។

លោក​ ឡាមុន សូឡេអុីល (Lamun Soleil) ​​​អនុប្រធាន​ផ្សារ​​​មូលបត្រ​កម្ពុជា​បាន​លើក​ឡើង​ថា លោក​មិន​បាន​ដឹង​ថា ស្ថាប័ន​របស់​លោក​បាន​​ទាក់​ទង​​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ហើយ​លោក​​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​ជុំវិញ​​ភាព​ស្រប​ច្បាប់​នៃ​គម្រោង​​រៃអង្គាស​មូលនិធិ​​​ថ្មី​របស់​លោក​ សម រង្ស៊ី។

លោក​​បាន​មាន​ប្រសាសន៍​ថា “​បញ្ហា​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​​ជាមួយ​ផ្សារមូលបត្រ​របស់​ខ្ញុំ​ឡើយ ប៉ុន្តែ​វា​ជា​យុត្តាធិការ​​​របស់​ស្ថាប័ន​រដ្ឋ​ក្នុង​ការ​អនុវត្ត​ច្បាប់​ណាមួយ​”៕ ស៊ុយឈាង​

(រាយការណ៍​បន្ថែម​ដោយ គុច ណារ៉េន​)​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស