33 C
Phnom Penh

ប្រជាពលរដ្ឋ​​ប្រទះឃើញ​ និង​ចាប់​បាន​ចារកម្ម​វៀតណាម​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​​វៀតណាម​ម្នាក់​​ដែល​ស្លៀក​ពាក់​ស៊ីវិល​ និង​ពាក់​មួក​នគរ​បាល​កម្ពុជា ត្រូវ​បាន​​ឃាត់​ខ្លួន​ដោយ​ក្រុម​អ្នក​ចូល​រួម​វេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​ពុធ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​រាស្ត្រ​មួយ​រូប និង​មន្ត្រី​មូលដ្ឋាន​។

លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​ភាគឦសាន​នៃ​ប្រទេស​កម្ពុជា​នៅ​សប្ដាហ៍​នេះ ដើម្បី​ជួប​ជាមួយ​ប្រជាពល​រដ្ឋ​មូលដ្ឋាន​ដែល​អះអាង​ថា វៀតណាម​​បាន​ទន្ទ្រាន​ចូល​ទឹក​ដី​របស់​កម្ពុជា​នោះ បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ព្រំដែន​វៀតណាម​ម្នាក់​ត្រូវ​បាន​អ្នក​ភូមិ​​ជា​ច្រើន​ក្នុង​ចំណោម​អ្នកភូមិ​៥០០​នាក់​ដែល​​ចូល​រួម​វេទិកា​នេះ​ចំណាំ​បាន​​។

លោក​បាន​មាន​ប្រសាសន៍​អំពី​បុរស​ដែល​មាន​អត្តសញ្ញាណ​ប័ណ្ណ​វៀតណាម​រូប​នេះ​ថា “​អនុសេនីយ៍ឯក​នៃ​នគរ​បាល​​ព្រំដែន​វៀតណាម​ម្នាក់​​ត្រូវ​បាន​​ចាប់​ខ្លួន ហើយ​អ្នក​ភូមិ​​បាន​ឃាត់​ខ្លួន​គាត់​មុន​ពេល​ប្រគល់​ឲ្យ​ទៅនគរ​បាល​ [កម្ពុជា​]។ វា​​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច។ នគរ​បាល​​ព្រំដែន​វៀតណាម​​ដែល​ត្រូវ​ចាប់​ខ្លួន​​នោះ​ ស្លៀក​ពាក់​ស៊ីវិល និង​ពាក់​មួក​នគរ​បាល​កម្ពុជា​”​។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​លើក​ឡើង​បន្ត​ថា បុរស​វៀតណាម​រូប​នោះ​ក៏​ធ្លាប់​បាន​ថត​សកម្មភាព​គណៈប្រតិភូ​ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង​ដែរ​នៅ​មុន​នេះ​ក្នុង​សប្ដាហ៍​​នេះ ​នៅ​ពេល​​ពួក​លោក​ចុះ​ទៅ​ពិនិត្យ​តំបន់​មួយ​នៅ​ក្បែរ​ព្រំដែន​ដែល​​ពួក​លោក​អះ​អាង​ថា ​កសិករ​វៀតណាម​បានជីក​ស្រះ​ចំនួន​ប្រាំពីរ​ដោយ​ខុស​ច្បាប់​ដើម្បី​ស្រោចស្រព​ចម្ការ​របស់​ខ្លួន​ដែល​នៅ​ក្បែរៗ​នោះ។

មន្ត្រី​នគរ​បាល​មូលដ្ឋាន​ជា​ច្រើន​រូប​បាន​លើក​ឡើង​ថា ខ្លួន​​មិន​ដឹង​ពី​ហេតុការណ៍​នេះ​ទេ ហើយ​ក៏​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ដែរ​ជុំវិញ​​​ហេតុការណ៍​នេះ។ លោក ម៉ា វិចិត្រ អភិបាល​ស្រុក​អូរយ៉ាដាវ​បាន​បញ្ជាក់​ថា ពិត​ជា​មាន​​រឿង​បែប​នេះ​មែន ប៉ុន្តែ​លោក​មិន​អាច​ពន្យល់​​បាន​ថា​វា​កើត​ឡើង​ដោយ​របៀប​ណា​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ពី​កូនចៅ​របស់​ខ្ញុំ​ជុំវិញ​ករណី​នេះ។ វា​ពិត​ជា​បាន​កើត​ឡើង​មែន​។ ប៉ុន្តែ​អាជ្ញាធរ​ព្រំដែនជា​អ្នក​​​​​ពាក់​ព័ន្ធ​នឹង​ការ​ងារ​នេះ ហើយ​ខ្ញុំ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ត្រឹម​តែ​គ្រប់គ្រង​កង​កម្លាំង​ដើម្បី​ការ​ពារ​ប្រជាពលរដ្ឋ​ដែល​មក​ជួប​ជុំគ្នា​ប៉ុណ្ណោះ។ ដូច្នេះ​ខ្ញុំគ្មាន​ព័ត៌មាន​លម្អិត​ថា​តើ​ពួកគេ​ [នគរ​បាល​វៀតណាម​] បាន​ឆ្លង​ដែន​​ដើម្បី​ចូល​រួម​វេទិកា​​នេះ​ដោយ​របៀប​ណា​ឡើយ​”។

អភិបាល​ស្រុក​រូប​នេះ​បាន​លើក​ឡើង​បន្ត​ថា នៅ​ពេល​ទទួល​បានដំណឹង​អំពី​ស្ថានភាព​នៅឯ​​វេទិកា​នេះ​ លោក​បាន​​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ធ្វើ​យ៉ាង​ណា​ប្រាប់​ឲ្យ​ប្រជាពល​រដ្ឋ​ដែល​ចូល​រួម​ក្នុង​វេទិកា​នោះ​រក្សា​ភាព​ស្ងាត់​ស្ងៀម​រហូតដល់​អាជ្ញាធរ​​ចុះ​ទៅ​​អន្តរាគមន៍​។

លោក ម៉ៅ មុនីវណ្ណ បាន​បញ្ជាក់​ថា លោក​មាន​គម្រោង​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដើម្បី​ជូន​ដំណឹង​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ពុធនេះ និង​ដើម្បី​ស្នើ​សុំ​ឲ្យ​លោក​ “​ឃ្លាំមើល​ព្រំដែន​ឲ្យ​បាន​តឹងរ៉ឹង​ កុំ​បណ្ដោយ​ឲ្យជន​បរទេស​ឆ្លង​ដែន​​យ៉ាង​អនាធិបតេយ្យ​បែប​នេះ”៕ សុខុម​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស